Monday, March 27, 2017

ទស្សនៈ « លាលែង​ ឬ លែង​លា​ » ពី​តំណែង​​ប្រធាន​​គណ​បក្ស?​

ដោយ​សារ​តែភាព​ស្លន់​ស្លោ​ខុសរឿង​ នឹង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ បាន​ធ្វើ​ឱ្យ​គណបក្ស​ប្រឆាំង​ធ្លាក់​មក​ដល់​ចំណុច​វឹក​វរផ្ទៃ​ក្នុង​យ៉ាង​ធ្ងន់​ធ្ងរ​។ ចំណុច​​ខុស​ឆ្គង​ម្តង​ហើយ​ម្តង​ទៀត​នេះ​ បង្ហាញ​ថា​ធន​ធាន​មនុស្ស​ និង​អ្នក​រៀប​ចំ​យុទ្ធសាស្ត្រ​​​នៅ​ក្នុង​គណបក្ស​ប្រឆាំង​​អសមត្ថភាព និង​មិន​អាច​ប្រឈម​ផ្នែក​នយោបាយ​ជាមួយ​​បក្ស​កាន់​អំណាច​បាន​យូរ​តទៅទៀត​ឡើយ​។
​តាមរយៈ​សមាជ​វិសាមញ្ញ​ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ កន្លងទៅ គឺបាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ពួក​គេ​​បាន​អនុវត្ត​ខុស​ និង​ដើរ​លឿន​មួយ​ជំហ៊ាន​ហួស​​និ​ង​​លក្ខន្តិកៈ​របស់​​គណបក្ស​ដែល​បាន​យក​ទៅ​តម្កល់​នៅក្រសួង​មហា​ផ្ទៃ​ កាលពី​ថ្ងៃ​ទី១០​ ខែឧសភា ឆ្នាំ២០១៣ ត្រង់ប្រការ ៤៧ ដែលធ្វើឱ្យក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី ដែល​ទើប​នឹងជ្រើសតាំងនេះ​គ្មាន​​​សុពលភាព​ខាង​ផ្លូវ​ច្បាប់​។ ភាព​ក្មេង​ខ្ចី​ខាង​យុទ្ធសាស្ត្រ​នយោបាយ​ និង​ទន់​ខ្សោយ​ផ្នែក​ធនធាន​​​អ្នក​ច្បាប់​​នៅក្នុង​គណបក្ស​នេះ​ហើយ​ បាន​រុញ​ច្រាន​គណបក្ស​ប្រឆាំង​មួយនេះ​ឱ្យ​ជួប​នឹង​វិបត្តិ​ក្បាលម៉ាស៊ីន​ដឹកនាំ​នៅពេល​ដែល​ការ​បោះឆ្នោត​ឆ្នាំ២០១៧ និង​២០១៨ កាន់​តែ​ខិត​ជិត​មក​​ដល់​ ហើយក៏បានបញ្ជាក់​ថា​អ្វី​ដែល​ សម រង្ស៊ី បាន​ប្រកាស​ដោយ​អំនួតថា​ខ្លួន​សុខចិត្ត​​លា​លែង​ពីតំណែង​ជាប្រធាន​គណបក្ស​ ​ដើម្បី​សង្គ្រោះ​បក្ស​នោះ​ បាន​ក្លាយ​ទៅ​ជា​រឿង​​គ្មានន័យ​អ្វីទាំង​អស់​ ព្រោះ​តែការ​គិត​គូរ​​ និង​ដឹកនាំ​ផ្ទៃក្នុង​បក្ស​មិន​បាន​​វែងឆ្ងាយ ដើរ​វង្វេង​ទិស​យុទ្ធសាស្ត្រនយោបាយ​​ និងលក្ខន្តិកៈ​​ដែល​​ខ្លួន​បាន​​​តំកល់​នៅក្រសួង​មហាផ្ទៃ​។​
ខ្លឹម​សារ​ចំបង​ដែល​បាន​ចែង​នៅក្នុង​លក្ខន្តិកៈគណបក្ស ហើយ​តំកល់​នៅក្រសួង​មហាផ្ទៃ​នោះ​​ គឺ​ត្រូវ​កំណត់​យក​ថ្ងៃ​ទី​១៧ ខែ​ក្កដា​ ឆ្នាំ​២០១២ ជាថ្ងៃ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ​​ជាផ្លូវ​ការ​។​ ដូចនេះ​នៅក្នុង​អាណត្តិ​ទី​១​ នៃ​ការ​បង្កើត​លក្ខន្តិកៈ​នេះ​ គឺ​មាន​រយៈពេល​ ៥ឆ្នាំ​​ ហើយ​ដែល​ត្រូវ​បញ្ចប់​ក្នុង​ខែ​កក្កដា​ ឆ្នាំ២០១៧ ។​ ក្នុង​ករណី​ ដែល​ប្រធាន​គណបក្ស​ស្លាប់​ ឬលាលែង​មុន​អាណត្តិ​ ការ​ជ្រើសរើស​ប្រធាន​បន្តគឺ​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ពីរ​ចំណុច​ ។ ត្រេ​ទី​១​ នៃប្រការ​៤៧ នៃ​លក្ខន្តិកៈ បើ​ប្រធាន​គណបក្ស​ស្លាប់ ឬលាលែង​ ហើយ​អាណត្តិ​ដែល​នៅ​សល់​មាន​រយៈពេល​តិច​ជាង​១៨ខែ​ គឺ​លក្ខន្តិកៈគណបក្ស​តំរូវ​ឱ្យ​រើស​តែ​ប្រធាន​​ស្តី​ទី​ម្នាក់​ដែល​មាន​បុព្វសិទ្ធិ​ដូច​ប្រធាន​គណបក្ស​ដែរ​ បន្ទាប់មក​​គណៈកម្មាធិការ​នាយក​​ត្រូវ​​ជ្រើសរើស​អនុប្រធាន​​គណបក្ស​ថ្មី​មួយរូប​​ប៉ុណ្ណោះ​ ពី​ក្នុង​ចំណោម​សមាជិក​របស់​ខ្លួន ដើម្បី​​ជួយ​កិច្ច​ការ​ប្រធាន​ស្តី​ទីគណបក្ស​រហូត​ដល់​ចប់​អាណត្តិ​។ ចំណែក​ ត្រេទី២​ នៃ​ប្រការ​៤៧​ នៃលក្ខន្តិកៈគណបក្ស​សង្គ្រោះជាតិ​ ចែង​ថា បើ​ប្រធាន​គណបក្ស​ស្លាប់ ឬលាលែង​ ដើម្បី​​ធ្វើ​ការ​ជ្រើសតាំង​ ប្រធាន​ និង​​អនុប្រធាន​គណបក្ស​​បាន​ គឺ​ត្រូវ​មាន​រយៈពេល​​លើស​ពី​១៨ខែ​ នៃ​អាណត្តិ​ដែលមាន​រយៈពេល​៥ឆ្នាំ​។​
ប៉ុន្តែ​ ផ្ទុយទៅ​វិញ​ គណបក្ស​​សង្គ្រោះជាតិ​ បាន​រៀប​ចំ​សមាជ​​វិសាមញ្ញ​របស់​ខ្លួន​នៅថ្ងៃ​ទី​២ ខែ​មីនា​ ឆ្នាំ២០១៧ ដើម្បី​ជ្រើសតាំង​ប្រធាន​គណបក្ស​ថ្មី និង​អនុប្រធាន​គណបក្ស​រហូត​ដល់​ទៅ​បី​រូប​ ដែល​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​លក្ខន្តិកៈរបស់​គណបក្ស​ ដែល​បាន​យក​ទៅ​តំកល់​នៅ​ក្រសួង​មហាផ្ទៃ​។ ដូច្នេះ​ហើយ​ ទើប​ក្រសួង​មហាផ្ទៃ​ បាន​​ចេញ​​សេចក្តី​ជូន​ដំណឹង​​ស្តីពី​​​​​​ការ​អនុវត្ត​ផ្ទុយ​ពី​លក្ខន្តិកៈ​ត្រង់​ប្រការ​៤៧ ត្រេទី​២​ ដោយ​អាណត្តិ​នៅ​សល់​មាន​រយៈពេល​តិចជាង​ ១៨ ខែ​ គិត​ត្រឹម​កាល​បរិច្ឆេទ​ ដែល​លោក សម រង្ស៊ី​ បាន​លាលែង​ពី​តំណែង​​ប្រធាន​​គណបក្ស​នៅ​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ២០១៧​។ មាន​ន័យថា​ ក្បាល​ម៉ាស៊ីន​ដែល​បាន​​ជ្រើស​រើស​កន្លង​មក​នោះ​គឺ​គ្មាន​សុពលភាព​ស្រប​ច្បាប់​ ដើម្បី​ធ្វើ​ការ​ប្រកួត​ប្រជែង​​ជាមួយ​​​គណបក្ស​នយោបាយផ្សេងៗទៀត​នៅកម្ពុជា​ឡើយ​។​
តើ​លោក កឹម សុខា​ ត្រូវ​ « លាលែង​ ឬ លែង​លា​ » ពី​តំណែង​ប្រធាន​គណបក្ស​សេះហោះ​ នៅពេល​នេះ​?
