Thursday, October 14, 2021

វិភាគអន្តរជាតិ៖ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស, ពាក្យពីរម៉ាត់ដែលធ្វើឱ្យលីប៊ីកា្លយជាឋាននរក


(វ៉ាស៊ីនតោន)៖ នៅពេលអតីតរដ្ឋបាលប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា រួមដៃជាមួយបារាំង និងសម្ព័ន្ធមិត្តអង្គការ NATO ផ្សេងទៀត បើកការវាយប្រហារតាមផ្លូវ អាកាស ដើម្បីផ្ដួលរំលំបុរសដែលពួកគេហៅថា «ជនផ្ដាច់ការ» មូអាំម៉ា កាដាហ្វី (Muammar Qaddafi) កាលពីឆ្នាំ២០១១, មានការរំពឹងខ្ពស់ជាច្រើនថាប្រទេសលីប៊ីនឹងរក ឃើញនូវអនាគតថ្មីរុងរឿងប្រកបដោយប្រជាធិបតេយ្យ, សេរីភាព និងសិទ្ធិមនុស្ស ក្រោយកាដាហ្វីត្រូវបានបណ្ដេញចេញពីអំណាច។ ប៉ុន្តែ មនុស្សគិត មិនដូចទេវតាគិត នោះគឺ លីប៊ីបានក្លាយជា «ឋាននរក» នៃអំពើហិង្សា, ការរំលោភសិទ្ធិមនុស្ស និងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរជាងសម័យជនផ្ដាច់ការរូបនេះនៅកាន់អំណាចទៅទៀត។


ជម្លោះ, ការបាក់បែកចែកជាបក្ខពួក ដណ្ដើមអំណាចរៀងៗខ្លួន បានបង្ខំឱ្យប្រជាជនស្លូតត្រង់លីប៊ី កា្លយជាជនភៀសខ្លួនដោយសុខចិត្តប្រថុយជីវិតធ្វើដំណើរតាមទូកតូចៗ រសាត់អណែ្តតលើសមុទ្រមេឌីទែរ៉ាណេ ដើម្បីចូលទៅកាន់បណ្ដាប្រទេសអឺរ៉ុបកសាងជីវិតថ្មី។ បណ្ដាប្រទេសជាច្រើន ក្នុងនោះរួមមាន អេហ្ស៊ីប, តួកគី, អារ៉ាប៊ីសាអូឌីត, អេមីរ៉ាតអារ៉ាប់រួម, និងរុស្ស៊ី រួមទាំងសហរដ្ឋអាមេរិកសុទ្ធតែបានលូកដៃចូលក្នុងជម្លោះនៅលីប៊ី តាមរយៈការផ្កល់ការគាំទ្រដល់ថ្នាក់ដឹកនាំអ្នកនយោបាយ និងយោធាសំខាន់ៗ ដែលបានក្លាយជា «កូនអុក» របស់ពួកគេ ហើយនេះបានធ្វើឱ្យភាពចលាចល និងជម្លោះបង្ហូរឈាមកាន់តែមានសភាពធ្ងន់ធ្ងរ រហូតដល់រុញឱ្យលីប៊ីសព្វថ្ងៃក្លាយជាទីលាននៃ «សង្រ្គាមកូនអុក» ដណ្ដើមឥទ្ធិពលគ្នារវាងពួកមហាអំណាចទាំងនេះ។


