Monday, October 19, 2015

សម្រង់​ប្រសាសន៍​សម្តេចតេជោ ឆ្លើយ​តប​ទៅ​អ្នកសារ​ព័ត៌មាន នៅទីក្រុង​ប៉េកាំង ក្នុង​ពិធី​បើក​វេទិកា សៀងសាន លើកទី​ ៦

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន បន្ទាប់ពីការថ្លែងសុន្ទរកថា ក្នុងពិធីបើកវេទិកា សៀងសាន លើក​ទី ៦ ក្រោមប្រធានបទ “សន្តិសុខ និងសហប្រតិបត្តិការនៅតំបន់អាស៊ីប៉ាស៊ីហ្វិក៖ តថភាព និងចក្ខុវិស័យ” នៅ​ទីក្រុងប៉េកាំង សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ពី (១) ការចាំបាច់ដែលកម្ពុជា ត្រូវចូលជា​សមា​ជិក​​ក្រុមប្រទេសអាស៊ាន (២) ការពង្រឹងការពិភាក្សាអំពីសន្តិសុខអន្តរតំបន់អាស៊ាន និង(៣)គោលនយោ​បាយ​​ការ​បរទេស​កម្ពុជា ដែល ព្រឹត្តិប័ត្រ កម្ពុជាទស្សន​ថ្មី​ សូមធ្វើការដកស្រង់ក្រៅផ្លូវការ ដូចតទៅ៖

… សូមអរគុណចំពោះសំណួរ ដែលមានសារៈសំខាន់នេះ។ អម្បាញ់មិញ ខ្ញុំបានធ្វើសុន្ទរកថា (ដែល)ក្នុងនោះ​ក៏​(បានរំលេចអំពី)​តួនាទីរបស់កម្ពុជានៅក្នុងក្របខណ្ឌអាស៊ានមួយចំនួនហើយ។ អ្វីដែលខ្ញុំចង់បញ្ជាក់​បន្ថែម គឺ​ថា ហេតុអ្វីបានជាកម្ពុជាចាំបាច់ត្រូវចូលអាស៊ាន? កម្ពុជាមិនមែនចូលអាស៊ាន ក្នុងពេលដំណាលគ្នាជាមួយ នឹងឡាវ និងមីយ៉ាន់ម៉ានោះទេ, កម្ពុជា​ជាកូនពៅនៅ​ក្នុង​ចំណោមអាស៊ានទាំង ១០។ កត្តាអ្វីខ្លះ ដែល(ធ្វើ ឲ្យ)កម្ពុជាសម្រេចចិត្តចូលអាស៊ាន?

