យោងតាមសេចក្តីប្រកាសព័ត៌មាន
របស់អគ្គលេខាធិការដ្ឋាន រដ្ឋសភា ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា
ថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា
រដ្ឋសភា ទទួលយកសេចក្តីស្នើច្បាប់
ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងសេចក្តីស្នើវិសោធនកម្ម
នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា មកពិនិត្យ និងសិក្សានៅរសៀល ថ្ងៃចន្ទ ទី១៩ ខែតុលា
ឆ្នាំ២០១៥ នេះ ដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំ
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
អង្គប្រជុំបានអនុម័តយល់ព្រម លើសំណើសុំបោះឆ្នោតទុកចិត្តលើការតែងតំាង
ឯកឧត្តម អ៊ុក សារាវុធ ជាអគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ
ដោយបានបញ្ចូលក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី៥ នីតិកាលទី៥។ អង្គប្រជុំបានអនុម័តប្រគល់
សេចក្តីស្នើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ជូនគណៈកម្មការនីតិកម្ម
និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យនិងសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវិញ។
អង្គប្រជុំបានអនុម័តប្រគល់
សេចក្តីស្នើវិសោធនកម្ម ប្រការ ៣ថ្មី, ប្រការ
៧ថ្មី, ប្រការ ៨, ប្រការ ១០ថ្មី (ពីរ), ប្រការ ១៤ថ្មី, ប្រការ ១៨, ប្រការ ២០, ប្រការ ២១,
ប្រការ ២២ថ្មី, ប្រការ ៣១ថ្មី(ពីរ), ប្រការ ៣៣ថ្មី, ប្រការ ៣៤, ប្រការ ៣៦ថ្មី, ប្រការ ៣៨ថ្មី, ប្រការ ៤០ថ្មី, និងប្រការ ៤៧ថ្មី(បី) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា
ជូនគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍
នៃរដ្ឋសភាវិញផងដែរ៕