Thursday, June 30, 2016

ឯកឧត្តម អ៊ិត សំហេង៖ កម្ពុជាបានឈានដល់ដំណាក់កាល ប្រែក្លាយពីប្រទេសកសិកម្ម ទៅជាប្រទេសពឹងផ្អែកលើឧស្សាហកម្ម

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលការពង្រឹងគុណភាព និងផលិតភាពការងារនាទីស្ដីការក្រសួងការងារ ថា កម្ពុជាបានឈានដល់ដំណាក់កាល នៃការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចហើយ ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្មទៅជាប្រទេសពឹងផ្អែកលើវិស័យឧស្សាហកម្មកម្រិតមធ្យម និងជាប្រទេសមានចំណូលកម្រិតមធ្យម នាពេលដ៏ខ្លីខាងមុខ។
ក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ិត សំហេង បានលើកឡើងថា រាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ដើម្បីកែទម្រង់កំណើនការងារ សមធម៌និងប្រសិទ្ធភាពនៅកម្ពុជា សំដៅធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ បង្កើនឱកាសការងារ ពង្រឹងសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជា     ជីវៈ ឱ្យស្របតាមទីផ្សារការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ឯកឧត្តម អ៊ិត សំហេង បានបន្តថា ស្របនឹងគោលនយោបាយខាងលើ កាលពីពេលប្រារព្ធទិវាពលកម្មអន្តរជាតិ នាថ្ងៃទី០១ឧសភា កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ដាក់ចេញនូវទិសស្លោក «លើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ ស្ថិរភាពផលិតកម្ម ផលិតភាពការងារ» ដើម្បីផ្សាភ្ជាប់ទៅនឹងកំណែទម្រង់ស៊ីជម្រៅ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ សំដៅផ្លាស់ប្ដូរពីឧស្សាហកម្មដែល មានតម្លៃបន្ថែមទាប ទៅជាឧស្សាហកម្មដែលមានតម្លៃ      ខ្ពស់។
ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមទៀតថា  អ៊ិត សំហេង «ដោយសារកិច្ចខិតខំប្រឹងប្រែងទាំងរាជរដ្ឋាភិបាល និងក្រសួងការងារផ្ទាល់ ទើបធ្វើឱ្យប្រទេសកម្ពុជា បានឈានដល់ដំណាក់កាលនៃការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចពីប្រទេសកសិកម្ម ទៅជាប្រទេសពឹងផ្អែកលើវិស័យឧស្សាហកម្ម កម្រិតមធ្យម ក្នុងពេលឆាប់ៗខាងមុខ»
សូមជម្រាបថា ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម រដ្ឋមន្រ្តី អ៊ិត សំហេង ក៏បានបង្ហាញពី ផែនការយុទ្ធសាស្រ្តទាំង១១ចំណុច ដែលបាននិងកំពុងអនុវត្តលើវិស័យការងាររយៈពេល៤ឆ្នាំ (២០១៤-២០១៨) និងដាក់ឱ្យមានការបណ្ដុះបណ្ដាលបន្ថែមដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមជាច្រើននាក់៕




ប្រភព៖ GNN

គណៈ​កម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នៃ​ក្រសួងទេសចរណ៍​ប្រកាសជា​ផ្លូវការ​នូវ​យុទ្ធនាការ «កម្ពុជាស្អាត» (Cambodia Cleanup)

នៅ​​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​​២០១៦​នេះ គណៈកម្មាធិការជាតិ​វាយ​តម្លៃ​​ទីក្រុ​ងស្អាត​​បានចេញសេចក្តី​ជូន​ដំណឹង​មួយ​ចុះ​​​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ដោយ​ឯកឧត្តម ថោង ខុន ​រដ្ឋមន្ត្រី​​ក្រសួង​ទេសចរណ៍ ​​ប្រកាស​ផ្សព្វផ្សាយ​​ជាផ្លូវការ​នូវ​​យុទ្ធនាការ «កម្ពុជាស្អាត» ដោយ​បាន​​បង្កើត​គេហទំព័រ​ផ្លូវការ WWW.Cambodiacleanup.com និងគេហទំព័រ Facebook មួយ​ផង​ដែរ​​សម្រាប់​​ផ្តល់​លទ្ធភាព​ដល់​​យុវជន ប្រជា​ពលរដ្ឋ​ ផ្នែក​ឯកជន​ អាជ្ញាធរ​មូលដ្ឋាន​​ដែល​ចង់​ចូលរួម​សកម្ម​ភាព​សម្អាត​ជាអចិន្ត្រៃយ៍​នេះ។
សេចក្តី​ជូន​ដំណឹង​បាន​​ស្នើឲ្យ​​មន្ទីទេស​ចរណ៍រាជធានី​​ខេត្តទាំងអស់​ ត្រូវរៀប​ចំចលនា​សម្អាត​នៅ​ទីក្រុង​​ភូមិសាស្ត្រ​​​រាជធានី ខេត្ត​ ក្រុង-ខណ្ឌ របស់ខ្លួន​ យ៉ាង​ហោច​ណាស់​ឲ្យបាន ១ដង​​ក្នុង​មួយខែ និងរៀប​ចំចល​នាបញ្ច្រាប​​ការយល់​ដឹង​​ពី​ផល​ប៉ះពាល់​ Plastic ១ដង ក្នុង​មួយខែ។

បន្ថែម​ពីលើ​នេះមន្ទី​ទេសចរណ៍​រាជធានី​​ខេត្តទាំងអស់ ​ត្រូវធ្វើ​ជារបាយ​ការណ៍​ម​កគណៈ​​កម្មាធិការជាតិវាយត​ម្លៃទី​ក្រុងស្អា​តជាប្រ​ចាំ​នូវ​ចល​នាខាង​លើនេះ តាម​រយៈការ​ផ្ញើនូវ​ព័​ត៌មាន​រូបភា​ព​ទៅកាន់​ Telegram NCCA ដែល​​មាន​ទូរស័​ព្ទលេខ ០១៧ ៦០៨ ៣៣៤ ដើម្បី​បង្ហោះ​លើ​​គេហទំព័រ Facebook របស់​ក្រសួងទេស​ចរណ៍​ជាប្រចាំខែ។​


ក្រសួងយុត្តិធម៌ ប្រឡងជ្រើសរើសនិស្សិតចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋ ជាមន្រ្ដីរដ្ឋបាល តាមសាលាជម្រះក្ដីរាជធានី-ខេត្ត ចំនួន២៣៩នាក់

យោងតាមលិខិតលេខ ៤៨៧មស.ក្រខ និងឧបសម្ព័ន្ធលេខ ៤៨៧មស.ក្រខ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ របស់ក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ នៃក្រសួងយុត្តិធម៌ បានប្រកាស​ជូន​ដំណឹង​ដល់​សិស្សនិស្សិតទាំងពីរភេទ និងមន្រ្តីរាជការឲ្យបានជ្រាបថា៖ អគ្គនាយក​​ដ្ឋាន​​​​កិច្ចការ​រដ្ឋ​បាល​តុលា​ការ  នៃក្រសួងយុត្តិធម៌ នឹងរៀបចំការប្រឡងជ្រើសរើសបេក្ខជនទាំងពីរភេទ ចំនួន​២៣៩​កន្លែង ប្រភេទនៃក្របខ័ណ្ឌ(ក) ចំនួន១៥៦កន្លែង ប្រភេទក្របខ័ណ្ឌ(ខ) ចំនួន៧៤កន្លែង និង​ប្រភេទក្របខ័ណ្ឌ(គ) ចំនួន០៩កន្លែងឲ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល តុលាការ សាលាឧទ្ធរណ៍តំបន់ខេត្តត្បូងឃ្មុំ សាលាឧទ្ធណ៍តំបន់ខេត្តបាត់ដំបង និង​នៅ​លេខាធិការដ្ឋានរដ្ឋបាល សាលាដំបូងរាជធានី-ខេត្ត។
បេក្ខជនដែលដាក់ពាក្យសុំសិទ្ធិប្រឡង ត្រូវ​​​​មកដាក់ពាក្យដោយផ្ទាល់ខ្លួន នៅ​នាយក​ដ្ឋាន​កិច្ច​ការ​បុគ្គលិក នៃសាលាជម្រះក្ដី នៃ​អគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការក្រសួងយុត្តិធម៌។ ចំពោះ​បេក្ខជន ជាជនពិការ​ទាំងពីរភេទ ដែលមានសមត្ថភាពសមស្រប ត្រូវបាន​លើក​ទឹក​ចិត្ត។ ចាប់ទទួលពាក្យចុះឈ្មោះប្រឡង ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ នៅ​នាយកដ្ឋាន​កិច្ច​​ការបុគ្គលិកនៃសាលាជម្រះក្ដី នៃអគ្គនាយកដ្ឋានកិច្ចការ រដ្ឋបាលតុលាការ ក្រសួងយុត្តិធម៌ រៀងរាល់ម៉ោងធ្វើការ។ ឈប់ទទួលពាក្យនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៦ វេលា​ម៉ោង​៥ល្ងាច៕
សូមមើលតារាងបែងចែកក្របខ័ណ្ឌ និងលក្ខខ័ណ្ឌកំណត់ដូចខាងក្រោម៖








