Monday, January 18, 2016

ក្រុមជំនួយការសម្តេចតេជោ នាំយកអំណោយចែកជូនប្រជាជនទីទាល់ក្រនៅខេត្តកណ្តាល (ប្រភពពី GNN)

បន្ទាប់ពីចូលឆ្នាំសកល២០១៦ ជាងមួយសប្តាហ៍កន្លងមក ពោលគឺនៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០១៦ ក្រុមជំនួយការសម្តេចតេជោ ហ៊ុន សែន ដឹកនាំដោយលោក ហ៊ិន សុវុឌ្ឍ រួមដំណើរដោយ លោក មាស សុគន្ធមុនី និងលោក មាស វុត្ថា រួមជាមួយលោកស្រី ឡេង ច័ន្ទរស្មី, លោកស្រី ព្រំ សុទ្ធីរ៉ា និងលោកស្រី ប៉ែន ច័ន្ទសំអាង បានចុះមកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងបានចែកនូវអំណោយ សម្តេចតេជោ ហ៊ុន សែន ជូនក្រុមគ្រួសារក្រីក្រ ចំនួន ១០គ្រួសារ ដែលមួយគ្រួសារៗទទួលបាន៖ អង្ករ១ការ៉ុង (១០គីឡូក្រាម) និង មីយើង ពីរកេស។

ទន្ទឹមហ្នឹងនេះដែរ ក្រុមជំនួយការសម្តេចតេជោ បានប្រគេនព្រះសង្ឃ គង់នៅវត្ត វិហារត្រាញ់ នូវអង្ករចំនួន ៥០គីឡូក្រាម និង មីយើង ចំនួន២កេសផងដែរ តាមប្រពៃណីទំនៀមទម្លាប់នៃការគោរពប្រណិប័តព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ ក្នុងពីធីចែកអំណោយសប្បុរសធម៌នេះ លោក ហ៊ិន សុវុឌ្ឍ បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចជាមេដឹកនាំកំពូលរបស់រដ្ឋ មានព្រហ្មវិហារធម៌ ទឹកចិត្តស្រឡាញ់ប្រជាជន និង តែងតែគិតគូរដល់ការលំបាករបស់ប្រជាពលរដ្ឋ ជាក់ស្តែងថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ដោះស្រាយភ្លាមៗ ពាក់ព័ន្ធនឹងជីវភាពប្រជាជន ដូចជា៖ លុបចោល ការចំណាយលើពន្ធប្រថាប់ត្រា សម្រាប់ការកាត់ឈ្មោះផ្ទេរមរតកពី ឪពុកម្តាយទៅកូន ឬពីប្តីទៅប្រពន្ធ, លើកលែងការធ្វើប័ណ្ណបើកបរ ចំពោះម៉ូតូដែលមានកំលាំង១២៥ cc ចុះ, លុបចោល ការបង់ប្រាក់ថ្លៃឆ្លងកាត់ផ្លូវ វ៉េងស្រេងផ្លូវជាតិលេខ៤ ជាដើម។  ឆ្លើយតបនឹងការគិតគូរជូនប្រជាពលរដ្ឋនេះ សម្តេចតេជោ ហ៊ុន សែន បានសុំឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ដែលមានសារៈសំខាន់សម្រាប់អាយុជីវិត រូបរាងកាយ និងទ្រព្យសម្បត្តិ៕



No comments:

Post a Comment