Wednesday, March 29, 2017

ហ្វេសប៊ុក Boulam San៖ កុំផ្កាប់បំពង់រង់ចាំទឹកភ្លៀង!

នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុក Boulam San បានបង្ហោះផ្សាយនូវអត្ថបទ ទស្សនវិភាគមួយក្រោមចំណងជើងថា «ផ្កាប់បំពង់រង់ចាំទឹកភ្លៀង! » ដែលមានខ្លឹមសារដូចខាង​ក្រោម៖
ដូនតាខ្មែរយើងតាំងពីបុរាណមកដែលបានស្គាល់ជីវិតសង្គមនិងនយោបាយច្បាស់លាស់​បានផ្តែផ្តាំកូនចៅកុំឱ្យជឿលើអ្វីមួយដែលមិនមែនជាការជាក់ស្តែង ឬកុំជឿលើអ្នកណាម្នាក់ដែលគ្រាន់តែនិយាយ ឬដោយគ្រាន់តែសន្យា។ ចាស់បុរាណច្រើនយកធម្មជាតិជាឧទាហរណ៍។ ពាក្យក្រើនរម្លឹក​ដែលយើងគ្រប់គ្នាជាកូនចៅជំនាន់ក្រោយ​បានដឹងគ្រប់គ្នា​នោះគឺ «កុំផ្កាប់បំពង់រង់ចាំទឹកភ្លៀង»។ ពាក្យនេះពិតជាមានន័យ ស៊ីជម្រៅខ្លាំងណាស់ដែលយើងគួរតែស្វែងយល់និងចងចាំ។
ពាក្យថា«កុំផ្កាប់បំពង់រង់ចាំទឹកភ្លៀង» ជាន័យចំគឺដូនតាយើងចង់ក្រើនរម្លឹកថា កុំគ្រាន់តែឃើញ​​មេឃមានពពកខ្មៅ និងលឺសូរផ្គរលាន់គ្រឹមៗ ឯនាយជើងមេឃ ក៏នាំគ្នាសន្និដ្ឋានថា បន្តិចទៀតនឹងមានភ្លៀងធ្លាក់មកហើយ។ ដូច្នេះ ម្នាក់ៗក៏នាំគ្នាប្រញ៉ាប់ប្រញ៉ាល់ចាក់ទឹក​ក្នុងពាង ក្នុងបំពង់ចោលអស់ព្រោះសង្ឃឹមថា នឹងអាចបានត្រងទឹកភ្លៀងថ្មីជំនួសវិញ។ ប៉ុន្តែ បន្តិចក្រោយមក ស្រាប់​តែខ្យល់បក់ពពកខ្មៅរសាត់អស់ ហើយមេឃក៏ស្រឡះឡើងវិញ ទឹកភ្លៀងក៏មិនបានធ្លាក់មកដែរ។ ពេលនោះ គ្រប់គ្នាក៏គ្មានទឹកប្រើប្រាស់ជួបគ្រោះអាសន្នធំ​ពីព្រោះតែទឹក ដែលនៅក្នុងពាង ក្នុងបំពង់ស្រាប់នោះ នាំគ្នាចាក់ចោលអស់ទៅហើយ។
យ៉ាងណាមិញ នៅក្នុងសង្គមជាក់ស្តែងក៏មានរឿងរ៉ាវជាច្រើនដូចគ្នានេះកើតមានដែរ។ មិនត្រឹមតែន័យចំទេ ដូនតាខ្មែរយើងក៏បានបង្កប់ន័យធៀបក្នុងនោះផងដែរ ពោលគឺពួកគាត់​ចង់ផ្តាំកូនចៅកុំឲ្យឆាប់ជឿលើអ្វីដែលមិនមែនជាការជាក់ស្តែង អ្វីដែលមិនទាន់មកដល់ហើយគ្រាន់តែ លឺតាមខ្យល់ តាមពាក្យសន្យាមិនប្រាកដប្រជា។ ចំណុចត្រង់នេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សក្នុងសង្គមបច្ចុប្បន្នដែល នយោបាយប្រជាភិថុតិ តាមរយៈការឃោសនា​ ការសន្យាខ្យល់កំពុងកើតមានយ៉ាងពេញបន្ទុក។ គណបក្សនយោបាយខ្លះសន្យាហួសមាឌ របស់ខ្លួនទៅទៀតក៏មានដែរ។ ពួកគេសន្យាផ្តល់ប្រាក់ឧបត្ថម្ភចាស់ជរា សន្យាដំឡើង​ប្រាក់ខែមន្ត្រីរាជការ កម្មករ គ្រូបង្រៀន ទាហាន ប៉ូលិស។ ពួកគេសន្យាផ្តល់ថវិការាប់សិបម៉ឺនដុល្លារ​ដល់​ក្រុមប្រឹក្សាឃុំសង្កាត់។ ប៉ុន្តែ មិនដឹងថាបានលុយមកពីណា ទេ គឺចេះតែដេកស្រម៉ៃ​ហើយ​បូក ដក គុណ ចែក ខ្យល់សុទ្ធ។
