Monday, March 27, 2017

ក្រុមហ៊ុន​ជប៉ុន​មួយ​ គ្រោង​វិនិយោគ​ទុន​លើ​វិស័យ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​នៅ​កម្ពុជា

ភ្នំពេញ៖ អគ្គនាយកក្រុមហ៊ុនជប៉ុន TPSC(Thailand)Co.Ltd បានលើកឡើងថា ក្រុមហ៊ុនរបស់ខ្លួនដែលទទួលការសាងសង់បន្តពីក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណក្នុងការសាងសង់រោងចក្រអគ្គិសនី ដើរដោយថាមពលធ្យូងថ្មដែលមានអនុភាព១៥០មេហ្គាវ៉ាត់។
លោកហ៊ីរ៉ូស៊ី អូសូនី Hiroshi Osone អគ្គនាយកក្រុមហ៊ុន TPSC(Thailand)Co.Ltd ជប៉ុន បានលើកឡើងយ៉ាងដូច្នេះ ខណៈលោកបានជួបពិភាក្សា ពិគ្រោះយោបល់ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍វិស័យអគ្គិសនី ដើរដោយថាមពលធ្យូងថ្មនៅខេត្តព្រះសីហនុ ជាមួយ លោក អូស្មាន់ ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៥ មីនា ។ ប្រសិនទទួលបានការអនុញ្ញាតសាងសង់នេះ ក្រុមហ៊ុនរបស់លោកក៏សិក្សា ទៅលើគម្រោងការធ្វើវិនិយោគលើការសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មបន្ថែមទៀត ដែលមានអនុភាព ៣០០ មេហ្គាវ៉ាត់ ហើយគ្រោងនឹងចំណាយទុនវិនិយោគសរុបប្រមាណជិត ៦០០លានដុល្លារអាមេរិក។ ដោយឡែក គម្រោងម៉ៅការសាងសង់រោងចក្រអគ្គិសនីនេះ គ្រោងនឹងចាប់ផ្តើមដំណើរការនៅខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ។
លោក អូស្មាន់ ហាស្សាន់ ស្វាគមន៍ចំពោះគោលបំណងវិនិយោគលើវិស័យអគ្គិសនីដើរដោយថាមពលធ្យូងថ្មនៅកម្ពុជា ព្រោះរាជរដ្ឋាភិបាលកម្ពុជា បានបើកចំហរ និងស្វាគមន៍រាល់ការវិនិយោគទាំងអស់នៅកម្ពុជា ជាពិសេស ការវិនិយោគលើវិស័យអគ្គិសនី គឺស្របពេលដែលប្រទេសកម្ពុជា កំពុងមានតម្រូវការអគ្គិសនីជាច្រើន ដើម្បីផ្គត់ផ្គង់ តបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ ជាមួយការវិនិយោគនេះរាជរដ្ឋាភិបាលក៏នឹងពិនិត្យផងដែរថា តើក្រុមហ៊ុនមួយណា ដែលអាចនាំមកនូវអត្ថប្រយោជន៍ ជូនដល់សង្គមជាតិ ជាពិសេសគឺរាជរដ្ឋាភិបាលចង់បានគម្រោងវិនិយោគណាដែលមកវិនិយោគ ហើយមានលទ្ធភាពលក់ ផ្គត់ផ្គង់ អគ្គិសនី ក្នុងតម្លៃសមរម្យជូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់៕

No comments:

Post a Comment