Wednesday, June 07, 2017

ហ្វេសប៊ុក​ Boulam San៖​ អ្វីដែល​យើងគួរយល់​ពីការបោះ​ឆ្នោតឃុំ​ សង្កាត់​ ឆ្នាំ២០១៧​

ការបោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០១៧ ជាការបោះឆ្នោតដ៏ល្អបំផុតមួយនៅកម្ពុជា សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងសន្តិភាព ដែលគ្រប់គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ កោតសរសើរ និងអបអរសាទរ។ គឺល្អជាងការបោះឆ្នោតនៅអាមេរិកចុងក្រោយនេះទៅទៀត រហូតដល់ស្ថានទូតអាមេរិកនៅភ្នំពេញចេញថ្លែងការណ៍អបអរ និងស្នើឲ្យកូនជឹងរបស់ខ្លួនទាំងក្នុងបក្ស ទាំងអ្នកបង្កប់ក្នុងសង្គមស៊ីវិល ឲ្យទទួលយកលទ្ធផលឆ្នោត។
ប្រជាជនកម្ពុជា ភាគច្រើននៅតែចាត់ទុកគណបក្សប្រជាជនកម្ពុជាថា ជាបក្សតែមួយគត់ មិនអាចខ្វះបាន ដែលត្រូវបន្តដឹកនាំប្រទេសនេះទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។
អ្នកប្រឆាំងផ្កាប់មុខខ្លះ មានដូចជាសង្ឃឥតអារាម ប៊ុត ប៊ុនតិញ ជាដើម ដោយសាររកលេសបដិសេធលទ្ធផលបោះឆ្នោតមិនបានក៏បែរទៅតិះដៀលពលរដ្ឋអ្នកបោះឆ្នោតថា ល្ងង់ ស្ពឹក ពិបាកកែ ព្រោះតែមិនព្រមបោះឆ្នោតជូនបក្សប្រឆាំងតាមការអំពាវនាវរបស់ខ្លួន។
ប៉ុន្តែតាមការពិតគឺពួកគេមិនបានឆ្លុះកញ្ចក់មើលខ្លួនឯងថា តើខ្លួនអាត្មាអញនេះអវិជ្ជាប៉ុណ្ណា? គឺបញ្ញាខ្លីជាងពលរដ្ឋសាមញ្ញនៅទីជនបទម្នាក់ទៅទៀតពីព្រោះពាក់ស្បង់ កោរសក់ តែបែរជាបណ្តោយខ្លួនឲ្យស្ថិតក្រោមទោសាគតិយ៉ាងងប់ងល់មើលលែងដឹងល្អអាក្រក់អស់រលីង ពោលតែពាក្យមុសា ចាក់ដោត ខុសការពិត ដែលគេមិនអាចទទួលយកបាន។

ឆ្លងតាមលទ្ធផលនេះ គណបក្សប្រជាជននឹងបន្តឈ្នះឆ្នោតដឹកនាំប្រទេសទៀតនៅឆ្នាំ ២០១៨ ខាងមុខ៕


អ្នកជំនាញវៀតណាម៖ អាមេរិកកំពុងប្រកាន់ជំហររឹងមាំជាងមុននៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង

យោងទៅតាមលោក Ha Anh Tuan នាយកវិទ្យាស្ថានសម្រាប់ការសិក្សាស្រាវជ្រាវផ្នែកយុទ្ធសាស្ត្រ និងគោលនយោបាយការបរទេសនៃបណ្ឌិតសភាការទូតវៀតណាមបានឱ្យដឹងថា សហរដ្ឋអាមេរិកហាក់ដូចជាទទួលយកជំហររឹងមាំប្រឆាំងនឹងសកម្មភាពរបស់ចិន នៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង។ ក្នុងចំណោមសូចនាករនេះ លោក Ha បានចង្អុលបង្ហាញថា នេះជាសេរីភាពនៃប្រតិបត្តិការស៊ើបអង្កេតដែលត្រូវបានអនុវត្តនាពេលថ្មីៗនេះ ដោយអាមេរិក និងកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc កាលពីថ្ងៃទី៣១ ខែឧសភា។
នៅថ្ងៃទី២៥ ខែឧសភា នាវាពិឃាតឈ្មោះ USS Dewey បំពាក់ដោយមីស៊ីលរបស់កងទ័ពជើងទឹកអាមេរិកបានធ្វើដំណើរក្នុងរយៈចម្ងាយ ១២ ម៉ាយស្មើនឹង (២២,២២ គីឡូម៉ែត្រ) នៃកោះថ្មប៉ប្រះទឹក (Mischief Reef) នៅក្នុងប្រជុំកោះ Spratly ជាកន្លែងដែលចិនបានសាងសង់កោះសិប្បនិមិ្មតរបស់ខ្លួន។ កោះថ្មប៉ប្រះទឹកនេះត្រូវបានអះអាងដោយប្រទេសហ្វីលីពីន វៀតណាម និងប្រទេសចិន។ សេរីភាពនៃប្រតិបត្តិការស៊ើបអង្កេតនេះ មានគោលបំណងទប់ទល់ទៅនឹងការក្រ​អឺតក្រទមរបស់ចិននៃការគ្រប់គ្រងជាក់ស្តែងលើសមុទ្រចិនខាងត្បូង ជាកន្លែងដែលចិនស្ទើតែបញ្ចប់​ការសាងសង់កោះសិប្បនិម្មិត និងមូលដ្ឋានយោធា។
លោក Ha បាននិយាយនៅក្នុងបទសម្ភាសន៍មួយតាមអ៊ីម៉ែលជាមួយសារព័ត៌មាន Inquirer ថា «នៅខែទីមួយ ចាប់តាំងពីលោក Trump ចូលកាន់តំណែងនោះ យុទ្ធសាស្ត្ររបស់អាមេរិកឆ្ពោះទៅសមុទ្រចិនខាងត្បូងគឺមិនច្បាស់លាស់នោះទេ»។ «ទោះបីជាយ៉ាងណាក៏ដោយ សេរីភាពនៃយុទ្ធនាការប្រតិបត្តិការស៊ើបអង្កេតរបស់អាមេរិកចុងក្រោយបំផុតនៅក្នុងខែឧសភា ឆ្នាំ២០១៧ បានបង្ហាញថា ជំហររបស់លោក Trump ឆ្ពោះទៅរកសមុទ្រចិនខាងត្បូងនេះ អាចនឹងរឹងមាំជាងការអនុម័តមួយដោយរដ្ឋបាលរបស់លោក Obama»។ លោក Ha បាននិយាយថា ការផ្តល់នាវាល្បាតតាមសមុទ្រចំនួន ៦ គ្រឿងទៅឱ្យវៀតណាមបន្ទាប់ពីកិច្ចប្រជុំរវាងលោក Trump និងលោក Nguyen កាលពីថ្ងៃទី៣១ ខែឧសភា ជាការបង្ហាញឱ្យឃើញនូវការគាំទ្រកាន់តែខ្លាំងរបស់អាមេរិកប្រឆាំងទៅនឹងការគ្រប់គ្រង់របស់ចិន នៅសមុទ្រចិនខាងត្បូង។
គាត់បាននិយាយថា «សញ្ញាទាំងអស់នេះសុទ្ធតែបង្ហាញពីការប្តេជ្ញាចិត្តរបស់អាមេរិកដែលវៀតណាមមុននេះមានការភ័យខ្លាចថា នឹងចុះខ្សោយនៅក្រោមរដ្ឋបាលរបស់លោក Trump។ លោក Nguyen គឺជាប្រមុខរដ្ឋទីមួយមកពីអាស៊ីអាគ្នេយ៍ដែលបានជួបជាមួយលោក Trump ចាប់តាំងពីគាត់ចូលកាន់តំណែងឆ្នាំនេះ។ មេដឹកនាំវៀតណាមសង្ឃឹមថា នឹងបង្កើនទំនាក់ទំនងជាមួយអាមេរិក ដោយសារតែអាមេរិកជាដៃគូពាណិជ្ជកម្មកំពូលរបស់វៀតណាម បើទោះបីជាអាមេរិកដកខ្លួនថយចេញពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP)។
ចាប់តាំងពីប្រទេសទាំងពីរនេះ បានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញតាំងពីឆ្នាំ១៩៩៤ ទំហំពាណិជ្ជកម្មទ្វេភាគីបានឡើងដល់ ៤៥ ពាន់លានដុល្លារនៅឆ្នាំ២០១៦ កាលពីឆ្នាំ២០១៤ មាន ៣៦,៣ លានដុល្លារ។ បញ្ហាសមុទ្រចិនខាងត្បូងក៏បានដាក់នៅក្នុងរបៀបវារៈរបស់មេដឹកនាំអាស៊ីអាគ្នេយ៍ផងដែរ។នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយក្រោយពីជំនួបប្រជុំរបស់ពួកគេ លោក Trump និងលោក Nguyen បានអំពាវនាវទៅភាគីទាំងអស់ឱ្យចៀសវាងពីសកម្មភាពណាមួយដែលនាំឱ្យមានភាពតានតឹងកើនឡើង ដូចជាការប្រមូលផ្តុំកងកម្លាំងយោធាដាក់នៅលើតំបន់ដែលមានជម្លោះនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះ លោក Trump ក៏បានបញ្ជាក់ទៅកាន់ភាគីវៀតណាមសារជាថ្មីថា អាមេរិកនឹងបន្តការហោះហើរ ការបើកបរនាវា និងធ្វើប្រតិបត្តិការនៅគ្រប់ទីកន្លែងណាដែលច្បាប់អន្តរជាតិអនុញ្ញាត។ លោក Trump រំពឹងទុកថា នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់វៀតណាមនៅខែវិច្ឆិកា ខាងមុខនេះ សម្រាប់កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលនឹងធ្វើឡើងនៅទីក្រុង Danang ៕
(ប្រភព : Philippine Daily Inquirer ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧)

