Friday, November 10, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចសន្ទនាក្រៅផ្លូវការ រវាងថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)

នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បន្ទាប់ពីបាន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍ចំនួន៣៧០នាក់ នៅវិមានសន្តិភាពរួចមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅចូលរួម«កិច្ចសន្ទនាក្រៅផ្លូវការរវាងថ្នាក់ដឹកនាំ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និងអាស៊ាន» នៅទីក្រុងដាណាំង ប្រទេសវៀតណាម។ កិច្ចសន្ទនានេះ ក្រោមមូលបទ «ការចូលរួមជាដៃគូដើម្បីថាមភាពថ្មីសម្រាប់សមាហរណកម្ម និងការតភ្ជាប់គ្រប់ជ្រុងជ្រោយនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ដែលនឹងផ្ដល់ឱកាសដ៏ល្អដើម្បីស្វែងរកវិធីសម្រាប់កិច្ចសហប្រតិបត្តិការថ្មី រវាងយន្តការតំបន់ទាំងពីរនេះ ក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាព។

ក្នុងអំឡុងពេលសា្នក់នៅប្រទេសវៀតណាម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយលោក ត្រាន ដាយ ក្វាង ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងអញ្ជើញចូលរួមពិសារអាហារពេលព្រឹកការងារ រៀបចំដោយលោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ទោះបីកម្ពុជាបានចូលអាស៊ានក្រោយគេក៏ដោយ តែកម្ពុជាពិតជាមានមោទនភាពពីប្រទេសដែលទើបងើបពីសង្គ្រាម

នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាទោះបីកម្ពុជាបានចូលអាស៊ានក្រោយគេក៏ដោយ តែកម្ពុជាពិតជាមានមោទនភាពពីប្រទេសដែលទើបងើបពីសង្គ្រាម ព្រមទាំងកសាងប្រទេសជាតិពីគំនរផេះផង់រហូតបានមកដល់សព្វថ្ងៃនេះ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះ សំណាលដោយផ្ទាល់ជាមួយយុវជន នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន លើកទី៤៤ ឆ្នាំ២០១៧ សរុប៣៧០ នាក់នៅវិមានសន្តិភាព។ លោកបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនដែលមានយុវជនទាំង១០ប្រទេសបានចូលរួមបូកទាំងប្រទេសជប៉ុន។
ក្នុងឱកាសនេះផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានចូលរួមសោកស្តាយចំពោះគ្រោះមហន្តរាយ(ព្យុះដំរី) ដែលបានកើតមានឡើងចំពោះប្រជាជនវៀតណាមដែលបានសម្លាប់មនុស្សអស់ប្រមាណជាង ១០០ នាក់ក្នុងរយៈពេលកន្លងទៅថ្មីៗនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានកោតសរសើរចំពោះមេដឹកនាំអាស៊ានទាំងអស់ដែលបានដឹកនាំប្រទេសក្នុងដំបន់ឱ្យមានការអភិវឌ្ឍរីកចម្រើន ជាពិសេស ការអភិវឌ្ឍនធនធានមនុស្សនេះ។ ចក្ខុវិស័យអាស៊ានបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្ម និង សុខដុមនីយកម្មជាមួយគ្នា ទោះបីកម្ពុជាបានចូលអាស៊ានក្រោយគេក៏ដោយ តែកម្ពុជាពិតជាមានមោទនភាពពីប្រទេសដែលទើបងើបពីសង្គ្រាម។ កម្ពុជាក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានចំនួន ២លើករួមមកហើយផងដែរ ហើយក៏ទទួលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំផ្សេងៗផងដែរ៕





មេឃុំសត្វពង ស្រុកឈូក ប្រកាសដើរចេញពីបក្សសង្រ្គោះជាតិ ហើយមកសុំរួមរស់​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា

ខេត្តកំពត ៖ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក អ៊ុយ សៅសាត អាយុ៦៤ឆ្នាំ ជាមេឃុំ សត្វពង ស្រុកឈូក ខេត្តកំពត មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈ ដើរ​ចេញេ​​ពីបក្សរបស់ខ្លួន ហើយមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយ​សារតែ​គាត់បាន​ឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស៕







