Monday, June 13, 2022

សម្តេចតេជោ ហ៊ុន សែន៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជ្រើសរើសយកសន្តិភាពនិងការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាជនដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលសរបញ្ជាក់ថា ពួកគាត់បោះឆ្នោតដើម្បីជ្រើសរើសយកសន្តិភាពនិងការអភិវឌ្ឍន៍។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០ ២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ នៅរាជធានីភ្នំពេញ។ 

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមទៅបោះឆ្នោតដោយស្ងៀមស្ងាត់ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ពិសេសគឺបានអនុវត្តសិទ្ធិរបស់ខ្លួនដែលឆ្លុះបង្ហាញឱ្យឃើញពីភាពចាស់ទុំខាងនយោបាយនៅក្នុងដំណើរការប្រជាធិបតេយ្យដ៏ទៀងទាត់នៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា នៅក្នុងចំណោមគណបក្សនយោបាយចំនួន១៧គណបក្សនយោបាយ គឺសុទ្ធតែទទួលបានសម្លេងគាំទ្រទាំងអស់ គ្រាន់តែតិចឬច្រើនតែប៉ុណ្ណោះ។ ហើយអ្វីដែលជាការគួរឱ្យកត់សម្គាល់នោះ នៅក្នុងពេលយុទ្ធនាការឃោសនាហែរក្បួន ពុំមានអំពើហិង្សា និងការជេរបញ្ជោរកើតឡើងនោះឡើយ៕







សម្តេច​តេជោ ហ៊ុន សែន ៖ ​​កម្ពុជា​មិនទាន់ឈ្នះ​សង្រ្គាមកូវីដទាំងមូល​នៅឡើយទេ

នៅ​​ក្នុងពិធីចែកសញ្ញាបត្រ ជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង ​២​ពាន់នាក់ ​នៅព្រឹកថ្ងៃទី ១៣ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន ​នា​យករដ្ឋមន្ត្រី​នៃកម្ពុជា បាន​លើកឡើងថា មកដល់ពេលនេះ កម្ពុជាទើបតែឈ្នះសមរភូមិកូវីដប៉ុណ្ណោះ តែសង្រ្គាមកូវីដទាំងមូល កម្ពុជាមិនទាន់ឈ្នះនៅឡើយទេ។ មាន​ន័យថា សង្គ្រាមប្រឆាំងជំងឺកូវីដ-១៩ មិនទាន់ឈ្នះ តែសមរភូមិអាល់ហ្វា ​ដែលតា និងអូមីក្រុង កម្ពុជាទប់​ទល់​បានហើយ។

បើតាមសម្តេច​តេជោ ហ៊ុន សែន ​ស្ថានភាពនេះ បានផ្ដល់អំណោយផលឲ្យប្រទេសកម្ពុជា អាចបើកដំណើរការឡើងវិញ​គ្រប់ផ្នែកទាំងអស់ ដែលធ្លាប់បានធ្វើមុនកូវីដ​បានមកដល់ តែត្រូវ​ធ្វើឡើងតាមរបៀបថ្មី។​ សម្ដេចតេជោ បានបញ្ជាក់ថា ពេលវេលាកន្លងទៅពេលនេះ ក៏ដូចជាពីរបីឆ្នាំទៅមុខទៀត ប្រធានបទកូវីដ-១៩ នៅ​តែជាបញ្ហា​សាំញាំសម្រាប់កម្ពុជា។ ដូច្នេះ​វា​មិនទាន់បញ្ចប់ទេ ហើយវាក៏មិនទាន់ទៅណាឆ្ងាយពីកម្ពុជាដែរ ដូច្នេះត្រូវមានការប្រុងប្រយ័ត្នបន្តទៀត។


​សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា បើ​សម្ដេចមិនច្រលំទេ កាលពីឆ្នាំមុន គឺជាពេលពេលវេលា ដែលកម្ពុជាខិតខំដាក់ចេញនូវបទបញ្ជា ដើម្បីពន្លឿនការរៀបចំក្តារមឈូសតែម្ដង។ ពី​ព្រោះពេលនោះ អត្រាស្លាប់បានកើនឡើង។ កាលពីឆ្នាំមុន គ្រាន់តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ កម្ពុជាមានអ្នកស្លាប់រហូតដល់ជាង ៣ពាន់នាក់។ ដូច្នេះសភាពការណ៍ពេលនោះ គឺជាសភាពការណ៍ដ៏អាក្រក់សម្រាប់កម្ពុជា ហើយអ្វីដែលរាជរដ្ឋាភិបាល បានធ្វើនៅពេលនោះ គឺសម្រាប់ពេលនេះឯង ដែលពេលនោះរាជរដ្ឋាភិបាល បានបង្ខំចិត្តបិទរាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តព្រះសីហនុ ហើយក៏បានដាក់ចេញនូវការបិទខ្ទប់តាមគោលដៅ ដោយមានការបែងចែកជាតំបន់ក្រហម លឿងទុំ ជា​ដើម។ សម្តេចតេជោ បានបញ្ជាក់ទៀតថា ការបែងចែក ឬការដាក់វិធានការ​ទាំងឡាយ ​គ្មានអ្វីក្រៅពីសេចក្តីសុខរបស់ប្រ​ជាជន នោះទេ៕




សម្តេចតេជោ ហ៊ុន សែន៖ នៅឆ្នាំ២០២២នេះ ប្រាក់បៀវត្សមន្រ្តីរាជការនិងកងកម្លាំងប្រដាប់អាវុធនឹងត្រូវបានដំឡើង

