Monday, March 27, 2017

តំណាងភាគីជាតិ និងតំណាងភាគីអន្ដរជាតិបានប្ដេជ្ញាចិត្តក្នុងស្វែងរកការគាំទ្រដល់ដំណើរការសាលាក្ដីខ្មែរក្រហម

លោក ឧបនាយករដ្ឋមន្រ្ដី ប៊ិន ឈិន រដ្ឋមន្រ្ដីស្ដីទី ទីស្ដីការគណៈរដ្ឋមន្រ្ដី បានអនុញ្ញាតិឲ្យ លោក ដេវិត គ្រីសស្ដូហ្វ័រ អ្នកជំនាញការពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសាលាក្ដីខ្មែរក្រហមចូលជួបពិភាក្សាការងារ ដែលជំនួបនេះបានធ្វើឡើងនៅអាគារមិត្តភាព នៃទីស្ដីការគណៈរដ្ឋមន្រ្ដី នារសៀលថ្ងៃទី២៤ ខែ មិនា ឆ្នាំ២០១៧។
ក្រោយពីបញ្ចប់ជំនួបពិភាក្សា លោក ឯក ថា អនុប្រធាននាយកដ្ឋានអង្គភាពនិងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្រ្ដី បានបញ្ជាក់ឲ្យដឹងថា៖ នៅក្នុងជំនួបនេះភាគីទាំង២ លោក ឧបនាយករដ្ឋមន្រ្ដី ប៊ិន ឈិន និង លោក ដេវិត គ្រីសស្ដូហ្វ័រ បានឯកភាពគ្នាក្នុងការជំរុញបន្ដរសកម្មភាពការងារ ពីលោក ឧបនាយករដ្ឋមន្រ្ដី សុខ អាន ដែលបានបន្សល់ទុកនូវស្នាដៃដ៍ត្រចះត្រចង់សម្រាប់ប្រជាជាតិកម្ពុជា ទាក់ទងទៅនឹងដំណើរការរបស់សាលាក្ដីខ្មែរក្រហម ដែលការស្វែងរកយុត្តិធម៌នេះ កន្លងមកទទួលបាននូវភាពជោគជ័យគួរជាទីមោទនៈ។
ជាមួយគ្នានេះដែរ ទាក់ទងទៅនឹងដំណើរការនៃសាលាក្ដីខ្មែរក្រហម ក្នុងនាមភាគីជាតិ លោក ឧបនាយករដ្ឋមន្រ្ដី ប៊ិន ឈិន និង លោក អ្នកជំនាញការពិសេស របស់អង្គការសហប្រជាជាតិ បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្ដស្វែងរកថវិកាសម្រាប់ការជួយឧបត្ថម្ភគាំទ្រ ដើម្បីបំពេញបន្ថែមតម្រូវការ ដល់អង្គជំនុំជំរៈវិសមញ្ញាក្នុងតុលាការកម្ពុជា ក្នុងន័យឲ្យតុលាការកូនកាត់មួយនេះ មានដំណើរការប្រកបដោយភាពជោគជ័យ និងមានកិត្តិយស ក្នុងការកាត់ទោសអតីតមេដឹកនាំ នៃរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីស្វែងរកភាពយុត្តិធម៌ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដែលទទួលរងគ្រោះដោយសាររបបមួយនេះ ។

គួរបញ្ជាក់ថា៖ កន្លងមកទាំង ភាគីជាតិ និងភាគីអន្ដរជាតិ បានរួមសហការគ្នាយ៉ាងល្អនៅក្នុងក្របខណ្ឌអង្គជំនុំជំរៈវិសមញ្ញក្នុងតុលាការកម្ពុជា ទៅតាមនិតិវិធីរបស់ខ្លួន ប្រកប ដោយជោគជ័យ ដោយមានការចូលរួមពីប្រជាពលរដ្ឋប្រមាណជា៣០ម៉ឺននាក់ និងមានដើមបណ្ដឹងជាង៤ពាន់នាក់ ដើម្បីស្ដាប់កាត់សេចក្ដី ទៅលើមេដឹកនាំអតីតៈខ្មែរក្រហមនៃរបបកម្ពុជាប្រជាធិបតេយ្យ  ដែលជាអ្នកត្រូវទទួលខុសត្រូវ ក្នុងការសម្លាប់យ៉ាងរង្គាលនូវអាយុជីវិតពលរដ្ឋខ្មែរច្រើនលាននាក់ ក្នុងរយៈពេលដែលរបបមួយនេះគ្រប់គ្រងប្រទេសកម្ពុជាពីខែមេសា ឆ្នាំ១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៩៕







No comments:

Post a Comment