អាមេរិកត្រូវការអាស៊ានសម្រាប់យុទ្ធសាស្រ្តអាស៊ីរបស់ខ្លួន

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានអាយុ ៥០ ឆ្នាំមកហើយនេះ ក្នុងពេលបច្ចុប្បន្ន គឺជាតួអង្គ និងជាដៃគូដ៏មានសារៈសំខាន់មួយនៅអាស៊ីអាគ្នេយ៍ តំបន់ដែលមានសក្តានុពលយ៉ាងខ្លាំងសម្រាប់សន្តិសុខ និងវិបុលភាពពិភពលោក។ ក៏ប៉ុន្តែ សមាជិកអាស៊ាន កំពុងមានការព្រួយបារម្ភចំពោះការប្តេជ្ញាចិត្តរបស់អាមេរិកនៅអាស៊ី ចំពេលដែលភូមិសាស្រ្តនយោបាយពិភពលោកកំពុងផ្លាស់ប្តូរ។ សហរដ្ឋអាមេរិកបាន និងកំពុងលើកឡើងជាថ្មីចំពោះគោលនយោបាយការបរទេសរបស់ខ្លួន ដោយផ្តោតលើផលប្រយោជន៍អាមេរិកជាអាទិភាព (American First)។
ការសម្រេចចិត្តរបស់អាមេរិកក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀង TPP បានបង្កើតឱ្យមានរលកមួយនៃភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច និងយុទ្ធសាស្រ្តនៅអាស៊ី។ វាក៏ជះឥទ្ធិពលខ្លាំងផងដែរចំពោះកិត្តិសព្ទយុទ្ធសាស្រ្ត និងភាពស្របច្បាប់ដ៏ល្អមួយរបស់អាមេរិក។ មានសញ្ញាជាច្រើនដែលអាមេរិកបានអះអាងជាថ្មីទៅកាន់អាស៊ាន។ អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ី ហើយបានអះអាងដល់អាស៊ានថា សហរដ្ឋអាមេរិកនៅតែមានការផ្តោតសំខាន់លើតំបន់នេះ។ លោក Pence ក៏បានគូសបញ្ចាក់ផងដែរថា ប្រធានាធិបតី លោក Trump នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ីខាងកើត និងកិច្ចប្រជុំកំពូល អាមេរិក-អាស៊ាន នៅខែវិច្ចិការខាងមុខនេះ។
ដូចគ្នានេះដែរ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស អាមេរិក-អាស៊ាន កាលពីខែឧសភាកន្លងមក ក៏បានលើកឡើងអំពីផលប្រយោជន៍អាមេរិក និងការតាំងចិត្តរបស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនង អាមេរិក-អាស៊ានផងដែរ។ បញ្ហាកូរ៉េខាងជើង ដែលជាបញ្ហាប្រឈមមួយរបស់អាមេរិកនោះ គឺជាឧទាហរណ៍ដ៏មានប្រយោជន៍មួយនៃយុទ្ធសាស្រ្តអាស៊ីរបស់អាមេរិក ដែលទាមទារការគាំទ្រពីអាស៊ាន។ អាស៊ាន បានជ្រើសរើសយកយុទ្ធសាស្រ្តមិនធ្លាប់មានមួយចំពោះកូរ៉េខាងជើង ដោយបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះការសាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ការឆ្លើយតបរបស់អាស៊ានចំពោះកូរ៉េខាងជើង បានទទួលពិន្ទុយ៉ាងល្អផ្នែកការទូតពីសហរដ្ឋអាមេរិក។ អាស៊ាន ចាំបាច់ត្រូវពង្រឹងតួនាទីការទូត និងសន្តិសុខរបស់ខ្លួនជាមួយអាស៊ីអាគ្នេយ៍ ពី​ព្រោះ​​​​សម្លេងរួមរបស់អាស៊ានមានឥទ្ធិពលយ៉ាងខ្លាំងចំពោះវេទិកាពហុភាគី។ អាស៊ានបានដើរតួនា​ទីសន្តិសុខយ៉ាងសំខាន់ តាមរយៈការជំរុញការជឿទុកចិត្តក្នុងចំណោមរដ្ឋទាំងអស់នោះ ស​ម្រប​សម្រួលកិច្ចពិភាក្សាការយោគយល់គ្នា និងការរារាំងកុំឱ្យមានការប៉ះទង្គិចគ្នា។
រដ្ឋបាលលោក Trump  បានចាប់ផ្តើមយល់ដឹងអំពីតួនាទីពាក់ព័ន្ធរបស់អាស៊ាននៅក្នុងបញ្ហាសន្តិសុខ ក៏ប៉ុន្តែ មិនសំដៅលើបញ្ហាសេដ្ឋកិច្ចទេ។ វានឹងក្លាយជាកំហុសឆ្គងមួយ ប្រសិនបើសហរដ្ឋអាមេរិក មិនយកចិត្តទុកដាក់លើបញ្ហាសេដ្ឋកិច្ចរបស់អាស៊ាន នៅក្នុងយុទ្ធសាស្រ្តអាស៊ីរបស់ខ្លួន។ យុទ្ធសាស្រ្តបង្វែរកម្លាំងរបស់អាមេរិក គួរសង្កត់ធ្ងន់លើឱកាសសេដ្ឋកិច្ចសម្រាប់ប្រជាជនអាស៊ាន។ ការទទួលបានការគាំទ្រពីប្រជាជនអាស៊ានហើយ វានឹងជាសក្តានុពលសម្រាប់ផលប្រ​យោជន៍រយៈពេលវែងរបស់អាមេរិក។ អាស៊ាន ដែលជាអ្នកដឹកនាំកិច្ចព្រមព្រៀងកិច្ចសហប្រតិ​បត្តិ​ការភាពជាដៃគូគ្រប់ជ្រុងជ្រោយ RCEP មានសមត្ថភាពដល់ ៣០ ភាគរយនៃ GDP ពិភពលោក។ ស្ថានភាពនេះនឹងនាំឱ្យមានការប្រែប្រួលនៅក្នុងការរៀបចំពាណិជ្ជកម្មពហុភាគីរបស់អាស៊ី។
ដោយមានភាពប្រទាក់ក្រឡាគ្នាជាមួយអាស៊ានទៅថ្ងៃអនាគត សហរដ្ឋអាមេរិកត្រូវតែរក្សាការបោះជំហានទៅមុខដ៏រឹងមាំនៃយុទ្ធសាស្រ្តបង្វែកម្លាំងរបស់អាមេរិកទៅកាន់អាស៊ីប៉ាស៊ីហ្វិក ដោយផ្តោតលើសរសរស្តម្ភបី គឺបណ្តាញសន្តិសុខយោគយល់គ្នា ការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ច និង​ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន៕
(ប្រភព : The Diplomat ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧)

ប្រធានកាកបាទក្រហមកម្ពុជា ចូលក្រាបបង្គំគាល់សម្តេចព្រះមហាក្សត្រី ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ៨១ យាងចូល ៨២ ព្រះវស្សា

នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ នេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា មានព្រះរាជហឫទ័យសោម​នស្សរីករាយ អនុញ្ញាតឱ្យលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមជា​មួយ លោក លោកស្រី ដែលជាសមាជិក សមាជិកាគណៈកម្មធិការកណ្តាល និងក្រុមប្រតិ​បត្តិកាកបាទក្រហមកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ដើម្បីថ្វាយព្រះសព្ទសាធុការពរជ័យក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ៨១ យាងចូល ៨២ ព្រះវស្សា និងទូលថ្វាយរបាយការណ៍របស់កាកបាទក្រហមកម្ពុជា នៅក្នុងព្រះរាជដំណាក់គន្ធបុប្ផាព្រះបរមរាជវាំង៕






ខេត្តសៀមរាប រៀបចំសិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍ក្នុងការអនុវត្តសកម្មភាពអាទិភាព និងយន្តការពង្រីកការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដោយជោគជ័យ