អភិបាលរងខេត្តកំពង់ឆ្នាំង ជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គីដល់ក្រុមកីឡាករ”ទូកកំពង់លែងសែនជ័យបារមីពោធិ៍អណ្តែត”

(កំពង់ឆ្នាំង)៖ ដើម្បីអបអរសាទចំពោះជ័យលាភី ដែលក្រុមកីឡាករ ទូកង ឈ្មោះ”កំពង់លែងសែនជ័យបារមីពោធិ៍អណ្តែត” ដែលបានជាប់ចំណាត់ថ្នាក់លេខ២ នោះ លោក ចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ឆ្នាំង និងលោកកែវ ពៅ ប្រធានមន្ទីរ សាធារណការនិង ដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានជួបសំណេះសំណាល និងរៀបចំអាហារសាមគ្គី នៅវត្តពោធិអណ្តែត ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

លោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែង និង ជាគណៈកម្មការរៀបចំទូកនៅស្រុកកំពង់លែង បានអោយដឹងថា ទូកឈ្មោះកំពង់លែងសែនជ័យបារមីពោធិ៍អណ្តែត មានកីឡាករចំនួន៥១នាក់ និង កីឡាករបំរុងចំនួន២៤នាក់ នៅឆ្នាំ២០១៧នេះ ដែលបានទៅចូលរួមប្រកួត ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ នៅរាជធានីភ្នំពេញ ដោយទទួលបានជ័យលាភីលេខពីរ ។
មានប្រសាសន៍សំណេះសំណាលជាមួយក្រុមកីឡាករនាពេលនោះ លោក ចេង ញ៉ាន់ បានសំដែងនូវការកោតសរសើរ ចំពោះកីឡាករទាំងអស់ដែលបាន ខិតខំប្រឹងប្រែងតស៊ូ ក្នុងការចូលប្រកួតកាលពីពេលកន្លងមក រហូតទទួលបានជោគជ័យ នាំជ័យលាភីប្រកបដោយកិត្តិយស ជួនខេត្ត ស្រុក និង វត្តផងដែរ ។
លោកបានបញ្ជាក់ទៀតថា កត្តាដែលក្រុមកីឡាករទទួលបានជោគជ័យ គឺដោយក្រុមកីឡាករគោរពបាននូវលក្ខន្ដិកៈនៃការប្រកួត ចេះសាមគ្គីគ្នា និង ការតស៊ូរបស់ក្រុមកីឡាករ។ បន្ថែមពីលើនេះ គោលបំណងនៃការរៀបចំពិធីសំណេះសំណាលគ្នានាពេលនេះ គឺដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាករ ដែលបានខិតខំបចូលរួមប្រកួតប្រជែង បានជ័យលាភីជូនខេត្ត ។
លោកបានផ្តាំផ្ញើដល់ក្រុមកីឡាកទាំងអស់ដើម្បីដណ្តើមពានរង្វាន់លេខ១ គឺត្រូវបន្តហ្វឹកហាត់ អោយជាប្រចាំ មុនពេលចេញប្រកួត និង ត្រូវចេះថែទាំងសុខភាពអោយបានល្អ ដើម្បីឈានទៅយកពានរង្វាន់ជ័យលាភីសម្រាប់ឆ្នាំ២០១៨ខាងមុខអោយបានជូនខេត្ត និងស្រុករបស់យើងទាំងអស់គ្នា ៕




ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ជួបសំណេះសំណាលជាមួយ សកម្មជនយុវជនភូមិក្នុងស្រុកថ្មគោល


ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ងួន រតនៈ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពីធីសំណេះសំណាល ជាមួយក្រុមការងារយុវជនគណបក្សស្រុក សកម្មជនយុវជនឃុំ និងសកម្មជនយុវជនភូមិក្នុងស្រុកថ្មគោល ស្តីពីការពង្រីក និងពង្រឹងរចនាសម្ព័ន របៀបរបបធ្វើការងារ និងសភាពការណ៍ថ្មីៗ នៅទីស្នាក់ការគណបក្សប្រជាជនស្រុកថ្មគោល ខេត្តបាត់ដំបង ។ក្នុងនោះក៏មានការអញ្ជើញចូលរួមពី អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត គណៈកម្មាធិការគណបក្សស្រុក ព្រមទាំងសមាជិកសមាជិកគណបក្សស្រុកសរុបចំនួន ១២៩ នាក់ ៕