សម្តេ​ចតេជោ ហ៊ុន សែន បន្ធូរបន្ថយ​វិធានការលើឧ​ត្តមសេនីយ៍ផ្កាយ៣ ម៉ម ស្រ៊ីមវណ្ណា មកត្រឹមដ​កតួនាទីពីអគ្គនាយ​ករង នៃអគ្គនា​យកដ្ឋានអន្តោ​ប្រវេសន៍

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចកែតម្រូវ ដោយបន្ធូរបន្ថយវិធានការលើឧត្តមសេនីយ៍ ម៉ម   ស្រ៊ីមវណ្ណា មកត្រឹមដកតួនាទីពីអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ប៉ុន្តែរក្សាទុកឋានន្តរស័ក្តជាឧត្តមសេនីយ៍ឯក                    នៃនគរបាលជាតិតទៅទៀត នេះបើយោងតា​មទំព័រ​ហ្វេសប៊ុក​រ​បស់​សម្តេច​តេជោ ហ៊ុន សែន​ នាយ​ករដ្ឋ​មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែ​លមាន​ឈ្មោះថា Samdech  Hun Sen, Cambodian Prime Minister នៅព្រឹកថ្ងៃនេះទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ
សម្តេចតេជោ បានបញ្ជាក់ទៀតថា នាពេលខាងមុខប្រសិនឯកឧត្តមឧត្តមសេនីយ៍​ឯក ម៉ម ស្រ៊ីម  វណ្ណា ស្គាល់កំហុស និងធ្វើការកែប្រែក្រសួងមហាផ្ទៃអាចលើកសំណើរតែងតាំងក្នុងមុខដំណែងណាមួយសមស្រប។ នេះជាឱកាសសំរាប់ការកែខ្លួន ក្នុងករណីយមិនកែប្រែវិន័យនឹងមានបន្តទៀត។ 
សម្តេចតេជោ ហ៊ុន សែន បានសម្រេចធ្វើការកែតម្រូវលើវិធានការ ចំពោះឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ម ស្រ៊ីមវណ្ណា ដូចខាងក្រោម៖
១៖ អនុវត្តវិន័យចំពោះលោកឧត្តមសេនីយ៍ ម៉ម ស្រ៊ីមវណ្ណា ដោយដកតួនាទីពីអគ្គនាយករងនៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប៉ុន្តែរក្សាទុកឋានន្តរសក័្តជាឧត្តមសេនីយឯក នៃនគរបាលជាតិតទៅទៀត។   
នាពេលខាងមុខប្រសិនឯកឧត្តម ម៉ម ស្រ៊ីមវណ្ណា ស្គាល់កំហុសនិងធ្វើការកែប្រែ ក្រសួងមហាផ្ទៃ អាចលើកសំណើរតែងតាំងក្នុងមុខដំណែង ណាមួយសមស្រប។ នេះជាឱកាសសំរាប់ការកែខ្លួន ក្នុងករណីមិនកែប្រែ វិន័យនឹងមានបន្តទៀត។
២៖ ស្នងការនគរបាលរាជធានីត្រូវអប់រំមន្ត្រីនគរបាល ដែលប្រើពាក្យសំដីមិនគប្បី ហើយប្រគល់ការងារឲ្យធ្វើឡើងវិញ។
៣៖ ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ត្រូវធ្វើការអប់រំនគរបាលចរាចរណ៍ ទូទាំងប្រទេសអំពីសីលធម៌ សុជីវធម៌ វិន័យ។ល។ ត្រូវសុភាពរាបសារតែម៉ឺងម៉ាត់ក្នុងការអនុវត្ត       ច្បាប់។
៤៖ ខ្ញុំនឹងមានការរីករាយប្រសិនឯកឧត្តមឧត្តមសេនីយ៍ និងលោកអនុសេនីយ៍បានជួបគ្នារាប់អានគ្នាជំនួសឱ្យជម្លោះកន្លងមក។
៥៖ អំពាវនាវបងប្អូនជនរួមជាតិ គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងសូមចូលរួមផ្តល់មតិលើចំណុចខ្វះខាតចំពោះមន្ត្រី ដែលអនុវត្តច្បាប់ប្រព្រឹត្តមិនគប្បី ចំពោះប្រជាពលរដ្ឋ។
ខ្ញុំសង្ឃឹមថា ដំណោះស្រាយនេះនឹងទទួលបានការគាំទ្រ។ ខ្ញុំសំរាកបានត្រឹម២ម៉ោងប៉ុណ្ណោះ ដោយសាររឿងមួយនេះ។
សូមជំរាបថា ការសម្រេចដកតួនាទី ឧត្តមសេនីយ៍​ផ្កាយ៣មួយរូបនោះ ធ្វើឡើងបន្ទាប់មន្ដ្រីនគរបាលចរាចរណ៍ម្នាក់​ បានសុំកិច្ចអន្ដរាគមន៍ពីសម្ដេចក្រឡាហោម​ ស​ ខេង​ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ​ ដោយសារតែអង្គភាពរបស់ខ្លួ​នដកបញ្ឈជើង​ ក្រោយពីមន្ដ្រីនគរបាលចរាចរណ៍រូបនេះ បានផាកពិន័យរថយន្ដ ដែលបើកបរមិនគោរពភ្លើងសញ្ញា​ ប៉ះចំរថយន្ដឯកឧត្តមឧត្តមសេនីយ៍ពាក់ផ្កាយ៣ម្នាក់ ដែលត្រូវគេទម្លាយថា គឺលោក ម៉ម ស្រ៊ីវណ្ណា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។ នេះបើយោងតាមគណនីយ Facebook មួយឈ្មោះ​ សុវណ្ណ​ រីហ្គេន​ ដែលបានបង្ហោះនៅថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ២០១៦។
ក្នុងគណនី Facebook នោះបាន​បញ្ជាក់ថា​ «ខ្ញុំបាទឈ្មោះ​ សូត្រ​ កញ្ញា​ អត្តលេខ៦៧៩៦៨​ ជាមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ​ នៅថ្ងៃទី២៧​ ខ្ញុំបានឃាត់ឡានមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AA-9562 ដែលបើកបរមិនគោរពភ្លើងសញ្ញា​ ហើយថែមទាំងមិនទទួលខុសត្រូវ​ និយាយមិនសមរម្យ មកលើខ្ញុំបាទ​ ដោយបាននិយាយប្រាប់ខ្ញុំថា​ ខ្លួនជាឧត្តមសេនីយ៍ហែ្អងអត់ស្គាល់អញទេ​ ឥឡូវខ្ញុំត្រូវបានអង្គភាពដកបញ្ឈរជើង»



ឯកឧត្តមទេសរដ្ឋមន្ត្រី​ ថោង ខុន ស្នើជំរុញប្រទេសចិន​បង្កើនកិច្ចសហប្រតិបត្តិការ​លើវិស័យទេសចរណ៍ឲ្យកាន់តែ​ទូលំទូលាយថែមទៀត