នៅថ្ងៃទី០៧-០៨ ខែមិថុនា ឆ្នាំ២០១៧នេះ នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខា​ធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (Cambodia Climate Change Alliance: CCCA) បានរៀបចំសិក្ខាសា​លាស្តីពីការចែករំលែកបទពិសោធន៍ក្នុងការអនុវត្តសកម្មភាពអាទិភាព និងយន្តការពង្រីកការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដោយជោគជ័យ។

អង្គសិក្ខាសាលានោះ  មានការចូលរួមពីតំណាងគម្រោងចំនួន២២ ស្ថាប័នរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងជំនួយឥតសំណងរបស់កម្មវិធី CCCA និងពិភាក្សាអំពីយុទ្ធសាស្រ្តធានាបាននូវការពង្រីកវិសាលភាពជោ គជ័យនៃគម្រោងជំនួយឥតសំណងសម្រាប់ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ក្រោមអធិបតីភាព លោក ទិន ពន្លក អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងលោក Nick Beresford នាយកប្រចាំប្រទេសនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)៕




ជនពិការ ត្រូវបាននឹងកំពុងយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់​សុខុមាលភាព​ ដោយប្រែក្លាយ​ពីការជួយ ​ក្នុងបរិបទ​មនុស្សធម៌​ ឲ្យក្លាយ​ជាកាតព្វកិច្ច​វិញ​

លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការបានលើកឡើងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បាននឹងកំពុងតែយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់សុខុមាលភាពជនពិការ ដោយប្រែក្លាយពីការជួយជនពិការក្នុងបរិបទមនុស្សធម៌ ឲ្យក្លាយជាកាតព្វកិច្ចវិញ។

លោកបានបន្តថា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រោមការឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុ ពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់អំពី «ការឆ្លុះបញ្ចាំងក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០១៤-២០១៨ ដើម្បីប្រមូលទិន្នន័យយកមកធ្វើការវិភាពអំពីព័ត៌មាននានា និងធ្វើការអភិវឌ្ឍជារបាយការណ៍សង្ខេបដើម្បី យកទៅបង្ហាញនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ទាក់ទងនឹង «ការពិនិត្យឡើងវិញអំពីផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៤-២០១៨» ដែលគ្រោងប្រព្រឹត្តទៅនៅខែសីហា ឆ្នាំ២០១៧ខាងមុខនេះ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ដែល កំពង់ធ្ចើការលើវិស័យពិការភាពទាំងមូល។

លោកលើកឡើងបែបនេះ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់អំពី «ការឆ្លុះបញ្ចាំង ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០១៤-២០១៨ ជាមួយបណ្តាញការងារជនពិការ» រៀបចំធ្វើនាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារ កាំប៊ូឌីយ៉ាណា រាជធានីភ្នំពេញ។

លោក សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន និងយុវនីតិសម្បទា និងជាតំណាង លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានលើកឡើងថា ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០១៤-២០១៨ នេះត្រូវបានកសាងឡើងដោយមានការពិគ្រោះយោបល់ ជាមួយក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ទាំងនៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ជាពិសេសបងប្អូនជនពិការប្រភេទ និងធានាសង្គមតថភាព ជាមួយអនុសញ្ញាស្តីពីសិទ្ធិជនពិការ យុទ្ធសាស្រ្តអ៉ីនឈាន់ ធ្វើឲ្យសិទ្ធិក្លាយជាការពិត និងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។

លោក សែម សុខា បានបន្តថា យុទ្ធសាស្រ្តជាតិស្តីពីពិការភាព២០១៤-២០១៨ មាន១០គោលដៅ និង៩៣យុទ្ធសាស្រ្ត ដែលគ្រប់ដណ្តប់លើវិស័យជាច្រើនរួមមាន ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់កំណើនការងារ និងអាជីព បង្កើនជីវភាពរស់នៅ ការពង្រឹងភាពជាម្ចាស់ការ ការផ្តល់សេវាសុខភាព និងស្តារលទ្ធភាពពលកម្ម ការបង្កើនកិច្ចអន្តរាគមន៍សេវាយុត្តិធម៌ ការកាត់បន្ថយ និងលុបបំបាត់ការរើសអើង ការរំលោភបំពាន ការប្រមាថ និងការកេងប្រវ័ញ្ចផ្សេងៗ ធានាសន្តិសុខបុគ្គល ការគ្រប់គ្រងហានិភ័យ សង្រ្គោះបន្ទាន់ផ្នេកមនុស្សធម៌ ពេលមានគ្រោះមហន្តរាយ សេវាអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ការទទួលព័ត៌មាន ការសម្តែងមតិ ការចូលរួមជីវភាពនយោបាយ និងផ្តល់សិទ្ធិអំណាច ការចូលរួមសកម្មភាពវប្បធម៌ សាសនា កីឡា សិល្បៈ ការសម្រាកលម្ហែ ការបង្កលក្ខណៈងាយស្រួល ក្នុងការប្រើប្រាស់បរិស្ថានរូបវន្ត មធ្យោបាយដឹកជញ្ចូនជាសាធារណៈ ចំណេះដឹង ព័ត៌មាន ការទំណាក់ទំនងជាដើម។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ចដដែលបានបន្ថែមថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ តែងបានអំពាវនាវដល់គ្រប់ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំការបង្កលក្ខណៈងាយស្រួលចេញចូលទីកន្លែងសាធារណៈ សម្រាប់ជនពិការគ្រប់ប្រភេទ ដូចជាការរៀបចំចំណតយានយន្តសម្រាប់ជនពិការ ការធ្វើជម្រាល ការបំពាក់ឧបករណ៍ធ្នាក់ដៃនៅតាមបន្ទប់ទឹក ការដាក់ស្លាកសញ្ញានានា នៅតាមក្រសួង ស្ថាប័ន មន្ទីរ ផ្លូវថ្នល់ ទីកន្លែងលំហែកាយ មជ្ឈមណ្ឌលវប្បធម៌កន្លែងលេងកីឡា កន្លែងកំសាន្ត គ្រឹះស្ថានអប់រំ សណ្ឋាគារ មន្ទីរពេទ្យ មណ្ឌលសុខភាពព្រមទាំងបង្កើនការយកចិត្តទុកដាក់គិតគូរពីផលប្រយោជន៍ និងការលើកតម្កើងជីវភាពរស់នៅ របស់ជនពិការឲ្យបានសមរម្យ ស្របតាមសេដ្ឋកិច្ចជាតិ និងបានបំផុសលើកទឹកចិត្ត ដល់ពលរដ្ឋ សប្បុរសជន ផ្នែកឯកជន និងអង្គការសង្គមស៊ីវិល ឲ្យចូលរួមឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តដល់ជនពិការ។

បច្ចុប្បន្នសុខុមាលភាពរបស់ជនពិការ ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ជាក់ស្តែង នៅក្នុងឆ្នាំ ២០១៦ ទៅក្រសួង ស្ថាប័នរដ្ឋ ចំនួន៤៣ បានជ្រើសរើសជនពិការចូលបម្រើការងារ មានចំនួន ២,៥៧៦នាក់ ក្នុងនោះ ជនពិការកម្រិតធ្ងន់មានចំនួន៩៥៣នាក់ ដែលក្នុងម្នាក់ៗនៃជនពិការធម្មតា គិតសរុបទាំងអស់ មានចំនួន ៣,២៩នាក់ ស្មើនឹង១.៧២ភាគរយ៕




គ.ជ.ប បញ្ជាក់ថា ខ្លួនមិនទាន់ផ្សាយលទ្ធផលនៃចំនួនអាសនៈឃុំ-សង្កាត់ ​និងឈ្មោះ​បេក្ខជន​នៃបញ្ជី​គណបក្ស​នយោបាយ​ជាប់ឆ្នោត​នៅឡើយទេ​

យោងតាមសេចក្តីបំភ្លឺរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃបោះឆ្នោតថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី០៧ ខែមិថុនា នេះ ខ្លួនមិនទាន់មានផ្សាយលទ្ធផលនៃចំនួនអាសនៈឃុំ-សង្កាត់ និងឈ្មោះបេក្ខជននៃបញ្ជីគណបក្សនយោបាយជាប់ឆ្នោតនៅឡើយទេ។

ការបញ្ជាក់របស់ គ.ជ.ប បានធ្វើឡើងបន្ទាប់ពីមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានចេញផ្សាយបង្ហាញពីលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ដោយបញ្ជាក់ថា យោងតាមទិន្នន័យពី គ.ជ.ប។

គ.ជ.ប បានបញ្ជាក់ថា ខ្លួន បានផ្សព្វផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតតាមទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងតាមគេហទំព័រ គ.ជ.ប។ ការផ្សាយលទ្ធផលបឋមនេះ គ.ជ.ប ផ្សាយតែសំឡេងឆ្នោត ដែលគណបក្សនយោបាយនីមួយៗទទួលបាននៅតាមឃុំ សង្កាត់ នីមួយៗនៃរាជធានី ខេត្ត ទាំង២៥តែប៉ុណ្ណោះ។