អ្នកនាំពាក្យបក្សកាន់អំណាច៖ ឧបាយកលនៃបដិវត្តន៍ពណ៌ត្រូវបរាជ័យ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានលើកឡើងថាកាយវិការរបស់ព្រឹទ្ធសមាជិកបរទេសម្នាក់រួមមាន ការប្រើពាក្យសំដី ក្រអឺតក្រទម និងការគំរាមកំហែងចាត់វិធានការណ៍ដោយរំលោភបំពានយ៉ាងកំរោលមកលើឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជា ដោយយកជនម្នាក់ជាអាយ៉ងរបស់ខ្លួនមកដោះដូរជាមួយផលប្រយោជន៍ពលរដ្ឋកម្ពុជាទូទាំងប្រទេស ដោយអត់អៀនខ្មាស់។
លោក សុខ ឥសាន បានបញ្ជាក់ថា សមាជិកព្រឹទ្ធសភារូបនោះ បានលើកឡើងដូចជា៖
– បង្ខំឲ្យដោះលែង កឹម សុខា ដែលកំពុងប្រឈមមុខនឹងបទល្មើសសន្និដ្ឋិភាពជាមួយបរទេសបង្ករការប្រទូសរាយដល់ប្រទេសជាតិខ្លួនឯង ។
– បង្ខំឲ្យបោះបង់ចោលវិធានការណ៏ផ្លូវច្បាប់ចំពោះមេបក្សប្រឆាំង និងបក្សប្រឆាំងដែលល្មើសច្បាប់ ។
– បង្ខំឲ្យកាសែត វិទ្យុបរទេស និងក្នុងស្រុកដែលមិនបំពេញកាតព្វកិច្ចបង់ពន្ធ និងរំលោភកិច្ចសន្យាជាមួយក្រសួងរបស់រដ្ឋ បានប្រតិបត្តិការឡើងវិញ បម្រើឧបាយកលរបស់មេក្លោងខ្លួន ។
– បង្ខំឲ្យអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូច ក្នុងចំណោមរាប់ពាន់អង្គភាពនៅកម្ពុជា បានបំពេញប្រតិបត្តិការឡើងវិញ។
– យកឥទ្ធិពលខុសច្បាប់របស់ខ្លួនមកគំរាមកំហែងចង់ដាក់ទ័ណ្ឌកម្មលើកម្ពុជា ដោយប្រការផ្សេងៗ ។
– នឹងមិន់ទទួលស្គាល់់លទ្ធផលបោះឆ្នោតនាឆ្នាំ២០១៨ បើមិនមានការចូលរួមប្រកួតប្រជែងពីមេបក្សប្រឆាំង និង បក្សប្រឆាំង។
លោក សុខ ឥសាន បានបន្ថែមថា កាយវិការ និង អាក​ប្បកិរិយាខាងលើនេះបង្ហាញច្បាស់ថា មេក្លោងបដិវត្តន៍ពណ៌នៅកម្ពុជា កំពុងស្លន់ស្លោរ ជ្រួលច្របល់ចំពោះបរាជ័យរបស់អាយ៉ងរបស់ខ្លួន ដោយរចនាសម្ព័ន្ធ និងបណ្តាញរបស់ខ្លួនត្រូវវែកមុខ និង បង្ក្រាបបានទាន់ពេលវេលា ក្នុងការការពារសន្តិភាព ស្ថេរភាពនយោបាយ សេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា ការពារឯករាជ្យ និងអធិបតេយ្យភាពជាតិកម្ពុជា ការពារគោលការណ៏លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។ ទោះបីមានការបំភិតបំភ័យដោយប្រការណាក៏ដោយ ក៏វិធាន ការណ៍ផ្លូវច្បាប់ចំពោះជនក្បត់ជាតិ និងគណបក្សដែលបំពានច្បាប់ ប៉ុនប៉ងនាំមកនូងគ្រោះមហន្តរាយពីអតីតកាលមកដាក់ឲ្យកម្ពុជាជាថ្មីឡើងវិញ នៅតែដំណើរការទៅមុខស្របតាមគោលការណ៏នីតិរដ្ឋនៅកម្ពុជា ។

