Wednesday, June 07, 2017

អាមេរិកត្រូវការអាស៊ានសម្រាប់យុទ្ធសាស្រ្តអាស៊ីរបស់ខ្លួន

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលមានអាយុ ៥០ ឆ្នាំមកហើយនេះ ក្នុងពេលបច្ចុប្បន្ន គឺជាតួអង្គ និងជាដៃគូដ៏មានសារៈសំខាន់មួយនៅអាស៊ីអាគ្នេយ៍ តំបន់ដែលមានសក្តានុពលយ៉ាងខ្លាំងសម្រាប់សន្តិសុខ និងវិបុលភាពពិភពលោក។ ក៏ប៉ុន្តែ សមាជិកអាស៊ាន កំពុងមានការព្រួយបារម្ភចំពោះការប្តេជ្ញាចិត្តរបស់អាមេរិកនៅអាស៊ី ចំពេលដែលភូមិសាស្រ្តនយោបាយពិភពលោកកំពុងផ្លាស់ប្តូរ។ សហរដ្ឋអាមេរិកបាន និងកំពុងលើកឡើងជាថ្មីចំពោះគោលនយោបាយការបរទេសរបស់ខ្លួន ដោយផ្តោតលើផលប្រយោជន៍អាមេរិកជាអាទិភាព (American First)។
ការសម្រេចចិត្តរបស់អាមេរិកក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀង TPP បានបង្កើតឱ្យមានរលកមួយនៃភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច និងយុទ្ធសាស្រ្តនៅអាស៊ី។ វាក៏ជះឥទ្ធិពលខ្លាំងផងដែរចំពោះកិត្តិសព្ទយុទ្ធសាស្រ្ត និងភាពស្របច្បាប់ដ៏ល្អមួយរបស់អាមេរិក។ មានសញ្ញាជាច្រើនដែលអាមេរិកបានអះអាងជាថ្មីទៅកាន់អាស៊ាន។ អនុប្រធានាធិបតីអាមេរិកលោក Mike Pence បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ី ហើយបានអះអាងដល់អាស៊ានថា សហរដ្ឋអាមេរិកនៅតែមានការផ្តោតសំខាន់លើតំបន់នេះ។ លោក Pence ក៏បានគូសបញ្ចាក់ផងដែរថា ប្រធានាធិបតី លោក Trump នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ីខាងកើត និងកិច្ចប្រជុំកំពូល អាមេរិក-អាស៊ាន នៅខែវិច្ចិការខាងមុខនេះ។
ដូចគ្នានេះដែរ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស អាមេរិក-អាស៊ាន កាលពីខែឧសភាកន្លងមក ក៏បានលើកឡើងអំពីផលប្រយោជន៍អាមេរិក និងការតាំងចិត្តរបស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនង អាមេរិក-អាស៊ានផងដែរ។ បញ្ហាកូរ៉េខាងជើង ដែលជាបញ្ហាប្រឈមមួយរបស់អាមេរិកនោះ គឺជាឧទាហរណ៍ដ៏មានប្រយោជន៍មួយនៃយុទ្ធសាស្រ្តអាស៊ីរបស់អាមេរិក ដែលទាមទារការគាំទ្រពីអាស៊ាន។ អាស៊ាន បានជ្រើសរើសយកយុទ្ធសាស្រ្តមិនធ្លាប់មានមួយចំពោះកូរ៉េខាងជើង ដោយបានថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះការសាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
ការឆ្លើយតបរបស់អាស៊ានចំពោះកូរ៉េខាងជើង បានទទួលពិន្ទុយ៉ាងល្អផ្នែកការទូតពីសហរដ្ឋអាមេរិក។ អាស៊ាន ចាំបាច់ត្រូវពង្រឹងតួនាទីការទូត និងសន្តិសុខរបស់ខ្លួនជាមួយអាស៊ីអាគ្នេយ៍ ពី​ព្រោះ​​​​សម្លេងរួមរបស់អាស៊ានមានឥទ្ធិពលយ៉ាងខ្លាំងចំពោះវេទិកាពហុភាគី។ អាស៊ានបានដើរតួនា​ទីសន្តិសុខយ៉ាងសំខាន់ តាមរយៈការជំរុញការជឿទុកចិត្តក្នុងចំណោមរដ្ឋទាំងអស់នោះ ស​ម្រប​សម្រួលកិច្ចពិភាក្សាការយោគយល់គ្នា និងការរារាំងកុំឱ្យមានការប៉ះទង្គិចគ្នា។
រដ្ឋបាលលោក Trump  បានចាប់ផ្តើមយល់ដឹងអំពីតួនាទីពាក់ព័ន្ធរបស់អាស៊ាននៅក្នុងបញ្ហាសន្តិសុខ ក៏ប៉ុន្តែ មិនសំដៅលើបញ្ហាសេដ្ឋកិច្ចទេ។ វានឹងក្លាយជាកំហុសឆ្គងមួយ ប្រសិនបើសហរដ្ឋអាមេរិក មិនយកចិត្តទុកដាក់លើបញ្ហាសេដ្ឋកិច្ចរបស់អាស៊ាន នៅក្នុងយុទ្ធសាស្រ្តអាស៊ីរបស់ខ្លួន។ យុទ្ធសាស្រ្តបង្វែរកម្លាំងរបស់អាមេរិក គួរសង្កត់ធ្ងន់លើឱកាសសេដ្ឋកិច្ចសម្រាប់ប្រជាជនអាស៊ាន។ ការទទួលបានការគាំទ្រពីប្រជាជនអាស៊ានហើយ វានឹងជាសក្តានុពលសម្រាប់ផលប្រ​យោជន៍រយៈពេលវែងរបស់អាមេរិក។ អាស៊ាន ដែលជាអ្នកដឹកនាំកិច្ចព្រមព្រៀងកិច្ចសហប្រតិ​បត្តិ​ការភាពជាដៃគូគ្រប់ជ្រុងជ្រោយ RCEP មានសមត្ថភាពដល់ ៣០ ភាគរយនៃ GDP ពិភពលោក។ ស្ថានភាពនេះនឹងនាំឱ្យមានការប្រែប្រួលនៅក្នុងការរៀបចំពាណិជ្ជកម្មពហុភាគីរបស់អាស៊ី។
ដោយមានភាពប្រទាក់ក្រឡាគ្នាជាមួយអាស៊ានទៅថ្ងៃអនាគត សហរដ្ឋអាមេរិកត្រូវតែរក្សាការបោះជំហានទៅមុខដ៏រឹងមាំនៃយុទ្ធសាស្រ្តបង្វែកម្លាំងរបស់អាមេរិកទៅកាន់អាស៊ីប៉ាស៊ីហ្វិក ដោយផ្តោតលើសរសរស្តម្ភបី គឺបណ្តាញសន្តិសុខយោគយល់គ្នា ការតភ្ជាប់ និងសមាហរណកម្មសេដ្ឋកិច្ច និង​ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន៕
(ប្រភព : The Diplomat ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧)

No comments:

Post a Comment