Friday, November 10, 2017

អ្នកនាំពាក្យបក្សកាន់អំណាច៖ ឧបាយកលនៃបដិវត្តន៍ពណ៌ត្រូវបរាជ័យ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានលើកឡើងថាកាយវិការរបស់ព្រឹទ្ធសមាជិកបរទេសម្នាក់រួមមាន ការប្រើពាក្យសំដី ក្រអឺតក្រទម និងការគំរាមកំហែងចាត់វិធានការណ៍ដោយរំលោភបំពានយ៉ាងកំរោលមកលើឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជា ដោយយកជនម្នាក់ជាអាយ៉ងរបស់ខ្លួនមកដោះដូរជាមួយផលប្រយោជន៍ពលរដ្ឋកម្ពុជាទូទាំងប្រទេស ដោយអត់អៀនខ្មាស់។
លោក សុខ ឥសាន បានបញ្ជាក់ថា សមាជិកព្រឹទ្ធសភារូបនោះ បានលើកឡើងដូចជា៖
– បង្ខំឲ្យដោះលែង កឹម សុខា ដែលកំពុងប្រឈមមុខនឹងបទល្មើសសន្និដ្ឋិភាពជាមួយបរទេសបង្ករការប្រទូសរាយដល់ប្រទេសជាតិខ្លួនឯង ។
– បង្ខំឲ្យបោះបង់ចោលវិធានការណ៏ផ្លូវច្បាប់ចំពោះមេបក្សប្រឆាំង និងបក្សប្រឆាំងដែលល្មើសច្បាប់ ។
– បង្ខំឲ្យកាសែត វិទ្យុបរទេស និងក្នុងស្រុកដែលមិនបំពេញកាតព្វកិច្ចបង់ពន្ធ និងរំលោភកិច្ចសន្យាជាមួយក្រសួងរបស់រដ្ឋ បានប្រតិបត្តិការឡើងវិញ បម្រើឧបាយកលរបស់មេក្លោងខ្លួន ។
– បង្ខំឲ្យអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូច ក្នុងចំណោមរាប់ពាន់អង្គភាពនៅកម្ពុជា បានបំពេញប្រតិបត្តិការឡើងវិញ។
– យកឥទ្ធិពលខុសច្បាប់របស់ខ្លួនមកគំរាមកំហែងចង់ដាក់ទ័ណ្ឌកម្មលើកម្ពុជា ដោយប្រការផ្សេងៗ ។
– នឹងមិន់ទទួលស្គាល់់លទ្ធផលបោះឆ្នោតនាឆ្នាំ២០១៨ បើមិនមានការចូលរួមប្រកួតប្រជែងពីមេបក្សប្រឆាំង និង បក្សប្រឆាំង។
លោក សុខ ឥសាន បានបន្ថែមថា កាយវិការ និង អាក​ប្បកិរិយាខាងលើនេះបង្ហាញច្បាស់ថា មេក្លោងបដិវត្តន៍ពណ៌នៅកម្ពុជា កំពុងស្លន់ស្លោរ ជ្រួលច្របល់ចំពោះបរាជ័យរបស់អាយ៉ងរបស់ខ្លួន ដោយរចនាសម្ព័ន្ធ និងបណ្តាញរបស់ខ្លួនត្រូវវែកមុខ និង បង្ក្រាបបានទាន់ពេលវេលា ក្នុងការការពារសន្តិភាព ស្ថេរភាពនយោបាយ សេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា ការពារឯករាជ្យ និងអធិបតេយ្យភាពជាតិកម្ពុជា ការពារគោលការណ៏លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា។ ទោះបីមានការបំភិតបំភ័យដោយប្រការណាក៏ដោយ ក៏វិធាន ការណ៍ផ្លូវច្បាប់ចំពោះជនក្បត់ជាតិ និងគណបក្សដែលបំពានច្បាប់ ប៉ុនប៉ងនាំមកនូងគ្រោះមហន្តរាយពីអតីតកាលមកដាក់ឲ្យកម្ពុជាជាថ្មីឡើងវិញ នៅតែដំណើរការទៅមុខស្របតាមគោលការណ៏នីតិរដ្ឋនៅកម្ពុជា ។

លោក សុខ ឥសាន ក៏បានសន្និដ្ឋានថា ការគំរាមកំហែង និងប្រមាថដោយរំលោភលើឯករាជ្យ និងអធិបតេយ្យភាពកម្ពុជា ពីបុគ្គលបរទេសណាមួយ វាគ្រាន់បង្ហាញមុខមាត់មេក្លោងបដិវត្តន៍ពណ៌ កាន់តែច្បាស់តែប៉ុណ្ណោះ ដែលមិនអាចទប់ស្កាត់ដំណើរឆ្ពោះទៅមុខរបស់កម្ពុជាបានឡើយ៕

No comments:

Post a Comment