អ្វីដែលគួរកត់សម្គាល់ម្យ៉ាងទៀត ពួកគេសន្យាដំឡើងប្រាក់ខែជូនកម្មករ តែនៅម្ខាងទៀតពួកគេ​ដើរបញ្ចុះបញ្ចូលឱ្យអន្តរជាតិកាត់ឈប់ទិញផលិតផលរោងចក្រពីកម្ពុជា។ នៅពេលពួកគេនិយាយថា ចង់ឱ្យប្រទេសអភិវឌ្ឍឱ្យបានលឿន តែពួកគេដើរប្រាប់​អន្តរជាតិកុំឱ្យផ្តល់ជំនួយ ដល់កម្ពុជា។ នៅពេលពួកគេ​សន្យាដំឡើងប្រាក់ខែឱ្យមន្ត្រីរាជការ គ្រូបង្រៀន តែពួកគេដើរបញ្ចុះបញ្ចូលនិយាយអាក្រក់ពី​កម្ពុជាប្រាប់បរទេស ថាកុំឲ្យគាំទ្ររាជរដ្ឋាភិបាលដោយលើកហេតុផលថា មន្ត្រីរាជការធ្វើការដើម្បីបក្សមិនបម្រើជាតិទេ។ ជាក់ស្តែងទ្រឹស្តីពួកគេដែលកំពុងនិយាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» គឺជាឧទាហរណ៍ជាក់ស្តែងដែលបក្សប្រឆាំងប្រមាថមន្ត្រីរាជការ និងអាជ្ញាធរខ្មែរយ៉ាងធ្ងន់ធ្ងរ។ អ្វីដែលហួសចិត្តជាងនេះ គឺពួកគេនិយាយតែមាត់ តែការពិត ខ្លួន​កំពុងតែចាប់បង្ខំឱ្យបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ រកលុយបង់ចូលបក្ស និងកសាងបណ្តាញឲ្យបក្ស។ បើមិនដូច្នោះទេ មន្ត្រីឃុំសង្កាត់ទាំងនោះនឹងប្រឈមមុខនឹងការដេញចោល។ បែបនេះ គេហៅថា«ចិត្តជាទេវទត្ត មាត់ជាទេវតា»។ ទាំងអស់នេះគ្រាន់តែជាឧទាហរណ៍ត្រួសៗដែលសបញ្ចាក់ថា ការសន្យារបស់ អ្នកនយោបាយ ពោរពេញដោយភាពពិសពុលដើម្បីតែសម្រេច​មហិច្ឆតានយោបាយរបស់ខ្លួនតែប៉ុណ្ណោះ។
ដូច្នេះ ប្រជាពលរដ្ឋម្ចាស់ឆ្នោតត្រូវស្វែងយល់ពីបញ្ហានេះឱ្យច្បាស់ទើបមិនចាញ់បោកអ្នកនយោបាយ។ ពាក្យសន្យាទាំងអស់នេះមិនខុសពី សូរផ្គរលាន់រកកលភ្លៀងនោះទេ។ វាមិនប្រាកដ​ថា​ភ្លៀងឡើយ។ ដូច្នេះ សូមបងប្អូនកុំចាក់ទឹកក្នុងបំពង់ចោល​ហើយផ្កាប់បំពង់រង់ចាំ ទឹកភ្លៀងឱ្យសោះ។ ជាពិសេសក្នុងស្ថានភាពបច្ចុប្បន្នដែលការប្រែប្រួលអាកាសធាតុកំពុងកើតឡើង យើងរឹត​តែលែងទាយត្រូវ រឹតតែលែងរំពឹងលើសូរផ្គរលាន់បានទៀតហើយ។ សូមបងប្អូនរក្សាទឹកដែលមានស្រាប់ក្នុងស្រែ ក្នុងស្រះ ត្រពាំង បឹងបួរ ក្នុងពាង ក្នុងបំពង់ឱ្យបានល្អ ហើយខិតខំរក​ប្រភពទឹកមកបំពេញវាឱ្យកាន់តែមានច្រើនជាងនេះទើបអាចធានាថាយើងនឹងមានទឹកប្រើប្រាស់ខួបប្រាំងវស្សាមិនដាច់។
យ៉ាងណាមិញ ​សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយភាព​សម្បូរសប្បាយ​​ដែលយើងកំពុងមានសព្វថ្ងៃគឺជា​សមិទ្ធផលជាក់ស្តែង​ដែលយើងមានក្នុងដៃ យើងបានមកដោយកម្រ។ ម្យ៉ាងទៀត អ្វីដែលពួកគេសន្យា រាជរដ្ឋាភិបាល​បានធ្វើរួចទៅហើយ។ ជាក់ស្តែង ប្រាក់ខែមន្ត្រីរាជការ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ និងកម្មករ ត្រូវបានដំឡើងជាបន្តបន្ទាប់។ ដូច្នេះ យើងត្រូវរួមគ្នាថែរក្សា​សមិទ្ធផល​ទាំងនោះ​ឱ្យបានគង់វង្ស និងរួមគ្នាជាមួយរាជរដ្ឋាភិបាល​ដែលលោកហ៊ុន សែនបាននិងកំពុងដឹកនាំដើម្បីធ្វើឲ្យ​ប្រទេស​ទទួលបាននូវភាពសម្បូរ សប្បាយ និងការអភិវឌ្ឍកាន់តែខ្លាំងជាងនេះដោយមានសន្តិភាព និងស្ថិរភាពនយោបាយជាមូលដ្ឋានមិនអាចខ្វះបាន​។ នេះជាជម្រើសដ៏ល្អបំផុត​សម្រាប់យើង និងកូនចៅយើងទៅថ្ងៃអនាគត។ ដូច្នេះ សូមកុំភ្លេចបណ្តាំដូនតាយើងឱ្យសោះថា «កុំផ្កាប់បំពុងរង់ចាំទឹកភ្លៀង» ប្រយ័ត្ននាំគ្រោះអាសន្នធំដល់ខ្លួន៕

No comments:

Post a Comment