របាយការណ៍ថ្មីមួយចេញផ្សាយកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ ដោយអង្គការសហប្រជាជាតិ (UN), បានគូសបញ្ជាក់ពីវិសាលភាពនៃសាកនាដកម្មនៅលីប៊ីដែល ថ្នាក់ដឹកនាំអាមេរិកបណ្ដែតបណ្ដោយឱ្យវាកើតឡើង។ បេសកកម្មស្វែងរកការពិតរបស់ UN ពាក់ព័ន្ធនឹងការប្រព្រឹត្តបទឧក្រិដ្ឋសង្រ្គាម និងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅលីប៊ីចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ មានគោលដៅចម្បងស៊ើបអង្កេតលើភាគីជាប់ទាក់ទងនឹងជម្លោះ ក្នុងនោះរួមមានប្រទេសទី៣, ទាហានបរទេស និងទាហានស៊ីឈ្នួល ដែលជាប់សង្ស័យថាបានរំលោភច្បាប់មនុស្សធម៌អន្តរជាតិ និងខ្លះទៀតបានប្រព្រឹត្តបទឧក្រិដ្ឋសង្រ្គាម។ នេះបើតាមសម្ដីរបស់លោក មហំាម៉ាត់ អូអាតចា (Mohamed Auajjar) ជាសហប្រធានបេសកកម្មស្វែងរកការពិតរបស់ UN។


របាយការណ៍ខាងលើ បានរកឃើញថាអំពើហិង្សាក្នុងនោះរួមមានការវាយប្រហារលើមន្ទីរពេទ្យ និងសាលារៀនបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច, សង្គម និងសិទ្ធិមនុស្ស នៅក្នុងប្រទេសលីប៊ី។ មិនតែប៉ុណ្ណោះ របាយការណ៍នេះដដែលថែមទាំងបានអះអាងទៀតផងពីការជ្រើសរើស និងការចូលរួមរបស់កុមារនៅក្នុងជម្លោះ ព្រមទាំងការបាត់ខ្លួន ដោយអាថ៌កំបាំង ឬការសម្លាប់ស្ត្រីមានឥទ្ធិពលមួយចំនួននៅក្រៅប្រព័ន្ធតុលាការ ក៏ដូចជាវត្តមានទាហានបរទេស និងទាហានស៊ីឈ្នួលដែលត្រូវបានគេចោទប្រកាន់ថាមាន ជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន Wagner Group មានមូលដ្ឋានៅក្នុងប្រទេសរុស្ស៊ី។


ទាំងនេះបានបង្ហាញយ៉ាងច្បាស់ពីភាពផ្ទុយទាំងស្រុងពីគំនិតសុទិដ្ឋនិយមដែលរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ធ្លាប់លើកឡើងថាលីប៊ីនឹងមានអនាគតរុងរឿងក្រោយអន្តរាគមន៍ យោធារបស់សហរដ្ឋអាមេរិក ដើម្បីមនុស្សធម៌។ បើគេចាំមិនភ្លេចទេ, នៅថ្ងៃដែលរបបដឹកនាំកាដាហ្វីលីដួលរលំ, លោក អូបាម៉ា បាននិយាយជាសាធារណៈថាទីក្រុងទ្រីប៉ូលី ត្រូវបានរំដោះចេញពីកណ្ដាប់ដៃរបស់ជនផ្ដាច់ការ រីឯប្រជាជនលីប៊ីបានបង្ហាញថាការស្វែងរកសេចក្ដីថ្លៃថ្នូរ និងសេរីភាពមានភាពខ្លាំងក្លាជាងកណ្ដាប់ដៃរបស់ជនផ្ដាច់ការ។