ខ្ញុំសូមបញ្ជាក់ជូនឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ឲ្យបានជ្រាបថា មានកត្តាធំៗ ៤ ដែលទាក់​ទាញ​ឲ្យ​កម្ពុជាចូលក្នុងក្របខណ្ឌអាស៊ាន។ កត្តាទី ១ គឺគោលការណ៍មិនជ្រាតចូលកិច្ចការផ្ទៃក្នុងគ្នា។ នេះ​ជា​កត្តា​សំ​ខាន់​ណាស់។ កត្តាទី ២ គឺស្មារតីសហ​គមន៍។ អាស៊ានធ្វើការតាមកុងសង់ស៊ុស មិនថាប្រទេសធំ មិនថា​ប្រ​ទេស​តូច មិនថាប្រទេសអ្នកមាន មិនថាប្រទេសអ្នកក្រ គឺសុទ្ធតែមានសិទ្ធិដូចគ្នា។ នេះជាស្មារតីសហគមន៍ ដែល​យើងចង់បាន។ កត្តាទី ៣ គឺការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម (ដែល)ទាក់ទងទៅនឹងសមាហរណកម្ម​នេះ​ឯង។ កម្ពុជាបាន​សម្លឹងឃើញនូវផលប្រយោជន៍យ៉ាងធំ ពីការចូលរួមជាសមាជិក​​ទៅក្នុងក្របខណ្ឌអាស៊ាន តាមរយៈ​ការ​​ទាញយកផលប្រយោជន៍ពីសមាហរណកម្មអាស៊ាន។ នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥ ជា​ដំណាក់​កាល​ចុង​ក្រោយនៃការកសាង​​សហ​គមន៍សេដ្ឋកិច្ចអាស៊ាន។ កត្តាទី ៤ ដែលជាកត្តាចុងក្រោយទាក់​ទាញ​ឲ្យកម្ពុជា​ចូល​អាស៊ាននោះ គឺ(ដោយសារថាអាស៊ាន)ជាច្រកចេញការទូតរបស់កម្ពុជា។ អាស៊ានមានដៃ​គូយ៉ាង​ច្រើន (ដូចជា) ដៃគូ(ក្នុងក្របខណ្ឌ)អាស៊ានបូកមួយ ​អាស៊ានបូកបី អាស៊ាន-អឺរ៉ុប អាស៊ាន-អង្គការ​សហប្រជាជាតិ និង​ផ្នែកដទៃទៀត។ ដូច្នេះ ពេលដែលកម្ពុជាចូលក្នុងក្របខណ្ឌអាស៊ាន ពិតណាស់ថា យើង​នឹងទទួលផលប្រ​យោជន៍​អំពី​នយោបាយការបរទេសរបស់យើង ឆ្ពោះទៅខាងក្រៅរួមជាមួយអាស៊ាន។ … សមិទ្ធផលដែល​អាស៊ាន​សម្រេចបានក្នុងរយៈពេលកន្លងទៅ ជាពិសេស សសរ​ស្តម្ភទាំង ៣ គឺ សហគមន៍​នយោបាយ-សន្តិ​សុខ, សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម-វប្បធម៌ កំពុងតែអនុវត្តលេចចេញជារូបរាង​ឡើង ហើយកំពុង​ផ្តល់​នូវ​ផ្លែផ្កា។ ច្បាស់ណាស់ថា អាស៊ានតូច ឬអាស៊ានធំ អាស៊ានមាន ឬអាស៊ានក្រ សុទ្ធតែ​ដើរតួនាទីដូចៗគ្នា ដូច្នេះ កម្ពុជាក៏ដូចប្រទេស​ទាំង ៩ ផ្សេងទៀត មានចំណែកដូចៗគ្នានៅក្នុងការកសាង​សហគមន៍អាស៊ាន …។

… អាស៊ានមានផ្លែផ្ការហូតមកដល់ពេលនេះ ពឹងពាក់លើការសន្ទនា ហើយការសន្ទនានោះ គឺអាស៊ានបាន​ធ្វើ​ជា​ប្រចាំ ក្នុងក្របខណ្ឌរដ្ឋមន្រ្តីការពារជាតិ ឬរដ្ឋមន្រ្តីទទួលបន្ទុកខាង​សន្តិសុខ។ ខ្ញុំលើកឧទាហរណ៍ កាលពីខែ មេសា កន្លងទៅនេះ ក្នុងពេលប្រជុំអាស៊ាននៅឯកូឡាឡាំពួរ ហើយ​មុននោះក៏មានការប្រជុំអាស៊ាន និងប្រ​ទេស​​ពាក់ព័ន្ធនៅឯមីយ៉ាន់ម៉ា។ (ដោយ)គិតគូរអំពីបញ្ហាសន្តិសុខ … យើងក៏បានចាត់ឲ្យមាន​​ការ​ពិគ្រោះយោ​បល់​នៅក្នុងចំណោមតួអង្គ ដែលមានការទទួល​ខុសត្រូវ ​ពិសេសក្នុងវិស័យការពារជាតិ និងសន្តិសុខនេះឯង។ វេទិកាថ្ងៃនេះ ក៏ជាផ្នែកដ៏សំខាន់​មួយនៃកិច្ចសន្ទនាសម្រាប់ការរក្សាសន្តិសុខនៅក្នុងតំបន់ មិនមែនតែ​ក្នុង​ក្រប​ខណ្ឌ​អាស៊ានប៉ុណ្ណោះទេ ក៏​ប៉ុន្តែ វាមានវិសាលភាពទូលំទូលាយជាងនេះទៅទៀត។ ខ្ញុំគិតថា ការបង្កើត​ជំ​នឿ​ទុក​ចិត្តគ្នាតាមរយៈការ​ពិគ្រោះយោបល់ ការសន្ទនាជាទ្វេភាគី ឬជាពហុភាគី សុទ្ធតែនាំមកនូវផលប្រយោជន៍ នូវការធានាដល់សន្តិ​ភាព ស្ថិរភាព​ ហើយក៏ធានាក្នុងការទប់ស្កាត់នូវឧក្រិដ្ឋកម្មនានា រាប់ទាំងបញ្ហាភេរវកម្ម ដែល​ចេញមកពីក្រុម​និយមជ្រុលផងដែរ។

