Friday, November 10, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញដង្ហែរព្រះមហាក្សត្រក្នុងទិវាបុណ្យឯករាជ្យជាតិលើកទី ៦៤

នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញដង្ហែរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងប្រទានភ្លើងជ័យនៅក្នុងខួបលើកទី៦៤ នៃទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០១៧) ដែលប្រារព្ធធ្វើឡើងនៅវិមានឯករាជ្យ រាជធានីភ្នំពេញ។ ពិធីរំលឹកខួបបុណ្យឯករាជ្យជាតិថ្ងៃនេះ គឺមានការចូលរួមពីមន្រ្តីថ្នាក់ដឹកនំាព្រឹទ្ធសភា រដ្ឋសភា មន្រ្តីសមាជិករាជរដ្ឋាភិបាល តំណាងអង្គទូតប្រទេសជាមិត្តប្រចំាកម្ពុជា តំណាងក្រសួង-ស្ថាប័ន មន្រ្តីរាជការ កងកម្លំាងប្រដាប់អាវុធ យុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ទិវាបុណ្យឯករាជ្យជាតិ គឺត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីរំលឹកដល់ស្នាព្រះហស្ថរបស់ព្រះមហាវិរៈក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានដឹកនាំព្រះរាជបូជនីយកិច្ចទាមទារបាននូវឯករាជ្យពីអាណានិគមបារាំង នៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ១៩៥៣ ដែលធ្វើឱ្យកម្ពុជាទទួលបានឯករាជ្យមកដល់សព្វថ្ងៃនេះ។

ក្រោយពេលថ្វាយភ្លើងជ័យរួច ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គបានសព្វព្រះហឫទ័យយាងសួរសុខទុក្ខកូនចៅប្រជារាស្ត្ររបស់ព្រះអង្គជុំវិញវិមានឯករាជ្យ ក្នុងបរិយាកាសរីករាយក្រៃលែងនៅក្នុងថ្ងៃប្រវត្តិសាស្រ្តនេះ៕





















No comments:

Post a Comment