ការផ្សាយលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាផ្លូវការដោយបង្ហាញពីអាសនៈ និងឈ្មោះបេក្ខជននៃបញ្ជីគណបក្សនយោបាយជាប់ឆ្នោត លុះតែការដោះស្រាយបណ្តឹងបានចប់សព្វគ្រប់ជាស្ថាពរ។ លទ្ធផលផ្លូវការនេះ គ.ជ.ប នឹងប្រកាសជាសាធារណៈនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧៕


ជនបរទេសដែលសង្ស័យធ្វើចារកម្មនៅកម្ពុជា ត្រូវបានបញ្ជូនទៅតុលាការ

ជនបរទេសដែលសង្ស័យថាធ្វើចារកម្មនៅកម្ពុជា ត្រូវបានកម្លាំងនគរបាលបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញហើយ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧នេះ ដើម្បីចាត់វិធានតាមច្បាប់បន្ដ។
សូមរំលឹកថា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសជនជាតិអូស្រ្តាលីម្នាក់ ឈ្មោះ James Ricketson អាយុ ៦៨ឆ្នាំ ដែលបានចូលក្នុងប្រទេសកម្ពុជា ធ្វើសកម្មភាពលួចយកព័ត៌មាន ដើម្បីយកទៅផ្សព្វផ្សាយនៅក្រៅប្រទេស ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
បន្ទាប់ពីការឃាត់ខ្លួន ជនសង្ស័យបានព្យាយាមបិទបាំងអត្តសញ្ញាណ កន្លែងស្នាក់នៅ និងលិខិតឆ្លងដែនរបស់គេថែមទៀតផង៕



ក្រុមនិស្សិតចិនហុងកុងស្វែងយល់ពីការផលិតកុលាលភាជន៍ក្នុងតំបន់អង្គរ

ក្រុមនិស្សិតនៃសាកលវិទ្យាល័យចិនហុងកុង (The Chinese University of Hong Kong) ផ្នែកនរវិទ្យាចំនួន​១៤នាក់ បានចុះកម្មសិក្សាស្វែងយល់ពីការងាររបស់អាជ្ញាធរជាតិអប្សរា ពិសេសគឺការសិក្សាពីកុលាលភាជន៍ ដែលអ្នកស្រាវជ្រាវបានរកឃើញថា កុលាលភាជន៍របស់ប្រទេសចិន និងខ្មែរមានភាពប្រហាក់ប្រហែលគ្នា។
លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ និងជាគ្រូដឹកនាំកម្មសិក្សាបានឱ្យដឹងថា នេះជាគម្រោងកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យចិនហុងកុង ដែលបានបណ្តុះបណ្តាលនិស្សិតកម្ពុជា និងចិន អំពីកុលាលភាជន៍ខ្មែរ និងចិននាសម័យអង្គរ។
ក្នុងបទបង្ហាញនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ លោកបណ្ឌិត អ៊ា ដារិទ្ធ បានធ្វើបទបង្ហាញអំពីតួនាទីរបស់អាជ្ញាធរជាតិអប្សរា និងការងារគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាដែលសហការជាមួយដៃគូអភិវឌ្ឍន៍ផ្សេងៗ។ បន្ថែមពីនេះ លោក អ៊ា ដារិទ្ធ ក៏បង្ហាញដល់ក្រុមនិស្សិតអំពីប្រវត្តិសាស្រ្តខ្មែរ និងចិន ដែលមានទំនាក់ទំនងគ្នាតាំងពីសម័យហ្វូណន ហើយដែលជនជាតិចិនបានកត់ត្រាឈ្មោះកម្ពុជាមុនគេ។ ទាក់ទងនឹងកុលាលភាជន៍ លោកបណ្ឌិត អ៊ា ដារិទ្ធ បានបង្ហាញទៅនិស្សិតចិន អំពីការវិវត្តកុលាល​ភាជន៍ខ្មែរ ក្នុង២ដំណាក់កាលដាច់ពីគ្នាដែលដំណាក់កាលទីមួយពីសតវត្សរ៍ទី៩ ដល់ទី១១ និងដំណាក់កាលទីពីរ ពីសតវត្សរ៍ទី១១ ដល់ទី១។  ចំណែកខាងសាកលវិទ្យាល័យចិនហុងកុង បាននាំកុលាលភាជន៍បុរាណពីស្រុកចិន ដែលបានមកពីការធ្វើកំណាយនៃឡដុតកុលាល​ភាជន៍ចំនួន១០ទីតាំងផ្សេងគ្នា មកបង្ហាញដល់និស្សិតខ្មែរ និងអ្នកស្រាវជ្រាវខ្មែរឱ្យបានយល់ដឹងពីកុលាលភាជន៍ពួកគេផងដែរ។លោក អ៊ា ដារិទ្ធ បានពន្យល់ថា៖ «ទំនាក់ទំនងកុលាលភាជន៍របស់ចិន និងខ្មែរ ខ្លះមានរូបរាងស្រដៀងគ្នា ពិសេសដើមសម័យអង្គរមានរូបសត្វហើយពណ៌ក៏ស្រដៀងគ្នាតាមការស្មានប្រ​ហែល ប្រទេសទាំងពីរមានឥទ្ធិពលពីគ្នាទៅវិញទៅមក»។ លោក អ៊ា ដារិទ្ធ មើលឃើញពីដំណើរទស្សនកិច្ចរបស់ក្រុមនិស្សិតផ្នែកនរវិទ្យានៅពេលនេះថា ជាការផ្លាស់ប្តូរវប្បធម៌គ្នាយ៉ាងល្អ តាមរយៈការផលិតកុលាលភាជន៍ និងដើម្បីធ្វើការប្រៀបធៀបគ្នា។ ជាងនេះទៅទៀត កន្លងមកអ្នកស្រាវជ្រាវខ្មែរពិបាកក្នុងការសិក្សាស្រាវជ្រាវកុលាលភាជន៍នៅប្រទេសចិន ហើយដែលក្រុមនិស្សិតបានយកមកជាមួយ ធ្វើឱ្យអ្នកសិក្សា បានស្គាល់ច្បាស់ពីកុលាលភាជន៍ទាំងនេះ៕





ការបណ្តុះ​បណ្តាល​ជំនាញទ​ន់​សម្រាប់​សិស្ស​/​និស្សិត និង​អ្នកស្វែង​រកការ​ងារ​ធ្វើ​ដើម្បី​ត្រៀម​លក្ខណៈ​ទទួល​យក​ឱកាស​ការងារ​សមរម្យ

ការបណ្តុះបណ្តាលជំនាញទន់សម្រាប់សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើដើម្បីត្រៀមលក្ខណៈទទួលយកឱកាសការងារសមរម្យ (234)





បទយករណ៍ស្តីពី ការបណ្តុះបណ្តាលជំនាញទន់សម្រាប់សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើដើម្បីត្រៀមលក្ខណៈទទួលយកឱកាសការងារសមរម្យ (234)
នាទី ទីផ្សារការងារ និងមុខរបរ

គ.ជ.ប បញ្ជាក់ថាក្រោយប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ៤៥ថ្ងៃ ក្រសួងមហាផ្ទៃ នឹងផ្លាស់ប្ដូរមេឃុំ-ចៅសង្កាត់ថ្មីហើយ, លទ្ធផលផ្លូវនឹងប្រកាសថ្ងៃទី២៥ ខែមិថុនា

