Wednesday, July 13, 2016

ឃាតកម្មលើ លោកបណ្ឌិត កែម ឡី៖ គណបក្សកាន់អំណាច គ្មានភាពចាំបាច់ក្នុងការពិភាក្សា ជាមួយបក្សប្រឆាំង ដើម្បីដោះស្រាយ «រឿងលាបពណ៌»

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា គណបក្សប្រជាជនកម្ពុជាពុំមានភាពចាំបាច់ដើម្បីពិភាក្សាជាមួយគណបក្សសង្រ្គោះជាតិ ដោះស្រាយរឿងលាភពណ៌នោះទេ ដោយសារតែ គណបក្សប្រជាជនកម្ពុជា មិនបាននិយាយ លាបពណ៌ឱ្យគណបក្សប្រឆាំង រឿងនៅពីក្រោយខ្នងអំពើឃាតកម្មលើ លោកបណ្ឌិត កែម ឡី ដូចមេបក្សប្រឆាំងនោះឡើយ។
ឯកឧត្តម សុខ ឥសាន បានបន្តថ្លែងថា ការស៊ើបអង្កេតលើករណីឃាតកម្ម ទៅលើ លោកបណ្ឌិត កែម ឡី គឺជាតួនាទី និងភារកិច្ចរបស់សមត្ថកិច្ចជំនាញ  ដូច្នេះគណបក្សមិនគួរលូកដៃឡើយ។ ឯកឧត្តមបន្តថា កន្លងមកគណបក្សប្រជាជនកម្ពុជា ពុំបានចោទប្រកាន់គណបក្សណាមួយថា នៅពីក្រោយឃាតកម្មនេះឡើយ ដោយសារតែលទ្ធផល នៃការស៊ើបអង្កេតមិនទាន់ត្រូវបានបង្ហាញ។
ទោះបីយ៉ាងណាអ្នកនាំពាក្យបក្សកាន់អំណាចរូបនោះបានបញ្ជាក់ថា បក្សកាន់អំណាច មិនដែលលាបពណ៌បក្សផ្សេងនោះទេ មានតែមេដឹកនាំកំពូលបក្សប្រឆាំងទេ ដែលបាននិយាយ លាបពណ៌បក្សកាន់អំណាចមុនគេ។
ការអះអាងរបស់ ឯកឧត្តម សុខ ឥសាន បែបនេះ បានធ្វើឡើងបន្ទាប់ពី មន្រ្តីគណបក្សសង្រ្គោះជាតិ អំពាវនាវឱ្យមានការជួបគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដើម្បីដោះស្រាយ គ្នាទៅលើ ការនិយាយលាបពណ៌ ក្រោយមានឃាតកម្មលើលោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គម ដ៏ល្បីល្បាញនៅកម្ពុជា។
ឯកឧត្តម អេង ឆៃអ៊ាង តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានថ្លែងនៅក្នុងសន្និសីទកាសែតមួយ នាទីស្នាក់ការគណបក្សសង្រ្គោះជាតិ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះថា ស្ថានភាពនយោបាយពេលនេះ កាន់តែធ្ងន់ធ្ងរទៅៗ ហើយត្រូវមានការពិភាក្សារវាងគណបក្សធំៗទាំងពីរ ដើម្បីដោះស្រាយបញ្ហាលាបពណ៌ និងចូលរួមស៊ើបអង្កេតលើករណីសម្លាប់ លោកបណ្ឌិត កែម ឡី ជាដើម។
ទោះជាយ៉ាងណាក៏ដោយ ករណីឃាតកម្មទៅលើ លោកបណ្ឌិត កែម ឡី នៅស្តាម៉ាតស្ថានីយ៍សាំងកាល់តិច ស្តុបបូកគោ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នោះ បានក្លាយជាប្រធានបទដ៏សំខាន់ សម្រាប់អ្នកនយោបាយនៅកម្ពុជា។

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានចោទរាជរដ្ឋាភិបាលកម្ពុជាថា ជាអ្នកនៅពីក្រោយខ្នង នៃឃាតកម្មបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី មុនគេបង្អស់ ក្រោយកើតហេតុតែ ប៉ុន្មានម៉ោងប៉ុណ្ណោះ។ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពុំបានប្រតិកម្មខ្លាំងៗឆ្លើយតបនឹង លោក សម រង្ស៊ី នោះទេ ប៉ុន្តែសម្តេចបានជំរុញឱ្យ ពលរដ្ឋគិតអំពីភាពស៊ីជម្រៅ នៃឃាតកម្មនេះ តាមរយៈការដាក់ជាសំណួរថា តើនរណាគេជាអ្នកចំណេញបំផុតពីករណី ឃាតកម្មលើ លោកបណ្ឌិត កែម ឡី នាពេលនេះ? ហើយថារាជរដ្ឋាភិបាលកម្ពុជា ពិតជាអ្នកខាតបង់ធ្ងន់បំផុត ដោយម្យ៉ាងប្រឈមជាមួយការគិត របស់ពលរដ្ឋថា រដ្ឋាភិបាលមិនអាចការពារសន្តិសុខសុវត្ថិភាពជូនពលរដ្ឋបាន និងម្យ៉ាងទៀតគឺជាការលាបពណ៌ដាក់រដ្ឋាភិបាលតែម្តង៕


No comments:

Post a Comment