Wednesday, June 07, 2017

ក្រុមនិស្សិតចិនហុងកុងស្វែងយល់ពីការផលិតកុលាលភាជន៍ក្នុងតំបន់អង្គរ

ក្រុមនិស្សិតនៃសាកលវិទ្យាល័យចិនហុងកុង (The Chinese University of Hong Kong) ផ្នែកនរវិទ្យាចំនួន​១៤នាក់ បានចុះកម្មសិក្សាស្វែងយល់ពីការងាររបស់អាជ្ញាធរជាតិអប្សរា ពិសេសគឺការសិក្សាពីកុលាលភាជន៍ ដែលអ្នកស្រាវជ្រាវបានរកឃើញថា កុលាលភាជន៍របស់ប្រទេសចិន និងខ្មែរមានភាពប្រហាក់ប្រហែលគ្នា។
លោកបណ្ឌិត អ៊ា ដារិទ្ធ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ និងជាគ្រូដឹកនាំកម្មសិក្សាបានឱ្យដឹងថា នេះជាគម្រោងកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យចិនហុងកុង ដែលបានបណ្តុះបណ្តាលនិស្សិតកម្ពុជា និងចិន អំពីកុលាលភាជន៍ខ្មែរ និងចិននាសម័យអង្គរ។
ក្នុងបទបង្ហាញនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ លោកបណ្ឌិត អ៊ា ដារិទ្ធ បានធ្វើបទបង្ហាញអំពីតួនាទីរបស់អាជ្ញាធរជាតិអប្សរា និងការងារគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាដែលសហការជាមួយដៃគូអភិវឌ្ឍន៍ផ្សេងៗ។ បន្ថែមពីនេះ លោក អ៊ា ដារិទ្ធ ក៏បង្ហាញដល់ក្រុមនិស្សិតអំពីប្រវត្តិសាស្រ្តខ្មែរ និងចិន ដែលមានទំនាក់ទំនងគ្នាតាំងពីសម័យហ្វូណន ហើយដែលជនជាតិចិនបានកត់ត្រាឈ្មោះកម្ពុជាមុនគេ។ ទាក់ទងនឹងកុលាលភាជន៍ លោកបណ្ឌិត អ៊ា ដារិទ្ធ បានបង្ហាញទៅនិស្សិតចិន អំពីការវិវត្តកុលាល​ភាជន៍ខ្មែរ ក្នុង២ដំណាក់កាលដាច់ពីគ្នាដែលដំណាក់កាលទីមួយពីសតវត្សរ៍ទី៩ ដល់ទី១១ និងដំណាក់កាលទីពីរ ពីសតវត្សរ៍ទី១១ ដល់ទី១។  ចំណែកខាងសាកលវិទ្យាល័យចិនហុងកុង បាននាំកុលាលភាជន៍បុរាណពីស្រុកចិន ដែលបានមកពីការធ្វើកំណាយនៃឡដុតកុលាល​ភាជន៍ចំនួន១០ទីតាំងផ្សេងគ្នា មកបង្ហាញដល់និស្សិតខ្មែរ និងអ្នកស្រាវជ្រាវខ្មែរឱ្យបានយល់ដឹងពីកុលាលភាជន៍ពួកគេផងដែរ។លោក អ៊ា ដារិទ្ធ បានពន្យល់ថា៖ «ទំនាក់ទំនងកុលាលភាជន៍របស់ចិន និងខ្មែរ ខ្លះមានរូបរាងស្រដៀងគ្នា ពិសេសដើមសម័យអង្គរមានរូបសត្វហើយពណ៌ក៏ស្រដៀងគ្នាតាមការស្មានប្រ​ហែល ប្រទេសទាំងពីរមានឥទ្ធិពលពីគ្នាទៅវិញទៅមក»។ លោក អ៊ា ដារិទ្ធ មើលឃើញពីដំណើរទស្សនកិច្ចរបស់ក្រុមនិស្សិតផ្នែកនរវិទ្យានៅពេលនេះថា ជាការផ្លាស់ប្តូរវប្បធម៌គ្នាយ៉ាងល្អ តាមរយៈការផលិតកុលាលភាជន៍ និងដើម្បីធ្វើការប្រៀបធៀបគ្នា។ ជាងនេះទៅទៀត កន្លងមកអ្នកស្រាវជ្រាវខ្មែរពិបាកក្នុងការសិក្សាស្រាវជ្រាវកុលាលភាជន៍នៅប្រទេសចិន ហើយដែលក្រុមនិស្សិតបានយកមកជាមួយ ធ្វើឱ្យអ្នកសិក្សា បានស្គាល់ច្បាស់ពីកុលាលភាជន៍ទាំងនេះ៕





No comments:

Post a Comment