បន្ថែមពីលើនេះ ក្រោយកាដាហ្វីត្រូវបានចាប់ខ្លួន និងត្រូវគេប្រហារជីវិត (នៅឯទីក្រុងសៀត កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១១) លោក អូបាម៉ា បានប្រកាសយ៉ាងឱឡារិក ថាសម្រោលដ៏ខ្មៅងងឹតរបស់ជនផ្ដាច់ការត្រូវបានលុបចេញពីលីប៊ី ស្របពេលអ្នកនយោបាអាមេរិកដែលគាំទ្រអន្តរាគមន៍របស់អាមេរិកបាននាំគ្នាអបអរសាទរជាមួយការសន្មត់ ថាទីបញ្ចប់នៃរបបដឹកនាំកាដាហ្វី គឺជាជោគជ័យមួយសម្រាប់ប្រជាជនលីប៊ីទាំងមូល និងបុព្វហេតុដ៏ធំដើម្បីសេរីភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា ក៏ដូចជានៅទូទាំងពិភពលោក ទាំងមូល។ តែក្រោយការរលំរលាយរបបដឹកនាំាកាដាហ្វី, សិទ្ធិមនុស្ស, សេរីភាព, ប្រជាធិបតេយ្យ, សេចក្ដីថ្លៃថ្នូរ និងអនាគតរុងរឿងដែលពួកគេបានសន្យាចំពោះប្រជាជនលីប៊ី បែរជាជំនួសមកវិញដោយអំពើហិង្សា, ការរំលោភសិទ្ធិមនុស្ស, ការបាក់បែកជាតិ និងសេដ្ឋកិច្ចធ្លាក់ដល់បាតទៅវិញ ខណៈអ្នកជំនាញជាច្រើនចាប់ផ្ដើមចោទសួរឡើងវិញថាតើ ការធ្វើអន្តរាគមន៍យោធានៅលីប៊ី គឺជាកំហុសឆ្គងមួយដ៏ធំដែរ ឬក៏យ៉ាងណា? ពិតមែនទៅ សំណួរនេះអ្នកដែលត្រូវឆ្លើយមុនគេ មានតែប្រជាជនលីប៊ីខ្លួនឯងប៉ុណ្ណោះ ដ្បិត មានតែពួកគេទេ ទើបដឹងតើថាជីវិតរស់នៅក្រោមរបបផ្ដាច់ការកាដាហ្វី និងក្រោយការលូកដៃពីបរទេស, មួយណាល្អប្រសើរជាងសម្រាប់ពួកគេ។


របាយការណ៍របស់អង្គការសហប្រជាជាតិក៏ហាក់ដូចជាបានទទួលស្គាល់ផងដែរថា ភាពចលាចលនៅលីប៊ីមានស្ថានភាពអាក្រក់បំផុតមិនធ្លាប់មាន នៅក្នុងចំណោមសង្រ្គាម ប្ដូររបបដឹកនាំរបស់សហរដ្ឋអាមេរិក។ មួយវិញទៀត ទោះបីជាមានបទឈប់បាញ់រវាងរដ្ឋាភិបាលទីក្រុងទ្រីប៉ូលី (គាំទ្រដោយអន្តរជាតិ) និងរដ្ឋាភិបាលលីប៊ីភាគខាងកើតរបស់ លោក ខលីហ្វា ហាហ្វតា (Khalifa Haftar) ក៏ពិតមែន តែក្ដីសង្ឃឹមបិទបញ្ចប់ជម្លោះតាមរយៈការបោះឆ្នោតសកលដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០២១នេះ នៅតែ ស្ថិតនៅក្នុងភាពផុយស្រួយ។


គួរបញ្ជាក់ថា របាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិបានបង្ហាញយ៉ាងច្បាស់ពីគុណវិបត្តិរយៈពេលវែងនៃការធ្វើអន្តរាគមន៍យោធាអាមេរិក- NATO នៅក្នុងប្រទេសលីប៊ី។ អតីតមេដឹកនាំលីប៊ី លោក មូអាំម៉ា កាដាហ្វី ត្រូវបានបណ្ដាប្រទេសលោកខាងលិចចាត់ទុកថាជាជនផ្ដាច់ការសាហាវឃោរឃៅ។ ប៉ុន្តែ អ្វីដែលគេបានឃើញនឹងភ្នែក នោះគឺ ជីវិតប្រជាជនលីប៊ីសព្វថ្ងៃកាន់តែអាក្រក់តោកយ៉ាកជាងសម័យកាលលោកកាដាហ្វី ដឹកនាំទៅទៀត៕


ប្រភព៖ Cato Institute (ថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១)

