Wednesday, July 13, 2016

ឃាតកម្មលើ លោកបណ្ឌិត កែម ឡី៖ គណបក្សកាន់អំណាច គ្មានភាពចាំបាច់ក្នុងការពិភាក្សា ជាមួយបក្សប្រឆាំង ដើម្បីដោះស្រាយ «រឿងលាបពណ៌»

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា គណបក្សប្រជាជនកម្ពុជាពុំមានភាពចាំបាច់ដើម្បីពិភាក្សាជាមួយគណបក្សសង្រ្គោះជាតិ ដោះស្រាយរឿងលាភពណ៌នោះទេ ដោយសារតែ គណបក្សប្រជាជនកម្ពុជា មិនបាននិយាយ លាបពណ៌ឱ្យគណបក្សប្រឆាំង រឿងនៅពីក្រោយខ្នងអំពើឃាតកម្មលើ លោកបណ្ឌិត កែម ឡី ដូចមេបក្សប្រឆាំងនោះឡើយ។
ឯកឧត្តម សុខ ឥសាន បានបន្តថ្លែងថា ការស៊ើបអង្កេតលើករណីឃាតកម្ម ទៅលើ លោកបណ្ឌិត កែម ឡី គឺជាតួនាទី និងភារកិច្ចរបស់សមត្ថកិច្ចជំនាញ  ដូច្នេះគណបក្សមិនគួរលូកដៃឡើយ។ ឯកឧត្តមបន្តថា កន្លងមកគណបក្សប្រជាជនកម្ពុជា ពុំបានចោទប្រកាន់គណបក្សណាមួយថា នៅពីក្រោយឃាតកម្មនេះឡើយ ដោយសារតែលទ្ធផល នៃការស៊ើបអង្កេតមិនទាន់ត្រូវបានបង្ហាញ។
ទោះបីយ៉ាងណាអ្នកនាំពាក្យបក្សកាន់អំណាចរូបនោះបានបញ្ជាក់ថា បក្សកាន់អំណាច មិនដែលលាបពណ៌បក្សផ្សេងនោះទេ មានតែមេដឹកនាំកំពូលបក្សប្រឆាំងទេ ដែលបាននិយាយ លាបពណ៌បក្សកាន់អំណាចមុនគេ។
ការអះអាងរបស់ ឯកឧត្តម សុខ ឥសាន បែបនេះ បានធ្វើឡើងបន្ទាប់ពី មន្រ្តីគណបក្សសង្រ្គោះជាតិ អំពាវនាវឱ្យមានការជួបគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដើម្បីដោះស្រាយ គ្នាទៅលើ ការនិយាយលាបពណ៌ ក្រោយមានឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គម ដ៏ល្បីល្បាញនៅកម្ពុជា។
ឯកឧត្តម អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានថ្លែងនៅក្នុងសន្និសីទកាសែតមួយ នាទីស្នាក់ការគណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះថា ស្ថានភាពនយោបាយពេលនេះ កាន់តែធ្ងន់ធ្ងរទៅៗ ហើយត្រូវមានការពិភាក្សារវាងគណបក្សធំៗទាំងពីរ ដើម្បីដោះស្រាយបញ្ហាលាបពណ៌ និងចូលរួមស៊ើបអង្កេតលើករណីសម្លាប់ លោកបណ្ឌិត កែម ឡី ជាដើម។
ទោះជាយ៉ាងណាក៏ដោយ ករណីឃាតកម្មទៅលើ លោកបណ្ឌិត កែម ឡី នៅស្តាម៉ាតស្ថានីយ៍សាំងកាល់តិច ស្តុបបូកគោ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នោះ បានក្លាយជាប្រធានបទដ៏សំខាន់ សម្រាប់អ្នកនយោបាយនៅកម្ពុជា។

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានចោទរាជរដ្ឋាភិបាលកម្ពុជាថា ជាអ្នកនៅពីក្រោយខ្នង នៃឃាតកម្មបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី មុនគេបង្អស់ ក្រោយកើតហេតុតែ ប៉ុន្មានម៉ោងប៉ុណ្ណោះ។ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពុំបានប្រតិកម្មខ្លាំងៗឆ្លើយតបនឹង លោក សម រង្ស៊ី នោះទេ ប៉ុន្តែសម្តេចបានជំរុញឱ្យ ពលរដ្ឋគិតអំពីភាពស៊ីជម្រៅ នៃឃាតកម្មនេះ តាមរយៈការដាក់ជាសំណួរថា តើនរណាគេជាអ្នកចំណេញបំផុតពីករណី ឃាតកម្មលើ លោកបណ្ឌិត កែម ឡី នាពេលនេះ? ហើយថារាជរដ្ឋាភិបាលកម្ពុជា ពិតជាអ្នកខាតបង់ធ្ងន់បំផុត ដោយម្យ៉ាងប្រឈមជាមួយការគិត របស់ពលរដ្ឋថា រដ្ឋាភិបាលមិនអាចការពារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋបាន និងម្យ៉ាងទៀតគឺជាការលាបពណ៌ដាក់រដ្ឋាភិបាលតែម្តង៕


អាថកំបាំង ​បណ្ឌិត កែម ឡី​ (ភាគ១)