នៅល្ងាចថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានជួបប្រជុំជាមួយភាគីមកពីប្រទេសចិន និងបានស្នើជំរុញឱ្យប្រទេសមហាអំណាចមួយនេះ បង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការដោះដូរនូវបទពិសោធន៍គ្នាទៅវិញទៅមក នៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន លើវិស័យទេសចរណ៍ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត សំដៅបង្កើនចំនួនភ្ញៀវទេសចរចិន មកទស្សនាកម្ពុជាឱ្យតែច្រើនឡើងៗ។
ឯកឧត្តមរដ្ឋមន្រ្តី    ថោង    ខុន    ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាជាមួយលោកស្រី Yang Xiuping អគ្គលេខាធិការមជ្ឈមណ្ឌល អាស៊ាន-ចិន នាទីស្ដីការក្រសួងទេសចរណ៍ដោយបានលើកឡើងថា ក្រសួងទេសចរណ៍បានឯកភាពទៅលើការពង្រឹងនូវកិច្ចសហប្រតិបត្តិការ ជាមួយមជ្ឈមណ្ឌល អាស៊ាន-ចិន ទាំងក្នុងក្របខណ្ឌកម្ពុជា-អាស៊ាន និងក្របខណ្ឌកម្ពុជា-ចិន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមក ទស្សនាកម្ពុជា កាន់ច្រើនឡើងៗ។ ស្របទៅនឹងការឯកភាពនៃការទាក់ទាញភ្ញៀវទេសចរនេះ កាលពីពេលថ្មីៗកន្លងទៅ ក្រសួងទេសចរណ៍ បានរៀបចំដាក់ចេញនូវសៀវភៅសស្ដីពី China Ready សម្រាប់បណ្ដុះបណ្ដាលអ្នកទេសចរកម្ពុជា    ដែលស្របនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍អាស៊ាន     (ATSP) ឆ្នាំ២០១៦-២០២៥ ក៏ដូចជាផែនការយុទ្ធសាស្រ្តទីផ្សារទេសចរណ៍របស់អាស៊ាន (ATMS) សំដៅត្រៀមទទួលភ្ញៀវទេសចរចិន ប្រមាណ២លាននាក់ នៅឆ្នាំ២០២០។
លោកស្រី Yang Xiuping បានលើកឡើងថា នេះជាលើកទី១ហើយ ដែលប្រទេសនៅក្នុងអាស៊ានទាំង១០ មានកម្ពុជា ដែលមានការរៀបចំនូវគោលនយោបាយបែបនេះ និងបានរៀបចំជាឯកសារខាងលើនេះឡើង ដោយលោកស្រី បានសុំយកឯកសារទាំងនោះ ទៅប្រទេសចិនវិញ ដើម្បីផ្សព្វផ្សាយក្នុងមជ្ឈមណ្ឌលអាស៊ាន-ចិន របស់លោកស្រីផ្ទាល់ និងចែករំលែកបទពិសោធន៍ទាំងនេះទៅកាន់ប្រទេសដទៃក្នុងអាស៊ាន និងក្នុងពិភពលោកបន្តទៀតផងដែរ។ ជាការឆ្លើយតបនឹងការលើកឡើងខាងលើរបស់លោកស្រី Yang Xiuping ដោយលោកស្រីបានសម្ដែងនូវការភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំង។
ជាមួយនឹងការលើកសរសើរខាងលើ ឯកឧត្តមទេសរដ្ឋមន្រ្តី ថោង ខុន ក៏បានស្នើឱ្យភាគីចិន     មានក្រុមការងាររបស់មជ្ឈមណ្ឌលនេះជាដើម        ដើម្បីជំរុញឱ្យមានការដោះដូរនូវបទពិសោធន៍     នៃការរៀបចំជាសិក្ខាសាលារួមគ្នារវាងកម្ពុជា-ចិន     ​  និងជំរុញឱ្យមានអ្នកវិនិយោគទុន និងក្រុម Farm Trip ព្រមទាំងជួយជំរុញនូវការដោះដូរអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សាព្វផ្សាយ Media សំដៅបង្កើនការផ្សព្វផ្សាយលើវិស័យទេសចរណ៍កម្ពុជា ឱ្យកាន់តែទូលំទូលាយបថែមទៀត។

សូមបញ្ជាក់ផងដែរថា ក្រសួងទេសចរណ៍កម្ពុជាកាលពីពេលកន្លងទៅនេះ បានរៀបចំសហការទទួលអ្នកសារព័ត៌មានចិន និងក្រុម Farm Trip ក៏ដូច ជាក្រុមថតខ្សែភាពយន្ត ដែលបានមកថតនៅកម្ពុជា ហើយក្នុងឆ្នាំ២០១៦នេះ ផលិតកម្មភាពយន្តចិន នឹងបញ្ជូនក្រុមអ្នកថតកុនឱ្យមកថត ខ្សែភាពយន្តចិន នៅប្រទេសកម្ពុជាមួយទៀត ដែលត្រៀមនឹងចាក់បញ្ចាំងនៅប្រទេសចិនផ្ទាល់ ដែលនេះ ជាការចូលរួមផ្សព្វផ្សាយ វិស័យទេសចររបស់កម្ពុជា ទៅកាន់ពិភពលោកឱ្យស្គាល់កាន់តែច្បាស់ថែមទៀត តាមរយៈការទស្សនាខ្សែភាពយន្តនេះ៕



សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៥





Wednesday, June 29, 2016

សម្តេចតេជោ ហ៊ុន សែន ៖​ ការអនុវត្តច្បាប់ចំពោះលោក​ កឹម សុខា​ មិនមានការលើកលែងឡើយ​ បើមិនទៅរកគុក​ ក៏គុកទៅរកដែរ!

សម្តេចតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្រ្តី ​បានព្រមានធ្ងន់ៗថា កា​រអនុវត្តន៍ច្បាប់ ​ចំពោះលោក   កឹម     ​​​​​​ ​​​​សុខា ​ប្រធានស្តីទី​គណបក្សសង្រ្គោះជាតិ ​មិនមានការលើក​លែងឬរាថយ ​ឡើយបើទោះ​បីលោក កឹម សុខា​ មិនទៅរកគុក​ ក៏គុកទៅរកលោក​ដែរហើយអ្នក​គាំទ្រមិនអាចការពារ​ចំពោះការអនុវត្ត​ច្បាប់ របស់​សមត្ថកិច្ចបានដែរ។
​សម្តេចតេជោបាន​មានប្រសាសន៍​ដូចនេះ ​នៅក្នុងឱកាស​អញ្ជើញជាអធិបតី​ក្នុងពិធីអបអរ​សាទរខួប ​៦៥ឆ្នាំ  ​ ថ្ងៃកំណើត​រដ្ឋបាលគយ   ​ ​​និងរដ្ឋាករកម្ពុជា    ​នាព្រឹកថ្ងៃទី២៩ ​ខែមិថុនា ​ឆ្នាំ២០១៦នេះ ​សម្តេចតេជោ ​ហ៊ុន សែន ​បានផ្តាំទៅលោក ​កឹម សុខា ថា​ កុំឲ្យព្រហើន ​ការអនុវត្តច្បាប់នៅ​តែបន្តទៅមុខ​តាមប្រព័ន្ធតុលាការ​ គ្រាន់តែមិន​ទាន់ដល់ពេល​តែប៉ុណ្ណោះ។
លោក កឹម  សុខា    ​តាមរយៈបទ​សម្ភាសន៍ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅថ្ងៃម្សិល​មិញ បាន​លើកឡើងថា ​សម្តេចតេជោ    ​ហ៊ុន សែន ​កំពុងព្រួយបារម្ភ ​ចំពោះការចាញ់ឆ្នោត ​គ្រាដែល ​ប្រជាពលរដ្ឋ​កំពុងចង់បាន​ការផ្លាស់ប្តូរ។ ​សម្តេចតេជោ ​ហ៊ុន សែន​ បានបង្ហាញប្រតិកម្មខ្លាំង​   ​​​​   ចំពោះការលើក​ឡើងនេះ  ​​  ​ដោយបានបញ្ជាក់​ទៀតថា     ​បើទោះបីលោក កឹម សុខា ​បន្តពួនសម្ងំ​លាក់ខ្លួន​ នៅទីស្នាក់ការ​មិនហ៊ានចេញ​មុខយ៉ាងណាក្តី ​ក៏វិធានការនៅ​តែមានគ្រាន់តែមិ​នទាន់ដល់ពេល​តែប៉ុណ្ណោះ។ ​សម្តេចតេជោ​ ហ៊ុន សែន​ ក៏សុំឲ្យប្រទេស​កុំឲ្យលូកដៃ         ​និងប្រព័ន្ធតុលាការ​របស់កម្ពុជា       លើសំណុំរឿង​របស់លោក   កឹម សុខា ​ហើយមិន​ត្រូវយកបញ្ហា​ជំនួយ     មក​ដាក់ការកៀប​សង្កត់លើកម្ពុជា​នោះឡើយ។​