ដោយៈ Fresh News



ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា


នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតទទួលជួបពិភាក្សាការងារមួយចំនួនជាមួយ ឯកឧត្តម ប៉ាប្លូ ជីហូ កាង (Pablo Chiho Kang) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា  ដែលជំនួបនេះបានធ្វើឡើងនៅខុទ្ទកាល័យឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ នៅអគារមិត្តភាព។


ឯកឧត្តម ប៉ាប្លូ ជីហូ កាង ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាបានជម្រាបជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ដោយផ្តោតជាសំខាន់លើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់រឹងមាំបន្ថែមទៀត រវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងអូស្ត្រាលី ក្នុងនោះក៏បានលើកឡើងពីគំនិតផ្តួចផ្តើមដែលប្រកាសដោយរដ្ឋាភិបាលអូស្ត្រាលី នូវអ្វីដែលបានអះអាងថា ក្នុងភាពជាដៃគូរវាងអូស្ត្រាលី ជាមួយបណ្តាប្រទេសទាំង៥ នៃតំបន់ទន្លេមេគង្គ ក្នុងគោលបំណងលើកកម្ពស់វិស័យសេដ្ឋកិច្ច ការបង្កើនពាណិជ្ជកម្ម វិនិយោគ និងបរិស្ថានជាដើម។ ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ក៏បានលើកឡើងអំពីការត្រៀមនឹងបន្ត     ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ឱ្យបានទទួលការសិក្សានៅប្រទេសអូស្ត្រាលី ដើម្បីការកសាងធនធានមនុស្ស និងការបណ្តុះបណ្តាលក្នុងភាពជាអ្នកដឹកនាំផងដែរ បន្ទាប់ពីស្ថានភាពនៃជំងឺកូវីដ- ១៩ បានស្ងប់ស្ងាត់ទៅវិញនាពេលខាងមុខ។ 

ជាមួយគ្នានេះដែរ ឯកឧត្តម ប៉ាប្លូ ជីហូ កាង មានប្រសាសន៍ពាក់ព័ន្ធនឹងដំណើរការ និងសមិទ្ធផលនានារបស់សាលាក្តីខ្មែរក្រហម  អ.វ.ត.ក និងបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលីបន្តជួយ អ.វ.ត.ក នូវទឹកប្រាក់១លានដុល្លារសម្រាប់ឆ្នាំនេះ និង១លានដុល្លារទៀតសម្រាប់ឆ្នាំក្រោយ និងចង់ឱ្យមានការបង្វែរប្រាក់ជំនួយនេះទៅចំណាយមួយផ្នែកលើសកម្មភាពចូលរួមរបស់ជនរងគ្រោះ និងការរក្សាកេរ្តិ៍ដំណែលរបស់ អ.វ.ត.ក។

មានប្រសាសន៍ក្នុងជំនួបនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា រហូតមកដល់ពេលនេះ អង្គជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម បានបញ្ចប់ជាស្ថាពរនូវសំណុំរឿងសំខាន់ៗចំនួន៤រួចហើយ និងបានគាំទ្រនូវការចូលរួមរបស់អូស្ត្រាលី ក្នុងការចង់រក្សាកេរ្តិ៍ដំណែលរបស់ អ.វ.ត.ក ដោយបានចាត់ទុកថា ជាកត្តាសំខាន់ក្នុងការថែរក្សាទុកសម្រាប់អ្នកជំនាន់ក្រោយឱ្យមានការចងចាំ ក៏ដូចជាការអប់រំទប់ស្កាត់ការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ ជាពិសេស ដំណើរការនីតិវិធីតុលាការ និងការជំនុំជម្រះក្តីនៅ អ.វ.ត.ក បានចូលរួមដល់ការពង្រឹងនីតិរដ្ឋ និងដំណើរការកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា តាមរយៈការផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ការងារនានាជាច្រើន។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីគឺជាប្រទេសលំដាប់ទី៣ ដែលបានផ្តល់ថវិកាសរុបចំនួនជិត៤០លានដុល្លារអាមេរិកហើយ សម្រាប់ដំណើរការរបស់អង្គជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម ក្នុងនោះទឹកប្រាក់ចំនួន៣១លានដុល្លារសម្រាប់ជួយដល់ភាគីអន្តរជាតិ និងក្រៅពីនេះគឺទឹកប្រាក់សម្រាប់ការជួយដល់ភាគីកម្ពុជា។ ទន្ទឹមនឹងនោះដែរ  ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតក៏បានសំណូមពរឱ្យអូស្ត្រាលីជួយផ្តល់ថវិកាដល់ភាគីជាតិនៃអ.វ.ត.ក. នៅឆ្នាំ២០២២ ដែលជាឆ្នាំចុងក្រោយដែល អ.វ.ត.ក គ្រោងនឹងបញ្ចប់សំណុំរឿងទំាងអស់ដែលនៅសេសសល់ ហើយនឹងបន្តជួយនៅឆ្នាំបន្តបន្ទាប់ទៀតសម្រាប់អនុវត្តមុខងារសេសសល់ផ្នែកយុត្តាធិការនិងមិនមែនយុត្តាធិការក្រោមកិច្ចព្រមព្រៀងបន្ថែម។

 ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការបានវាយតម្លៃខ្ពស់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្ត្រាលី គឺមានភាពល្អប្រសើរតាំងពីយូរយារណាស់មកហើយ ហើយការចូលរួមផ្តល់ថវិការបស់រដ្ឋាភិបាលអូស្ត្រាលី សម្រាប់សាលាក្តីខ្មែរក្រហម គឺជាមរតក និងជាគុណសម្បត្តិដ៏ធំធេងរបស់អូស្ត្រាលីដែលបានជួយជ្រោមជ្រែង៕









លោក ហឿ ស៊ីយ៉ែម បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាខេត្តចេះ

ក្រចេះ៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៣ ឆ្នាំទី៣ របស់ក្រុមប្រឹក្សាខេត្ត ។

កិច្ចប្រជុំនេះមានការចូលរួមពី លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គការភាពជុំវិញខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងកងរាជអាវុធហត្ថ និងមន្ត្រីពាក់ព័ន្ធផងដែរ ៕






អគ្គនាយកអាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ចប្រជុំប្រចាំខែតុលា និងចុះតាមការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ

សៀមរាប៖នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធនានា បានចូលរួមក្នុងកិច្ចប្រជុំ និងចុះពិនិត្យការងារតាមការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។ គោលបំណងសំខាន់នៃសកម្មភាពនេះ គឺដើម្បីត្រួតពិនិត្យ និងផ្តល់យោបល់បច្ចេកទេសមួយចំនួនសម្រួលកិច្ចការងារឱ្យមានភាពរលូនទទួលបានប្រសិទ្ធភាព និងនិរន្តរភាព។

នាឱកាសនោះ អគ្គនាយកអាជ្ញាធរជាតិអប្សរា ក៏បានណែនាំថ្នាក់ដឹកនាំគ្រប់នាយកដ្ឋានគួរប្រើយន្តការមួយដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាពការងារឱ្យមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់។ ជាពិសេសធ្វើការផ្លាស់ប្ដូរយោបល់ក្នុងការអនុវត្តកិច្ចការងារក្នុងជំហានបន្តបន្ទាប់ទៀតឱ្យកាន់តែប្រសើរ៕





អាជ្ញាធរជាតិអប្សរា នឹងធ្វើការជួសជុលប្រាសាទព្រហ្មកិល

សៀមរាប៖ ប្រាសាទព្រហ្មកិល មានមុខងារជាមន្ទីរពេទ្យក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ គឺជាប្រាសាទតូចមួយ មានទីតាំងនៅផ្នែកខាងលិចឈៀងខាងជើងប្រាសាទអង្គរវត្ត។