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧នេះថា ក្រោយពីការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ រយៈពេល៤៥ថ្ងៃ ក្រសួងមហាផ្ទៃ នឹងចាប់ផ្ដើមធ្វើការផ្លាស់ប្ដូរមេឃុំ-ចៅសង្កាត់អាណត្តិថ្មី នៅទូទាំងប្រទេស។
បើតាមលោក ហង្ស ពុទ្ធា ចំពោះលទ្ធផលផ្លូវការយ៉ាងណានោះ នៅមិនទាន់បង្ហាញនៅឡើយទេ ប៉ុន្តែគិតត្រឹមថ្ងៃទី០៦ ខែមិថុនា ម្សិលមិញនេះ លទ្ធផលបោះឆ្នោតដែល គ.ជ.ប មិនទាន់ទទួលបានពីថ្នាក់ក្រោមជាតិរបស់ខ្លួននោះ នៅសល់តែប្រមាណ១០ឃុំទៀតតែប៉ុណ្ណោះ ខណៈមន្រ្តីគ្រប់លំដាប់ថ្នាក់នៃ គ.ជ.ប និងដៃគូនានា កំពុងដុតដៃដុតជើងសម្រុកធ្វើការងារឱ្យបានចប់សព្វគ្រប់។
* លទ្ធផលផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងត្រូវ គ.ជ.ប ប្រកាសនៅថ្ងៃទី២៥ ខែមិថុនា ក្រោយពេលដោះស្រាយបណ្ដឹងរួចរាល់។
លោក ពុទ្ធា ថ្លែងយ៉ាងដូច្នេះថា «រយៈពេល៤៥ថ្ងៃ ក្រោយការប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតឃុំ-សង្កាត់ គេនឹងធ្វើការផ្លាស់ប្ដូរមេឃុំ-ចៅសង្កាត់ថ្មីហើយ ដែលការងារនេះ ជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ប៉ុន្តែការផ្លាស់ប្ដូរយឺត ឬលឿនយ៉ាងណានោះ គឺអាស្រ័យទៅតាមការរៀបចំរបស់ឃុំ-សង្កាត់នីមួយៗ»។
លទ្ធផលបឋមក្រៅផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា-សង្កាត់ អាណត្តិទី៤ បានបង្ហាញថា ក្នុងចំណោមឃុំ-សង្កាត់ទាំង ១,៦៤៦ នៅទូទាំងប្រទេស គណបក្សប្រជាជនកម្ពុជាទទួលបាន ១,១៦៣ឃុំ-សង្កាត់ ដោយនៅតែបន្តឈ្នះនៅក្នុងការបោះឆ្នោតនេះ ខណៈគណបក្សសង្គ្រោះជាតិទទួលបានត្រឹមតែ ៤៨២ឃុំ-សង្កាត់ប៉ុណ្ណោះ និងគណបក្សខ្មែររួបរួមជាតិ ក៏ទទួលបាន១ឃុំ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧នេះ មានប្រជាពលរដ្ឋទៅបោះឆ្នោតចំនួន ៧,០៤០,៥៩៤នាក់ ស្មើនឹង ៨៩.៥២ភាគរយ នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ ដែលមានចំនួន ៧,៨៦៥,០៣៣នាក់៕



ក្រសួងវប្បធម៌ ៖ ការដាក់បញ្ចូលស្នាដៃសិល្បះដោយគ្មានការអនុញ្ញាតពីម្ចាស់ស្នាដៃគឺជាការខុសច្បាប់

ក្រសួងវប្បធម៌ និងវិចិត្រសិល្បះលើកឡើងថា ការដាក់បញ្ជូល (Upload) ស្នាដៃភាពយន្ត ចម្រៀងកាយវិការ លើបណ្តាញសង្គមហ្វេសប៊ុក (FACEBOOK) ឬតាមប្រព័ន្ធអ៊ិនធើណេត (YOUTUBE) ជាសាធារណៈដោយមិនមានការអនុញ្ញាតពីម្ចាស់ស្នាដៃ និងមិនមានទិដ្ឋការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាទង្វើល្មើសច្បាប់រំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់ច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល និងអនុក្រឹត្យស្តីពីការគ្រប់គ្រងឧស្សាហកម្មភាពយន្ត។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសព្រមានចាត់វិធានការច្បាប់លើអ្នកបញ្ចូលស្នាដៃភាពយន្តនិង ចម្រៀងនៅលើបណ្តាញសង្គមជាសាធារណៈ ដោយគ្មានការអនុញ្ញាតពីម្ចាស់ ស្នាដៃដើមនិងក្រសួង ដើម្បីលើកកម្ពស់សិទ្ធិអ្នកនិពន្ធ និងសិទ្ធប្រហាក់ប្រហែល។
លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្តនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈបាន ប្រាប់ទូរទស្សន៍ក្នុងស្រុកនៅពេលថ្មីៗនេះថា បើបុគ្គលរូបណានៅតែបន្តដាក់បញ្ជូល (Upload) ស្នាដៃភាពយន្ត ចម្រៀងកាយវិការនៅលើបណ្តាញសង្គមនឹងត្រូវប្រឈមមុខច្បាប់ ហើយក្រសួង និងសហការជាមួយក្រសួងស្ថាបនជំនាញពាក់ពន្ធ័ដើម្បីវែកមុខជនល្មើសមកផ្តន្ទាទោសឲ្យបាន រួមទំាងបិទគណនេយ្យខុសច្បាប់នោះ។
លោកបញ្ជាក់ថា ការប្រកាសព្រមាន ពីបញ្ហានេះដោយបច្ចុប្បន្នក្រសួង នៅតែបន្តឃើញមានសកម្មភាពជនខិលខូចលួចស្នាដៃភាពយន្ត និងចម្រៀងការយការណ៍របស់ផលិតកម្មមួយចំនួនដោយគ្មានការសុំច្បាប់ទៅផ្សព្វផ្សាយជាសាធារណៈ ដែលបង្កផលប៉ះពាល់យ៉ាងខ្លំាងដល់សតិអារម្មណ៍របស់ផលិតករ និងការបាត់បង់ប្រាក់ចំណូលជាដើម។
លោកបន្ថែមថា សម្រាប់ភាពយន្តដែលបានផ្សព្វផ្សាយជាសាធារណៈ ពុំបានសុំទិដ្ឋការអនុញ្ញាតពីក្រសួង គឺបានបង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសអនីតិជន តាមរយៈរូបភាពខ្លឹមសារបានបង្កភាពអវិជ្ជាដល់ស្មារតីនិង សតិបញ្ញារបស់កុមារ។
លោក ឆាយ បូរ៉ា ផលិតករភាពយន្តនិងប្រធានសមាគមភាពយន្តកម្ពុជាបានបញ្ជាក់ថា ការ ចាត់វិធានការណ៍លើជនខិលខូចពាក់ពន្ធ័ នឹងការលួចស្នាដៃរបស់អ្នកនិពន្ធទៅផ្សព្វផ្សាយជា សាធារណៈនេះគឺជាការចាប់ផ្តើមអនុវត្តច្បាប់សិទ្ធិកម្មសិទ្ធិបញ្ញា ខណៈដែលក្រុមអ្នកនិពន្ធ ផលិតកភាពយន្តទន្ទឹងរងចាំជាយូរមកហើយ។
លោកអៈអាងថា ប្រសិនបើក្រសួងអនុវត្តយន្ត ការនេះបានជោគជ័យមែននោះនឹងធ្វើឲ្យក្រុមផលិតករកាន់តែទទួលផលហើយបង្កើតស្នាដៃថ្មីៗបន្ថែមទៀតបំពេញទៅតាមតម្រូវការទីផ្សារភាពយន្តក្នុងទេសកម្ពុជា។ លោកបន្តទៀតថា សម្រាប់ស្នាដៃភាពយន្តរឿងភាគចំនួន២រឿង ដែលកំពុងចាក់បញ្ជំាងនៅក្នុងស្ថានីយទូរទស្សន៍ ក្នុងស្រុកមួយ ក៏កំពុងឃើញការផ្សព្វផ្សាយដោយខុសច្បាប់នៅតាមបណ្តាញគេហទំព័រវេបសាយ ទំាងក្នុងស្រុក និងក្រៅប្រទេសមិនតិចជាង៣ឡើយ។
សូមបញ្ជាក់ថា កន្លងមកក្រសួងវប្បធម៌ធ្លាប់បានចេញសេចក្តីប្រកាសក្រើនរំលឹកម្តងរួចហើយ ដើម្បីឲ្យជនខិលខួចដែលកំពុងលួចស្នាដៃភាពយន្ត និងចម្រៀងទៅផ្សព្វផ្សាយដោយខុសច្បាប់ ឲ្យបញ្ឈប់សកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់តម្លៃស្នាដៃរបស់អ្នកនិពន្ធ៕


ហ្វេសប៊ុកចៅចាក់ស្មុក៖ សន្យាឱ្យ ៥០ម៉ឺនដុល្លារ ថាបោក គឺបោកពិតមែន!

នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទ មួយក្រោមចំណងជើងថា«សន្យាឱ្យ ៥០ម៉ឺនដុល្លារ ថាបោក គឺបោកពិតមែន!» ដែលមានខ្លឹម សារដូចខាងក្រោម៖
ក្រោយពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឥឡូវនេះគណបក្សប្រឆាំងកំពុងតែវ៉ល់ៗនឹងការសន្យារបស់ខ្លួន និងបានកំពុងកៀងគរសកម្មជនរបស់ខ្លួនមកពន្យល់បកស្រាយលើសារន​យោ​បាយបោកប្រាស់ រឿងផ្តល់ថវិកា៥០ម៉ឺនដុល្លារអាមេរិកនៅក្នុងមួយឆ្នាំដល់ឃុំសង្កាត់។ពួកគេចាប់ផ្តើមប្រែក្រឡាស់បាតដៃជាខ្នងដៃថាថវិកានេះ នឹងផ្តល់ជូនលុះត្រាគណបក្សសង្គ្រោះជាតិឈ្នះការបោះឆ្នោតនៅឆ្នាំ ២០១៨ ខណៈ មន្ត្រីជាន់ខ្ពស់របស់បក្សនេះក្នុងនោះមាន យឹម សុ​វណ្ណ បានប្រកាសក្តែងៗ និងសរសេរលើហ្វេសប៊ុករបស់ខ្លួនបែបបន្លំ និងបំភ័ន្តអ្នកបោះឆ្នោតថា «សូមបងប្អូនជនរួមជាតិ បោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិនៅ ថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ ដើម្បីបានថវិកាប្រចាំឆ្នាំ កន្លះលានដុល្លារអភិវឌ្ឍឃុំ-សង្កាត់»។ មិនតែប៉ុណ្ណោះ សារនេះត្រូវបាន​បេក្ខជនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួនដើរផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ហើយ ប្រជាពលរដ្ឋមួយចំនួនសម្រេចចិត្តបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិក៏ដោយសារតែឃើញដាក់នុយធំ ៥០ ម៉ឺនដុល្លារ ប៉ុន្តែមិនដឹងយកថវិកាមកពីណានោះទេ។
ពេលនេះ ប្រជាពលរដ្ឋនៅក្នុងឃុំសង្កាត់ទាំង ៤៨២ ដែលគណបក្សសង្គ្រោះជាតិឈ្នះដឹកនាំឃុំនេះ កំពុងតែទន្ទឹងរង់ចាំកញ្ចប់ថវិកានេះព្រោះច្បាស់ណាស់ ថ្នាក់ដឹកនាំ និងសកម្មជនបក្សនេះបាននិយាយថា បើបោះឆ្នោតឱ្យបក្សខ្លួននឹងទទួលបានថវិកា៥០ ម៉ឺនដុល្លារ។ ប៉ុន្តែឥឡូវនេះ ពួកគេចាប់ផ្តើមលើកឡើងថា ទេបងប្អូនស្តាប់ច្រឡំហើយ មិនមែនពេលនេះទេ គឺនៅពេលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត! ឮតែអួត អាងថាឈ្នះតាំងពីឆ្នាំ១៩៩៨ តែរហូតមកទល់ពេលនេះ ឃើញតែបរាជ័យយ៉ាងអាម៉ាសបំផុត។ បោះឆ្នោត ២០១៧បានបង្ហាញថាភាពអំនួតក្អេងក្អាងរបស់គណបក្សប្រឆាំងបានធ្វើឱ្យគណបក្សនេះចាញ់ឆ្នោតយ៉ាងដំណំព្រោះតែការធ្វើនយោបាយបោកប្រាស់ រាស្ត្រលែងជឿទុកចិត្ត។ តាមកំណើននៃសន្លឹកឆ្នោតដែល គណបក្សប្រជាជនកម្ពុជាទទួលបានក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ពេលនេះមានរហូតដល់ជាង ៣,៥ លានសំឡេងកើនចំនួនជាង ៣០ ម៉ឺនសំឡេង គណបក្សប្រជាជន​កម្ពុជានឹងបន្តឈ្នះការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ ២០១៨ ដឹកនាំរាជរដ្ឋាភិបាល និងរដ្ឋសភាបន្តទៀត។ ដូច្នេះអ្វីដែលបក្សប្រឆាំងបានសន្យាគឺគ្រាន់តែជាការបោកបញ្ឆោត និងបំភ័ន្តរាស្ត្រតែប៉ុណ្ណោះ។ ដើម្បីទទួលបានសំឡេងឆ្នោតបក្សប្រឆាំងហ៊ានសន្យាឱ្យលើសពីនេះទៀត ១ លានដុល្លារក្នុងមួយឃុំក៏បាន ចុះមានយកលុយពី ក្រុមគ្រួសារគាត់ឯណា ចេះតែថាៗទៅដើម្បីដាក់ទម្ងន់លើកម្មវិធីនយោបាយប្រហោងក្នុងរបស់ខ្លួន។
នេះបានចំជាអ្នកភូតកុហកបោកប្រាស់អាជីពមែន។ បក្សប្រឆាំងបានបន្លំ និងបំភ័ន្តប្រជាព​​​​ល​​​រដ្ឋ ដោយយកគោលនយោបាយបោះឆ្នោតសកលមកដាក់ក្នុងគោលនយោបាយបោះឆ្នោតឃុំសង្កាត់។ ការធ្វើនយោបាយបែបនេះត្រូវបានគេវាយតម្លៃថា ជាការធ្វើនយោបាយបោកប្រាស់រាស្ត្រខ្លួនឯង។ ប៉ុន្តែតាមសំឡេងរបស់ប្រជាពលរដ្ឋពីក្នុងឃុំ-សង្កាត់នោះ ពួកគេនឹងមិនសុខចិត្តចំពោះការឃោសនាបោកប្រាស់នេះទេ បើថាឱ្យឃុំដែលឈ្នះការបោះឆ្នោតត្រូវតែគោរពពាក្យសន្យា មិនអាចប្រែក្រឡាស់ដកការសន្យាពាក់កណ្តាលទីនោះទេ។ ពួកគេនឹងអាចនាំគ្នាមកតវ៉ាសួរនាំ នៅមុខទីស្នាក់ការ ឬនៅតាមផ្ទះសកម្មជនបក្សសង្គ្រោះជាតិដែលបានសន្យាលើកញ្ចប់ថវិកានេះ។
សូម្បីសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្គ្រោះ ជាតិក៏នឹកក្នុងចិត្តថា ខ្លួនបាន ជាប់ជាមេឃុំ-ចៅសង្កាត់ហើយនឹងទទួលបានការបណ្តុះបណ្តាលពីម្សៀរ យឹម សុវណ្ណ ដើម្បីចេះគ្រប់គ្រង កញ្ចប់ថវិកា៥០ម៉ឺនដុល្លារសម្រាប់ឃុំ-សង្កាត់នៅក្នុងមួយឆ្នាំក៏បានរលាយ បាត់សូន្យដែរ ហើយអ្នកខ្លះដែលមិនគ្មានសមត្ថភាពពិតគ្មានបទពិសោធខ្លះក៏ទំនងនឹងគ្មានវាសនាឃើញ លុយនេះផង កុំសូម្បីនិយាយដល់ បានប៉ះ និងចាត់ចែងលើថវិកាខ្យល់នេះ ព្រោះអាចត្រូវរបេះតំណែង ឬ បើមិនបានបង់ថវិកាតាមការកំណត់ឱ្យបកដូចម្សៀរ យឹម សុវណ្ណ ដាក់បញ្ជាទេ នឹងត្រូវដកចេញដូចកូន ស្ពៅហើយ។ នៅពេលនោះ អ្នកចំណាយលុយដើម្បីបានឈរឈ្នោះលេខរៀងល្អ នឹងខាតឡុងចុង ហើយ អ្នកមានលុយអាចសូកដើម្បីមកកាន់តំណែងនេះ។

ពេលឃោសនាធ្វើឫកដូចហំណាស់ តែដល់ក្រោយការបោះឆ្នោតរួចហើយ ទើបបង្ហាញច្បាស់ថា មេដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិពិតជាបានភូតកុហក បំភ័ន្ត និងធ្វើនយោបាយបោកប្រាស់ ប្រជាពលរដ្ឋកម្ពុជាពិតប្រាកដមែន។ អ្នកគាំទ្រមួយចំនួនបានបន្តចាញ់បោកនិងអ្នកខ្លះបានខកចិត្តបណ្តើរ ទាំងលទ្ធផលបោះឆ្នោតមិនទាន់ប្រកាសជាផ្លូវការផង ព្រោះសមាសភាពជាមេឃុំចៅសង្កាត់ដែលមកគ្រប់ គ្រងពួកគាត់សុទ្ធតែមនុស្សប្រហោងក្នុង គ្មានបទពិសោធ គ្មានការអប់រំខ្ពង់ខ្ពស់ គ្មានសមត្ថភាពពិតក្នុង ការដឹកនាំខណៈខ្លះជាជាងដែក ជាងសំណង់ ជាងកាត់សក់ និងខ្លះទៀតជា អ្នកញៀនល្បែងដូចអេង ឆៃអ៊ាង ដែរ។ តើរាស្ត្រខ្មែរគួរតែបន្តគាំទ្រអ្នកនយោបាយអង្ករកំប៉ុង អ្នកនយោបាយបោកប្រាសរាស្ត្រទៀត ឬយ៉ាងណា? ពិតជាគួរឱ្យអាណិតណាស់! ថាបោក បោកមែន!៕


ទស្សនៈមិត្តអ្នកអាន៖ អ្នកប្រយុទ្ធក្នុងសមរភូមិប្រជាធិបតេយ្យ!