លោក សុខ ឥសាន ក៏បានសន្និដ្ឋានថា ការគំរាមកំហែង និងប្រមាថដោយរំលោភលើឯករាជ្យ និងអធិបតេយ្យភាពកម្ពុជា ពីបុគ្គលបរទេសណាមួយ វាគ្រាន់បង្ហាញមុខមាត់មេក្លោងបដិវត្តន៍ពណ៌ កាន់តែច្បាស់តែប៉ុណ្ណោះ ដែលមិនអាចទប់ស្កាត់ដំណើរឆ្ពោះទៅមុខរបស់កម្ពុជាបានឡើយ៕

សកម្មជនគណបក្សសង្គ្រោះជាតិចំនួន ២០រូប នៅឃុំតាសាលស្រុកឱរ៉ាល់បានសម្រេចចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា


សកម្មជនគណបក្សសង្គ្រោះជាតិចំនួន ២០រូប នៅឃុំតាសាលស្រុកឱរ៉ាល់បានសម្រេចចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា បានប្រកាសជាសាធារណៈ ដើរចេញេពីបក្សរបស់ខ្លួន ហើយមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស៕




ខេត្តសៀមរាប រៀបចំពិធី​សំណេះសំណាល​ និង ពិសារអាហារ​ ជាមួយប្រតិភូ​បវរកញ្ញា​ពិភពលោក​ ឆ្នាំ២០១៧​

សៀមរាប៖ កាលពីរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអផិបាលខេត្តសៀមរាប និងលោកស្រី និងលោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តបានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូបវរកញ្ញាពិភពលោកឆ្នាំ២០១៧ ដែលបានអញ្ជើញមកដល់លើទឹកដីប្រវត្តិសាស្ត្រសៀមរាប។
ការអញ្ជើញមកដល់ទឹកដីខេត្តសៀមរាបនេះ គឺមកទស្សនកិច្ច ដើម្បីស្វែងពីសក្តានុពល ទេសចរណ៍នៅខេត្តសៀមរាប ដែលជាតំបន់គោលដៅទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ហើយក៏ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់មនុស្សជាតិផងដែរ។
បន្ទាប់ពីចំណាប់អារម្មណ៍របស់លោក ប្រួន ( Brune ) តំណាងក្រុមហ៊ុនស្រាបៀរ ហ្គេនបឺត និង កញ្ញា អាំងចែលឡា ប៊ូនីឡា (Angela Bonila ) ម្ចាស់មកុដបវរកញ្ញាពិភពលោកឆ្នាំ២០១៦ និង ម្ចាស់មកុដបវរកញ្ញាពិភពលោកឆ្នាំ២០១៧ ក៏បានលើកឡើងពីភាពអស្ចារ្យនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសនៅ ខេត្តសៀមរាប ដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ និងធម្មជាតិ បានកំពុងទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ចូលមកទស្សនាកម្សាន្ត មកពីគ្រប់មជ្ឈដ្ឋាន នានាលើពិភពលោក ដែលប្រកបទៅដោយសុខសន្តិភាព និងសុវត្ថិភាពទៀតផង។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក ឃឹម ប៊ុនសុង បានធ្វើការស្វាគមន៍ ចំពោះប្រតិភូបវរកញ្ញាឯកពិភពលោក ឆ្នាំ២០១៧ ដែលមកទស្សនកិច្ច ដើម្បីស្វែងពីសក្តានុពលទេសចរណ៍នៅខេត្តសៀមរាប ដែលជាតំបន់គោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិ ហើយក៏ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកយើង ដោយផ្តោតលើសក្តានុពលរបស់ខេត្តសៀមរាប និងការងារសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ដោយពឹងផ្អែកលើវិស័យកសិកម្ម និងទេសចរណ៍៕






