Monday, January 18, 2016

លោកជំទាវម៉ែន សំអន អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ ផែនការសកម្មភាពជាតិស្ដីការអភិវឌ្ឍកុមារ ឆ្នំា២០១៦-២០១៨ (ប្រភពពី GNN)


នៅក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាកាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០១ លោកជំទាវម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយ ព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច និងតំណាងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានបញ្ជាក់ថា៖ ក្នុងនាមរាជរដ្ឋាភិបាលលោកស្រីសូមអំពាវនាវឲ្យនៅគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីឲ្យកុមារទាំងអស់បានចូលរៀន នៅសាលារដ្ឋ និងឯកជនទំាងអស់គ្នា ជាពិសេស ត្រូវចូលរួម ផ្ដល់អាហារូបត្ថម្ភ គ្រប់បែបយ៉ាង ដើម្បីឲ្យកុមារទាំងអស់ បានចូលរៀន ឬក៏ការបណ្តុះបណ្តាលជំនាញ ក្នុងគោលបំណង ឲ្យស្របទៅតាមប្រធានបទ (គ្មានពលកម្មលើកុមារ ,គ្មានអំពើហឹង្សាលើកុមារ ផ្ដល់ការអប់រំ ដែលមានគុណភាពដល់កុមារទន់ខ្សោយ)។ លោកជំទាវ ម៉ែន សំអន បានអំពាវនាវបែបនេះ ក្នុងខណៈ អញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយ ផែនការសកម្មភាពជាតិស្ដីការអភិវឌ្ឍកុមារ ឆ្នំា២០១៦-២០១៨។
លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែង លើកកម្ពស់អាហាររូបត្ថម្ភដល់កុមារគ្រប់ៗរូប តាមរយៈការអនុវត្តកម្មវិធីសុខភាពបន្តពូជ មាតា ទារក កុមារ និងអាហាររូបត្ថម្ភដែលជាផែនបង្ហាញផ្លូវសម្រាប់ពន្លឿនការកែលម្អអាហាររូបត្ថម្ភឆ្នាំ២០១៦-២០១៨។និងកៀងគរធនធានរកប្រភពចំណូលហិរញ្ញវត្ថុពីបណ្ដាអង្គការសង្គមស៊ីវិលផ្សេងៗ មកអនុវត្ដឲ្យស្របទៅតាមការប្ដេជ្ញាចិត្ដរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកុមារសំដៅអនុវត្ដតាមអនុសាសន៏របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ។ កុមារដែលជាគ្រួសារ នៅតាមជនបទក្រីក្រ ហើយមិនមានការសិក្សារអប់រំ បញ្ហាកង្វះអាហារ រូបឧបត្ថម្ភ មានកម្រិតខ្ពស់ ជាងកុមារដែលជាគ្រួសារ មានជីវភាពធូរធារ នៅទីប្រជុំជន និងមានការសិក្សាអប់រំខ្ពស់។
លោកជំទាវ ម៉ែន សំអន មានប្រសាសន៍បន្តថា បញ្ហាពលកម្មកុមារ មានការធ្លាក់ចុះ គួរឲ្យកត់សម្គាល់ សមាមាត្រពលកម្មកុមារ ធៀបនឹងចំនួនកុមារសរុប បានធ្លាក់ចុះប្រហែល ២០ ភាគរយ ក្នុងឆ្នាំ២០០៩ មកត្រឹម ៩,៩ ភាគរយ នៅឆ្នាំ២០១៤។ សមាមាត្រពលកម្មកុមារ នៅតំបន់ជនបទ មានចំនួនខ្ពស់ ប្រមាណ ១១,៥ ភាគរយ បើធៀបនឹងទីប្រជុំជន មានតែប្រមាណ ៦,៥ ភាគរយប៉ុណ្ណោះ។ ភាគច្រើននៃពលកម្មកុមារ ធ្វើការងារក្នុងវិស័យកសិកម្មសិប្បកម្មខ្នាតតូច និងកុមារបម្រើការងារតាមផ្ទះ។ប្រេវ៉ាឡង់ពលកម្មកុមារមានអត្រាខ្ពស់ប្រមាណ ២០ ភាគរយ ប្រៀបធៀបនឹងចំណុចដៅ ៨ ភាគរយ ក្នុងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជានឹងគ្មានពលកម្មលើកុមារនៅឆ្នាំ២០២០៕






ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បើកកិច្ចប្រជុំវាយតម្លៃពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដោយបានអះអាងថា ច្រកនាំចេញឈើទៅប្រទេសវៀតណាមទំាងអស់ត្រូវបានបិទទាំងស្រុង (ប្រភពពី GNN)

នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំរៀបចំផែនការស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ក្រៅពីនោះក៏មានការចូលរួមពីសំណាក់ អនុប្រធាន សមាជិក នៃគណៈកម្មការជាតិជាច្រើនរូបទៀតផងដែរ ។

នៅក្នុងកិច្ចប្រជុំនោះផងដែរគឺជាកិច្ចប្រជុំលើកដំបូង ហើយឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសថា ការនាំឈើចេញ នៅតាមច្រកព្រំដែនវៀតណាម ទាំងអស់ត្រូវបិទទាំងស្រុង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការរៀបចំ និងប្រព្រឹត្តិទៅនៃបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ។ គណៈកម្មការនេះ ដឹកនាំដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានសមាសភាពចំនួន១០រូបផ្សេងទៀត។

គួររំលឹកដែរថា សម្តេចតេជោ ធ្លាប់បានធ្វើការព្រមាននៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ ដោយសម្តេចតេជោ ហ៊ុន សែន បានចុចចំពោះក្រុមឧកញ៉ា ដែលរកស៊ីកាងឈើ រួមមាន៖ ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា និង ស៊ឹង សំអុល។ សម្តេចតេជោ បញ្ជាឲ្យអភិបាលខេត្តត្បូងឃ្មុំ ប្រាជ្ញចន្ទ និង អភិបាលស្រុកមេមត់ចាត់ការទៅលើឧកញ៉ាកាងឈើទាំងពីរនាក់នេះ ប្រសិនបើមិនចង់ជ្រុះស័ក្តិ។

សម្តេចតេជោ បានព្រមានធ្ងន់ៗទៅលើឈ្មួញ និងអ្នកឃុបឃិតបើកដៃឲ្យមានការ រត់ពន្ធឈើទៅប្រទេសវៀតណាម ហើយបានចេញបញ្ជាឲ្យបិទគ្រប់ច្រករត់ពន្ធឈើទៅប្រទេសវៀតណាមផងដែរ៕