សូមបញ្ជាក់ថា ​រហូតមកដល់ថ្ងៃទី២៩ ​ខែមិថុនា ​ឆ្នាំ២០១៦នេះ ​លោក កឹម សុខា ​បានពួនសម្ងំ​ក្នុងទីស្នាក់ការ​អស់រយៈពេល​ជាងមួយខែ           ​ដើម្បីគេចពីការ​តាមច្បាប់​របស់កម្លាំងសមត្ថកិច្ច​ បន្ទាប់ពីរូប​លោកត្រូវបាន​តុលាការ ​ចោទប្រកាន់ថា ​បានប្រព្រឹត្តិបទ​ល្មើសជាក់ស្តែងព្រោះតែ ​ការប្រឆាំង​មិនព្រមចូលបំភ្លឺ ​តាមការកោះហៅរបស់​តុលាការ ​ចំនួនពីរដងពាក់ព័ន្ធ​សំណុំរឿង ​សញ្ចារកម្មក្នុង​នាមជាសាក្សី​៕

Tuesday, June 28, 2016

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថានអញ្ជើញ​ជាអធិបតីក្នុងពិធី បើកសិក្ខាសាលាបណ្តុះបណ្តាល​ស្តីពីការប្រែប្រួលអាកាសធាតុ

 នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខា​សាលា​ បណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់យុវជន ដោយមានការចូលរួមពីសិក្ខា​កាម​ប្រមាណជិត ១៥០នាក់ ដែលមកពីក្រសួងបរិស្ថាន សហភាពសហព័ន្ធយុវជនកម្ពុជា និងស្ថាប័ន​ពាក់ព័ន្ធនានា។ សិក្ខាសាលានេះ រៀបចំឡើងដោយអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍​ដោយចីរភាព និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុCCCA ដែលធ្វើឡើងក្នុងគោលបំណង​ដើម្បី​ពង្រឹងសមត្ថភាព ក៏ដូចជាលើកកម្ពស់ការយល់ដឹងដល់មន្ដ្រីរាជការ ជាពិសេសយុវជន សិស្ស-និស្សិត​អំពីបញ្ហាប្រែប្រួលអាកាសធាតុនេះ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានមានប្រសាសន៍ថា បញ្ហាប្រែប្រួល​អាកាសធាតុ​គឺជាបញ្ហា​សកល​ដែលយើង​ ទាំងអស់គ្នាត្រូវសិក្សាស្វែងយល់ និងចូលរួមក្នុងការបង្ការ និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ដើម្បីចូលរួមឆ្លើយតបទៅនឹងបញ្ហាប្រែប្រួលអាកាសធាតុនេះ ក្រសួងបរិស្ថានបានខិតខំកៀរគរជំនួយសម្រាប់អនុវត្ដបណ្ដាគម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនិងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នានា និងអប់រំផ្សព្វផ្សាយឱ្យប្រជាជនមានការផ្លាស់ប្តូរនូវឥរិយាបថ យល់ដឹងពីបច្ចេកទេសក្នុងការប្រមូលព័ត៌មាន និងរបៀបនៃការរស់នៅប្រចាំថ្ងៃ ព្រមទាំងមានការ​ចូល​រួម​អភិរក្សនូវធនធានព្រៃឈើទាំងអស់គ្នា ជាពិសេស​ការបញ្ជ្រាប​ចំណេះដឹង​អំពីការ​ប្រែប្រួល​អាកាស​ ធាតុសម្រាប់យុវជនដែលជាអ្នកបន្តវេនក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសជាតិនៅថ្ងៃអនាគត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈសិក្ខាសាលានេះ យុវជន​ដែល​ជា​សិក្ខាកាមនឹងយល់ដឹងកាន់តែច្បាស់អំពីមូលហេតុ ផលប៉ះពាល់ និងដំណោះ​ស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ហើយប្រការនេះនឹង​ជួយរួមចំណែកគាំ​ទ្រដល់កិច្ចខិតខំ​ប្រឹងប្រែង​របស់​ស្ថាប័ន​ ពាក់ព័ន្ធ​ក្នុងការឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធ​ភាព​ ព្រម​ទាំង​សំណូមពរ​ឱ្យ​ស្ថាប័ន​ជំនាញ បង្កើតឱ្យមានសិក្ខាសាលាបណ្តុះបណ្តាលបែបនេះបន្តទៀតនៅតាមបណ្តាខេត្ត ដើម្បី​ ឱ្យយុវជនមានឱកាសសិក្សាស្វែងយល់កាន់តែច្បាស់ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ៕


ពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍ លើកទី ៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០១៦)

ពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍ លើកទី ៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០១៦)
*************









ទោះប្រឈមការវិវត្តន៍ស្ថានការណ៍ដ៏ស្មុគស្មាញ ក៏គណបក្សប្រជាជនកម្ពុជា នៅតែផ្សារភ្ជាប់ខ្លួនជាមួយប្រជាជន

ក្នុងអង្គមីទ្ទិញអបអរសាទរខួប ៦៥ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា    បើទោះបីកម្ពុជាប្រឈមមុខ និងការវិវត្តន៍ប្រែប្រួលយ៉ាងស្មុគស្មាញបំផុត នៃស្ថានការណ៍ជាតិ និងអន្តរជាតិយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជា បានស្ថិតនៅ និងបានផ្សារភ្ជាប់ខ្លួនជានិច្ចជាមួយប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ដើម្បីបុព្វហេតុជាតិ និងប្រជាជន គណបក្សប្រជាជនកម្ពុជា បានពុះពារឆ្លងកាត់ដំណាក់កាលធំៗជាប្រវត្តិសាស្រ្តជាច្រើនមានដូចជា៖ ការតស៊ូប្រឆាំងរបប អាណានិគមនិយម ដើម្បីឯករាជ្យជាតិ, សង្រ្គាម ដែលបង្កឡើងដោយរបបសាធារណរដ្ឋខ្មែរ និងពួកបរទេសឈ្លានពានពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ជាពិសេសការតស៊ូសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍ប៉ុលពត រហូតទទួលបានជ័យជម្នះនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។
សម្តេចតេជោ បានបញ្ជាក់ថា តាមរយៈជ័យជម្នះនេះ កម្ពុជាបានបិទទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាព  ​  សង្គម។ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាក្រកម្ពុជា បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេល ៣៧ឆ្នាំ ក្រោយផ្តួលរំលំរបបប៉ុលពត គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជម្នះរាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើន ជាពិសេសការនាំប្រជាជាតិចេញផុតពីស្រមោល នៃអតីតកាលដ៏ឈឺចាប់ និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ប្រកបដោយមោទនភាព និងភាពជឿជាក់។
ក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងគូសបញ្ជាក់ថា ពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច នៅកម្ពុជាផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៦ សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំណើនក្នុងរង្វង់ប្រមាណ ៧,១ភាគរយ។ រីឯអតិផរណាត្រូវបានរំពឹងថា នឹងស្ថិតនៅក្នុងកម្រិតទាបក្នុងរង្វង់ ១,៩ភាគរយ ខណៈស្ថានភាពពាណិជ្ជកម្មកាន់តែមានភាពប្រសើរឡើង។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងផងដែរថា ទុនបម្រុងអន្តរជាតិ នឹងកើនដល់ប្រមាណ ៥,៤៥០លានដុល្លារអាមេរិក ដែលអាចធានាការនាំចូលបានប្រមាណ ៤-៥ខែ ដែលអាចទប់ទល់នឹងបច្ច័យអាក្រក់ ពីវិបត្តិខាងក្រៅ។ ជាមួយគ្នានេះការប្រើប្រាស់ទំនិញក្នុងស្រុក មាននិន្នាការកើនឡើង ដោយសារការវិនិយោគក្នុងស្រុក និងការវិនិយោគផ្ទាល់ពីបរទេស បានបង្កើនប្រាក់ចំណូលរបស់ប្រជាជន ដែលក្នុងម្នាក់មានចំណូលមធ្យមបានកើនពី ១.២១៥ដុល្លារក្នុងឆ្នាំ២០១៥ ដល់ ១.៣០១ដុល្លារ ក្នុងឆ្នាំ២០១៦។ ដើម្បីជាប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា ប្រមុខគណបក្សប្រជាជនកម្ពុជា បានប្រកាសជំរុញកំណែទម្រង់លើគ្រប់វិស័យ ដែលបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ដោយការប្តេជ្ញាចិត្តខ្ពស់សំដៅធានាការជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារជូនប្រជាពលរដ្ឋ ការពង្រឹងយុត្តិធម៌សង្គម សមធម៌ក្នុងសង្គម និងការបង្កើនប្រសិទ្ធភាព នៃសេវាសាធារណៈគ្រប់ប្រភេទ៕





លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ អរគុណចំពោះពលរដ្ឋទូទាំង​ប្រទេសដែលបានគាំទ្រ​ គណបក្សប្រជាជនកម្ពុជា!

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយបានសរសេរខ្លឹមសារថា៖ នៅថ្ងៃទី២៨ ខែមិថុនា ព្រឹកមិញនេះ   ខ្ញុំបានចូលរួមក្នុងពិធីអបអរសាទរខួប៦៥ឆ្នាំ     នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (១៩៥១-២០១៦) នៅទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ ដែលមានការចូលរួមពីសមាជិកសមាជិការ និងយុវជនយុវនារីយ៉ាងច្រើនកុះករ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សកាន់អំណាចរូបនេះ បានបន្តថា « ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមអរគុណបងប្អូនសមាជិកសមាជិការទូទាំងប្រទេសដែលតែងតែគាំទ្រគណបក្សប្រជាជន និងការដឹកនាំរបស់ខ្ញុំចាប់តាំងពីប្រទេសជាតិយើងរំដោះចេញផុតពីរបបកាប់សម្លាប់ប៉ុលពតយង់ឃ្នងនៅថ្ងៃ៧ ខែមករា ឆ្នាំ ១៩៧៩មក។
ទន្ទឹមនឹងនេះដែរ ក្នុងនាមខ្ញុំផ្ទាល់ និងក្នុងនាមប្រជាពលរដ្ឋទូទាំងប្រទេស ខ្ញុំសូមអរគុណដល់បងប្អូនដែលជាអតីតយុទ្ឋជន និងអ្នកស្នេហាជាតិទាំងអស់ដែលបានបូជាលះបង់សាច់ស្រស់ឈាមស្រស់ក្នុងការចូលរួមរំដោះប្រទេសជាតិ ហើយបាននាំមកវិញនូវសុខសន្តិភាពពេញលេញ និងការរីកចម្រើនសម្រាប់កម្ពុជាទាំងមូល !។
លោកនាយករដ្ឋមន្ត្រី បានបន្ថែមថា ចាប់តាំងពីប្រទេសជាតិបានរំដោះរួចផុតពីសង្រ្គាម គឺកម្ពុជាមានការផ្លាស់ប្តូរពិតប្រាកដទៅរកការអភិវឌ្ឍ ជឿនលឿនសប្បូរសប្បាយក្រោមម្លប់សន្តិភាព ដើម្បីធានានូវការរីកចម្រើនតទៅទៀត។ កម្ពុជាប្តេជ្ញាការពារអធិបតេយ្យជាតិរបស់យើង ហើយយើងមិនអនុញ្ញាត្តអោយជនណាមកបំផ្លាញសន្តិភាព និងសេចក្តីសុខរបស់កម្ពុជាបានឡើយ។សង្កត់ធ្ងន់ជាងនេះទៅទៀតនោះ លោក ហ៊ុន សែន បានថ្លែងបញ្ជាក់ថា៖ ជាថ្មីម្តងទៀត យើងទាំងអស់គ្នាប្តេជ្ញាការពារថែរក្សាសន្តិភាព និងការរីកចម្រើនសព្វថ្ងៃអោយបានថិតថេរគង់វង្សនិងរីកចម្រើនខ្លាំងឡើងថែមទៀត។ ថ្ងៃនេះខ្ញុំសប្បាយរីករាយផងដែរដែលបានថតរូប Selfie ជាមួយយុវជនយុវនារីនិងសមាជិកសមាជិការទាំងអស់ដែលបានមកចូលរួមក្នុងពិធីប្រវត្តិសាស្រ្តព្រឹកនេះ៕



នាយករដ្ឋមន្រ្តីឡាវ ស្នើសុំសម្តេច​ប្រធានរដ្ឋសភា​គំាទ្រកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលកម្ពុជា-ឡាវ ដើម្បីប្រយោជន៍ ប្រជាជននិងប្រទេសទំាងពីរ