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល បានគិតគូរពីការដំឡើងប្រាប់បៀវត្សមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយសារតែមានការខកខានមិនបានដំឡើងរយៈពេល២ឆ្នាំហើយដោយសារវិបត្តិកូវីដ-១៩។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០ ២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ នៅរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកដែលមានប្រាក់បៀវត្សទាប នឹងត្រូវបានដំឡើងបានច្រើន រីឯអ្នកមានបៀវត្សខ្ពស់ ដំឡើងបានតិច។ លើសពីនេះ ពិដានពន្ធលើប្រាក់បៀវត្សក៏ត្រូវបានដំឡើងផងដែរដើម្បីជួយសម្រួលដល់មន្រ្តីរាជការ៕




សម្តេចតេជោ ហ៊ុន សែន៖ វ៉ាក់សាំងនៅកម្ពុជា បានក្លាយជានិមិត្តរូបនៃសាមគ្គីភាពជាតិ និងឯកភាពជាតិ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាក់វ៉ាក់សាំងនៅកម្ពុជា គឺចាក់ជូនប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ឬជាតិសាសន៍នោះឡើយ ហើយប្រការនេះហើយធ្វើឱ្យវ៉ាក់សាំងកម្ពុជាក្លាយជានិមិត្តរូបនៃសាមគ្គីភាពជាតិ និងឯកភាពជាតិ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០ ២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ នៅរាជធានីភ្នំពេញ។ 


សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កន្លងមក មានការញុះញង់បំផ្លាញយុទ្ធនាការចាក់វ៉ាក់សាំងការពារអាយុជីវិតប្រជាពលរដ្ឋតាមរយៈការបំភ្លៃថាចាក់វ៉ាក់សាំងបណ្តាលឱ្យស្លាប់។ សម្តេចបានបន្តថា បន្ទាប់មក មានការបំផុសឱ្យប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងចិន ស្របពេលដែលកម្ពុជាយើងកំពុងមានការខ្វះខាតវ៉ាក់សាំង ដែលនេះជាចេតនាអាក្រក់បំផុត។


សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា វ៉ាក់សាំងនៅកម្ពុជា មិនមែនជាវ៉ាក់សាំងរើសអើងបក្សនយោបាយ រើសអើងសាសនា ឬរើសអើងជាតិសាសន៍នោះឡើយ។ សម្រាប់ប្រជាពលរដ្ឋខ្មែរទោះបីមិនបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងពេលថ្មីៗនេះក៏ដោយ ក៏ពួកគាត់បានទទួលវ៉ាក់សាំងការពារអាយុជីវិតរបស់ខ្លួនផងដែរ។




សម្តេចតេជោ ហ៊ុន សែន៖ អ្វីដែលសំខាន់ជាងគេគឺអាយុជីវិតរបស់ប្រជាពលរដ្ឋយើង

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុតដល់សិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ ទើបអាចទទួលបានសិទ្ធិផ្សេងៗទៀត។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០ ២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ នៅរាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដោយសារតែយើងទទួលបានសិទ្ធិរស់រានមានជីវិតនេះហើយ ទើបយើងអាចទទួលបានសិទ្ធិដទៃទៀតដូចជា សិទ្ធិបង្កើតគណបក្សនយោបាយ សិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិបង្កើតអង្គការសមាគម រួមទាំងសិទ្ធិនៃដំណើរការប្រជាធិបតេយ្យផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា កម្ពុជាទទួលស្គាល់សិទ្ធិទាំងអស់ មិនដូចការលើកឡើងបំភ្លៃរបស់មជ្ឈដ្ឋានអគតិមួយចំនួននោះឡើយ ប៉ុន្តែផ្តល់តម្លៃខ្ពស់ជាអាទិភាពទៅលើសិទ្ធិរស់រានមានជីវិតរបស់ប្រជាជន៕



ផ្សាយបន្តផ្ទាល់(Live) : សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០ ២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល

 នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រ​ជូនសិស្សសាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។

សិស្សសាលាភូមិន្ទរដ្ឋបាល ដែលបញ្ចប់ការសិក្សាវិជ្ជាជីវៈជាមន្ត្រី និងទទួលសញ្ញាបត្រក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី នាថ្ងៃស្អែកនេះ រួមមាន៖ សិស្ស កម្មសិក្សាការី និងសិក្ខាកាមសរុប ២,៣៨៨នាក់។ សិស្ស កម្មសិក្សាការី និងសិក្ខាកាម ដែលបញ្ចប់ការសិក្សារួមមាន៖ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២០ ចំនួន១០៦នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២០ ចំនួន ១៦៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២០ ចំនួន ៣៩នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២០ ចំនួន ៤៣នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ ចំនួន ៩១នាក់, សិស្សមន្ត្រីក្រមការជំនាន់ទី៩ ចំនួន ១២១នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២១ ចំនួន ១៥១នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២១ ចំនួន ៥៣៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២១ ចំនួន ៩០នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២១ ចំនួន ៨៨នាក់, សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ ចំនួន ៩៣នាក់, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ឆ្នាំ២០២២ ចំនួន ១៦១នាក់, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាលឆ្នាំ២០២២ ចំនួន ៩៤នាក់, កម្មសិក្សាការីមន្ត្រីមធ្យមឆ្នាំ២០២២ ចំនួន ២៨០នាក់, កម្មសិក្សាការីមន្ត្រីក្រមការឆ្នាំ២០២២ ចំនួន ២៧នាក់, សិក្ខាកាមវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍វគ្គទី១ ចំនួន ១៤៦នាក់ និងសិក្ខាកាមវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍វគ្គទី២ ចំនួន១៦០នាក់។