ឯកឧត្តម កែប ជុតិម៉ា អំពាវនាវដល់សិស្សនិស្សិត អានសៀវភៅឲ្យបានច្រើន



អ្នកតំណាងរាស្ត្រ មណ្ឌលភ្នំពេញ គណបក្សប្រជាជនកម្ពុជា លោក កែប ជុតិមា បាននាំយកសៀវភៅជាច្រើនក្បាល ទៅប្រគល់ជូនដល់បណ្ណាល័យចំនួន៣ រួមមាន បណ្ណាល័យជាតិ បណ្ណាល័យសម្តេចតេជោ ហ៊ុន សែន ក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងបណ្ណាល័យសម្តេចតេជោ ហ៊ុន សែន  នៅក្នុងវិទ្យាល័យបឹងត្របែកនាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ ។
ឯកឧត្តម កែប ជុតិមា បានថ្លែងថា គោលបំណងដែលលោកនាំសៀវភៅមកដាក់តាម បណ្ដាល័យនេះ គឺចង់បំផុសចលនាការអាន សៀវភៅ ដល់កូនខ្មែរជំនាន់ក្រោយ ឲ្យចូលចិត្តអានឡើងវិញ ដោយសារកន្លងទៅនេះ យុវជនយើង ពិសេសសិស្ស និស្សិតខ្មែរយើង ហាក់ដូចភ្លេចអានសៀវភៅ ដោយសារសម័យនេះ មានកុំព្យូទ័រ និងsmart phone គេមើលវិបសាយ មានInternet ច្រើនរវល់មើលInternet។ សិស្សដែល ពូកែ ទាល់តែពូកែអាន ទោះបីមានកុំព្យូទ័រឬ smart phone ក៏ដោយ។ ថ្លែងទៅកាន់លោកស្រី ខ្លូត វិបុលឡា នាយិកាបណ្ណាល័យជាតិ ឯកឧត្តម កែប ជុតិមា បានបញ្ជាក់ថា «ទីនេះជាកន្លែងស្រាវជ្រាវ ឯកសារដ៏សំខាន់ និងជាកន្លែង ដែលក្មួយៗយុវជន និស្សិត ត្រូវមកអានសៀវភៅ និងរកឯកសារមេរៀន សម្រាប់ការសិក្សាផងដែរ» ។
លោកស្រី ខ្លូត វិបុលឡា បានឲ្យដឹងថា បណ្ណាល័យជាតិ មានមន្ត្រីបុគ្គលិកបម្រើ ការងារចំនួន២២នាក់។ បណ្ណាល័យនេះមានសៀវភៅ អានចំនួន១០ម៉ឺនក្បាល ជាភាសាខ្មែរ បារាំង និងអង់គ្លេស សម្រាប់ឲ្យអ្នកចូលមកធ្វើការស្រាវជ្រាវ និងអាននៅទីនេះ។ ដោយក្នុង១ថ្ងៃ មានអ្នកអានប្រមាណ៥០ទៅ៦០នាក់ប៉ុណ្ណោះ។ ដោយឡែក សម្រាប់បណ្ណាល័យសម្តេចតេជោ ហ៊ុន សែន នៅសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ លោកស្រី នាយិការ ពៅ វណ្ណី បានឲ្យដឹងថា មានចំនួនសិស្សនិស្សិតប្រមាណពី៥០០នាក់ ទៅ៦០០នាក់ ដែលចូល មកអានសៀវភៅនៅទីនេះ ។
នៅក្នុងបន្ទប់បណ្ណាល័យសម្តេចតេជោ ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ  ឯកឧត្តម កែប ជុតិមា បានថ្លែងទៅ សិស្ស និស្សិត ដែលបានមកអានសៀវភៅនោះថា ចូលក្មួយៗខំអានឲ្យបានច្រើន នោះក្មួយៗនឹង រៀនពូកែដូចប្រទេសជិតខាងយើង គេចូលចិត្តអានសៀវភៅ ទើបគេរៀនពូកែ នោះយើងនឹងក្លាយខ្លួនអ្នកដឹកនាំដ៏ល្អនៅថ្ងៃអនាគត។
ឯកឧត្តម កែប ជុតិមា បានបញ្ជាក់ថា សៀវភៅដែល ឯកឧត្តមយកមកផ្តល់ជូនដល់បណ្ណាល័យទាំង៣ នាពេលនេះមានសៀវភៅច្បាប់ក្រមង៉ុយ និងសៀវភៅភ្នំពេញ រាជធានីចតុមុខ ដែល លោកបានចងក្រង និងបោះពុម្ព ស្តីពីការអភិវឌ្ឍន៍រាជធានីភ្នំពេញ កាលលោកនៅជាអភិបាលក្រុងនោះ។ ឯកឧត្តមនឹងចូលរួមកម្មវិធី (អំណាន) តាមការអញ្ជើញរបស់ក្រសួងអប់រំ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦៕





សេចក្តី​បំភ្លឺ របស់​អាជ្ញាធរ​ជាតិ​ព្រះវិហារ ពាក់ព័ន្ធ​នឹងការ​ផ្សាយ​របស់វិទ្យុអា​ស៊ីសេរី ថ្ងៃទី១៤ មករា ២០១៦ ដែល​ចោទ​ប្រកាន់​ឯកឧត្តម សួស យ៉ារ៉ា


ថ្នាក់ដឹកនាំកីឡាកំពូលៗ ជួបជុំគ្នាជជែកពី «គុណតម្លៃ នៃក្បាច់គុនល្បុក្កតោ»

នៅថ្ងៃទី១៨ ​ខែមករា ឆ្នាំ២០១៦​នេះ ថ្នាក់ដឹកនាំកីឡា​កំពូលៗ អ្នកស្រាវជ្រាវ និស្សិត ទីប្រឹក្សាកីឡា និងកីឡាករ-​កីឡាការិនី​ប្រមាណ២១៨នាក់ បានជួបជុំគ្នា​ធ្វើសិក្ខាសា​ដែលត្រូវបាន​គេប្រសិទ្ធិ​នាមថា «គុណតម្លៃនៃក្បាច់​គុនល្បុក្កតោ» ក្នុងសង្គម​វប្បធម៌ជាតិខ្មែរ ។ ដែលមាន​រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០១៦ ដោយមាន​វា​គ្មិនសំខាន់ៗចូលរួមមាន​គ្រូគុន អ្នកស្រាវជ្រាវ​មកពីរាជបណ្ឌិតសភា ក្រសួងវប្បធម៌ និងអ្នកមុខ អ្នកការជាច្រើនទៀត ។
ប្រធានគណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជា (NOCC) លោក ថោង ខុន, លោកបណ្ឌិត ហ៊ុន ម៉ាណែត នាយរង​សេនាធិ​ការចម្រុះ និងជាមេបញ្ជា​ការរងកងទ័ពជើង​គោក បានចូលរួម​​ក្នុងសិក្ខា​សាលា​ដ៏សំខាន់នេះដែរ ​ដែលទើបដាក់ ​បញ្ចូលក្បាច់​គុនល្បុក្កតោ ទៅក្នុងកម្ម​វិធីហ្វឹកហាត់​របស់កងទ័ពនោះ ។
លោក ហ៊ុន ម៉ាណែត បាន​លើកហេតុផលថា លោក​បានជួប​ជាមួយ​​កងទ័ព​អាមេរិកដែល​បំ​ពេញ​បេស​ក​​កម្ម នៅ​​ប្រទេស អាហ្វ​ហ្គានីស្ថាន ដោយ​ត្រូវ​បាន​គេថ្លែង​​បញ្ជាក់ថា នៅ​ក្នុង​ការប្រយុទ្ធ គេច​មិនផុត​ពី​ការ​ប្រយុទ្ធត​ទល់គ្នាដោយ​ផ្ទាល់នោះទេ ដែលនេះ​ជាកត្តា​ចាំបាច់តម្រូវឲ្យ​​​កងទ័ព​ត្រូវ​តែចេះក្បាច់​គុន​​នោះ ។​
លោក​​បន្តថា បញ្ហា​ដែល​​ល្អបំផុតនោះ គឺ​យើងត្រូវ​តែបង្កើត​ក្បាច់គុន​ថ្មីមួយ ដែល​ជាក្បាច់​គុន​របស់​កង​​ទ័ព​ដោយ ​យកក្បាច់​គុន​ទាំង​អស់​របស់ខ្មែរ ​មកសំ​យោគ​បញ្ចូលគ្នា
ទន្ទឹម​នោះ​ដែរ លោក​បណ្ឌិត ថោង ខុន រដ្ឋម​ន្ត្រី​ក្រសួង​ទេសច​រណ៍ និង​ជាប្រធាន​គណៈ​កម្មាធិការ ជាតិ​អូឡាំ​ពិក​កម្ពុជា ក៏បាន​​មាន​ប្រសាសន៍ដែរថា កាលពី​ឆ្នាំ២០១២ សម្ដេច​តេជោ ហ៊ុន សែន បានជំរុញ​ឲ្បង្កើតគណៈ​កម្មការ​អន្តរក្រសួង​មួយ ដែល​មាន​ក្រសួង​ទេស​ចរណ៍វប្ប​ធម៌ អប់រំ​យុវជន និង កីឡា អង្គការ UNESCO ជាតិ សហព័ន្ធ​ប្រដាល់ សហព័ន្ធ​ល្បុក្កតោ រៀបចំដាក់ បញ្ចូល​ក្បាច់​គុនល្បុ​ក្ក​តោ​ ទៅ​ក្នុង​បញ្ជី​វ​ប្បធម៌​អរូបិយ​ពិភព​លោក តែ UNESCO គេបានរុញ​មក​វិញ តែយើង​នៅមានឱកាស​ដាក់​ទៅបន្តទៀត ។
លោក​បន្តថា កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា SEA Games ឆ្នាំ២០២៣ ហើយ​កម្ពុជា​ត្រូវដាក់​ក្បាច់​គុន​ល្បុក្ក​​​តោនេះ ទៅក្នុង​កម្មវិធី​ប្រកួត ។ ដើម្បី​ដាក់បាន កម្ពុជា​ត្រូវការ​គាំទ្រពី​ប្រទេស​ក្នុងតំ​បន់ចំនួន៥ ហើយ​កម្ពុជា​ត្រូវបញ្ជូន​គ្រូ អ្នក​បច្ចេក​ទេសទៅ​ជួយ​បង្ហាត់​ដល់​ប្រទេស ដែល​បាន​គាំ​ទ្រទាំងនោះ​​ផង ។ កត្តាសំ​ខាន់​គឺជាតិ​ទាំងមូលត្រូវតែឯ​ក​ភាព​គ្នា​ឲ្យច្បាស់​លាស់ ជាមុនសិន ៕