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា  បានទទួលជួបសវនាការជាមួយ  ឯកឧត្តម ថងលូន ស៊ីសូលីត  (​ Thongloun Sisoulith ) នា​យករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានដឹកនាំ​គណៈប្រតិ​ភូ​ជាន់​ខ្ពស់​មក​ពេញ​ទស្សនកិច្ច​ផ្លូវការ​ និង​មិត្តភាព នៅព្រះរាជាណាចក្រ​កម្ពុជា។
ក្នុងឱ្យកាសនេះ​​​​នា​យករដ្ឋមន្រ្តីឡាវបាន ស្នើសុំសម្តេច​ប្រធានរដ្ឋ​សភាគំាទ្រ​កិច្ច​សហប្រតិប​ត្តិ​ការ​​​រវាងរដ្ឋាភិបាលកម្ពុជា-ឡាវ ដើម្បីប្រយោជន៍ប្រជាជននិងប្រទេសទំាងពីរ។ គណៈ​​ប្រតិ​ភូ​ជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានទទួលការស្វា​គមន៍ និង​បដិ​សណ្ឋារ​កិច្ចយ៉ាងកក់ក្តៅបំផុតពីសំណាក់ សម្តេចប្រធានរដ្ឋសភា និងសមាជិក​សមា​​ជិការ​​ដ្ឋ​សភា​នៅក្នុងជំនួបសវនាការនេះ ទំាងសម្តេចប្រធានរដ្ឋសភា និង​ឯកឧត្តម​នាយករដ្ឋមន្រ្តី​បានលើកឡើងពីចំណងមិត្តភាពជាប្រពៃណីនិងយូរអង្វែងនៃប្រទេសទំាងពីរ។​​
សម្តេច​ប្រធាន​រដ្ឋ​សភា បានសាទរចំពោះ​ឯកឧត្តម ថងលូន ស៊ីសូលីត ដែលត្រូវ​បានជ្រើស​តំាង​ជានា​យក​រដ្ឋមន្រ្តីអាណត្តិថ្មី នៃសា​ធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីសង្ឃឹមថា ក្នុងការដឹកនាំប្រទេសរបស់ ឯកឧត្តម នៅក្នុងអាណត្តិថ្មីនេះ ឯកឧត្តមនាយករដ្ឋមន្រ្តី នឹងខិតខំជំរុញ លើក​កម្ពស់​ចំណង​មិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឲ្យកាន់តែរឹងមាំថែមទៀត។ ជាមួយគ្នានេះ សម្តេច​បានចូលរួម អបអរសាទរជាមួយប្រជាជននិងប្រទេសទំាងពីរកម្ពុជា-ឡាវ ដែល​កំពុង​ទទួល​បាន​ នូវការអភិវឌ្ឍលើគ្រប់វិស័យជាពិសេសលើវិស័យសេដ្ឋកិច្ចជាតិជីវភាព​ប្រជាពល​រដ្ឋ ​​មានការរីកចម្រើនពីមួយថ្ងៃទៅមួយ​​​ថ្ងៃ។
ឯកឧត្តម ថងលូន ស៊ីសូលីត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច​ប្រធាន​រដ្ឋសភា និងសមាជិកសមាជិការដ្ឋសភាទំាងអស់ ដែលបានទទួលស្វាគមន៍គណៈ​ប្រតិ​ភូ​យ៉ាងកក់ក្តៅ។ ឯកឧត្តមបានថ្លែងការកោតសរសើរយ៉ាងក្រៃលែង​ចំពោះ​ការលះបង់ ​និង​ពលីកម្ម​​​របស់ សម្តេចប្រធានរដ្ឋសភា ដើម្បីប្រជាជននិងប្រទេសកម្ពុជារហូតមក​។
ជាមួយគ្នានេះ ឯកឧត្តម ថងលូន ស៊ីសូលីត បាន​លើកឡើង​ពីផ្លែ​ផ្កា​នៃ​ដំណើរ​ទស្សន​កិច្ច​មកកាន់កម្ពុជានៅពេលនេះ ដោយឯកឧត្តម បានជួបពិភាក្សាការងារជាមួយ សម្តេច​អគ្គមហា​សេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ការជួបពិភាក្សា ដោយ​បើកចំហ ស្មោះត្រង់ សាមគ្គីភាព និងបានឯកភាពគ្នានៅគ្រប់ចំនុច គ្រប់វិស័យ ដើម្បី​ធ្វើយ៉ាង​​ណារក្សាបាននូវផលប្រយោ​ជ​ន៍របស់ប្រទេស និងប្រជាជនទំាងពីរកម្ពុជា-ឡាវ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលកម្ពុជា និងឡាវបានឯកភាពដើម្បីធ្វើ​ឲ្យ​បន្ទាត់ព្រំដែន ប្រទេសទំាងពីរក្លាយជាព្រំដែនសន្តិភាព ព្រំដែនអភិវឌ្ឍន៍។ បើតាមឯកឧត្តម នាយករដ្ឋមន្រ្តី កម្ពុជា-ឡាវ បានឯកភាពគ្នា សាងសង់ស្ពានមួយឆ្លងទន្លេល្ពៅ ដើម្បី​តភ្ជាប់​ទំនាក់ទំនងប្រ​ទេសទំាងពីរ ក៏ដូចជាជំរុញដល់ការធ្វើទំនាក់ទំនងរវាងប្រទេស និងប្រជាជន​ទំាងពីរប្រទេស ក្នុងវិស័យ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការនានា កាន់តែងាយស្រួល។ ឯកឧត្តម នាយករដ្ឋមន្រ្តី បានស្នើសុំសម្តេចប្រធានរដ្ឋសភា បន្តគាំទ្រនិងលើកទឹកចិត្តដល់ រដ្ឋាភិបាល​ទំាងពីរក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការ ជាមួយគ្នាឲ្យទទួលបានជោគជ័យ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ក្នុងនាមរដ្ឋសភា សម្តេច គំាទ្រ​ជានិច្ច​នូវរាល់​កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងឡាវ និងសូមឲ្យចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការរវាងប្រទេសទំាងពីរ ឲ្យកាន់តែស៊ីជម្រៅ និងនៅលើគ្រប់វិស័យ ដើម្បី​បំម្រើ​ដល់ ផលប្រយោជន៍ប្រទេសនិងប្រជាជនកម្ពុជា-ឡាវ។
នៅក្នុងដំណើរទស្សនកិច្ចនេះ  ឯកឧត្តម ថងលូន ស៊ីសូលីត នឹងចូលបង្គំគាល់ព្រះករុណា ព្រះ​បាទ​​​​​​​សម្តេ​​​ច​​​​​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុជា និងជួប​​​​សម្តែង​​​​​ការគួរ​សម​ជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

សូម​ជម្រាប​ជូន​ថា ឯកឧត្តម ថងលូន ស៊ីសូលីត (Thongloun Sisoulith) ដឹកនាំគណៈ​ប្រតិភូ​ជាន់​ខ្ពស់ នៃ​សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ  បំពេញទស្សនកិច្ចជាផ្លូវការ និង​មិត្តភាព នៅ​ព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃ គឺចាប់ពី ថ្ងៃទី២៧  ដល់  ថ្ងៃទី២៨  មិថុនា ឆ្នាំ២០​១៦​៕



Monday, June 27, 2016

កម្ពុជា-ឡាវ ឯក​ភាពបើកអគ្គកុងស៊ុ​លនៅស្ទឹងត្រែង​ និងប៉ាក់សេ ដើម្បីស​ម្រួល​ការធ្វើដំណើររ​បស់ប្រជាព​លរដ្ឋ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកត្តម ខៀវ កាញារីទ្ធ បានថ្លែងថា កម្ពុជា-ឡាវ បានឯកភាពគ្នាបើកអគ្គកុងស៊ុល នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តប៉ាក់សេប្រទេសឡាវ ដើម្បីសម្រួលការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងប្រទេសទាំងពីរ។ ការឯកភាពនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាង   សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកត្តម ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីនៃប្រទេសឡាវ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ នៅវិមានសន្តិភាព។
ឯកត្តម ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីនៃប្រទេសឡាវ បានអញ្ជើញដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃនៅកម្ពុជា គឺ នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ។ នេះជាដំណើរទស្សនកិច្ចដើម្បីពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនង មិត្តភាពជាប្រពៃណីដែលមានស្រាប់ ទំនាក់ទំនងអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជានេះ ឯកត្តម ថងលូន ស៊ីសូលីត នឹងចូលបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នឹងជួបសំដែងការគួរសម ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ៕






បទ​សម្ភាសន៍ ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ឧបនាយក​រដ្ឋមន្រ្តី និងជាប្រធាន​អាជ្ញាធរជាតិ​អប្សរា ស្តីពីលទ្ធផល និងវឌ្ឍនភាព​នៃកិច្ចប្រជុំ បច្ចេកទេស​លើកទី២៦ នៃគណៈកម្មាធិការ​អន្តរជាតិ​សម្រប​សម្រួលការគាំពារ និងអភិវឌ្ឍន៍​តំបន់ប្រវ​ត្តិ​សាស្រ្ត​អង្គរ អាយស៊ីស៊ី-អង្គរ

ប្រជាពល​រដ្ឋមូល​ដ្ឋាន​តាម​បណ្តា​ខេត្ត មិនគាំទ្រ​ដាច់ខាត​នូវទ​ង្វើអសីលធម៌ បំពានច្បាប់រ​​បស់​លោក កឹម សុខា !

