Monday, March 27, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ពីដើមឡើយ​ខេត្តក្រចេះ​មានវិទ្យាល័យ​តែមួយប៉ុណ្ណោះ​ តែបច្ចុប្បន្ន​មានវិទ្យាល័យ​នៅគ្រប់ស្រុក​

លោកនាយករដ្ឋមន្រ្តី ហ៊ុន  សែន នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជា​អធិបតី​សម្ពោធដាក់ឲ្យប្រើ​ប្រាស់អគារសិក្សាថ្មី៣ខ្នង មានកម្ពស់៣ជាន់ ស្មើនិង៤៨បន្ទប់ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ និងបាននាំសៀវភៅជាច្បាប់ក្រុមង៉ុយ ១ពាន់ច្បាប់ដាក់តាមបណ្ណាល័យនានាក្នុងខេត្តក្រចេះ ដើម្បីឲ្យសិស្សៗរៀន។ លោកក៏បានអំពាវនាវទៅដល់អាជ្ញាធរថ្នាក់ក្រោមជាតិ ឲ្យពិនិត្យមើលអគារសិក្សានៅតាមសាលានានា បើមានសភាពទ្រុឌទ្រោម ត្រូវធ្វើការសាងសង់ឡើងវិញ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាយថាហេតុ។
លោកនាយករដ្ឋមន្រ្តីបានថ្លែងថា ខេត្តក្រចេះគឺជាមូលដ្ឋានទ័ពមួយក្នុងការតស៊ូរំដោះប្រទេសជាតិចេញពីរបបកាប់សម្លាប់របស់បនប្រល័យពូជសាសន៍ ប៉ុល ពត ហើយការអប់រំនៅកម្ពុជា បានចាប់ផ្តើមពីការរៀនក្រោមដើមឈើ យកធ្យូងធ្វើជាដីស និងក្នុងស្ថានភាពអ្នកចេះបង្រៀនអ្នកអត់ចេះ អ្នកចេះច្រើនបង្រៀនអ្នកតិច តែបច្ចុប្បន្នការអប់រំបានរីកចម្រើនលូតលាស់ច្រើន ហើយក្នុងខេត្តក្រចេះនេះផ្ទាល់មានអគារសិក្សារាប់រយ ដែលកាលពីដើមឡើយខេត្តក្រចេះមានវិទ្យាល័យតែមួយប៉ុណ្ណោះ គឺវិទ្យាល័យព្រះមហាក្សត្រិយ៍ព្រះកុសុមៈ តែបច្ចុប្បន្នមានវិទ្យាល័យនៅគ្រប់ស្រុក។
តាមរយៈប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវដែលតភ្ជាប់ពីខេត្តក្រចេះ ទៅកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗនោះ លោករំពឹងថា ទៅថ្ងៃខាងមុខនឹងមានសាកលវិទ្យាល័យនៅក្នុងខេត្តក្រចេះ ដើម្បីបំពេញការងាយស្រួលសម្រាប់ការសិក្សារបស់កូនចៅប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ក៏ដូចជាបណ្តាខេត្តជាប់ខេត្តក្រចេះនេះ។
លោក ហ៊ុន សែន បានថ្លែងបង្ហាញក្តីសង្ឃឹមថា វិទ្យាល័យតេជោ ហ៊ុន សែន ក្រចេះក្រុង ដែលសាងសង់ឡើងដោយរាជរដ្ឋាភិបាលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា នឹងចូលរួមផ្តល់ជាប្រយោជន៍សម្រាប់ការអប់រំដល់កូនចៅប្រជាពលរដ្ឋ ក្នុងខេត្តក្រចេះទាំងមូល។
លោកបានថ្លែងថា ការបណ្តុះបណ្តាលធនធានមនុស្សគឺជារឿងមួយដ៏លំបាក ហើយចំណាយពេលយ៉ាងយូរឆ្នាំទើបទទួលបានផល មិនដូចការដាំដុះដើមឈើនោះទេ តែបានចូលរួមបង្កើតធនធានដ៏សំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ។

លោកនាយករដ្ឋមន្រ្តីបានថ្លែងរំលឹកទៀតថា របបប៉ុល ពត បានកាប់សម្លាប់អ្នកចេះដឹងរបស់ខ្មែរអស់យ៉ាងច្រើន និងបំផ្លាញស្ទើរគ្មានសល់នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអប់រំ។ លោកក៏បានអំពាវានាវឲ្យរួមគ្នាថែរក្សានូវសមិទ្ធផល និងអ្វីៗដែលកំពុងមាននាពេលបច្ចុប្បន្ន ហើយត្រូវប្រឆាំងដាច់ខាតការប៉ុនប៉ងបំផ្លាញសមិទ្ធផលនានា។ ចំណែកឯកងកម្លាំងប្រដាប់អាវុធ ត្រូវធ្វើសកម្មភាពព្រមៗគ្នា ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ នារដូវបុណ្យចូលឆ្នាំ ដែលជាពេលសប្បាយរីករាយ មិនមែនជាពេលត្រូវជេរបញ្ចោរគ្នានោះទេ៕





No comments:

Post a Comment