ក្រុមជំនួយការសម្តេចតេជោ នាំយកអំណោយចែកជូនប្រជាជនទីទាល់ក្រនៅខេត្តកណ្តាល (ប្រភពពី GNN)

បន្ទាប់ពីចូលឆ្នាំសកល២០១៦ ជាងមួយសប្តាហ៍កន្លងមក ពោលគឺនៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០១៦ ក្រុមជំនួយការសម្តេចតេជោ ហ៊ុន សែន ដឹកនាំដោយលោក ហ៊ិន សុវុឌ្ឍ រួមដំណើរដោយ លោក មាស សុគន្ធមុនី និងលោក មាស វុត្ថា រួមជាមួយលោកស្រី ឡេង ច័ន្ទរស្មី, លោកស្រី ព្រំ សុទ្ធីរ៉ា និងលោកស្រី ប៉ែន ច័ន្ទសំអាង បានចុះមកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងបានចែកនូវអំណោយ សម្តេចតេជោ ហ៊ុន សែន ជូនក្រុមគ្រួសារក្រីក្រ ចំនួន ១០គ្រួសារ ដែលមួយគ្រួសារៗទទួលបាន៖ អង្ករ១ការ៉ុង (១០គីឡូក្រាម) និង មីយើង ពីរកេស។

