Friday, November 10, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ទោះបីកម្ពុជាបានចូលអាស៊ានក្រោយគេក៏ដោយ តែកម្ពុជាពិតជាមានមោទនភាពពីប្រទេសដែលទើបងើបពីសង្គ្រាម

នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាទោះបីកម្ពុជាបានចូលអាស៊ានក្រោយគេក៏ដោយ តែកម្ពុជាពិតជាមានមោទនភាពពីប្រទេសដែលទើបងើបពីសង្គ្រាម ព្រមទាំងកសាងប្រទេសជាតិពីគំនរផេះផង់រហូតបានមកដល់សព្វថ្ងៃនេះ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជួបសំណេះ សំណាលដោយផ្ទាល់ជាមួយយុវជន នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន លើកទី៤៤ ឆ្នាំ២០១៧ សរុប៣៧០ នាក់នៅវិមានសន្តិភាព។ លោកបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនដែលមានយុវជនទាំង១០ប្រទេសបានចូលរួមបូកទាំងប្រទេសជប៉ុន។
ក្នុងឱកាសនេះផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានចូលរួមសោកស្តាយចំពោះគ្រោះមហន្តរាយ(ព្យុះដំរី) ដែលបានកើតមានឡើងចំពោះប្រជាជនវៀតណាមដែលបានសម្លាប់មនុស្សអស់ប្រមាណជាង ១០០ នាក់ក្នុងរយៈពេលកន្លងទៅថ្មីៗនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានកោតសរសើរចំពោះមេដឹកនាំអាស៊ានទាំងអស់ដែលបានដឹកនាំប្រទេសក្នុងដំបន់ឱ្យមានការអភិវឌ្ឍរីកចម្រើន ជាពិសេស ការអភិវឌ្ឍនធនធានមនុស្សនេះ។ ចក្ខុវិស័យអាស៊ានបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្ម និង សុខដុមនីយកម្មជាមួយគ្នា ទោះបីកម្ពុជាបានចូលអាស៊ានក្រោយគេក៏ដោយ តែកម្ពុជាពិតជាមានមោទនភាពពីប្រទេសដែលទើបងើបពីសង្គ្រាម។ កម្ពុជាក៏ធ្លាប់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានចំនួន ២លើករួមមកហើយផងដែរ ហើយក៏ទទួលបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំផ្សេងៗផងដែរ៕





No comments:

Post a Comment