Wednesday, June 07, 2017

អ្នកជំនាញវៀតណាម៖ អាមេរិកកំពុងប្រកាន់ជំហររឹងមាំជាងមុននៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង

យោងទៅតាមលោក Ha Anh Tuan នាយកវិទ្យាស្ថានសម្រាប់ការសិក្សាស្រាវជ្រាវផ្នែកយុទ្ធសាស្ត្រ និងគោលនយោបាយការបរទេសនៃបណ្ឌិតសភាការទូតវៀតណាមបានឱ្យដឹងថា សហរដ្ឋអាមេរិកហាក់ដូចជាទទួលយកជំហររឹងមាំប្រឆាំងនឹងសកម្មភាពរបស់ចិន នៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង។ ក្នុងចំណោមសូចនាករនេះ លោក Ha បានចង្អុលបង្ហាញថា នេះជាសេរីភាពនៃប្រតិបត្តិការស៊ើបអង្កេតដែលត្រូវបានអនុវត្តនាពេលថ្មីៗនេះ ដោយអាមេរិក និងកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc កាលពីថ្ងៃទី៣១ ខែឧសភា។
នៅថ្ងៃទី២៥ ខែឧសភា នាវាពិឃាតឈ្មោះ USS Dewey បំពាក់ដោយមីស៊ីលរបស់កងទ័ពជើងទឹកអាមេរិកបានធ្វើដំណើរក្នុងរយៈចម្ងាយ ១២ ម៉ាយស្មើនឹង (២២,២២ គីឡូម៉ែត្រ) នៃកោះថ្មប៉ប្រះទឹក (Mischief Reef) នៅក្នុងប្រជុំកោះ Spratly ជាកន្លែងដែលចិនបានសាងសង់កោះសិប្បនិមិ្មតរបស់ខ្លួន។ កោះថ្មប៉ប្រះទឹកនេះត្រូវបានអះអាងដោយប្រទេសហ្វីលីពីន វៀតណាម និងប្រទេសចិន។ សេរីភាពនៃប្រតិបត្តិការស៊ើបអង្កេតនេះ មានគោលបំណងទប់ទល់ទៅនឹងការក្រ​អឺតក្រទមរបស់ចិននៃការគ្រប់គ្រងជាក់ស្តែងលើសមុទ្រចិនខាងត្បូង ជាកន្លែងដែលចិនស្ទើតែបញ្ចប់​ការសាងសង់កោះសិប្បនិម្មិត និងមូលដ្ឋានយោធា។
លោក Ha បាននិយាយនៅក្នុងបទសម្ភាសន៍មួយតាមអ៊ីម៉ែលជាមួយសារព័ត៌មាន Inquirer ថា «នៅខែទីមួយ ចាប់តាំងពីលោក Trump ចូលកាន់តំណែងនោះ យុទ្ធសាស្ត្ររបស់អាមេរិកឆ្ពោះទៅសមុទ្រចិនខាងត្បូងគឺមិនច្បាស់លាស់នោះទេ»។ «ទោះបីជាយ៉ាងណាក៏ដោយ សេរីភាពនៃយុទ្ធនាការប្រតិបត្តិការស៊ើបអង្កេតរបស់អាមេរិកចុងក្រោយបំផុតនៅក្នុងខែឧសភា ឆ្នាំ២០១៧ បានបង្ហាញថា ជំហររបស់លោក Trump ឆ្ពោះទៅរកសមុទ្រចិនខាងត្បូងនេះ អាចនឹងរឹងមាំជាងការអនុម័តមួយដោយរដ្ឋបាលរបស់លោក Obama»។ លោក Ha បាននិយាយថា ការផ្តល់នាវាល្បាតតាមសមុទ្រចំនួន ៦ គ្រឿងទៅឱ្យវៀតណាមបន្ទាប់ពីកិច្ចប្រជុំរវាងលោក Trump និងលោក Nguyen កាលពីថ្ងៃទី៣១ ខែឧសភា ជាការបង្ហាញឱ្យឃើញនូវការគាំទ្រកាន់តែខ្លាំងរបស់អាមេរិកប្រឆាំងទៅនឹងការគ្រប់គ្រង់របស់ចិន នៅសមុទ្រចិនខាងត្បូង។
គាត់បាននិយាយថា «សញ្ញាទាំងអស់នេះសុទ្ធតែបង្ហាញពីការប្តេជ្ញាចិត្តរបស់អាមេរិកដែលវៀតណាមមុននេះមានការភ័យខ្លាចថា នឹងចុះខ្សោយនៅក្រោមរដ្ឋបាលរបស់លោក Trump។ លោក Nguyen គឺជាប្រមុខរដ្ឋទីមួយមកពីអាស៊ីអាគ្នេយ៍ដែលបានជួបជាមួយលោក Trump ចាប់តាំងពីគាត់ចូលកាន់តំណែងឆ្នាំនេះ។ មេដឹកនាំវៀតណាមសង្ឃឹមថា នឹងបង្កើនទំនាក់ទំនងជាមួយអាមេរិក ដោយសារតែអាមេរិកជាដៃគូពាណិជ្ជកម្មកំពូលរបស់វៀតណាម បើទោះបីជាអាមេរិកដកខ្លួនថយចេញពីភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP)។
ចាប់តាំងពីប្រទេសទាំងពីរនេះ បានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញតាំងពីឆ្នាំ១៩៩៤ ទំហំពាណិជ្ជកម្មទ្វេភាគីបានឡើងដល់ ៤៥ ពាន់លានដុល្លារនៅឆ្នាំ២០១៦ កាលពីឆ្នាំ២០១៤ មាន ៣៦,៣ លានដុល្លារ។ បញ្ហាសមុទ្រចិនខាងត្បូងក៏បានដាក់នៅក្នុងរបៀបវារៈរបស់មេដឹកនាំអាស៊ីអាគ្នេយ៍ផងដែរ។នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយក្រោយពីជំនួបប្រជុំរបស់ពួកគេ លោក Trump និងលោក Nguyen បានអំពាវនាវទៅភាគីទាំងអស់ឱ្យចៀសវាងពីសកម្មភាពណាមួយដែលនាំឱ្យមានភាពតានតឹងកើនឡើង ដូចជាការប្រមូលផ្តុំកងកម្លាំងយោធាដាក់នៅលើតំបន់ដែលមានជម្លោះនោះ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមនោះ លោក Trump ក៏បានបញ្ជាក់ទៅកាន់ភាគីវៀតណាមសារជាថ្មីថា អាមេរិកនឹងបន្តការហោះហើរ ការបើកបរនាវា និងធ្វើប្រតិបត្តិការនៅគ្រប់ទីកន្លែងណាដែលច្បាប់អន្តរជាតិអនុញ្ញាត។ លោក Trump រំពឹងទុកថា នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់វៀតណាមនៅខែវិច្ឆិកា ខាងមុខនេះ សម្រាប់កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលនឹងធ្វើឡើងនៅទីក្រុង Danang ៕
(ប្រភព : Philippine Daily Inquirer ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧)

No comments:

Post a Comment