Monday, March 27, 2017

ប្រធានរដ្ឋសភា លោក​ ហេង សំរិន៖​ វត្តអារាម​ និងព្រះពុទ្ធសាសនា​ មានតួនាទីយ៉ាង​សំខាន់ក្នុង​សង្គមខែ្មរ​

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ ប្រធានរដ្ឋសភា លោក ហេង សំរិន បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យសម្ពោធដាក់ឲ្យប្រើបា្រស់ជាផ្លូវការ ឧបដ្ឋានសាលាថ្មី និងសមិទ្ធផលនានា ក្នុងវត្តគីរិណារាមទួលកែវអំពុក ភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ប្រធានរដ្ឋសភា លោក ហេង សំរិន បានថ្លែងថា វត្តអារាម និងព្រះពុទ្ធសាសនា មានតួនាទីយ៉ាងសំខាន់ក្នុងសង្គមខែ្មរ ទីវត្តអារាម មិនគ្រាន់តែជាទីសក្ការៈសម្រាប់គោរពបូជាតាមផ្លូវជំនឿសាសនាតាមផ្លូវពុទ្ធចក្រ និងអាណាចក្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាថ្នាលបណ្តុះបណ្តាល នូវចំណេះដឹង បញ្ញាញាណ តម្លៃសីលធម៌ និងស្មារតីរួមរស់ជាមួយគ្នាដោយសុខសាន្តទាំងខាងផ្លូវស្មារតី សាមគ្គីគ្នា ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍប្រទេសជាតិ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។ ដូច្នេះហើយ វត្តអារាមជាទីដ្ឋានដ៏មាន សារៈសំខាន់សម្រាប់បណ្តុះ និងថែរក្សានូវគម្ពីរសាស្រ្តា អក្សរសាស្រ្ត ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីរបស់ជនជាតិខ្មែរ ឲ្យបានសិ្ថតស្ថេរ។
ប្រធានរដ្ឋសភា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមទំាងអស់គ្នា លប់បំបាត់ឲ្យអស់នូវគ្រឿងញៀន ពីព្រោះវាបំផ្លាញសុខភាព សេចក្តីសុខសាន្តក្នុងគ្រួសារ និងសង្គមជាតិទំាងមូល។ វិធានការដែលចេញពីរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច វាមិនគ្រប់គ្រាន់ទេ បើគ្មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទូទៅ។

ប្រធានរដ្ឋសភា បានបញ្ជាក់ទៀតថា គ្រួសារនីមួយៗ ត្រូវគ្រប់គ្រងអប់រំកូនចៅឲ្យបានល្អ នៅតាមសាលារៀន គ្រូសារ ស្ត្រាចារ្យត្រូវអប់រំសិស្សនិស្សិត ឲ្យជៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ ដែលនាំអោយខាតបង់ដល់ទ្រព្យសម្បត្តិ អាយុជីវិត និងពេលវេលា៕




No comments:

Post a Comment