Tuesday, June 28, 2016

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថានអញ្ជើញ​ជាអធិបតីក្នុងពិធី បើកសិក្ខាសាលាបណ្តុះបណ្តាល​ស្តីពីការប្រែប្រួលអាកាសធាតុ

 នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខា​សាលា​ បណ្តុះបណ្តាលស្តីពីការប្រែប្រួលអាកាសធាតុសម្រាប់យុវជន ដោយមានការចូលរួមពីសិក្ខា​កាម​ប្រមាណជិត ១៥០នាក់ ដែលមកពីក្រសួងបរិស្ថាន សហភាពសហព័ន្ធយុវជនកម្ពុជា និងស្ថាប័ន​ពាក់ព័ន្ធនានា។ សិក្ខាសាលានេះ រៀបចំឡើងដោយអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍​ដោយចីរភាព និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុCCCA ដែលធ្វើឡើងក្នុងគោលបំណង​ដើម្បី​ពង្រឹងសមត្ថភាព ក៏ដូចជាលើកកម្ពស់ការយល់ដឹងដល់មន្ដ្រីរាជការ ជាពិសេសយុវជន សិស្ស-និស្សិត​អំពីបញ្ហាប្រែប្រួលអាកាសធាតុនេះ។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានមានប្រសាសន៍ថា បញ្ហាប្រែប្រួល​អាកាសធាតុ​គឺជាបញ្ហា​សកល​ដែលយើង​ ទាំងអស់គ្នាត្រូវសិក្សាស្វែងយល់ និងចូលរួមក្នុងការបង្ការ និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ដើម្បីចូលរួមឆ្លើយតបទៅនឹងបញ្ហាប្រែប្រួលអាកាសធាតុនេះ ក្រសួងបរិស្ថានបានខិតខំកៀរគរជំនួយសម្រាប់អនុវត្ដបណ្ដាគម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនិងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់នានា និងអប់រំផ្សព្វផ្សាយឱ្យប្រជាជនមានការផ្លាស់ប្តូរនូវឥរិយាបថ យល់ដឹងពីបច្ចេកទេសក្នុងការប្រមូលព័ត៌មាន និងរបៀបនៃការរស់នៅប្រចាំថ្ងៃ ព្រមទាំងមានការ​ចូល​រួម​អភិរក្សនូវធនធានព្រៃឈើទាំងអស់គ្នា ជាពិសេស​ការបញ្ជ្រាប​ចំណេះដឹង​អំពីការ​ប្រែប្រួល​អាកាស​ ធាតុសម្រាប់យុវជនដែលជាអ្នកបន្តវេនក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេសជាតិនៅថ្ងៃអនាគត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈសិក្ខាសាលានេះ យុវជន​ដែល​ជា​សិក្ខាកាមនឹងយល់ដឹងកាន់តែច្បាស់អំពីមូលហេតុ ផលប៉ះពាល់ និងដំណោះ​ស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ហើយប្រការនេះនឹង​ជួយរួមចំណែកគាំ​ទ្រដល់កិច្ចខិតខំ​ប្រឹងប្រែង​របស់​ស្ថាប័ន​ ពាក់ព័ន្ធ​ក្នុងការឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធ​ភាព​ ព្រម​ទាំង​សំណូមពរ​ឱ្យ​ស្ថាប័ន​ជំនាញ បង្កើតឱ្យមានសិក្ខាសាលាបណ្តុះបណ្តាលបែបនេះបន្តទៀតនៅតាមបណ្តាខេត្ត ដើម្បី​ ឱ្យយុវជនមានឱកាសសិក្សាស្វែងយល់កាន់តែច្បាស់ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ៕


No comments:

Post a Comment