Monday, June 27, 2016

កម្ពុជា-ឡាវ ឯក​ភាពបើកអគ្គកុងស៊ុ​លនៅស្ទឹងត្រែង​ និងប៉ាក់សេ ដើម្បីស​ម្រួល​ការធ្វើដំណើររ​បស់ប្រជាព​លរដ្ឋ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកត្តម ខៀវ កាញារីទ្ធ បានថ្លែងថា កម្ពុជា-ឡាវ បានឯកភាពគ្នាបើកអគ្គកុងស៊ុល នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តប៉ាក់សេប្រទេសឡាវ ដើម្បីសម្រួលការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងប្រទេសទាំងពីរ។ ការឯកភាពនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាង   សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកត្តម ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីនៃប្រទេសឡាវ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦នេះ នៅវិមានសន្តិភាព។
ឯកត្តម ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីនៃប្រទេសឡាវ បានអញ្ជើញដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃនៅកម្ពុជា គឺ នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ។ នេះជាដំណើរទស្សនកិច្ចដើម្បីពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនង មិត្តភាពជាប្រពៃណីដែលមានស្រាប់ ទំនាក់ទំនងអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជានេះ ឯកត្តម ថងលូន ស៊ីសូលីត នឹងចូលបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នឹងជួបសំដែងការគួរសម ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ៕






No comments:

Post a Comment