Monday, March 27, 2017

លោក ជា ចាន់តូ បន្ដជំរុញឲ្យគ្រប់បុគ្គលិកធនាគារជាតិនៃកម្ពុជា ខិតខំ​បម្រើ​ និងផ្សព្វផ្សាយ​ដល់អតិថិជន​ អំពីគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ «មិនមែនជារបស់រដ្ឋ»​

កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បន្ដជំរុញឲ្យគ្រប់បុគ្គលិកធនាគារជាតិនៃកម្ពុជា គ្រប់សា​ខា​ខេត្តទាំងអស់ ឲ្យខិតខំបម្រើអតិថិជន និងផ្សព្វផ្សាយដល់អតិថិជនទាំងអស់ ឲ្យកាន់តែជ្រាបច្បាស់ ពីបញ្ហាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនមែនជា​របស់រដ្ឋ ដើម្បីកុំឲ្យមានការយល់ច្រឡំ ពីសំណាក់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត។
លោកបានណែនាំដល់មន្ត្រីបុគ្គលិក ដែលបានខិតខំផ្សព្វផ្សាយសេចក្តីថ្លែងការណ៏រវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋបានដឹង កុំឲ្យមានការយល់ច្រឡំថា ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់​នៅកម្ពុជា គឺជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ។
លោក និន ប៊ុនចំរើន នាយកសាខាធនាគារជាតិនៃកម្ពុជាខេត្តក្រចេះ បានឲ្យដឹងថា បច្ចុប្ប្នន្ននេះខេត្តក្រចេះ មានការរីចម្រើនជាបន្តបន្ទាប់ ពិសេសវិស័យធនាគារ និងហិរញ្ញវត្ថុ បាននិងកំពុងដំណើការក្នុងការធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងទំនុកចិត្ត ដែលក្នុងនោះរួមមាន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលបោះទីតាំងក្នុងខេត្តមានចំនួន១៩ ក្នុងនោះ ធនាគារពាណិជ្ជមានចំនួន៧ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្តុទទួលប្រាក់បញ្ញើមានចំនួន៧ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួន៥ និងការគ្រប់គ្រងអាជីវកម្មប្តូរប្រាក់មានចំនួន១៦៣តូប។

លោក និន ប៊ុនចំរើន បានបន្ថែមថា ធនាគារជាតិនៃកម្ពុជាសាខាខេត្តក្រចេះ​ បានធ្វើការប្ដូរប្រាក់ទក់ រហែក ចាស់ និងសឹករេចរិលគ្រប់ប្រភេទ ជូនអតិថិជនបានក្នុងឱកាសខួបលើកទី ៣៧ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ គិតមកដល់ថ្ងៃទី២៤ មីនានេះ បានចំនួនជាង៥៤,៣៣២,០០០លានរៀល​៕



No comments:

Post a Comment