Tuesday, June 28, 2016

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ អរគុណចំពោះពលរដ្ឋទូទាំង​ប្រទេសដែលបានគាំទ្រ​ គណបក្សប្រជាជនកម្ពុជា!

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយបានសរសេរខ្លឹមសារថា៖ នៅថ្ងៃទី២៨ ខែមិថុនា ព្រឹកមិញនេះ   ខ្ញុំបានចូលរួមក្នុងពិធីអបអរសាទរខួប៦៥ឆ្នាំ     នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (១៩៥១-២០១៦) នៅទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ ដែលមានការចូលរួមពីសមាជិកសមាជិការ និងយុវជនយុវនារីយ៉ាងច្រើនកុះករ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សកាន់អំណាចរូបនេះ បានបន្តថា « ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមអរគុណបងប្អូនសមាជិកសមាជិការទូទាំងប្រទេសដែលតែងតែគាំទ្រគណបក្សប្រជាជន និងការដឹកនាំរបស់ខ្ញុំចាប់តាំងពីប្រទេសជាតិយើងរំដោះចេញផុតពីរបបកាប់សម្លាប់ប៉ុលពតយង់ឃ្នងនៅថ្ងៃ៧ ខែមករា ឆ្នាំ ១៩៧៩មក។
ទន្ទឹមនឹងនេះដែរ ក្នុងនាមខ្ញុំផ្ទាល់ និងក្នុងនាមប្រជាពលរដ្ឋទូទាំងប្រទេស ខ្ញុំសូមអរគុណដល់បងប្អូនដែលជាអតីតយុទ្ឋជន និងអ្នកស្នេហាជាតិទាំងអស់ដែលបានបូជាលះបង់សាច់ស្រស់ឈាមស្រស់ក្នុងការចូលរួមរំដោះប្រទេសជាតិ ហើយបាននាំមកវិញនូវសុខសន្តិភាពពេញលេញ និងការរីកចម្រើនសម្រាប់កម្ពុជាទាំងមូល !។
លោកនាយករដ្ឋមន្ត្រី បានបន្ថែមថា ចាប់តាំងពីប្រទេសជាតិបានរំដោះរួចផុតពីសង្រ្គាម គឺកម្ពុជាមានការផ្លាស់ប្តូរពិតប្រាកដទៅរកការអភិវឌ្ឍ ជឿនលឿនសប្បូរសប្បាយក្រោមម្លប់សន្តិភាព ដើម្បីធានានូវការរីកចម្រើនតទៅទៀត។ កម្ពុជាប្តេជ្ញាការពារអធិបតេយ្យជាតិរបស់យើង ហើយយើងមិនអនុញ្ញាត្តអោយជនណាមកបំផ្លាញសន្តិភាព និងសេចក្តីសុខរបស់កម្ពុជាបានឡើយ។សង្កត់ធ្ងន់ជាងនេះទៅទៀតនោះ លោក ហ៊ុន សែន បានថ្លែងបញ្ជាក់ថា៖ ជាថ្មីម្តងទៀត យើងទាំងអស់គ្នាប្តេជ្ញាការពារថែរក្សាសន្តិភាព និងការរីកចម្រើនសព្វថ្ងៃអោយបានថិតថេរគង់វង្សនិងរីកចម្រើនខ្លាំងឡើងថែមទៀត។ ថ្ងៃនេះខ្ញុំសប្បាយរីករាយផងដែរដែលបានថតរូប Selfie ជាមួយយុវជនយុវនារីនិងសមាជិកសមាជិការទាំងអស់ដែលបានមកចូលរួមក្នុងពិធីប្រវត្តិសាស្រ្តព្រឹកនេះ៕



No comments:

Post a Comment