អាជ្ញាធរជាតិអប្សរានិងស្ថាប័នCHICOនៃសាធារណរដ្ឋកូរ៉េ ចុះអនុស្សារណៈ យោគយល់គ្នា លើ គម្រោងជួសជុលនិងអភិរក្សលានជល់ដំរី

នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ អាជ្ញាធរដើម្បីការពាររមណីយដ្ឋាននិងរៀបចំតំបន់អង្គរ ហៅកាត់ថា អាជ្ញាធរជាតិអប្សរា និងអង្គការសហប្រតិបត្តិការអន្តរជាតិលើវិស័យបេតិកភណ្ឌវប្បធម៌នៃសាធារណរដ្ឋកូរ៉េ (CHICO) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាដើម្បីអភិរក្សនិងជួសជុលលានជល់ដំរី។

ពិធីចុះហត្ថលេខាលើអនុស្សារណៈនេះប្រារព្ធធ្វើនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ក្រោមអធិបតីភាពលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរានិងភាគីកូរ៉េ ដឹកនាំដោយ Dr. CHOI តំណាងរបស់ CHICO កូរ៉េ។

លោក ស៊ុ ម៉ាប់ បានលើកឡើងថា គម្រោងអភិរក្សនិងជួសជុលលានជល់ដំរី ជាជំហានថ្មីមួយទៀតនៅក្នុងកិច្ចសហការជួសជុលនិងអភិរក្សបុរាណដ្ឋាននៅក្នុងតំបន់អង្គររបស់សាធារណរដ្ឋកូរ៉េ បន្ថែមលើគម្រោងកិច្ចសហការនៅក្រុមប្រាសាទព្រះពិធូរ ដែលមានស្ថាប័នKCHFជាអ្នកទទួលខុសត្រូវ។ ថ្មីៗមកនេះ មូលនិធិការពារបេតិកភណ្ឌវប្បធម៌កូរ៉េ KCHF និង KOICA ក៏បានបើកសម្ពោធបន្ទប់ពិសោធន៍មួយនៅក្នុងមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរាផងដែរ ដែលបានរួមចំណែកយ៉ាងច្រើនផ្នែកពិសោធន៍ផ្សេងៗនៅតំបន់អង្គរ។

លោកបានសង្កត់ធ្ងន់ថា កិច្ចសហការនេះ មិនផ្តោតសំខាន់តែលើការងារជួសជុលនិងអភិរក្សទេ យើងក៏យកចិត្តទុកដាក់ផងដែរលើផ្នែកស្រាវជ្រាវនិងបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងស្ថាប័នអាជ្ញាធរជាតិអប្សរា ដោយមានអ្នកជំនាញកូរ៉េជាអ្នកបង្ហាត់បង្ហាញ ចែករំលែកបទពិសោធន៍។ យើងសង្ឃឹមថា នាថ្ងៃអនាគតកិច្ចសហការនេះ នឹងផ្តល់ផ្លែផ្កាយ៉ាងល្អប្រសើររវាងអាជ្ញាធរជាតិអប្សរានិងCHICO៕






ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រ ប្រចាំថ្ងៃទី១០ ខែវិច្ឆកានេះ

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០១៧នេះ បានចេញព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖

១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម
៨-ទន្លេសាប-កំពង់លួង

សូមអានព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖


សមាជិកក្រុមប្រឹក្សាឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ម្នាក់ទៀត ប្រកាសដើរចេញពី CNRP

សមាជិកក្រុមប្រឹក្សាឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀងម្នាក់ទៀត ប្រកាសដើរចេញពី CNRP និងហៅមេដឹកនាំបក្សប្រឆាំង មិនដែលធ្វើឲ្យជាតិរីកចម្រើន មានតែញុះញង់ឲ្យបែកបាក់ តាមបញ្ជាបរទេស។

តាមលិខិតនៅល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សមាជិកក្រុមប្រឹក្សាកូតាគណបក្សសង្គ្រោះជាតិ គឺលោក ញាណ ឡន អាយុ៦២ឆ្នាំ ប្រកាសដើរចេញពីបក្ស ដែលខ្លួនធ្លាប់រស់នៅជាមួយយូរឆ្នាំមកហើយនោះ បានបញ្ជាក់ថា «គណបក្សសង្គ្រោះជាតិពុំដែលធ្វើឲ្យមានការរីកចម្រើនដល់ប្រទេសជាតិ គ្មានការរីកចម្រើនដល់សង្គមជាតិសោះ តែបានបំបែកបំបាក់ប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ គ្មានការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនដោះ ដោយមើលឃើញមេដឹកនាំ គណបក្សសង្គ្រោះជាតិជាជនក្បត់ជាតិ»។

