Friday, March 24, 2017

មានប្រជាពលរដ្ឋជាង ១ពាន់នាក់ចូលរួមរត់កម្សាន្តអបអរបុណ្យទន្លេនៅខេត្តស្ទឹងត្រែងថ្ងៃទី១

ពិធីបុណ្យទន្លេលើកទី៣ នៅខេត្តស្ទឹងត្រែង ចាប់ផ្ដើមថ្ងៃដំបូង នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ ជាមួយនឹងសកម្មភាពផ្សេងជាច្រើន ក្នុងនោះក៏មានសកម្មភាពកីឡាផងដែរ ដោយព្រឹកនេះមានប្រជាពលរដ្ឋចាស់ក្មេងចំនួន ១២០០នាក់ បានចូលរួមរត់កម្សាន្តលើចម្ងាយ ៥គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ ដើម្បីអបអរសាទរព្រឹត្តិការណ៍ទេសចរណ៍នេះ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានមានប្រសាសន៍ថា ពិធីបុណ្យទន្លេឆ្នាំនេះ NOCC បានត្រៀមកីឡាចំនួន ១១ប្រភេទ ដើម្បីប្រកួត និងសម្តែងជូនភ្ញៀវជាតិ-អន្តរជាតិទស្សនាកម្សាន្ត ពិសេសគឺដើម្បីអបអរសាទរពិធីបុណ្យទន្លេ លើកទី៣ ដែលនឹងប្រព្រឹត្តទៅរយៈពេល ០៣ថ្ងៃចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧ ។
ចំពោះប្រភេទកីឡាទាំងអស់ រួមមានកីឡារត់លក្ខណៈកម្សាន្ដចម្ងាយ ៣គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រ, កីឡាបាល់ទាត់, បាល់ទះ, ល្បុក្កតោ និងកីឡារាំ ចាប់ផ្ដើមមុនគេនៅថ្ងៃទី២៤ ខែមីនា ។  រីឯកីឡាប្រណាំងកង់ ៤០គីឡូម៉ែត្រ និង ២០គីឡូម៉ែត្រ, ប្រដាល់គុនខ្មែរ, ចំបាប់មហាជន, កីឡាវាយសី, ទូកកានូ និងកីឡាទាញព្រ័ត្រ នឹងចាប់ផ្ដើមនៅថ្ងៃបន្ដបន្ទាប់ ។
លោក វ៉ាត់ ចំរើន បានបន្តថា តាមរយៈការរៀបចំកម្មវិធីកីឡាកន្លងមក មិនថាបុណ្យទន្លេ ឬបុណ្យសមុទ្រនោះទេ គឺតែងទទួលបានការគាំទ្រយ៉ាងផុសផុលពីមហាជនទាំងជាតិ និងអន្ដរជាតិ ។ ដូច្នេះហើយទើបគណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជា សហការជាមួយ ក្រសួងទេសចរណ៍បន្ដរៀបចំសកម្មភាពកីឡា ។ ម្យ៉ាងការរៀបចំនេះ ក៏ចូលរួមជំរុញការអភិវឌ្ឍន៍វិស័យកីឡាកម្ពុជាឱ្យកាន់តែរីកចម្រើនទៀតផង ។
គួរបញ្ជាក់ថា បុណ្យទន្លេត្រូវបានរៀបចំឡើង ដោយក្រសួងទេសចរណ៍ ក្រោយទទួលបានអនុញ្ញាតពី រាជរដ្ឋាភិបាលកម្ពុជាដើម្បីរៀបចំព្រឹត្តិការណ៍នេះឱ្យក្លាយជាបុណ្យប្រចាំឆ្នាំមួយក្នុងប្រទេសកម្ពុជា ដោយកំណត់យកខែមីនា ដើម្បីរៀបចំជារៀងរាល់ឆ្នាំ ។ ចំពោះគោលបំណងធំនៃការរៀបចំពិធីបុណ្យទន្លេនេះ គឺផ្សព្វផ្សាយពីទេសចរណ៍សហគមន៍ តាមតំបន់ទន្លេមេគង្គ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ របស់ព្រះរាជាណាចក្រកម្ពុជា៕






No comments:

Post a Comment