ក្រុម​អ្នក​វិភាគបាន​លើក​ឡើង​នូវ​​​​ជម្រើស ខ្លះ​ៗ​ ដើម្បី​ជាការ​សម្រេច​ចិត្ត សម្រាប់​ក្រុម​ក្បាល​​ម៉ាស៊ីន​​ដឹក​នាំ​ខុស​លក្ខន្តិកៈ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​ដូច​ខាង​ក្រោម​៖​
ទី​១ បើ​លោក កឹម សុខា​ ពិត​ជា​មេដឹក​នាំ​ដែល​គ្មាន​មហច្ឆិតា​ចង់​លេប​ត្របាក់​គណបក្ស​​​សង្គ្រោះជាតិ​ ទេ​នោះ​ គឺ​លោក​ និង​អនុប្រធាន​ថ្មី​ ទាំង​បី​ ត្រូវ​ធ្វើ​ពាក្យ​លាលែងពី​តួនាទី​​សេះហោះ​នោះ​សិន​ ហើយ​ត្រូវ​ធ្វើ​ការ​កែតម្រូវ​នូវ​លក្ខន្តិកៈថ្មី​ឱ្យ​ស្រប​នឹង​តម្រូវ​ការ​ក្បាលម៉ាស៊ីន​ដឹក​នាំ​ជាក់​ស្តែង​ និង​ត្រូវ​ដាក់​តំកល់​លក្ខន្តិកៈថ្មី​នោះ​ទៅ​ក្រសួង​មហាផ្ទៃ​ ដើម្បី​ទទួល​ស្គាល់​ជាផ្លូវ​ការ​ជាមុន​។
ទី២​ ត្រូវ​ធ្វើ​ការ​កោះ​ប្រជុំ​សមាជ​វិសាមញ្ញជាថ្មី​ ដើម្បី​ធ្វើការ​ជ្រើសរើស​ ប្រធាន និង​អនុប្រធាន​ ឱ្យ​ស្រប​តាម​ខ្លឹម​សារ​នៃ​លក្ខន្តិកៈ​​​​​ដែល​យក​ទៅ តំកល់​នៅ​ក្រសួង​មហាផ្ទៃ​។
ប៉ុន្តែ​ ក្រុម​អ្នក​វិភាគ​ បាន​ចាប់​អារម្មណ៍​ថា​ ការ​ឡើង​ក្តោប​ក្តាប់អំណាច​​ជាប្រធាន​គណបក្ស​របស់​លោក កឹម សុខា​ កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា​ ឆ្នាំ​២០១៧ នោះ​ គឺ​ជាការ​ឡើង​​កាន់​អំណាច​ដោយ​តក់​ក្រហល់​ និង​មាន​ភាព​ចម្រូង​ចម្រាស់​។ គេ​នៅ​ចាំបាន​ថា ក្រោយ​ពេល​ដែល​មាន​ការ​បញ្ចុះបញ្ចូល​ឱ្យ​លោក សម រង្ស៊ី​ ធ្វើពាក្យ​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​នៅ​ថ្ងៃ​ទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ភ្លាម ស្រាប់​តែ​ស្អែក​ឡើង​ថ្ងៃ​ទី​១២ ខែ ឆ្នាំ​ដដែល​ ក៏មាន​ការ​កោះ​ប្រជុំ​ពី​លោក កឹម សុខា​ ឱ្យ​មាន​ការ​យល់​ព្រម​លាលែង​តំណែង​នោះ​ភ្លាមៗដែរ​ ( អាច​ហៅបាន​ថា​ ជាយុទ្ធសាស្ត្រ​ រុញស៊ីក្លូ បញ្ចូល​ឡាន ) ដើម្បី​បាន​កាន់​អំណាច​កាន់​តែ​ឆាប់​។ បន្ទាប់​មក​ នៅក្នុង​សាមាជ​វិសាមញ្ញនោះ​ គឺ​អវត្តមាន​នូវ​សមាជិក​គណៈកម្មាធិការ​នាយក​ និង​​តំណាង​រាស្ត្រ​ មួយ​ចំនួនដែល​ជាកូតា​មក​ពី​គណបក្ស​ សម រង្ស៊ី ដូចជា លោក ជាប៉ូច លោក គង់​ បូរ៉ា ជាដើម​ ដែល​អ្នក​ទាំង​នោះ​សុទ្ធ​តែ​មិន​​ពេញ​ចិត្ត និង​បេក្ខភាព​ប្រធាន និង​អនុប្រធាន​ថ្មីនោះ​​ទេ។ ដូច្នេះ​ បើ​មាន​ការ​លាលែង​ជាថ្មី​របស់​លោក កឹម សុខា ដើម្បី​បោះឆ្នោត​ជ្រើសតាំង​សារជាថ្មី​នោះ​ តើ​លោក កឹម សុខា​ អាច​ជាប់​ជាប្រធាន​បក្ស​វិញ​ដែរ​ឬ​ទេ​​?