លោក ស៊ឹម ថន អនុប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ដោយពិនិត្យឃើញប្រាសាទព្រហ្មកិល រងការខូចខាតទ្រុឌទ្រោមខ្លាំង ថ្មធ្លាក់រាយប៉ាយ និងតួប៉មកណ្តាល បានបាក់រលួសអស់មួយចំហៀងទៅហើយ ទើបក្រុមការងារធ្វើការជួសជុលបន្ទាប់ពីបានការអនុញ្ញាតពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងគណៈកម្មាធិការអន្តរជាតិ ICC-Angkor។

លោកបន្តថា ក្នុងដំណើរការជួសជុលនឹងគ្រោងប្រើពេល១ឆ្នាំ ដោយបែងចែកការជួសជុលជា៣ដំណាក់កាល រួមមាន៖ ទី១ ការរៀបចំឯកសារ ធ្វើកំណាយសិក្សាពីរចនាសម្ពន្ធរបស់ប្រាសាទ បែងចែកលេខរៀង និងផ្គុំថ្ម  ទី២ ចាប់ផ្តើមរៀបផ្គុំថ្មសាកល្បង និងរៀបចំពង្រឹងគ្រឹះ និងទី៣ គឺរៀបចំថ្មទាំងអស់ ដែលបានរកឃើញដាក់ចូលទីតាំងដើមវិញ៕





ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ជាវ តាយ ជាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ម៉ៅ ធនិន ដែលត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ បានផ្ទេរភារកិច្ច ជាអភិបាលនៃគណៈអភិបាលខេត្តកំពតវិញ។

ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណវេទិកាក្នុងសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី ថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត ស្រុក ឃុំ និងមន្ទីរអង្គភាពនានាជុំវិញខេត្ត ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានការណ៍សុខាភិបាល ដើម្បីបង្ការការពារជំងឺកូវីដ១៩៕









អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយនូវវីដេអូថ្មី ក្រោមចំណងជើងថា «លទ្ធផលនៃនយោបាយវ៉ាក់សាំង៖ កម្ពុជាផ្តើមចាកចេញពីវិបត្តិកូវីដ-១៩ ជាបណ្តើរៗ»

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ដែលមានរយៈពេលជាង១៦នាទី ក្រោមចំណងជើងថា«លទ្ធផលនៃនយោបាយវ៉ាក់សាំង៖ កម្ពុជាផ្តើមចាកចេញពីវិបត្តិកូវីដ-១៩ ជាបណ្តើរៗ»។

ការបញ្ចេញផ្សាយនូវវីដេអូនេះ បានរំលេចឱ្យប្រជាពលរដ្ឋទូទៅបានឃើញនូវលទ្ធផលជាក់ស្តែងដែលជាផ្លែផ្កា និងជោគជ័យដែលកើតចេញមកពី « នយោបាយវ៉ាក់សាំង និងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចតេជោ» ដែលនឹងអនុញ្ញាតិឱ្យរាជរដ្ឋាភិបាលបើកដំណើរការសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញនៅក្នុងពេលខាងមុខនេះ។

ផែនការនឹងបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យនៅក្នុងពេលដ៍ខ្លីខាងមុខនេះ ក៏ក្នុងគោលបំណងដើម្បីអូសទាញក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិឲ្យងើបឡើងវិញ បន្ទាប់ពីត្រូវបានញាំញីដោយជំងឺកូវីដ-១៩ អស់រយៈពេលជិត២ឆ្នាំកន្លងមកនេះ។ ទន្ទឹមនឹងនេះ ប្រសិទ្ធភាពខ្ពស់នៃនយោបាយចាក់វ៉ាក់សាំងស្រោចនៅទូទាំងប្រទេសដែលបង្កើតបាននូវភាពសាំក្នុងសហគមន៍ គួបផ្សុំនឹងការគោរពអនុវត្តបានយ៉ាងល្អនូវគោលការណ៍ ៣ការពារ និង៣កុំ

