Monday, March 27, 2017

វិទ្យាស្ថានពលរដ្ឋវិជ្ជា៖ ក្រុមនិន្នាការប្រឆាំងមិនដឹងពីបទបញ្ញត្តិច្បាប់បន្តិចសោះ តែរត់មាត់ខាងចោទរដ្ឋាភិបាលថា “រំលោភច្បាប់” …!

ថ្មីៗនេះ ក្រសួងមហាផ្ទៃ បានរំឭកជាសាធារណៈថា ៖ “បុគ្គលម្នាក់ជាសមាជិកគណបក្សបានតែមួយ” ហើយបើបុគ្គលណាទៅឈរឈ្មោះឲ្យគណបក្សផ្សេង ជាកត្តានាំឲ្យបាត់បង់តំណែងជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងអាណត្តិបច្ចុប្បន្នដែលបានមកពីបញ្ជីបេក្ខជននៃគណបក្សរបស់ខ្លួនដែលជាប់ឆ្នោតកាលឆ្នាំ២០១២។
ប៉ុន្តែក្រុមនិន្នាការប្រឆាំង មិនយកចិត្តទុកដាក់ និងគ្មាន សតិសម្បជញ្ញៈគោរពច្បាប់ទេ។ ការមើលស្រាលនេះឯងដែលបណ្តាលឲ្យក្រសួងមហាផ្ទៃបញ្ចប់ភារកិច្ច និងតំណែងជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មុនចប់អាណត្តិ និងកាត់ប្រាក់ខែរបស់គាត់ ដោយសារតែពួកគាត់ខ្លះជាប់ឆ្នោតក្នុងបញ្ជីគណបក្សសម រង្ស៊ី និងខ្លះទៀតក្នុងបញ្ជីគណបក្សសិទ្ធិមនុស្ស បានងាកចេញពីបក្សនេះទៅឈរឈ្មោះក្នុងបញ្ជីបេក្ខជនគណបក្សសង្គ្រោះជាតិវិញ សម្រាប់ការបោះឆ្នោត២០១៧។ ច្បាប់ពុំបានហាមឃាត់ចំពោះការងាកចេញពីបក្សមួយទៅបក្សមួយក៏ពិតមែន ប៉ុន្តែសេរីភាពនៃការជ្រើសរើសគណបក្សនយោបាយ គឺបានតែមួយ បើចូលក្នុងជីវភាពនយោបាយក្នុងគណបក្សថ្មី ត្រូវបាត់បង់សមាជិកភាព និងបុព្វសិទ្ធិទាំងអស់របស់គណបក្សមុន។ ផ្ទុយទៅវិញ មន្ត្រីបក្សប្រឆាំង រួមទាំងមេដឹកនាំអង្គការ NGO និន្នាការប្រឆាំង មិនយល់ និងមិនគោរពបទបញ្ញត្តិច្បាប់ជាធរមាន បែរជាចោទប្រកាន់ក្រសួងមហាផ្ទៃដែលអនុវត្តច្បាប់ ថា “រំលោភច្បាប់” ទៅវិញ។
ជាមូលដ្ឋានច្បាប់នៃការបាត់បង់សមាជិកភាពក្រុមប្រឹក្សាឃុំ-សង្កាត់ គឺការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រដែលអនុវត្តតាមនីតិវិធីច្បាប់ជាបន្តបន្ទាប់ ៖
(១) មាត្រា៥ វាក្យខ័ណ្ឌ១ និងមាត្រា២១ វាក្យខ័ណ្ឌ១ នៃ ច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ចែងបញ្ជាក់អំពី
ការបោះឆ្នោតតាមប្រព័ន្ធបោះឆ្នោតសមាមាត្រ។
(២) មាត្រា៩៨ ដល់មមាត្រា១០០ នៃច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ចែងអំពីការឈរឈ្មោះក្នុងបញ្ជីបេក្ខជនរបស់គណបក្សដែលបានចុះបញ្ជីត្រឹមត្រូវ តាមល័ក្ខខ័ណ្ឌច្បាប់គណបក្ស និងគ្មានចែងពីបេក្ខជនឯករាជ្យឡើយ។
(៣) មាត្រា២១ វាក្យខ័ណ្ឌ២ និងមាត្រា២៤ នៃច្បាប់បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ចែងអំពីការជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា។
(៤) កត្តានាំឲ្យបាត់បង់សមាជិកភាពនពីក្រុមប្រឹក្សាឃុំ-សង្កាត់ ផ្អែកលើច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ដែលក្នុងនោះមាត្រា១៦ វាក្យខ័ណ្ឌ១ គំនូសទី៧ ចែងថា ៖ “សាម៉ីខ្លួនបាត់បង់សមាជិកភាពពីគណបក្សនយោបាយរបស់ខ្លួន”។
(៥) កត្តានាំឲ្យបាត់បង់សមាជិកភាពពីគណបក្ស ដោយផ្អែកលើច្បាប់ស្តីពីគណបក្សនយោបាយ មាត្រា១៥ វាក្យខ័ណ្ឌ១ ចែងថា ៖ “ប្រជាពលរដ្ឋខ្មែរម្នាក់ មិនអាចជាសមាជិកគណបក្សនយោបាយលើសពីមួយក្នុងពេលតែមួយបានទេ។ ក្នុងករណីដែលបុគ្គលមួយរូបចូលជាសមាជិកគណបក្សនានាយ៉ាងច្រើន សមាជិកភាពក្នុងគណបក្សនយោបាយចុងក្រោយត្រូវចាត់ទុកជាបានការ”។
(៦) អ្នកជំនួសបុគ្គលដែលបាត់បង់តំណែងមុនចប់អាណត្តិ ត្រូវអនុលោមច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ មាត្រា១៦ វាក្យខ័ណ្ឌ២ ចែងថា ៖ “កាលបើសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ណាមួយត្រូវបាត់បង់សមាជិកភាព ត្រូវជ្រើសរើសបេក្ខជនដែលមានឈ្មោះបន្ទាប់តាមលេខរៀងក្នុងបញ្ជីបេក្ខជនជាមួយ មកជំនួសដោយមិនបាច់បោះឆ្នោតឡើងវិញឡើយ”។
អញ្ចឹងក្រសួង​មហាផ្ទៃ សម្រេច​កាត់​ប្រាក់បៀវត្សរ៍​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ១៩​រូប​មក​ពីគណបក្សសម រង្ស៊ី នៅ​ខែត្រ​ស្ទឹងត្រែង គឺផ្អែកលើបទបញ្ញត្តិច្បាប់ទាំងនេះ ហើយនឹងត្រូវអនុវត្តដូចគ្នាដែរចំពោះសមាជិកក្រុមប្រឹក្សាមកពីគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នៅបណ្តាឃុំ-សង្កាត់ដទៃៗទៀតផង។
ការអនុវត្តន៍ច្បាប់ គឺជាការអនុុវត្តន៍នីតិរដ្ឋ ក្នុងប្រព័ន្ធប្រជាធិបតេយ្យបែបតំណាង៕


No comments:

Post a Comment