Friday, March 24, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៖ រាជរដ្ឋាភិបាល នឹងបន្តគិតគូរអំពីការតម្លើងប្រាក់បៀរវត្សជូន ដល់គ្រូបង្រៀននិងបុគ្គលិកសិក្សា

ថ្លែងនៅក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំសិក្សា ឆ្នាំ២០១៥-២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧នេះ លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន  បានថ្លែង​ថា រាជរដ្ឋា​ភិបាល នឹង​បន្ត​គិត​គូរអំពីការតម្លើងប្រាក់បៀរវត្សជូន ដល់គ្រូបង្រៀននិងបុគ្គលិកសិក្សា
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តវិភាជន៍ថវិកាបន្ថែមប្រចាំឆ្នាំដល់វិស័យអប់រំ ការផ្តល់អាទិភាពជ្រើសរើស និងបណ្តុះ បណ្តាលគ្រូបង្រៀនដើម្បីបន្ថែមដល់ការងារពង្រាយគ្រូ និងជំនួសគ្រូដែលត្រូវចូលនិវត្តន៍ ការ​ធ្វើវិក្រឹត្យការគ្រូបង្រៀន ការកែលម្អកម្មវិធីសិក្សា ការធ្វើអធិការកិច្ច ការពង្រឹងសមត្ថភាព គ្រប់គ្រងគុណភាពប្រឡង ជាដើម។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមថា ទន្ទឹមនឹងនេះរាជរដ្ឋាភិបាល នឹង​បន្ត​គិតគូរអំពីការតម្លើងប្រាក់បៀរវត្សជូនដល់គ្រូបង្រៀននិងបុគ្គលិកសិក្សាជាបន្តបន្ទាប់ទៀត ព្រមទាំងធ្វើការខិតខំកៀងគរធនធានមកពីគ្រប់មជ្ឈដ្ឋានដើម្បីវិនិយោគក្នុងការអប់រំ បណ្តុះ​បណ្តាលវិជ្ជាជីវៈ ឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយ ធានាស្ថិរភាពទី​ផ្សារការងារ ការលើកកម្ពស់ផលិតភាព និងជីវភាពរស់នៅរបស់ប្រជាជន៕

No comments:

Post a Comment