Monday, January 18, 2016

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បើកកិច្ចប្រជុំវាយតម្លៃពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដោយបានអះអាងថា ច្រកនាំចេញឈើទៅប្រទេសវៀតណាមទំាងអស់ត្រូវបានបិទទាំងស្រុង (ប្រភពពី GNN)

នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំរៀបចំផែនការស្តីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ក្រៅពីនោះក៏មានការចូលរួមពីសំណាក់ អនុប្រធាន សមាជិក នៃគណៈកម្មការជាតិជាច្រើនរូបទៀតផងដែរ ។

នៅក្នុងកិច្ចប្រជុំនោះផងដែរគឺជាកិច្ចប្រជុំលើកដំបូង ហើយឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសថា ការនាំឈើចេញ នៅតាមច្រកព្រំដែនវៀតណាម ទាំងអស់ត្រូវបិទទាំងស្រុង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការរៀបចំ និងប្រព្រឹត្តិទៅនៃបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ។ គណៈកម្មការនេះ ដឹកនាំដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានសមាសភាពចំនួន១០រូបផ្សេងទៀត។

គួររំលឹកដែរថា សម្តេចតេជោ ធ្លាប់បានធ្វើការព្រមាននៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ ដោយសម្តេចតេជោ ហ៊ុន សែន បានចុចចំពោះក្រុមឧកញ៉ា ដែលរកស៊ីកាងឈើ រួមមាន៖ ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា និង ស៊ឹង សំអុល។ សម្តេចតេជោ បញ្ជាឲ្យអភិបាលខេត្តត្បូងឃ្មុំ ប្រាជ្ញចន្ទ និង អភិបាលស្រុកមេមត់ចាត់ការទៅលើឧកញ៉ាកាងឈើទាំងពីរនាក់នេះ ប្រសិនបើមិនចង់ជ្រុះស័ក្តិ។

សម្តេចតេជោ បានព្រមានធ្ងន់ៗទៅលើឈ្មួញ និងអ្នកឃុបឃិតបើកដៃឲ្យមានការ រត់ពន្ធឈើទៅប្រទេសវៀតណាម ហើយបានចេញបញ្ជាឲ្យបិទគ្រប់ច្រករត់ពន្ធឈើទៅប្រទេសវៀតណាមផងដែរ៕




No comments:

Post a Comment