សូមជម្រាបថា ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់លោកដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕


កម្ពុជាស្វាគមន៍យ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមនិងកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋឆែក

ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃជំនួបពិភាក្សាការងារ រវាងប្រមុខការទូតកម្ពុជា លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងគណៈប្រតិភូក្រសួងការពារប្រទេសរបស់សាធារណរដ្ឋឆែក ដឹកនាំដោយលោក Tomas Kuchta អនុរដ្ឋមន្រ្តីការពារប្រទេសដែលអបដំណើរដោយលោក Marek Libricky ឯកអគ្គរដ្ឋទូតរបស់ឆែកប្រចាំនៅកម្ពុជាមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះក៏បានបញ្ជាក់ថាកម្ពុជាបានស្វាគមន៍យ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមនានាសម្តៅកិច្ចអភិវឌ្ឍសង្គមនិងកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋឆែកឱ្យបានកាន់តែខ្លាំងក្លាថែមទៀត។

បើតាមសេចក្តីប្រកាសព័ត៌មានខាងលើ អនុរដ្ឋមន្រ្តីការពារប្រទេសឆែកបានវាយតម្លៃចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំង២ ហើយលោកបានអះអាងថាដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះ គឺសំដៅពង្រឹងបន្ថែមទៀតនូវភាពជាដៃគូរវាងប្រទេសទាំង២ ហើយនឹងពិភាក្សាស្វែងរកវិធីដើម្បីលើកស្ទួយបន្ថែមទៀតនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការហើយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង២ផងដែរ។ លោកបានលើកឡើងផងដែរអំពីបំណងរបស់ប្រទេសឆែកក្នុងការបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការក្នុងពេលអនាគតនៅលើផ្នែកគ្រប់គ្រងទឹកស្អុយ ថាមពលពន្លឺព្រះអាទិត្យ ធនធានរ៉ែ និងបច្ចេកវិទ្យាការពារជាតិ ហើយគំនិតផ្តើមនេះត្រូវបានកម្ពុជាស្វាគមន៍៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខាងក្រោម៖







លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រំលឹកពីការឈឺចាប់ដែលមិនអាចបំភ្លេចបាននៃការស្លាប់របស់កូនប្រុសរបស់លោកក្នុងរបបប៉ុល ពត

នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកដោយបានរំលឹកដល់ប្រវត្តិកំសត់ដែលពោរពេញដោយការឈឺចាប់មិនអាចបំភ្លេចបាននៃការស្លាប់យ៉ាងវេទនារបស់កូនប្រុសច្បងរបស់លោកនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា «កូនប្រុសដ៏កំសត់របស់ពុក នៅថ្ងៃស្អែកគឺដល់ខួប ៤១ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូន នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០១៧)។ ពុក និងម៉ែកូន មិនដែលភ្លេចទេនូវសោកនាដកម្មដែលបានកើតឡើងចំពោះរូបកូនព្រមទាំងពុកនិងម៉ែនោះទេ។ ការរៀបចំឡើងនូវផ្នូររបស់កូន និងចម្រៀង “អនិច្ចារកូនកំសត់ប្រវត្តិម្ដាយកម្ម” “ទំនួញកំសត់ប្រវត្តិវិទ្យាល័យ” និង “ព្រលឹងកំសត់” ដែលពុកម៉ែបានធ្វើឡើងក្នុងបំណងរំលឹកដល់វិញ្ញាណក្ខ័ន្ឋកូន និងការឈឺចាប់នាពេលនោះ។

