Monday, March 27, 2017

លោក កែវ រ៉េមី៖ សន្តិភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គឺមានទំនាក់ទំនងគ្នាទៅវិញទៅមកមិនអាចខ្វះបានឡើយ

នៅថ្ងៃទី២៧​ ខែមីនា ឆ្នាំ២០១៧នេះ លោក កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី  និងជាប្រធានគណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា សន្តិភាព ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស គឺមានទំនាក់ទំនង​គ្នាទៅ​វិញ​ទៅ​មក​មិនអាចខ្វះបានឡើយ។ លោក បានថ្លែងដូច​នេះនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកមិញនេះ នៅទីស្នាក់គណៈកម្មាធិការសិទ្ធិ​មនុស្ស​កម្ពុជា។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានថ្លែងដូចនេះ​ បន្ទាប់ពីមាន​ការ​ចេញរបាយការណ៍របស់សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) ស្តីពី «លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅ​កម្ពុជា»​ កាល​​​ពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ក្រសួងការបរទេស និងសហប្រតិបត្តិការណ៍ បានចេញសេចក្តីថ្លែងការណ៍ច្រាន​ចោល​របាយ​ការណ៍នោះ​ផងដែរ ដោយ​បានលើកឡើងថា គឺជាការវាយ​តម្លៃដែលពុំអាចជឿ​បានឡើយ ដែលគ្រាន់តែឆ្លុះបញ្ចាំងពីទស្សនៈ​ខ្មៅងងឹត​របស់​បុគ្គលមួយចំនួនតូច ដែលប្រាស​ចាកពីការ​ពិត​ជាក់ស្តែងក្នុងសង្គមខ្មែរបច្ចុប្បន្ន​។​ ក្រសួង​ការ​បរទេស ក៏បានបញ្ជាក់ថា របាយ​ការណ៍នោះ គឺបានធ្វើខុសពីគោលការណ៍​របស់អា​ស៊ានស្តីពី «ការមិន​ជ្រៀត​ជ្រែកចូលកិច្ចការ​ផ្ទៃក្នុងរបស់រដ្ឋសមាជិកអាស៊ាន» ដូចមាន​ចែង​នៅ​ក្នុងមាត្រា​២​នៃ​ធម្មនុញ្ញ​អាស៊ាន។
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើក​ឡើងថា ​ពាក់ព័ន្ធ​នឹង​បញ្ហា សន្តិភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គឺមានទំនាក់ទំនង​គ្នាទៅ​វិញ​ទៅ​មក​មិនអាច​ខ្វះបានឡើយ ហើយកម្ពុជា ពិតជាបាន​ និងកំពុង​អនុវន៍ត្ត​​យ៉ាង​ល្អ​ប្រសើរ​កន្លង​មកសំដៅធានា​បាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជាមូល​ដ្ឋាន​គ្រឹះក្នុងការ​គោរព​សិទ្ធិមនុស្សដូច​ជា៖
 ១-កម្មវិធីសមធម៌របស់ UNDP នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត៖ បក្សនយោ​បាយ​គ្រប់​និន្នាការ មានសិទ្ធិបញ្ចេញមតិ និងគោលនយោបាយរបស់ខ្លួនជូន​ប្រជា​ពលរដ្ឋម្ចាស់ឆ្នោត​ដោយ​​ស្មើភាព​គ្នាដែលបក្សនីមួយៗមានឱកាសបញ្ចេញសំឡេងរបស់ខ្លួន។
២-កម្មវិធីពិភាក្សាដេញដោលពាក់ព័ន្ធនឹងគោលនយោបាយរបស់បក្សនានាដែលរៀបចំដោយអង្គការ NDI និង IRI៖ បើកឱកាសឱ្យមានការពិភាក្សាដេញ​ដោលពីគោលនយោបាយ​បក្សនី​មួយៗ ដោយបើកផ្លូវឱ្យយុវជនទូទៅមានការចូលរួម។
៣- កម្មវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយអនុញ្ញាតឱ្យមានកម្មវិធីតុមូល បញ្ចេញគំនិតពីគ្រប់បក្សនយោបាយ៖ បើកឱកាសឱ្យភាគីគ្រប់គណបក្សនយោបាយ ផ្សព្វ​ផ្សាយ​​​នូវយុទ្ធសាស្រ្ត និងកម្មវិធីនយោបាយរបស់ខ្លួនទៅដល់ម្ចាស់ឆ្នោត។
៤- កម្ពុជា អនុញ្ញាតឱ្យមានសារព័ត៌មានបរទេស៖ បើកឱកាសឱ្យសារព័ត៌មានបរទេស ដូចជា RFA, VOA, RFI, Phnom Penh Post, The Cambodian Daily ជាដើម មានសិទ្ធិពេញលេញ សេរីភាពពេញទីក្នុងការផ្សព្វផ្សាយ។
៥- ការចូលរួមរបស់អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល៖ កម្ពុជា បើកឱកាសទូលំទូលាយ ឱ្យអង្គការសង្គមស៊ីវិលធ្វើសកម្មភាពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដោយសេរី ហើយ អង្គការ​សង្គមស៊ីវិលទាំងនោះ ចូលរួមដឹកនាំធ្វើបាតុកម្ម ធ្វើនយោបាយ ដែលពេលខ្លះបានធ្វើជ្រុល​ហួស​ពី​គោលការណ៍ និងច្បាប់ស្តីពីសហជីពទៅទៀត។

លោក កែវ រ៉េមី ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា បាន​ខិតខំគ្រប់បែបយ៉ាងដើម្បីការពារថែរក្សាសន្តិភាព និងលើកស្ទួយការគោរពសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ លោក បានបន្ថែមថា នៅ​ក្នុងប្រទេសមួយចំនួន ប្រសិនបើមានអ្នកណា​ទិ​តៀន​​ស្ថាប័ន​តុលាការ នឹងត្រូវជាប់ទោស​ជាមិនខាន បើយើងក្រឡេកមើលកម្ពុជាវិញ ឃើញ​អស់ហើយអ្នក​ដែលអះអាងថាជាអ្នកការ​ពារ​​សិទ្ធិ​មនុស្ស ជេរប្រមាថពេញៗមាត់ ធ្វើ​បាតុកម្ម ក្នុងគោល​បំ​ណង​​ដាក់សម្ពាធដល់ស្ថាប័ន តុលាការ ដែលអាចនឹងនាំដល់ការវឹកវរ​ចលាចលក្នុ​ង​សង្គម​ផង​ដែរ៕


No comments:

Post a Comment