(ភ្នំពេញ)៖ ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ មានការពិភាក្សាគ្នាយ៉ាងផុសផុលក្នុងបណ្តាញហ្វេសប៊ុកអំពីលទ្ធផលឆ្នោត និងស្ថានភាពរបស់គណបក្សនយោបាយនីមួយៗ ប៉ុន្តែមានចំណុច២ ដែលមិត្តក្នុងហ្វេសប៊ុកគ្រប់និន្នាការនយោបាយត្រូវទទួលស្គាល់គឺ (១) គណបក្សប្រ ជាជនកម្ពុជានៅតែឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់លើកនេះ និង (២) គណបក្សសង្រ្គោះជាតិបានកើនអាសនៈ តែថយសម្លេងឆ្នោតគាំទ្រជាងឆ្នាំ២០១៣។
មូលហេតុដែលយកឆ្នាំ២០១៣ជាឆ្នាំគោល ពីព្រោះវាគឺជាឆ្នាំដំបូងនៃការប្រមូលផ្តុំកម្លាំងអ្នកនយោបាយដែលមិន មែនជាគណបក្សប្រជាជន។ ឆ្នាំ២០១៧នេះ ដើម្បីងាកចេញពីចំណុចខ្សោយក្នុងការប្រយុទ្ធនៅកម្រិតមូលដ្ឋាន អ្នកយុទ្ធសាស្ត្ររបស់គណបក្សសង្រ្គោះជាតិ និងឃោសនិករបស់ខ្លួនបានបង្វែរអារម្មណ៍អ្នកបោះឆ្នោតពីការបោះ ឆ្នោតកម្រិតមូលដ្ឋាន ទៅជាការបោះឆ្នោតថ្នាក់ជាតិ។ ពេលបោះឆ្នោតឃុំសង្កាត់គេនិយាយពីថវិកាអភិវឌ្ឍឃុំ គេនិយាយពីការបំពាក់អាវុធទំនើបដល់កងទ័ព គេនិយាយពីរឿងព្រំដែន គេនិយាយពីរឿងជាតិសាសន៍ ដែលមិន មែនជារឿងនៅមូលដ្ឋាន ហើយគេក៏មិនអនុញ្ញាតឱ្យបេក្ខជនកាន់ក្បាលមេក្រូឃោស​នានោះទេ គឺមេបក្សតែម្តងដែលជាអ្នកឃោសនា។ គណបក្សដទៃក៏បានធ្វើដូចគ្នាដែរ។ តាមការសាកសួរ គឺមានអ្នកបោះឆ្នោតច្រើនជាង ៩០% ដែលមិនបានស្គាល់បេក្ខជនក្រុមប្រឹក្សាឃុំរបស់ខ្លួននោះឡើយ ជាពិសេសបេក្ខជនមកពីគណបក្សសង្រ្គោះជាតិ រីឯអារម្មណ៍លេខ ៤ និងលេខ ៧ នៅឆ្នាំ២០១៣ គឺនៅដក់ក្នុងខ្លួនរបស់អ្នកបោះឆ្នោតនៅឡើយ។ អ្នកដែលមិនអស់ចិត្តឆ្នាំ២០១៣ ក៏បានខិតខំអស់កម្លាំងកាយចិត្តរៀងៗខ្លួន ក្នុងការជួយគណបក្សរបស់ខ្លួន តែមិនមែនជួយបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់ណាមួយឡើយ។
ទោះបីជាយ៉ាងណាខ្ញុំគោរពសិទ្ធិបុគ្គលដែលមានសមានចិត្តគាំទ្រគណបក្សនានា ដែលគាត់អាចយល់ផ្សេងគ្នា ហើយអាចប្រើគ្រប់វិធីសាស្ត្រដើម្បីរក្សាសន្ទុះទឹកចិត្តអ្នកស្មោះស្ម័គ្ររបស់ខ្លួនដើម្បីត្រៀមឆ្នាំ២០១៨ ដែលនេះគឺជាសិទ្ធិរបស់គាត់។ ប៉ុន្តែមានចំណុចមួយ ដែលខ្ញុំគិតថាយើងត្រូវទទួលស្គាល់គឺថា ពេលនេះ យើងមានច្បាប់បោះ ឆ្នោតថ្មី មាននិតិវិធីថ្មី មានបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី និង គជប ថ្មី ដែលមានគ្រប់សមាសភាពគណបក្សនយោបាយ។ អ្វីៗដែលថ្មីនេះគឺជាសមិទ្ធិផលរបស់អ្នកយុទ្ធសាស្ត្រនៃគណបក្សទាំង២ក្នុងកំឡុងពេលចរចា ក្នុងពេលតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិសម្រាប់គ្រប់គ្រងការបោះឆ្នោតលើកនេះ និងឆ្នាំក្រោយ។ ដូច្នេះគេមិនត្រូវបង្កើតការសង្ស័យលើសមិទ្ធិផលរបស់ខ្លួននោះទេ។ ហើយតាមរយៈអ្វីៗដែលថ្មីនេះ លើកនេះគណបក្សប្រជាជននៅតែឈ្នះការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ដដែលទេ។ ការថយចុះអាសនៈ តែឈ្នះការបោះឆ្នោតទាំងមូល មិនមែនមានន័យថាចាញ់ការបោះឆ្នោតមួយនោះទេ។ ការកើនឡើងអាសនៈ ក៏មិនមែនមានន័យថាឈ្នះការបោះឆ្នោតមួយនោះដែរ។ ដូច្នេះបុគ្គលនីមួយៗ ជាពិសេសបញ្ញាវ័ន្ត ឬអ្នកវិភាគសង្គមគួរទប់អារម្មណ៍ផ្ទាល់ខ្លួនរៀងៗខ្លួន ហើយប្រើពាក្យឱ្យចំៗ ថាគណបក្សណាឈ្នះច្រើន គណបក្សណាឈ្នះតិច ឬគណបក្សណាចាញ់។
សម្រាប់គណបក្សប្រជាជនបើទោះបីជានៅបន្តឈ្នះឆ្នោត ប៉ុន្តែសម្លេងឆ្នោតចុងក្រោយនេះ គឺជាទិន្នន័យបន្ថែមសម្រាប់គណបក្សយកមកវិភាគ និងបំពេញបន្ថែមចំណុចខ្វះខាតរបស់ខ្លួន។ នៅប្រទេសប្រជាធិបតេយ្យ គណ បក្សកាន់អំណាច តែងតែយកការបោះឆ្នោតពាក់កណ្តាល​អាណត្តិធ្វើជាមូលដ្ឋានសម្រាប់វាស់ប្រជាប្រិយភាព និងសកម្មភាពរបស់ខ្លួន និងកែប្រែយុទ្ធសាស្ត្រ ឬសកម្មភាពរបស់ខ្លួនមុននឹងចូលប្រកួតការបោះឆ្នោតធំនៅពេលខាងមុខ។ ដូច្នេះគណបក្សកាន់អំណាចតែងតែអរគុណដល់ម្ចាស់ឆ្នោតទាំងអស់ដែលនៅបន្តគាំទ្រខ្លួន និងអ្នកដែលផ្ញើសារក្រើនរំឮកមកគណបក្សកាន់អំណាច។ ដូចគ្នាសម្រាប់គណបក្សប្រឆាំងនៅបរ​ទេស និងជាក់ស្តែងនៅកម្ពុជាយើងនាឆ្នាំ១៩៩៣ដែរ គឺលទ្ធផលឆ្នោតថ្ងៃទី៤ ខែមិថុនានេះ គឺជាពេលវេលាដែលបក្សសង្រ្គោះជាតិសាក ល្បងរែកពន់អម្រែកពិត ជាពិសេសអម្រែកនៃការដោះស្រាយបញ្ហាសេវាសាធារណៈនៅក្នុងឃុំសង្កាត់ និងការសន្យា ៥០ម៉ឺនដុល្លារអាមេរិកក្នុង១ឃុំសង្កាត់ (នៅកន្លែងខ្លះ ហ៊ានសន្យារហូតដល់ទៅ១លានដុល្លារក្នុង១ឃុំ) សម្រាប់ឃុំស​ង្កាត់​ដែលខ្លួនឈ្នះឆ្នោត។ បើគណបក្សនេះបានតែថា ហើយធ្វើការមិនមានប្រសិទ្ធភាព ប្រជាពលរដ្ឋ នឹងបោះ បង់ចោលគណបក្សនេះវិញ ដូចដែលគណបក្សហ៊្វុនស៊ិនប៉ិកធ្លាប់ស្គាល់រសជាតិនេះនាពេលកន្លងមក។ កន្លងមកប្រជាពលរដ្ឋ ជាពិសេសបញ្ញាវ័ន្ត និងអ្នកវិភាគសង្គម ដែល​ប្រកបដោយវិចារណញ្ញាណពិតប្រាកដ ភាគច្រើនមិនទាន់ហ៊ានលើករឿងតម្លាភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុ ឬការប្រើប្រាស់ថវិកាដែលគណបក្សសង្រ្គោះជាតិរៃអង្គាសសម្រាប់យកមកបង្កើតទូរទស្សន៍ព្រះអាទិត្យ ឬប្រើប្រាស់ក្នុងការបោះឆ្នោតឃុំសង្កាត់ ដោយខ្លាចរងការចោទប្រកាន់ថាជាមនុស្សរបស់គណបក្សប្រជាជន។ ប៉ុន្តែដើម្បីសម្រួចគណបក្សសង្រ្គោះជាតិឱ្យត្រៀមខ្លួនកាន់តែល្អ និងស្អាតស្អំដូចដែលបញ្ញាវ័ន្ត ឬអ្នកវិភាគសង្គមភាគច្រើនចង់បាននោះ ខ្ញុំជឿថាប្រជាពលរដ្ឋ និងបញ្ញាវ័ន្ត ក៏ដូចជាអ្នកវិភាគសង្គមរបស់យើងនឹងចាប់ផ្តើមប្រើប្រាស់វិចារណញ្ញាណរបស់ខ្លួន សួរនាំរឿងនេះជាមួយថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ឬបេក្ខជនសង្រ្គោះជាតិនៅក្នុងវេទិកាណាមួយសមស្របជាក់ជាពុំខាន។ ខ្ញុំមិនជឿថាបញ្ញាវ័ន្ត និងអ្នកវិភាគសង្គមមើលរំលងចំណុចនេះ ដែលជាមូលដ្ឋានគ្រឹះនៃប្រជាធិបតេយ្យរឹងម៉ាំមួយនោះឡើយ។ ចំណុចប្រឈម ឬវិញ្ញាសាសាកល្បងសម្រាប់គណបក្សសង្រ្គោះជាតិ គឺពិតជាមានច្រើនសម្រាប់ពីពេលនេះ ដល់ខែកក្កដា ឆ្នាំ២០១៨។
យើងទាំងអស់គ្នាគឺជាអ្នកប្រយុទ្ធក្នុងសមរភូមិប្រជាធិបតេយ្យ។ ក្នុងនាមជាអ្នកស្មោះស្ម័គ្រគណបក្សនីមួយៗយើងបានតស៊ូប្រកួតប្រជែងគ្នាលើសៃវៀនប្រជាធិបតេយ្យរួចហើយ។ គ្រប់គ្នាពិតជាធ្វើបានល្អហើយ។ ហើយខ្ញុំជឿថាគ្រប់គ្នានឹងហ៊ានទទួលយកលទ្ធផលលើកនេះ។ លទ្ធផលនេះគឺល្អសម្រាប់ខ្មែរទាំងអស់គ្នា។ គ្មានគណបក្សណាមួយចាញ់នោះទេ គណបក្សនីមួយៗមានហេតុផលសមរម្យក្នុងការបកស្រាយទៅសមាជិករបស់ខ្លួន។ លទ្ធផលនេះនឹងធ្វើឱ្យគ្រប់គណបក្សនយោបាយខិតខំបន្ថែមទៀត!
ឥឡូវដល់ពេលយើងផឹកតែ កាហ្វេ និងហូបអាហារឆ្ងាញ់ជាមួយគ្នាក្រោមដំបូលសន្តិភាពក្នុងនាម​ជាខ្មែរវិញ មិនមែនក្នុងនាមជាសមាជិកគណបក្សនេះ ឬគណបក្សនោះទៀតឡើយ។ ឥ​ឡូវ​​ដល់ពេលដែលយើងត្រូវធ្វើខ្លួនជាមន្ត្រីរាជការល្អ បុគ្គលិកល្អ ឱពុកល្អ ម្តាយល្អ ប្តីល្អ ប្រពន្ធល្អ កូនល្អតាមតួនាទីរៀងខ្លួនវិញហើយ។ ចាំឆ្នាំ២០១៨ ចាំយើងឡើងសៃវៀនម្តងទៀត ដើម្បីការ​ពារ និងលើកតម្កើងបុព្វហេតុ និងជំនឿរបស់យើងរៀងៗខ្លួនដែលគ្រប់បុព្វហេតុ និងជំនឿរប​ស់​យើងគឺត្រូវតែជាប្រយោជន៍រួមសម្រាប់ខ្មែរ! ហើយក៏សូមមេត្តាអ្នកសរសេរយុទ្ធសាស្ត្ររបស់គណបក្សទាំងឡាយកុំសរសេរកុហកហួសហេតុពេកប្រសិនជាអាច ៕