ពុកនៅចាំបានយ៉ាងច្បាស់ថា ក្រោយម៉ោង៦ព្រឹក ថ្ងៃទី១០ ខែ វិច្ចកា ឆ្នាំ ១៩៧៦ ក្រោយពេលកូនប្រសូត្រចាកផ្ទៃម្តាយកូន គ្រូពេទ្យបានធ្វើឱ្យកូនរបូតធ្លាក់ពីដៃត្រូវនឹងជ្រុងគ្រែធ្វើឱ្យកូនបាក់ឆ្អឹងខ្នងធ្លាក់ដល់ដីគាប់ជួនពុកបានធ្វើដំណើរពីភូមិកោះថ្ឃុំ ទន្លូង ទៅដល់មន្ទីរពេទ្យតំបន់ដែលតាំងនៅអតីតអនុវិទ្យាល័យស្រុកមេមត់។ ម្តាយកូនឆ្លងទន្លេម្នាក់ឯងដោយមិនមានពុកនៅមើលថែទេ។ ពុកមិនបានបំពេញការងារជាប្តី ជាឪពុកទេ ព្រោះពេលនោះមិនថាតែពុកនោះទេ គឺប្រជាជនទូទាំងប្រទេសមានសិទ្ឋិតិចជាងសត្វឆ្កែឬឆ្មាទៅទៀត។ ឆ្កែ ឆ្មាវាមានសិទ្ធិការពារកូនវាច្រើនជាងមនុស្ស។ តែដូចទេវតាបានជួយរៀបចំឱ្យពុកបានធ្វើដំណើរជាមួយមេបញ្ជាការទៅកាន់ស្រុកត្បូងឃ្មុំនាពេលនោះ ដែលពុកមានឱកាសចូលមើល ម្តាយកូននៅមន្ទីរពេទ្យប្រចាំស្រុកមេមត់។ ភាពតក់ស្លុតបានកើតឡើងចំពោះរូបពុកនៅពេលដែលពុកឈានជើងចូលដល់មន្ទីរពេទ្យ ហើយត្រូវអ្នកជម្ងឺដែលសម្រាកជាមួយម្តាយកូនស្រែកប្រាប់ថា “រ៉ានីឆ្លងទន្លេ ហើយកូនស្លាប់ហើយ”។ ពុកប្រឹងរត់ទៅរកកូនឃើញឈាមកូនកំពុងហូរចេញតាមមាត់ ពុកប្រឹងស្រែកឱ្យគេជួយដើម្បីសង្គ្រោះជីវិតកូន ក្នុងពេលដែលម្តាយកូនសន្លប់មិនទាន់ដឹងខ្លួន និងមិនទាន់ដឹងថាកូនស្លាប់នៅឡើយ អាស្រ័យដោយនៅបន្ទប់នៅផ្សេងគ្នា។

ពុកអត់ធ្វើអ្វីបានទេកូន ពុកបានសុំមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់នឹងនៅមើលថែទាំ ម្តាយកូនក្រោយឆ្លងទន្លេ។ មិនត្រឹមតែមិនបានទទួលការអនុញ្ញាតប៉ុណ្ណោះទេ តែពុកត្រូវរងនូវការប្រមាថយ៉ាងធ្ងន់ធ្ងរទៀតផង “ កម្មសិទ្ឋិមនោសញ្ចេតនាក្រាស់” “ មិត្តឯងមិនមែនគ្រូពេទ្យទេ” “ បើមិត្តឯងនៅ ក៏អាកូននេះមិនរស់ឡើងវិញដែរ” “មានពេទ្យយកខ្មោចកូននេះទៅកប់ហើយ មិនបាច់កប់ខ្លួនឯងទេ” “ការងារអង្គការសំខាន់ជាងការងារបុគ្គល” ។ល។
ឈឺចាប់ណាស់កូន តែពុកត្រូវទ្រាំអត់ធ្មត់ព្រោះការងារដែលពុកត្រូវធ្វើ គឺរំដោះប្រជាជនកម្ពុជាទូទាំងប្រទេសចេញពីរបបឃោរឃៅនេះ។ ពុកពុំមានអ្វីផ្តល់ឱ្យកូនក្រៅតែពីក្រម៉ា១ ដែលដោះចេញពីកពុកដើម្បីរុំខ្មោចកូននោះទេ។ ពុកខំប្រឹងទៅរកម្តាយកូនដែលទើបដឹងខ្លួនបន្ទាប់ពីសន្លប់ ហើយប្រាប់គាត់ថា កូនស្លាប់ហើយនឹងដាក់ឈ្មោះកូនថា “កំសត់”។ ឈ្មោះនេះនៅជាប់ជានិច្ចក្នុងវិញ្ញាណពុក ហើយកូន កំសត់នេះហាក់តាមថែរក្សាពុកម៉ែគ្រប់ពេលវេលា។

