Monday, March 27, 2017

កម្ពុជា​ផ្តើម​អនុវត្ត​គម្រោង SRL ចំណាយ​ថវិកាជាង ២០លាន​ដុល្លា​អាមេរិក ជួយដល់ជីវ​ភាព​ពលរដ្ឋនៅ​តាម​ជន​បទ

ភ្នំពេញ៖ ក្រសួងបរិស្ថានបានឱ្យដឹងថា គម្រោង «ការកាត់បន្ថយភាពងាយរងគ្រោះនៃជីវភាពរបស់ប្រជាជនកម្ពុជានៅជនបទតាមរយៈការពង្រឹង ផែនការប្រែប្រួលអាកាសធាតុនៅថ្នាក់ក្រោមជាតិ និងការអនុវត្តសកម្មភាពអាទិភាព» ហៅកាត់ថា SRL ក្រោមកិច្ចសហការពី កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP បានប្រារព្ធពិធីបើកសិក្ខាសាលាដំណើរការគម្រោងនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ នាខេត្តសៀមរាប ក្រោមអធិបតីភាពលោក ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព ក្រសួងបរិស្ថាន និងលោក Nick Beresford នាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា និង ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមនឹងដៃគូអភិវឌ្ឍន៍ផងដែរ។
នាឱកាសនោះ លោក ទិន ពន្លក បានមានប្រសាសន៍ បញ្ជាក់ពីគោលបំណងរបស់កម្រោងនេះថា គម្រោង SRL មានគោលបំណងកាត់បន្ថយនូវភាពងាយរងគ្រោះរបស់ ប្រជាជនកម្ពុជានៅជនបទ ជាពិសេសគ្រួសារដែលមានដីដាំដុះតិចតួច គ្រួសារគ្មានដី និងគ្រួសារដែលមានស្រ្តីជាមេ គ្រួសារ។ លោក ក៏បានបញ្ជាក់ផងដែរថា គម្រោង SRL ក៏នឹងជួយពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យកាន់ តែប្រសើរឡើងពាក់ព័ន្ធនឹងការធ្វើផែនការ ការរៀបចំថវិកា និងការអនុវត្តផែនការដែលគិតគូអំពីការប្រែប្រួល អាកាសធាតុ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមជនបទ ដែលគម្រោងនេះ គឺជាការឆ្លើយតបមួយដ៏ សំខាន់ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។
លោកបន្តថា គម្រោង «ការកាត់បន្ថយភាពងាយរងគ្រោះនៃជីវភាពរបស់ប្រជាជនកម្ពុជានៅជនបទ តាមរយៈការពង្រឹងផែនការប្រែប្រួល អាកាសធាតុនៅថ្នាក់ក្រោមជាតិ និងការអនុវត្តសកម្មភាពអាទិភាព» នឹងត្រូវអនុវត្តនៅក្នុងឃុំចំនួន ៨៩ ក្នុងស្រុកចំនួន ១០ ដែលស្ថិតក្នុងខេត្តសៀមរាប និងខេត្តកំពង់ធំ ដែលមានរយៈពេល ៤ឆ្នាំ ដោយគ្រោងចំណាយថវិកាប្រមាណជាង ២០លានដុល្លាអាមេរិក ហើយនឹងត្រូវអនុវត្តដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព៕

No comments:

Post a Comment