Tuesday, June 28, 2016

នាយករដ្ឋមន្រ្តីឡាវ ស្នើសុំសម្តេច​ប្រធានរដ្ឋសភា​គំាទ្រកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលកម្ពុជា-ឡាវ ដើម្បីប្រយោជន៍ ប្រជាជននិងប្រទេសទំាងពីរ

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា  បានទទួលជួបសវនាការជាមួយ  ឯកឧត្តម ថងលូន ស៊ីសូលីត  (​ Thongloun Sisoulith ) នា​យករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានដឹកនាំ​គណៈប្រតិ​ភូ​ជាន់​ខ្ពស់​មក​ពេញ​ទស្សនកិច្ច​ផ្លូវការ​ និង​មិត្តភាព នៅព្រះរាជាណាចក្រ​កម្ពុជា។
ក្នុងឱ្យកាសនេះ​​​​នា​យករដ្ឋមន្រ្តីឡាវបាន ស្នើសុំសម្តេច​ប្រធានរដ្ឋ​សភាគំាទ្រ​កិច្ច​សហប្រតិប​ត្តិ​ការ​​​រវាងរដ្ឋាភិបាលកម្ពុជា-ឡាវ ដើម្បីប្រយោជន៍ប្រជាជននិងប្រទេសទំាងពីរ។ គណៈ​​ប្រតិ​ភូ​ជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានទទួលការស្វា​គមន៍ និង​បដិ​សណ្ឋារ​កិច្ចយ៉ាងកក់ក្តៅបំផុតពីសំណាក់ សម្តេចប្រធានរដ្ឋសភា និងសមាជិក​សមា​​ជិការ​​ដ្ឋ​សភា​នៅក្នុងជំនួបសវនាការនេះ ទំាងសម្តេចប្រធានរដ្ឋសភា និង​ឯកឧត្តម​នាយករដ្ឋមន្រ្តី​បានលើកឡើងពីចំណងមិត្តភាពជាប្រពៃណីនិងយូរអង្វែងនៃប្រទេសទំាងពីរ។​​
សម្តេច​ប្រធាន​រដ្ឋ​សភា បានសាទរចំពោះ​ឯកឧត្តម ថងលូន ស៊ីសូលីត ដែលត្រូវ​បានជ្រើស​តំាង​ជានា​យក​រដ្ឋមន្រ្តីអាណត្តិថ្មី នៃសា​ធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងក្តីសង្ឃឹមថា ក្នុងការដឹកនាំប្រទេសរបស់ ឯកឧត្តម នៅក្នុងអាណត្តិថ្មីនេះ ឯកឧត្តមនាយករដ្ឋមន្រ្តី នឹងខិតខំជំរុញ លើក​កម្ពស់​ចំណង​មិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឲ្យកាន់តែរឹងមាំថែមទៀត។ ជាមួយគ្នានេះ សម្តេច​បានចូលរួម អបអរសាទរជាមួយប្រជាជននិងប្រទេសទំាងពីរកម្ពុជា-ឡាវ ដែល​កំពុង​ទទួល​បាន​ នូវការអភិវឌ្ឍលើគ្រប់វិស័យជាពិសេសលើវិស័យសេដ្ឋកិច្ចជាតិជីវភាព​ប្រជាពល​រដ្ឋ ​​មានការរីកចម្រើនពីមួយថ្ងៃទៅមួយ​​​ថ្ងៃ។
ឯកឧត្តម ថងលូន ស៊ីសូលីត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច​ប្រធាន​រដ្ឋសភា និងសមាជិកសមាជិការដ្ឋសភាទំាងអស់ ដែលបានទទួលស្វាគមន៍គណៈ​ប្រតិ​ភូ​យ៉ាងកក់ក្តៅ។ ឯកឧត្តមបានថ្លែងការកោតសរសើរយ៉ាងក្រៃលែង​ចំពោះ​ការលះបង់ ​និង​ពលីកម្ម​​​របស់ សម្តេចប្រធានរដ្ឋសភា ដើម្បីប្រជាជននិងប្រទេសកម្ពុជារហូតមក​។