របស់ប្រជាពលរដ្ធ ដែលទើបបានបញ្ចប់នូវការចេញទៅធ្វើដំណើរកំសាន្តនៅទូទាំងប្រទេសក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅនេះ ក៍បានបង្កនូវលក្ខណៈសម្បត្តិបន្ថែមទៀតដែលអាចអនុញ្ញាតអោយរាជរដ្ធាភិបាលបន្តដំណើរការនៃ គំរោងផែនការឈានទៅបើកសេដ្ឋកិច្ចនិងសង្គមឡើងវិញនេះផងដែរ។ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាល កម្ពុជាចាប់ផ្តើមបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ តាមរយៈការបើកចំហរជា

បណ្តើរៗទាំងសកម្មភាពផ្ទៃក្នុងនិងទាំងសកម្មភាពខាងក្រៅ ក្នុងនោះវិស័យទេសចរណ៍គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់។

ការបើកសកម្មភាពសង្គមនិងសេដ្ឋកិច្ចឡើងវិញជាបណ្តើរៗគឺដោយសារតែព្រះរាជាណាចក្រកម្ពុជាស្ថិតក្នុងចំណោម តារាងប្រទេសដែលមានភាពស៊ាំក្នុងសហគមន៍ច្រើនបំផុតនៅក្នុងពិភពលោកដោយសារតែប្រជាពលរដ្ឋភាគច្រើនលើសលប់បានចាក់វ៉ាក់សាំងរួចរាល់។ 

លទ្ធផលនេះ ពិតជាបានមកមិនអាចប្រកែកបានឡើយដោយសារតែគោលនយោបាយដ៏ត្រឹមត្រូវ ឈ្លាសវៃ និងទាន់សភាពការណ៍របស់ប្រមុខដឹកនាំកម្ពុជា។

រហូតមកទល់នឹងពេលនេះ ជាង៨០% នៃប្រជាពលរដ្ឋខ្មែរដែលមានចំនួនសរុបជិត ១៦ លាននាក់បានចាក់វ៉ាក់សាំងរួចរាល់ហើយ។ ហើយមិនត្រឹមតែមនុស្សពេញវ័យដែលមានអាយុចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅតែប៉ុណ្ណោះទេដែលទទួលបានវ៉ាក់សាំង ប៉ុន្តែ កុមារនិងយុវវ័យចាប់ពីអាយុ ៦ឆ្នាំ ដល់ ១៧ឆ្នាំក៏បានទទួលវ៉ាក់សាំងដែរ។ ប្រជាពលរដ្ឋខ្មែរជាច្រើនក៏បាននិងកំពុងទទួលវ៉ាក់សាំងដូសទី៣ ដែលជាដូសជំរុញថែមទៀត៕

សូមទស្សនាវីដេអូដូចតទៅ៖








ពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី៣ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តផែនការគណនេយ្យភាពសង្គម

កំពង់ឆ្នាំង÷ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង លោក ស៊្រន សំឫទ្ធី អភិបាល

រងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំប្រចាំ

បូកសរុបលទ្ធផលការងារត្រីមាសទី៣ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តផែនការគណនេយ្យភាពសង្គម  ដោយមានការចូលរួមពីលោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក ការិយាល័យអប់រំក្រុង ស្រុក និងតំណាងអង្គការដៃគូរផងដែរ។

មានប្រសាសន៍បើកកិច្ចប្រជុំ លោក ស៊្រន សំឫទ្ធី បានថ្លែងការកោតសរសើរនូវ លទ្ធផលការងារសម្រេចបានប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់ក្រុមការងារដែលខិតខំសម្រេចបានកន្លងមក ដើម្បីជួយគាំទ្រដល់រដ្ឋបាលខេត្ត ក្នុងការអភិវឌ្ឍសមត្ថភាព ពាក់ព័ន្ធនិងគណនេយ្យភាពសង្គមដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីបង្គោលគណនេយ្យភាព និងការងារគណនេយ្យភាពខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ស្ថាប័នពាក់ព័ន្ធមានមន្ទីរអប់រំយុវជននិងកីឡា មន្ទីរសុខាភិបាល និងការិយាល័យអប់រំស្រុកប្រតិបត្តិ ដើម្បីអនុវត្តទាំងផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការរបស់ប្រជាពលរដ្ឋព្រមទាំងអង្កការសង្គមសុីវិលនៅក្នុងខេត្តកំពង់ឆ្នាំង។