… ខ្ញុំបាននិយាយថា ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក​មានសារៈសំខាន់ណាស់ សម្រាប់សន្តិសុខ​នៅ​អា​ស៊ីប៉ាស៊ីហ្វិករបស់យើង។ ខ្ញុំមានជំនឿថា ឆ្លងតាមរយៈ​ទស្សន​កិច្ចថ្មីរបស់ប្រធានាធិតី ស៊ី ជីនពីង ទៅសហ​រដ្ឋ​អាមេរិក ភាគីទាំងពីរកំពុងរកវិធីគ្រប់គ្រងទំនាក់​ទំនងក្នុងក្របខណ្ឌតំបន់នេះ។ ខ្ញុំជឿជាក់ថា (ក្នុង)សត​វត្សរ៍​ទី​ ២១ នេះ បើទោះបីជាប្រទេសនានាបង្កើនសព្វា​វុធយ៉ាងណា ក៏កម្រិតនៃការប្រើប្រាស់អាវុធ ដើម្បី​ដោះ​ស្រាយ​បញ្ហា វាហាក់ដូចជារសាត់ឆ្ងាយពីយើង​យ៉ាងច្រើន។ យើងយល់ថា ក្នុងរយៈពេលមួយទសវត្សរ៍ចុង​ក្រោយនេះ សព្វាវុធនៅលើពិភពលោកមានច្រើន​ណាស់ដែលបានផលិតថ្មីៗ ​​ក៏ប៉ុន្តែ ខ្ញុំជឿថាសព្វាវុធនេះ​មិន​មែនជា​មធ្យោ​បាយ​ដើម្បីដោះស្រាយបញ្ហាទេ។ ​ខ្ញុំជឿថា អ្នកសម្រេចចិត្តលើផ្នែកគោលនយោបាយ មិនថា​សហរដ្ឋអាមេរិក ឬ​ចិន មិនថាប្រទេសដទៃទៀត​នោះទេ គឺច្បាស់ជាមិនប្រើប្រាស់កម្លាំង ឬគម្រាម​ប្រើប្រាស់​កម្លាំង ដើម្បីដោះ​ស្រាយ​បញ្ហានោះឡើយ។ ម្យ៉ាងទៀត ការងើបឡើងរបស់ចិន ខ្ញុំជឿថា វាមិនជាការគម្រាម​កំហែង​សម្រាប់​ប្រ​ទេស​ណាមួយក្នុងតំបន់នោះទេ។ ពិតមែន​តែខ្ញុំជាក្មេងជំនាន់ក្រោយ ក៏ប៉ុន្តែ ខ្ញុំក៏បានសិក្សាពី​ប្រវត្តិសាស្រ្ត​របស់​ចិន។ ចិនមិនដែលនាំកងទ័ពចេញឆ្ងាយពី​ព្រំដែនរបស់ខ្លួននោះទេ ដូច្នេះ ការកើនឡើងនូវ​កម្លាំង​យោធា​របស់​ចិន ដែលទើបនឹងធ្វើព្យុហយាត្រាបង្ហាញពីកម្លាំងសមត្ថភាពយោធារបស់ខ្លួន (ក្នុងឱកាស)​ខួបលើកទី ៧០ ទិវា​ជោគជ័យលើពួក Fascist គឺមិនមែនជា​ការគម្រាមកំហែងសម្រាប់តំបន់ ឬប្រទេសណា​មួយទេ។ ខ្ញុំជឿ និង​មានទំនុកចិត្តយ៉ាងដូច្នេះ។ ប្រទេសទាំងអស់ មិនថាប្រទេសតូច ឬប្រទេសធំ គឺសុទ្ធតែត្រូវ​ការ​ចាំ​បាច់​នូវ​សន្តិ​ភាព សន្តិសុខ និងស្ថិរភាព​សម្រាប់ប្រទេសរបស់ខ្លួន និងសម្រាប់តំបន់ទាំងមូល។ ដូច្នេះ ប្រើប្រាស់ការ​សន្ទនា​ ប្រសើរជាងអ្វីៗទាំងអស់៕

No comments:

Post a Comment