ពួកគេបង្ខំឱ្យពុកចាកចេញពីម្តាយកូននិងខ្មោចកូនទាំងការឈឺចាប់ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់។ ៣ថ្ងៃក្រោយមកទើបពុកបានការអនុញ្ញាតទៅជួបម្តាយកូនសារជាថ្មីដែលកំពុងមានជម្ងឺជាទម្ងន់ ដែលខ្មែរយើងនិយមហៅថា ”សល់សុក”។ ពុកត្រូវយកម្តាយកូនចេញពីពេទ្យដើម្បីឱ្យឆ្មបបូរាណខ្មែរកាយទម្លាក់សុកចេញ ទើបសង្គ្រោះជីវិតម្ដាយកូនបាន។ ពុកសុំទោសកូន ដែលពុកមិនដឹងថា សាកសពកូនគេយកទៅកប់ ឬបោះចោលនៅទីណា ព្រោះការងារបន្ទាន់របស់ពុក គឺត្រូវយកម្តាយកូនចេញពីមន្ទីរពេទ្យទៅព្យាបាលតាមបែបបូរាណវិញ។ ពុកពុំមានពេលស្វែងរកសាកសពកូននៅពេលនោះទេ សង្ឃឹមថាកូនយោគយល់ ហើយមកនៅផ្នូរដែលពុកម៉ែបានសាងសង់សំរាប់កូនតាំងពីទសវត្សឆ្នាំ ១៩៨០ មក។

រៀងរាល់ពេលដែលពុកនឹកដល់រឿងដ៏ឈឺចាប់នេះ ទឹកភ្នែកពុកតែងតែហូរចេញមក នេះជាទឹកភ្នែកនឹកដល់កូនកំសត់ ជាទឹកភ្នែកនឹកដល់ការឈឺចាប់លើសពីការអត់ធ្មត់បានរបស់មនុស្ស ជាទឹកភ្នែកនឹកដល់ប្រជាជនកម្ពុជារាប់លាននាក់ដែលត្រូវពួកប៉ុលពត សម្លាប់ និងធ្វើបាបដូចក្រុមគ្រួសារយើងដែរ។ កន្លងមកប្អូនប្រុសប្អូនស្រី និងក្មួយៗរបស់កូនបានទៅដល់ផ្នូរកូន ហើយពុកម៉ែក៏បានរៀបចំបង្សុកូលឱ្យកូនផងដែរ។ កូន កំសត់ សូមព្រលឹងកូនបន្តតាមថែរក្សាពុក ម៉ែ ប្អូនៗ និងក្មួយៗរបស់កូនតទៅទៀត។ ពុកនៅតែសូមការយោគយល់ពីកូនដែលមិនបានយកសពកូនទៅបញ្ចុះដោយខ្លួនឯង។ ពុកត្រូវអត់ធ្មត់និងធ្វើតាមបញ្ជាររបស់ពួកឃាដករ តែការអត់ធ្មត់នោះហើយដែលរក្សាជីវិតពុក និងម៉ែកូន ព្រមទាំងផ្តល់ឱកាសឱ្យពុករួមចំណែកដឹកនាំចលនាតស៊ូរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងកសាងប្រទេសបានរីកចម្រើនរហូតសព្វថ្ងៃ។

ថ្ងៃនេះគឺជាថ្ងៃឯករាជ្យជាតិខួបលើកទី៦៤ហើយក៏ជាថ្ងៃគម្រប់១ខែរបស់ក្មួយប្រុសទី២០ដែលជាកូនប្រុសរបស់ ម៉ាណែតរបស់កូន ពុកគួរតែសប្បាយ ប៉ុន្តែការឈឺចាប់បន្តយាយីអារម្មណ៍របស់ពុកជានិច្ច»៕