ជាមួយគ្នានេះ ឯកឧត្តម ថងលូន ស៊ីសូលីត បាន​លើកឡើង​ពីផ្លែ​ផ្កា​នៃ​ដំណើរ​ទស្សន​កិច្ច​មកកាន់កម្ពុជានៅពេលនេះ ដោយឯកឧត្តម បានជួបពិភាក្សាការងារជាមួយ សម្តេច​អគ្គមហា​សេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ការជួបពិភាក្សា ដោយ​បើកចំហ ស្មោះត្រង់ សាមគ្គីភាព និងបានឯកភាពគ្នានៅគ្រប់ចំនុច គ្រប់វិស័យ ដើម្បី​ធ្វើយ៉ាង​​ណារក្សាបាននូវផលប្រយោ​ជ​ន៍របស់ប្រទេស និងប្រជាជនទំាងពីរកម្ពុជា-ឡាវ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលកម្ពុជា និងឡាវបានឯកភាពដើម្បីធ្វើ​ឲ្យ​បន្ទាត់ព្រំដែន ប្រទេសទំាងពីរក្លាយជាព្រំដែនសន្តិភាព ព្រំដែនអភិវឌ្ឍន៍។ បើតាមឯកឧត្តម នាយករដ្ឋមន្រ្តី កម្ពុជា-ឡាវ បានឯកភាពគ្នា សាងសង់ស្ពានមួយឆ្លងទន្លេល្ពៅ ដើម្បី​តភ្ជាប់​ទំនាក់ទំនងប្រ​ទេសទំាងពីរ ក៏ដូចជាជំរុញដល់ការធ្វើទំនាក់ទំនងរវាងប្រទេស និងប្រជាជន​ទំាងពីរប្រទេស ក្នុងវិស័យ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការនានា កាន់តែងាយស្រួល។ ឯកឧត្តម នាយករដ្ឋមន្រ្តី បានស្នើសុំសម្តេចប្រធានរដ្ឋសភា បន្តគាំទ្រនិងលើកទឹកចិត្តដល់ រដ្ឋាភិបាល​ទំាងពីរក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការ ជាមួយគ្នាឲ្យទទួលបានជោគជ័យ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ក្នុងនាមរដ្ឋសភា សម្តេច គំាទ្រ​ជានិច្ច​នូវរាល់​កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងឡាវ និងសូមឲ្យចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការរវាងប្រទេសទំាងពីរ ឲ្យកាន់តែស៊ីជម្រៅ និងនៅលើគ្រប់វិស័យ ដើម្បី​បំម្រើ​ដល់ ផលប្រយោជន៍ប្រទេសនិងប្រជាជនកម្ពុជា-ឡាវ។
នៅក្នុងដំណើរទស្សនកិច្ចនេះ  ឯកឧត្តម ថងលូន ស៊ីសូលីត នឹងចូលបង្គំគាល់ព្រះករុណា ព្រះ​បាទ​​​​​​​សម្តេ​​​ច​​​​​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុជា និងជួប​​​​សម្តែង​​​​​ការគួរ​សម​ជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

សូម​ជម្រាប​ជូន​ថា ឯកឧត្តម ថងលូន ស៊ីសូលីត (Thongloun Sisoulith) ដឹកនាំគណៈ​ប្រតិភូ​ជាន់​ខ្ពស់ នៃ​សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ  បំពេញទស្សនកិច្ចជាផ្លូវការ និង​មិត្តភាព នៅ​ព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃ គឺចាប់ពី ថ្ងៃទី២៧  ដល់  ថ្ងៃទី២៨  មិថុនា ឆ្នាំ២០​១៦​៕



No comments:

Post a Comment