Wednesday, March 29, 2017

នៅរសៀលនេះ គណបក្សសង្រ្គោះជាតិ នឹងជួបប្រជុំជាមួយតំណាងក្រសួងមហាផ្ទៃដើម្បីពិភាក្សារឿងសមាជខុសច្បាប់

ជំនួបរវាងតំណាងក្រសួងមហាផ្ទៃ និងគណបក្សសង្គ្រោះជាតិ ដើម្បីពិភាក្សាអំពីការចោទប្រកាន់​ថា សមាជជ្រើសរើសក្បាលម៉ាស៊ីន គណបក្សសង្គ្រោះជាតិខុសច្បាប់នោះ នឹងធ្វើឡើងនៅវេលាម៉ោង ២៖៣០នាទីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងនាពេលកន្លងមកថា ជំនួបនេះ ធ្វើឡើងក្នុងក្របខណ្ឌបច្ចេកទេស មិនមែនក្របខណ្ឌនយោបាយទេ។ លោក ប្រាក់ សំអឿន អគ្គនាយករដ្ឋបាលនៃក្រសួងមហាផ្ទៃ ត្រូវបានចាត់តាំងជាតំណាងក្រសួងមហាផ្ទៃ ដែលត្រូវជួបពិភាក្សាជាមួយបក្សប្រឆាំង។ ចំណែកសមាសភាព មកពីគណបក្សប្រឆាំង គេនៅមិនទាន់ដឹងនៅឡើយទេ។

ជំនួបនេះ ធ្វើឡើងបន្ទាប់ពីគណបក្សសង្រ្គោះជាតិ បានរៀបចំលិខិតផ្លូវការមួយ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧  ដើម្បីសុំជួបលោកឧបនាយករដ្ឋមន្រ្តី ស ខេង ពន្យល់អំពីការរៀបចំសមាជរបស់ខ្លួន កាលពីដើមខែមីនា។ លិខិតរបស់គណបក្សសង្រ្គោះជាតិ បានធ្វើឡើងបន្ទាប់ពី ក្រសួងមហាផ្ទៃបានជូនដំណឹងថា សមាជរបស់គណបក្សសង្រ្គោះជាតិ ជ្រើសតាំងប្រធាន និងអនុប្រធានថ្មី ខុសលក្ខន្តិកៈនោះ ហើយក្រសួងនេះក៏ស្នើឱ្យគណបក្សសង្រ្គោះជាតិដូរសារនយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» ផងដែរ៕


No comments:

Post a Comment