ដោយ៖ ភ្នំប្រុស


លោក ថោង ខុន៖ សហគមន៍អន្តរជាតិតែងគាំទ្រកម្ពុជា ជាគោលដៅសម្រាប់រៀបចំសន្និសីទទេសចរណ៍ វប្បធម៌ និងបេតកភណ្ឌកម្រិតអន្តរជាតិ និងពិភពលោក

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា ចាប់ពីថ្ងៃទី១១-១៦ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ រដ្ឋមន្ត្រីទេសចរណ៍ វប្បធម៌ និងប្រតិភូជាន់ខ្ពស់មកពី ២១ប្រទេស នឹងមកជួបជុំគ្នាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី២ និងសន្និសីទអន្តរជាតិលើកទី១ស្តីពី​​ ទេសចរណ៍ប្រកបដោយនិរន្តរភាព និងទីក្រុងបេតិកភណ្ឌ នៅខេត្តសៀមរាប ដើម្បីពិភាក្សាអំពីគំរូថ្មីៗ នៃភាពជាដៃគូ និងតួនាទីអភិបាលកិច្ចល្អ​ ក្នុងការគ្រប់គ្រង ការពារ អភិរក្ស និងការអភិវឌ្ឍទីក្រុងបេតិកភណ្ឌ ប្រកបដោយនិរន្តរភាព។
លោកថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួង នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងទេសចរណ៍។
អង្គប្រជុំបានបញ្ជាក់ថា វេទិការនេះ នឹងដាក់ចេញវិធាន និងទិសដៅថ្មីៗ សម្រាប់ពិពិធកម្មផលិតផលទេសចរណ៍ និងការតម្រង់ទិស សម្រាប់ការអភិវឌ្ឍទេសចរណ៍បេតិកភណ្ឌវប្បធម៌ ប្រកបដោយនិរន្តរភាពនៅកម្ពុជា ផ្សារភ្ជាប់ទៅនឹងទស្សនទាន នៃការកសាងភាពជាដៃគូសហប្រតិបត្តិការថ្មី នៃទេសចរណ៍ និងវប្បធម៌ ដែលបានដាក់ចេញនៅក្នុងសេចក្តីថ្លែងការរួមសៀមរាប នៅក្នុងសន្និសីទពិភពលោកស្តីពី ទេសចរណ៍ និងវប្បធម៌ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៥
នៅកម្ពុជា។
លោកដែលទទួលបានការស្ញើចសរសើរពីគ្រប់មជ្ឈដ្ឋានរូបនេះ បានគូសបញ្ជាក់ថា ទស្សនទាននៃកិច្ចប្រជុំនេះ ក៏នឹងឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខណ្ឌនៃការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានចុះហត្ថលេខាលើផែនការអនុវត្តសកម្មភាពការងារ សម្រាប់អនុស្សរណៈយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការទេសចរណ៍ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងសៀងហៃ ដោយផ្តោតសំខាន់លើការសិក្សា​ និងរៀបចំបង្កើតផែនការអភិវឌ្ឍទេសចរណ៍គ្រប់ជ្រុងជ្រោយមួយ សម្រាប់តំបន់សៀមរាប ផ្តោតលើបេតិកភណ្ឌវប្បធម៌ពិភពលោកអង្គរវត្ត។

គួរកត់សម្គាល់ផងដែរថា កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ នៃដៃគូសន្ទនាសហប្រតិបត្តិការអាស៊ីលើកទី១នេះ ក៏ត្រូវបានរៀបចំឡើងក្នុងឆ្នាំ២០១៦ នៅទីក្រុង Tabriz សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ រួចមកហើយដែរ ៕



(វីដេអូ) លិខិតបក្សីចាំក្រុង៖ «71ទល់នឹង54» ធ្វើឲ្យក្តីស្រមៃឆ្នាំ២០១៨ របស់បក្សព្រះអាទិត្យក្លាយជារឿងព្រេង !



(កំចាយមារ)៖ មួយថ្ងៃបន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់, នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ អ្នកវិភាគ «បក្សីចាំក្រុង» ដែលជាអ្នកតាមដានស្ថានភាព នយោបាយដ៏ល្បីម្នាក់នៅកម្ពុជា បានគូសវាសព្យាករណ៍លទ្ធផលឆ្នោត ឃុំ-សង្កាត់ ទៅជាអាសនៈតំណាងរាស្រ្ត បន្ទាប់ពីលទ្ធផលឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវបានបង្ហាញក្រៅផ្លូវការថា គណបក្សសង្រ្គោះជាតិទទួលបានមិនលើស៥០០ ក្នុងចំណោម១៦៤៦ឃុំសង្កាត់ទូទាំងប្រទេស។ ប្រធានគណបក្សកាន់អំណាច ក៏បានប្រកាសថា គណបក្សប្រជាជនកម្ពុជា បានកើនឡើងសម្លេងរហូតប្រមាណ៣០ម៉ឺននាក់ សម្រាប់ការបោះឆ្នោត២០១៧នេះ។