កាលពីដើមឆ្នាំ២០១៤ ខ្ញុំធ្លាប់សួរបណ្ឌិត កែម ឡី ថា៖ ហេតុអ្វីពូ មិនចូលសង្គ្រោះជាតិគាត់ឆ្លើយថា "គាត់ក៏ចង់ចូលដែរ តែចូលមិនរួច" បណ្ឌិត កែម ឡី ក៏រៀបរាប់ដំណើររឿងប្រាប់ខ្ញុំថា៖ បណ្ឌិត កែម ឡី ធ្លាប់ទទួលការប្រមាថមើលងាយយ៉ាងខ្លាំងពីលោក សម រង្សី និងប្រពន្ធ។ ចុងឆ្នាំ២០១៤ បណ្ឌិត កែម ឡី និងបណ្ឌិតជាច្រើនទៀត បានខិតខំសរសេរអត្ថបទ "វិធីកំណែទម្រង់ប្រជាធិបតេយ្យផ្ទៃក្នុងបក្ស" យកទៅជូនលោកសមរង្សី ក៏បានជួបទាំងលោកស្រី ជូឡុង សូម៉ារ៉ា ដែរពេលនោះ បណ្ឌិត កែម ឡី បានផ្តល់យោបល់ ទៅលោកសម រង្សីឲ្យដឹកនាំបក្សបែបប្រជាធិបតេយ្យ ចែកអំណាចឲ្យថ្នាក់ក្រោមនិង កុំឲ្យផ្តុំអំណាចលើ សម រង្សី និងលោក កឹម សុខា ។ភ្លាមនោះ លោកស្រីជូឡុង ក៏បោះលិខិតរបស់ បណ្ឌិត កែម ឡីចូលក្នុងធុងសំរាម ដោយនិយាយថា "បើលោកឯងខ្លាំង បើកបក្សឲ្យបានកៅអីសិនទៅ ចាំមកនិយាយជាមួយខ្ញុំ " និយាយដល់ចំនុចនេះ បណ្ឌិតកែម ឡី ប្រែធ្លាក់ទឹកមុខ ភ្នែករលីងរលោក គាត់ក៏បញ្ចប់ត្រឹមនឹង ។១ខែក្រោយមក លោកបណ្ឌិតកែម ឡី រួមនឹងបណ្ឌិតជាច្រើនទៀតក៏រៀបខំបើកបក្សថ្មី១ បច្ចុប្បន្នឈ្មោះ "បក្សប្រជាធិបតេយ្យមូលដ្ឋាន"ពេលនោះ លោក សម រង្សី និងលោក កឹម សុខា រិះគន់ និងចោទ ថាការបើកបក្សរបស់ក្រុមបណ្ឌិតថា ជាបក្សអាយ៉ងរបស់CPP ដោយមានCPP នៅពីក្រោយ ដើម្បីបំបែកសម្លេងCNRP...។ បន្ទាប់មក ក៏មានសកម្មជនCNRPជាច្រើន ជេរប្រមាថ បណ្ឌិតកែម ឡី និងបណ្ឌិតជាច្រើនទៀតថា បណ្ឌិតលក់ក្បាលបណ្ឌិតខួរឆ្កែ បណ្ឌិតចោម្សៀត.... និងពាក្យអសរសជាច្រើនទៀតលោកបណ្ឌិតកែមឡី ក៏បានរិះគន់លោកសម រង្សី ថាជា "អ្នកខ្លាហានក្នុងស្នូត" រឺ "អ្នកនយោបាយអង្កកំប៉ុង"និងនិយាយថែមទៀតថា "បើលោកសម រង្សី បានកាន់អំណាចគឺនឹងផ្តាច់ការជាង លោក ហ៊ុន សែន ទៀត"ជម្លោះរវាងបណ្ឌិត កែម ឡី និងលោក សម រង្សី និងប្រពន្ធនេះ ជាមូលហេតុដែលលោកសម រង្សី និងប្រពន្ធ មិនអុធធូបគោរពវិញ្ញាណក្ខន្ឌរបស់បណ្ឌិត កែម ឡី ទេ ។លោក សម រង្សី បានត្រឹមតែយករូបសព លោក កែម ឡី ធ្វើជំនួញនយោបាយ ផូសផ្សាយវាយរាជរដ្ឋាភិបាល ប៉ុណ្ណោះ ។ហើយសកម្មជនសង្គ្រោះជាតិ ដែលធ្លាប់រិះគន់ និងជេរបណ្ឌិត កែម ឡី បែជាមកតាំងខ្លូនជាអ្នកស្នេហាជាតិ គោរពស្រលាញ់គាត់ និងកាងសពរបស់គាត់ ហើយខ្ញុំដែលស្និតជាមួយបណ្ឌិត កែម ឡី ក៏ពួកគេរារាំង និងដេញខ្ញុំមិនឲ្យអុធធូបគោរពសពគាត់ ដែរ ។ពេលនេះ នាងខ្ញុំ ធី សុវណ្ណថា បានឃើញកាន់តែច្បាស់ពីចរិតថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ កាន់តែអាក្រក់ និងភាពសាហាវ របស់សកម្មជនផ្កាប់មុនបក្សសង្គ្រោះជាតិ ។ នាងខ្ញុំសូមប្រកាសថា"នាងខ្ញុំ ធី សុវណ្ណថា ឈប់គាំទ្របក្សសង្គ្រោះជាតិ" ទៀតហើយតែនាងខ្ញុំ នៅតែបន្តរិះគន់រាជរដ្ឋាភិបាល ដើម្បីឲ្យមានការកែទម្រង់ ស្ថានាអភិវឌ្ឍន៍ប្រទេស ឲ្យកាន់តែរីកចំរើន និងនាងខ្ញុំនៅតែបន្ត កិច្ចការមនុស្សធម៌ និងសង្គម ជួយជនរងគ្រោះគ្រប់ទីកន្លែង ។ លាហើយ បងប្អូនសង្គ្រោះជាតិ

ប្រភព៖ ដកស្រង់ពី Facebook ធី សុវណ្ណថា