​​ ពី​ព្រោះ​បើ​តាម​កិច្ចព្រម​ព្រៀង​គណបក្ស​ដែល​រួម​គ្នា​ គឺ​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​ត្រូវ​បាន​ទៅ​កូតា​ខាង​គណបក្ស​​ សម រង្ស៊ី មិនមែន​ខាងគណបក្ស​ សិទ្ធិមនុស្ស​ទេ​។ ត្រង់​ចំណុច​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​លោក កឹម សុខា​ អាច​នឹង មិន​លាលែង​ពី​តំណែង​ ហើយ​ដែល​ពាក្យ​សាមញ្ញ​តែង​និយាយលេង​ថា​ « លែង​លា »​​​​​ ពី​តំណែង​។ បើ​អញ្ចឹង​​មែន​នោះ​ គណបក្ស​សង្គ្រោះជាតិ​ មាន​រយៈពេល​តែ​៩០ថ្ងៃ​ប៉ុណ្ណោះដើម្បីជ្រើសរើស​ប្រធាន​គណបក្ស​ថ្មី​ដែល​ស្រប​ច្បាប់​ ហើយ​ទទួល​ស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ​ នេះ​បើ​យោង​តាម​ច្បាប់​គណបក្ស​នយោបាយ​ដែល​ទើប​ធ្វើ​វិសោធនៈកម្ម​ និង​បាន​ចូល​ជាធរមាន​រួច​ទៅ​ហើយ​នោះ​។ មាន​ន័យ​ថា​ គណបក្ស​សង្គ្រោះជាតិ​ អាច​នឹង​ត្រូវ​ច្បាប់​គណបក្ស​នយោបាយ​រំលាយ​ចោល​ ប្រសិន​​បើ​​លោក កឹម សុខា​ នៅក្រាញអំណាច​ជាប្រធាន​គណបក្សសង្គ្រោះជាតិ​​តទៅ​ទៀត​។ តើ​លោក កឹម សុខា​ អាចជាមនុស្ស​ចង្រៃ​​មែន​ឬទេ​? ពីព្រោះ​បើ​តាម​ប្រវត្តិជីវិត​នយោបាយ​របស់​លោក នៅពេលដែល​លោក​​ទៅ​​ធ្វើ​​នយោបាយ​​ជាមួយ​គណបក្ស​ណាមួយហើយ​ គឺ​គណបក្ស​នោះ​ត្រូវ​រលំ​រលាយរហូត​ ដូច​ជាគណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះពុទ្ធសាសនា​ របស់​លោកតា​ សឺន សាន ក៏ដូច​ជាគណបក្ស​ ហ៊្វុនស៊ីន​ប៉ិច​ របស់​សម្តេច​ក្រុម​ព្រះ​ នរោត្តម រណឬទ្ធិ ជាដើមនោះ​។​​​​
ទោះ​បី​ជាយ៉ាង​ណា​ គេ​នៅ​រង់​ចាំ​មើល​​​ថា តើ​លោក កឹម សុខា​ នឹង​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស​នេះ​ទាំង​ប្រថុយ​ប្រថាន​ ឬនៅក្រាញ​ននៀល​ខាំស្មៅ​?​​ តាម​ពិត​លោក​ បាន​ដឹង​យ៉ាង​ច្បាស់​ថា បើលាលែង​ លោក​​អាច​​​នឹង​​មិន​បាន​ជាប់​ជាប្រធាន​គណបក្ស​វិញ​នោះទេ ដោយ​សារ​​កូតា​ប្រធាន​គណបក្ស​គឺ​ត្រូវ​បាន​ទៅ​​​​មន្ត្រី​កូតា​គណបក្ស​ សម រង្ស៊ី​ ស្រប​​តាម​កិច្ចព្រម​ព្រៀង​​​រវាង​គណបក្សទាំង​ពីរ​មុន​ពេល​​រួម​​បញ្ចូល​​គ្នា។ ប៉ុន្តែ​​ បើ​មិន​លាលែង​​ នោះ​គណបក្ស​​អាច​នឹង​ត្រូវ​រំលាយដោយ​​ការ​ក្រាញអំណាច​របស់​​គាត់​ជាមិន​ខាន​៕​​ ​​​


No comments:

Post a Comment