ប្រជាពលរដ្ឋ​ប្រមាណជិត​១ពាន់នាក់ ដែលបាន​ចូលរួម​នៅតាម​វេទិកា​នីមួយៗ​នៅ​បណ្តា​ខេត្ត ដូច​ជាកំពង់​ស្ពឺ កំពង់​ចាម​ជាដើម បានសម្តែង​នូវការ​មិនពេញ​ចិត្តទាល់​តែសោះនូ​វទង្វើ​អសីលធម៌ បំពានច្បាប់​នានារ​បស់លោក កឹម សុខា ដែលបាននិ​ងកំពុង​ពួនគេចវេស​មិនទទួល​ខុសត្រូវនូវ​ទង្វើ​របស់​ខ្លួនដែល​បានប្រព្រឹត្ត​ជាប់ពាក់​ព័ន្ធនឹងរឿង​អាស្រូវផ្លូវ​ភេទជាមួយ​នារីមួយ​ចំនួននាពេល​កន្លង​មកនេះ។
តាមរយៈ​វេទិការ​បស់ កញ្ញា ធី សុវណ្ណថា អតីតសកម្មជន​បក្ស​សង្គ្រោះ​ជាតិ ដែល​សព្វ​ថ្ងៃនាងជាប្រធាន​អង្គការ​មួយ​ទើបនឹង​បង្កើត​ថ្មី នាងបាន​ជួប​សំណេះ​សំណាលជា​មួយ​ប្រជាពល​រដ្ឋ​នៅខេត្ត​កំពង់​ស្ពឺនា​ពេល​ថ្មីៗ​នេះ និង​បង្ហោះ​នៅលើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​គណនី​ហ្វេស​ប៊ុកផ្ទាល់​ខ្លួន​របស់​នាង ជាមួយនឹ​ងការ​លើក​ឡើងនូវ​សំនួរចំៗ​មួយចំនួន​ទៅប្រជាព​លរដ្ឋ​ដូចជា៖ កញ្ញា ធី សុវណ្ណថា បានសួរទៅ​ប្រជាពល​រដ្ឋថា តើអ៊ុពូ​មីងចង់​បានមេដឹក​នាំរត់​ចោលស្រុក​ដែរឬទេប្រជាពលរដ្ឋ​ទាំងអស់បា​នឆ្លើយ​ថា អត់ចង់ទេ។  តើអ៊ុពូមីងច​ង់បានមេ​ដឹកនាំ អសីល​ធម៌ ដែល​ល្មោភ​ស្រី ដូចលោក កឹម សុខា ដើរទៅបំផ្លាញអ​នាគត​កូនក្រមុំ​គេឯង​ឲ្យតាពាស​ឬអត់?ប្រជាព​លរដ្ឋ ឆ្លើយថា ៖ អត់ចង់​បានទេៗៗៗ។ កញ្ញា ធី សុវណ្ណថា បានសួរ​ទៀតថា  តើអ៊ុ​ពូមីងចង់បាន​មេដឹកនាំ​ដែលនៅ​ជាមួយ​ប្រជាពល​រដ្ឋពិតប្រាកដ​រហូត និង​មេដឹកនាំ​ដែលជួយ​អភិវឌ្ឍប្រទេស អភិវឌ្ឍភូមិ​ឃុំឬអត់?ប្រជាពលរដ្ឋ​ឆ្លើយថា ៖ ចង់ និង​បានទះដៃលឺៗ។
ក្នុងវេទិកា​ជួបជុំជាមួយ​ប្រជាពល​រដ្ឋនោះដែរ កញ្ញា ធី សុវណ្ណថា ក៏លើក​ឡើង​ដែរថា អ៊ុពូមីងដឹង​ហើយថា គណបក្ស​សង្គ្រោះជាតិ​ហៅអ៊ុពូ​មីងឲ្យទៅ​ចូលរួម​ធ្វើបាតុកម្ម គឺរឿង​បញ្ហា​ល្មោភកាម លោក កឹម សុខា មានស្រីច្រើ​ន និងគេចវេស​ពីច្បាប់ ! តើអ៊ុពូមីង​ប្រថុយជីវិត​ទៅចូល​រួម ទៅស្លាប់កា​រពារបាតុកម្ម​ជាមួយគេ​ឬអត់?ប្រជាពល​រដ្ឋបាន​ឆ្លើយដោយ​ព្រមៗគ្នា​ថា អត់ អត់ !អត់ទៅ​ចូលរួម​ទេ!។ និងមានសំណួរ​មួយទៀត នាងបានសួរថា អីឡូវគណ​បក្សសង្គ្រោះជាតិ ចេញមក​ការពារ​លោក កឹម សុខា បែកស្លុយ មនុស្ស​ប្រព្រឹត្ត​ខុសច្បាប់! តើអ៊ុពូមីង​បោះឆ្នោត​ឲ្យឬអត់ប្រជាពល​រដ្ឋឆ្លើយថា ៖ អត់បោះឆ្នោត​ឲ្យទៀតទេ!៕


Saturday, June 25, 2016

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា គោរព និងអនុវត្តច្បាប់!

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ សុំកុំឲ្យមានការខឹងសម្បារលើ អាជ្ញា​ធរមាន​សមត្ថ​កិច្ច​ជា​ពិសេស​គឺប៉ូលីសចរាចរណ៍។
លោកបានមានប្រសាសន៍បែបនេះ ខណៈ អញ្ជើញទៅបង់ប្រាក់ពិន័យ ចំពោះការជិះម៉ូតូ ដោយមិ​ន​ពាក់មួកសុវត្ថិភាព នៅប៉ុស្តិ៍នគរបាលសង្កាត់ចតុមុខ បន្ទាប់ពីលោកត្រូវបាននគរបាលចរាចរណ៍ ស្រុកស្រែអំបិល ខេត្តកោះកុងផាកពិន័យ និងតម្រូវឲ្យបង់ប្រាក់តាមច្បាប់កំណត់។
ក្រោយពេលបង់ប្រាក់ពិន័យរួចហើយ ភ្លាមៗនោះ លោក ហ៊ុន សែន បានមានប្រសាសន៍ ថា៖ «ខ្ញុំសូមអំពាវនាវប្រជាពលរដ្ឋ និងអ្នកគាំទ្រខ្ញុំទាំងអស់សុំកុំឲ្យមានការខឹងសម្បារ លើអាជ្ញាធរ មាន​សមត្ថកិច្ច ជាពិសេសគឺប៉ូលិសចរាចរណ៍។ ផ្ទុយទៅវិញគាំទ្រពួកគាត់ ឲ្យគាត់បំពេញនូវតួនាទី ភារកិច្ចក្នុងឋានៈជានគរបាល ទទួលបន្ទុកច្បាប់ចរាចរណ៍ ដើម្បីការពារអាយុជីវិត ជូនប្រជាពលរដ្ឋ ជាពិសេស សូមអំពាវនាវដល់អ្នកគាំទ្រខ្ញុំទាំងប៉ុន្មាន បើស្រឡាញ់ខ្ញុំ សូមគោរពច្បាប់ចរាចរណ៍។ ការ​ស្រឡាញ់ខ្ញុំ គឺជារឿងមួយ តែស្រឡាញ់ជីវិតខ្លួនឯង កុំឲ្យខ្លួនឯង មានគ្រោះថ្នាក់ ដល់ជីវិតគឺវាមានសារៈសំខាន់ ជាងការស្រឡាញ់ខ្ញុំ»

ជាមួយ​គ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សង្ឃឹមថា មិនមែនគ្រាន់តែអ្នកគាំទ្រលោកទេ គឺត្រូ​វ​ការ​​ការស់នៅ ត្រូវការភាពសុខសាន្ត នៅក្នុងគ្រួសារ ដូចនេះលោកសង្ឃឹមថា អ្នកគាំ​ទ្រលោក​ទាំង​អស់​គ្នា នឹងគោរពច្បាប់ចរាចរណ៍៕





Friday, June 24, 2016

កញ្ញា ធី សុវណ្ណថា​ ដាក់ពាក្យបណ្តឹងប្តឹង​អ្នកកាន់ហ្វេសប៊ុក​របស់គណបក្សប្រឆាំងពីររូប

