Monday, March 02, 2015

លោកស្រី ​កែ ​សុវណ្ណរតន៍ ​រងការរិះគន់​ និង​ទាមទារ​ឲ្យដូរចេញ​ពីតួនាទី​ជាប្រធាន​ក្រុមការងារ​ខេត្តសៀមរាប

នៅព្រឹក​ថ្ងៃទី២​ ខែមីនា​ ឆ្នាំ២០១៥​នេះ​ នៅមុខ​ស្នាក់​ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​សង្កាត់​ចាក់​អង្រែ​លើ ​រាជធានី​ភ្នំពេញ​ បានផ្ទុះ​ការតវ៉ា​ ពី​សំណាក់​សមាជិក​ និងអ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ខេត្ត​សៀមរាប​ ប្រមាណ​ជា ៥០​នាក់​ ដោយ​ពួកគេ​បាន​ស្រែក​ទាមទារ​ថា​ ដូរ​ ដូរ​ ដូរ​ ដូរ​លោកស្រី ​កែ​ សុវណ្ណរតន៍​ ចេញ​ពីតួនាទី​ជា​ប្រធាន​ក្រុមការ​ងារ​ខេត្ត​សៀម​រាប។
យោង​តាម​លិខិត​ស្នើសុំ​ដោះដូរ​ផ្ញើជូន​ លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​ និង​លោក​ កឹម​ សុខា ​អនុ​ប្រធាន​ ក្រុម​អ្នក​តវ៉ា​ បាន​លើក​ឡើង​ថា​ ពួកគេ​ចង់បាន​ការផ្លាស់​ប្តូរ​សង្គម​មួយ​ ពី​ភាព​អយុត្តិធម៌​ ដើម្បី​ឲ្យ​សង្គម​មួយ​ប្រកប​ដោយ​ភាព​យុត្តិធម៌។​ ក្រុម​អ្នក​តវ៉ា​ បាន​បន្តទៀត​ថា​ មាន​សម្រែក​ដូរៗ​ នៃពលរដ្ឋ​ខ្មែរ​ ជាពិសេស​យុវជន​ស្រែក​កង​រំពង​ពេញ​ ទីក្រុង​សៀម​រាប ​គឺ​ចង់បាន​សង្គម​មួយ​មាន​យុត្តិធម៌​ មាន​ភាព​ស្អាត​ស្អំ ​តាមរយៈ​គណបក្ស​សង្គ្រោះ​ជាតិ​ ដូចនេះ​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវតែ​កែទម្រង់​ផ្ទៃ​ក្នុង​បក្ស​ឲ្យមាន​យុត្តិធម៌​ និង​ស្អាតស្អំ​ជាមុន​សិន​ មុន​និង​ចង់ផ្លាស់​ប្តូរ​សង្គម។
ក្រុមអ្នក​តវ៉ា​បានបង្ហាញ​ជំហរ​យ៉ាង​មុត​មាំ​ថា ​ប្រសិន​បើ​គ្មាន​ការផ្លាស់​ប្តូរ​លោក​ស្រី​ កែ ​សុវណ្ណរតន៍​ ដែល​ជាភរិយា​របស់​លោក​ យឹម​ សុវណ្ណ​ មន្ត្រី​មាន​ឥទ្ធិពល​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ចេញទេ​ ពួកគេ​នឹងបន្ត​តវ៉ា​ប្រឆាំង​ នៅស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ខេត្ត​សៀម​រាប​ និងនៅ​ភ្នំពេញ​ជារៀង​រហូត។
ជាមួយ​នឹងការ​ស្រែកថា​ ដូរៗ​ ក្រុមអ្នក​តវ៉ា​ ក៏បាន​លើក​បដាមួយ​ចំនួន​ដោយ​សរសេរ​ថា ​លោកស្រី​ កែ ​សុវណ្ណរតន៍​ ត្រូវដូរ​ចេញ​ពីខេត្ត​សៀមរាប។
គួរ​បញ្ជាក់​ថា​ លោកស្រី​ កែ​ សុវណ្ណរតន៍​ ជា​តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប​ និង​ជា​ប្រធាន​ក្រុម​ការងារ​នៅ​ខេត្ត​សៀមរាប​ និង​ត្រូវ​ជា​ប្រពន្ធ​ដើម​របស់​លោក​ យឹម​ សុណ្ណ ​តំណាង​រាស្ត្រ​មណ្ឌល​ភ្នំពេញ​ និង​ជាអ្នក​នាំ​ពាក្យ​គណបក្ស​ង្គ្រោះជាតិ​ ដ៏មាន​ឥទ្ធិពល​ម្នាក់​ក្នុង​បក្ស​នេះ៕
អត្ថបទ៖ ច័ន្ទ ទេវី