ទន្ទឹមហ្នឹងនេះដែរ ក្រុមជំនួយការសម្តេចតេជោ បានប្រគេនព្រះសង្ឃ គង់នៅវត្ត វិហារត្រាញ់ នូវអង្ករចំនួន ៥០គីឡូក្រាម និង មីយើង ចំនួន២កេសផងដែរ តាមប្រពៃណីទំនៀមទម្លាប់នៃការគោរពប្រណិប័តព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ ក្នុងពីធីចែកអំណោយសប្បុរសធម៌នេះ លោក ហ៊ិន សុវុឌ្ឍ បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចជាមេដឹកនាំកំពូលរបស់រដ្ឋ មានព្រហ្មវិហារធម៌ ទឹកចិត្តស្រឡាញ់ប្រជាជន និង តែងតែគិតគូរដល់ការលំបាករបស់ប្រជាពលរដ្ឋ ជាក់ស្តែងថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ដោះស្រាយភ្លាមៗ ពាក់ព័ន្ធនឹងជីវភាពប្រជាជន ដូចជា៖ លុបចោល ការចំណាយលើពន្ធប្រថាប់ត្រា សម្រាប់ការកាត់ឈ្មោះផ្ទេរមរតកពី ឪពុកម្តាយទៅកូន ឬពីប្តីទៅប្រពន្ធ, លើកលែងការធ្វើប័ណ្ណបើកបរ ចំពោះម៉ូតូដែលមានកំលាំង១២៥ cc ចុះ, លុបចោល ការបង់ប្រាក់ថ្លៃឆ្លងកាត់ផ្លូវ វ៉េងស្រេងផ្លូវជាតិលេខ៤ ជាដើម។  ឆ្លើយតបនឹងការគិតគូរជូនប្រជាពលរដ្ឋនេះ សម្តេចតេជោ ហ៊ុន សែន បានសុំឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ដែលមានសារៈសំខាន់សម្រាប់អាយុជីវិត រូបរាងកាយ និងទ្រព្យសម្បត្តិ៕



សម្តេច ហ៊ុន សែន បង្ហោះ​អំពីការទស្សន៍​ទាយរបស់ហោរាសាស្ត្រ​ថៃដ៏ល្បីមួយរូប ទាយពីនយោ​បាយកម្ពុជា

នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនូវអត្ថប​ទ​ទស្សន៍​ទាយ របស់ហោរាសាស្ត្រថៃ​ដ៏ល្បីមួយរូប លើPage ផ្លូវការរបស់សម្តេច ដែលសម្តេចបាន​លើក​ឡើងថា ការទស្សន៍ទាយ​នោះត្រូវនោះមហាសែនត្រូវ។

នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច ហ៊ុន សែន បានលើក​ឡើងថា ការទស្សន៍ទាយ​នេះមិនមែន​ទើបតែធ្វើឡើងថ្មីៗ​នេះទេ ប៉ុន្តែសម្តេច ទើបតែបានអាន។  «ខ្ញុំមិនដែលបាន​អាននូវអត្ថបទ​កាសែតថៃ ដែលចុះផ្សាយពីគ្រូទាយថៃ​ដែលបានទាយពីនយោបាយខ្មែរនោះទេ។ ចៃដន្យ ខ្ញុំឃើញអត្ថបទ​នេះមុននេះ៤ថ្ងៃ ខ្ញុំឆ្លៀតអាន​ក៏ប្រទះឃើញលើ​ចំណុចអ្នកនយោបាយ​ខ្លះចង់​បោកខ្ញុំ តែត្រូវខ្ញុំដឹងក៏វាយបំផ្លាញ​ចោលវិញនូវល្បិចដ៏​អាក្រក់នោះ។ ត្រូវមហា​សែនត្រូវលើ​ចំណុចនេះ»


ជាចុងក្រោយ​សម្តេចតេជោ បានបន្ថែមថា សូមផ្តាំផ្ញើថា អ្នកបោកប្រាស់ ហ៊ុន សែន បាន មិនទាន់កើតពី​ផ្ទៃម្តាយនៅឡើយទេ ហើយសូមកុំប្រាថ្នាបោក​ប្រាស់តទៅទៀត។ បើចង់​លេងជា​មួយ ហ៊ុន សែន គឺសុំតែការ​ស្មោះត្រង់​ប៉ុណ្ណោះ៕