យោងតាមពាក្យបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា ចេញថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ បានឲ្យដឹងថាឈ្មោះ ធី សុវណ្ណថា កាន់អត្តសញ្ញាណប័ណ្ណលេខ ០១០៩០០៣២២ កើតថ្ងៃទី០៣ ខែមេសា ឆ្នាំ១៩៩៥   ដែលមានទីលំនៅផ្ទះលេខ   ២៧០ ផ្លូវលេខ៥៩៨    សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទី១-ប្តឹងឈ្មោះ អូន វ៉ាន់សាក់ (Oun Vansak) ម្ចាស់ទំព័រហ្វេសប៊ុក I Love Cambodia Hot News II ពីបទបរិហាកេរ្តិ៍ និងជេរប្រមាថ និងទី២-ប្តឹងឈ្មោះ ម៉ោញ សារ៉ាត់ (Mounh Sarath) ម្ចាស់គណនីហ្វេសប៊ុក (Facebook Account) (Mounh Sarath) ពីបទបរិហាកេរ្តិ៍។ គណនីហ្វេសប៊ុកទាំងពីរនេះបច្ចុប្បន្នត្រូវបានគេដឹងថាបានផលិតព័ត៌មានភូតកុហក មូលបង្កាច់ខុសពីការពិតជាច្រើនក្នុងគោលដៅរិះគន់ វាយប្រហារមកលើសង្គមកម្ពុជាបច្ចុប្បន្ន ហ្វេសប៊ុកនេះគឺបាននឹងកំពុងបំរើបក្សប្រឆាំងទាំងផ្កាប់មុខ។
ពាក្យបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា ធ្វើឡើងដោយយោងទៅលើអត្ថបទបង្ហោះលើទំព័រហ្វេសប៊ុកឈ្មោះ I Love Cambodia Hot News II    កាលពីថ្ងៃទី២១    ខែមិថុនា  ឆ្នាំ២០១៦ បរិហាកេរ្តិ៍អំពីការប្រារព្ធធ្វើវេទិការបស់កញ្ញា នៅខេត្តឧត្តមានជ័យ និងបង្ហោះលើទំព័រហ្វេសប៊ុក I Love Cambodia Hot News II កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ អំពីការជេរប្រមាថមកលើរូបកញ្ញា និងវីដេអូឃ្លីបរបស់ទំព័រហ្វេសប៊ុកឈ្មោះ I Love Cambodia Hot News III កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ដែលឈ្មោះ អូន វ៉ាន់សាក់ អះអាងថា ខ្លួនជាម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ I Love Cambodia Hot News II។ តបតាមកម្មវត្ថុ និងយោងខាងលើ ​​  កញ្ញាធី    ​​​ សុណ្ណថា ​​   ក៏សូមជម្រាបជូនឯកឧត្តមព្រះរាជអាជ្ញាជ្រាបថា     ឈ្មោះ អូន វ៉ាន់សាក់ ដែលជាម្ចាស់ទំព័រហ្វេសប៊ុក I Love Cambodia Hot News II បានធ្វើការបង្ហោះអត្ថបទបរិហាកេរ្តិ៍ និងជេរប្រមាថមកលើរូបកញ្ញផ្ទុយពីសកម្មភាពពិតដែលកញ្ញាបានធ្វើវេទិកាសាធារណៈ  ​ នៅភូមិត្រាំប៉ោង   ​ ឃុំព្រះប្រឡាយ    ស្រុកត្រពាំងប្រាសាទ    ខេត្តឧត្តមានជ័យ កាលពីថ្ងទី១៨ ខែមិថុនា ឆ្នាំ២០១៦។
ជាមួយគ្នានេះពាក្យបណ្តឹងទី២-ប្តឹងឈ្មោះ ម៉ោញ សារ៉ាត់ ម្ចាស់គណនីហ្វេសប៊ុក (Facebook Account) (Mounh Sarath) ពីបទបរិហាកេរ្តិ៍ ដោយបានសរសេរបង្ហោះនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងទី២១ ខែមិថុនា ឆ្នាំ២០១៦។ តបតាមកម្មវត្ថុ និងយោងខាងលើកញ្ញា ធី សុវណ្ណថា ក៏សូមជម្រាបជូន ឯកឧត្តមព្រះរាជអាជ្ញាជ្រាបថា ឈ្មោះ ម៉ោញ សារ៉ាត់ បានសរសេរបង្ហោះអត្ថបទនៅលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Mounh Sarath ដោយចោទប្រកាន់មកលើរូបកញ្ញា ក្នុងនាមប្រធានអង្គការយុវជន កិច្ចការសង្គម ថាសកម្មភាពដែលនាងជួបជុំពលរដ្ឋ នៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ នោះថាមានចំនួនអ្នកចូលរួមក្នុងវេទិកា អង្គការកញ្ញាចំនួន ៧០នាក់ប៉ុណ្ណោះ តែការពិតអ្នកចូលរួមពិតប្រាកដមានរហូតដល់ទៅ ៩០០នាក់។    លើសពីនេះទៅទៀតគណនីហ្វេសប៊ុក    (Facebook Account)   ឈ្មោះ ម៉ោញ សារ៉ាត់ បានចោទប្រកាន់មកលើរូបកញ្ញាថា បានកាត់តរូបភាពនៃសកម្មភាពក្នុងវេទិកាដដែលនេះ។ អាស្រ័យដូចបានជម្រាបជូនខាងលើកញ្ញា ធី សុណ្ណថា សូមឲ្យឯកឧត្តមព្រះរាជអាជ្ញា មេត្តាជួយចាត់ការលើឈ្មោះ អូន វ៉ាន់សាក់ (Oun Vansak) និងចាត់ការលើឈ្មោះ ម៉ោញ សារ៉ាត់ (Mounh Sarath) ទៅតាមនីតិវិធីច្បាប់៕


ភាពទទួល​ខុសត្រូ​វចំពោះ​មុខច្បាប់រប​ស់ សម្តេច​តេជោ ហ៊ុន ​សែន «ជាគំរូ​ដ៏ល្អសម្រា​ប់អ្នកមា​នអំណាច ដែលមិន​គោរពច្បាប់»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ពីបទបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព។ នៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានចេញមុខទទួលខុសត្រូវ ដោយបានអញ្ជើញទៅបង់ប្រាក់ពិន័យ ចំពោះការជិះម៉ូតូ ដោយមិនពាក់មួកសុវត្ថិភាពនៅប៉ុស្តិ៍នគរបាលសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ ទោះបីជាការល្មើសច្បាប់នេះ មិនស្ថិតនៅក្នុងកំរិតមួយធ្ងន់ធ្ងរ តែអាចចាត់ទុកថា សម្តេចតេជោ ហ៊ុន សែន បានល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ដែលបានចែងថា រាល់អ្នកបើកបរម៉ូតូ​នៅលើដងផ្លូវទាំងអស់ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នា។ ប៉ុន្តែជាភាពទទួលខុសត្រូវសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញទៅបង់ប្រាក់ពិន័យតាមការកំណត់ក្នុងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។
ភាពទទួលខុសត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះ «គឺជាគំរូដ៏ល្អមួយសម្រាប់អ្នកមានអំណាចដទៃទៀត ដែលមិនគោរពច្បាប់ចរាចរណ៍»។   កន្លងមក សាធារណជនបានរិះគន់យ៉ាងចាស់ដៃចំពោះអ្នកមានអំណាចមួយចំនួននៅកម្ពុជា ដែលតែងល្មើសច្បាប់ជាអន្លើ ហើយមិនបានចេញមុខទទួលខុសត្រូវតាមផ្លូវច្បាប់។
ប្រជាពលរដ្ឋទូទៅតែងរិះគន់ថា អ្នកមានអំណាចមិនថាអ្នកនយោបាយ មន្រ្តីជាន់ខ្ពស់ មន្រ្តីមានស័ក្តធំ គឺយកអំណាចរបស់ខ្លួនជិះជាន់លើប្រជាពលរដ្ឋខ្មែរ ដោយមិនគោរពច្បាប់បាន   ចែង។ ការរិះគន់នេះបានកើតឡើងក្រោយពីសង្កេតឃើញថា អ្នកមានអំណាចទាំងនោះ តែងល្មើសច្បាប់ ពេលបើកបរនៅលើដងផ្លូវ តាមរូបភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹងជាដើម តែបែរជាអាងអំណាច ហើយមិនព្រមទទួលខុសត្រូវតាមការ ផាកពិន័យពីសំណាក់សមត្ថកិច្ច។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យបងប្អូនទាំងអស់គោរពច្បាប់ចរាចរណ៍ ទោះបីថ្នាក់ណាក៏ដោយ ក៏ត្រូវគោរពច្បាប់ទាំងអស់ ដើម្បីជីវិតខ្លួនឯង និងជីវិតអ្នកដទៃ៕