Friday, November 10, 2017

កម្ពុជាស្វាគមន៍យ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមនិងកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋឆែក

ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃជំនួបពិភាក្សាការងារ រវាងប្រមុខការទូតកម្ពុជា លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងគណៈប្រតិភូក្រសួងការពារប្រទេសរបស់សាធារណរដ្ឋឆែក ដឹកនាំដោយលោក Tomas Kuchta អនុរដ្ឋមន្រ្តីការពារប្រទេសដែលអបដំណើរដោយលោក Marek Libricky ឯកអគ្គរដ្ឋទូតរបស់ឆែកប្រចាំនៅកម្ពុជាមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះក៏បានបញ្ជាក់ថាកម្ពុជាបានស្វាគមន៍យ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមនានាសម្តៅកិច្ចអភិវឌ្ឍសង្គមនិងកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋឆែកឱ្យបានកាន់តែខ្លាំងក្លាថែមទៀត។

បើតាមសេចក្តីប្រកាសព័ត៌មានខាងលើ អនុរដ្ឋមន្រ្តីការពារប្រទេសឆែកបានវាយតម្លៃចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសទាំង២ ហើយលោកបានអះអាងថាដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះ គឺសំដៅពង្រឹងបន្ថែមទៀតនូវភាពជាដៃគូរវាងប្រទេសទាំង២ ហើយនឹងពិភាក្សាស្វែងរកវិធីដើម្បីលើកស្ទួយបន្ថែមទៀតនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការហើយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង២ផងដែរ។ លោកបានលើកឡើងផងដែរអំពីបំណងរបស់ប្រទេសឆែកក្នុងការបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការក្នុងពេលអនាគតនៅលើផ្នែកគ្រប់គ្រងទឹកស្អុយ ថាមពលពន្លឺព្រះអាទិត្យ ធនធានរ៉ែ និងបច្ចេកវិទ្យាការពារជាតិ ហើយគំនិតផ្តើមនេះត្រូវបានកម្ពុជាស្វាគមន៍៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខាងក្រោម៖







No comments:

Post a Comment