លោក ស្រ៊ន សំឫទ្ធី បានផ្តាំផ្ញើដល់ក្រុមការងារត្រូវ លើក

យកបញ្ហាប្រឈមក្នុងបរិបទជំងឺកូវីដ១៩ ដើម្បីធ្វើការដោះស្រាយសម្រាប់អនុវត្តនៅខែបន្ទាប់ និងសូមអោយក្រុមកាងារក្រុង ស្រុក ព្រមទាំងអង្គការដៃគូរពេលចុះធ្វើការងារអប់រំផ្សព្វផ្សាយតាមមណ្ឌលសុខភាព សាលាឃុំសង្កាត់ត្រូវបញ្ជូលកម្មវិធី អទិភាពចំនួន២ គឺការណែនាំដល់ប្រជាពលរដ្ឋចូលរួមចាក់វ៉ាក់សាំង និងផ្សព្វផ្សាយនូវវិធានការការពារនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ កាន់តែជ្រួតជ្រាបបន្ថែមទៀត ៕





លោក ឡុង ឈុនឡៃ នាំយកទេយ្យទាន និងបច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រះច័ន្ទរង្សី ហៅត្រពាំងម្លូ

កំពង់ឆ្នាំង÷ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងសហការីបាននាំយកទេយ្យទាន និងបច្ច័យទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តព្រះច័ន្ទរង្សីហៅត្រពាំងម្លូរ ស្ថិតក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីកសាងសមិទ្ធផលនានាក្នុងវត្ត និងផ្គត់ផ្គង់ចង្ហាន់ប្រចាំថ្ងៃ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ឡុង ឈុនឡៃ ក៏

បានផ្ដាំផ្ញើដល់ព្រះគ្រូចៅអធិការ និង ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងអស់សូមចូលរួម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហមន៍ក្នុងអំឡុងពេលនេះ ជាពិសេសត្រូវអនុវត្តឲ្យបានជាប់ជាប្រចាំតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត និងវិធានការនានារបស់ក្រសួងសុខាភិ

បាល ជាពិសេសអនុវត្តតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ៣ការពា និង ៣កុំ ឲ្យបានជាប់ជាប្រចាំ។

ទេយ្យទាន និងបច្ច័យ ដែលលោក ឡុង ឈុនឡៃ និងសហការី បានប្រគេនដល់ព្រះសង្ឃវត្តព្រះច័ន្ទរង្សី(ត្រពាំងម្លូរ) ឃុំក្រាំងស្គារ រួមមាន÷  អង្ករ ២០០ គីឡូក្រាម

ទឹកបរិសុទ្ធវីតាល់ ១០ កេស, ត្រីខ ៥យួរ,មី ៥កេស,បច្ច័យ

 ចំនួន ៩.៩០០.០០០រៀលនិង ជូនលោកយាយលោកតាដែលបានក្នុងពិធីចំនួន ៣០០.០០០រៀលផងដែរ។

ក្នុងឱកាសនោះ ព្រះគ្រូកោសលបញ្ញានុរ័ត្ន ផន សុឡា ព្រះគ្រូអនុគណស្រុកទឹកផុសនិងជាព្រះគ្រចៅអធិការវត្តព្រះច័ន្ទរង្សីបានប្រសិទ្ធិពរ ដល់លោក ឡុង ឈុនឡៃ និង សហការី ព្រមទាំងក្រុមគ្រួសារសូមមានសុខភាពល្អ ជន្មាយុយឺនយូរនិងជួបប្រទះនូវពុទ្ធពរព្រះទាំងឡាយ ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈកុំបីឃ្លាងឃ្លៀតឡើយ៕