Monday, March 27, 2017

ប្រធានគណបក្សប្រជាជនកម្ពុជា ​ជំរុញឱ្យមន្ត្រីយក​ចិត្ត​ទុក​ដាក់​ខិតខំ​កសាង​អំពើ​ល្អ​បម្រើ​ពលរដ្ឋ​ដោយ​ស្មោះត្រង់

ភ្នំពេញ៖ នៅសាលមហោស្រពកោះពេជ្រព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមីនា​ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តល់អនុសាសន៍ណែនាំឱ្យបេក្ខជន ក្រុមប្រឹក្សាសង្កាត់ និងមន្ត្រីបង្គោលមន្ទីរ អង្កភាព ខណ្ឌ សង្កាត់ នៃរាជធានីភ្នំពេញ យកចិត្តទុកដាក់ខិតខំកសាងអំពើល្អ បំរើប្រជាពលរដ្ឋដោយស្មោះត្រង់ ដើម្បី រក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍដោយនិរន្តរភាព។
លោកនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ទៅកាន់វត្តមានអ្នកចូលរួម ទាក់ទងជាមួយនឹងការជួបជុំជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា        ដែលជាបេក្ខជន ក្រុមប្រឹក្សាឃុំ សង្កាត់ដែលចាប់ផ្តើមចេញពីរាជធានីភ្នំពេញ។ ​ការជួបជុំដ៏មានសារៈសំខាន់នេះ គឺដើម្បីសម្រេចបានប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅពេលខាងមុខនេះ។
ទោះជាយ៉ាងណាក៏ដោយ ប្រមុខគណបក្ស ក៏ផ្តាំផ្ញើឱ្យមន្ត្រីដែលជាបេក្ខជនឈរឈ្មោះ ក៏ដូចជាមន្ត្រីបង្គោល មន្ទីរអង្គភាព ខណ្ឌ សង្កាត់ទាំងអស់ ខិតខំបំពេញការងារឱ្យសកម្មស្មោះត្រង់ជាពិសេសផ្តល់សេវាសាធារណៈឱ្យឆាប់រហ័ស រួមទាំងការខិតខំយកចិត្តទុកដាក់ទៅលើគោលនយោបាយភូមិ សង្កាត់ មានសុវត្តិភាព ដើម្បីផ្តល់ភាពសុខដុមរមនា របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ គុណសម្បត្តិដែលគណបក្សប្រជាជនកម្ពុជា ខិតខំសម្រេចបានជូនជាតិ និងប្រជាជន គឺធំធេងរាប់មិនអស់ ដូច្នេះសូមកុំធ្វើឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់។
តាមរយៈពិធីនេះ ប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញក៏បានបង្ហាញពីវឌ្ឍនភាព នៃការខិតខំកន្លងមកអំពីការត្រៀមលក្ខណៈសម្បត្តិនានា ដើម្បីឈានទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៤ ដោយបានបង្ហាញអំពីសភាពការណ៍ទូទៅ និងសមិទ្ធផលសំខាន់ៗដែលសម្រេចបានកន្លងមក ដូចជាការខិតខំជំរុញការងាររបស់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញ និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យស្របតាមកម្មវិធីនយោបាយរស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលដោយ សម្រេចបាននូវសមិទ្ធផលធំៗគួរកត់សម្គាល់ រួមជាមួយនឹងការប្តេជ្ញាចិត្តការពារសន្តិភាព ស្ថេរភាព នយោបាយបានយ៉ាងល្អប្រសើរ ការផ្តល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព ជាពិសេសតាមរយៈការដាក់ឱ្យប្រើប្រាស់ការិយាល័យច្រកចេញចូលតែមួយ, ការិយាល័យប្រជាពលរដ្ឋនៅតាមខណ្ឌទាំង១២ និងឈានទៅបង្កើតអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលរាជធានីភ្នំពេញក្នុងឆ្នាំ២០១៧នេះ។
ជាមួយនេះដែរ គណបក្សនៅបានជំរុញការកសាង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត រួមមានស្ថាបនាផ្លូវបេតុង បានប្រមាណ៣២៨គីឡូម៉ែត្រ, ចាក់អ៊ុតកៅស៊ូACបាន៤៣គីឡូម៉ែត្រ ,ជួសជុលអ៊ុតកៅស៊ូផ្លូវ៥៧ខ្សែ បានប្រវែង ៦៥គីឡូម៉ែត្រ ,បំពាក់ស្លាកសញ្ញាចរាចរបាន៥០០ស្លាក, ស្លាកសម្គាល់ផ្លូវ៣០០០ស្លាក,កែលម្អ និងដាក់ភ្លើងសញ្ញាចរាចរ បន្ថែមបាន១០៨ទីតាំង ដើម្បីរួមចំណែកដោះស្រាយបញ្ហាកកស្ទះចរាចរ។

ជាមួយនេះ បានដាក់បណ្តាញលូថ្មី ប្រមាណជាង៥០០គីឡូម៉ែត្រ, រៀបចំអណ្តូងលូឡើងវិញបាន៣៣.៤២២អណ្តូង,សាងសង់ស្ថានីយ៍បូមទឹកថ្មី ៤ស្ថានីយ៍ ដើម្បីដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងក្នុងទីក្រុង និងធ្វើការជួសជុលរមណីយដ្ឋានវត្តភ្នំ ដោយកែលម្អឡើងវិញនូវសួនច្បារ កន្លែងសំរាកលំហែ ស្ថាបនាផ្លូវថ្មើជើងមាត់ទន្លេនិងការបំពាក់ភ្លើងបំភ្លឺសាធារណៈប្រភេទ អិល អី ឌី (L.E.D)បាន១៧.០០០អំពូល ដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុងឱ្យកាន់តែមានភាពទាក់ទាញ។ សមិទ្ធផលទាំងនេះ គឺកើតចេញពីមនុញ្ញផល សុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្កុជា ​៕





No comments:

Post a Comment