Friday, March 24, 2017

បន្ទាប់​ពីការចាកចេញរបស់អង់គ្លេស តើ​កិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​អាស៊ាន និងអឺរ៉ុប​មាន​ន័យ​ដូចម្តេច​?​

បន្ទាប់​ពីមាន​សកលភាវូនីយកម្ម​ជាបន្តបន្ទាប់​ក្រោយ​សង្គ្រាម​លោកលើទី២មក ព្រឹត្តិការណ៍​ជាប​ន្តបន្ទាប់​បាន​ឱ្យដឹងថា ការ​ធ្វើ​សកលភាវូនីយកម្ម​នេះកំពុងតែ​មាន​ភាព​បត់បែន​​។ ពាណិជ្ជ​កម្ម​អន្តរជាតិ ដែលមានសមាមាត្រ​មួយ​នៅក្នុង​ផលិតផល​ក្នុងស្រុកសរុប​ GDP របស់​សកលលោក​នោះ បាន​ឈប់​កើនឡើង​ទៀតហើយ​នៅក្នុង​សតវត្សរ៍ចុង​ក្រោយនេះ​។
អារម្មណ៍​ប្រឆាំងនឹង​សកលភាវូនីយកម្ម​ក៏កំពុងតែងើបឡើង​ផងដែរ ​នៅក្នុង​សហភាពអឺរ៉ុប​ កន្លែង ដែល​ប្រើប្រាស់​រូបិយបណ្ណ​​រួម​មួយ (​បើទោះបីជា​អង់គ្លេស​មាន​រូបិយ​បណ្ណ​ផោន​ដោយខ្លួន​ឯង​ក៏​ដោយ)។
នៅពេលដែល​អង់គ្លេស​បានបោះឆ្នោតចាកចេញ​ពីសហភាពអឺរ៉ុប​កាលពីឆ្នាំ​មុន លោកស្រី​ Theresa May ត្រូវបាន​ដាក់​ជំនួស​លោក David Cameron ដែលជា​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​។ សម្រាប់​លោកស្រី និង​គណៈរដ្ឋមន្ត្រី​របស់លោកស្រី​បាន​ឱ្យដឹងថា ការចាកចេញ​របស់​អង់គ្លេស​គឺនៅតែមាន​ន័យថា ជា​ការចាកចេញ​របស់អង់គ្លេស​ដដែល​ (Brexit mean Brexit) ហើយ​នៅ​​ចុង​ខែ​មីនា​ លោកស្រី មាន​បំណងចង់​សម្រេច​បញ្ចប់នូវ​គម្រោង​ចាកចេញពីសហភាពអឺរ៉ុប​ក្នុងរយៈពេល​ ២ឆ្នាំ​។​
បន្ទាប់​ពីការចាកចេញ​ពីសហភាពអឺរ៉ុប​របស់អង់គ្លេសនេះ តើ​សហភាពអឺរ៉ុប​មាន​ន័យ​យ៉ាង​ដូច​ម្តេច​ចំពោះ​អាស៊ាន​? ចាប់ពីឆ្នាំ​២០០៥ដល់​២០១៥មក សហភាពអឺរ៉ុបដែលមាន ២៨ប្រទេស​មាន​ន័យថា សហភាពអឺរ៉ុប​ជាទីផ្សារ​នៃការ​នាំចេញ​របស់​អាស៊ាន​ដល់ទៅ​ ១៣ភាគរយ​។ ការនាំចេញ​របស់​អាស៊ាន​ទៅកាន់សហភាពអឺរ៉ុប​មាន​ដូចជា គ្រឿងអេឡិចត្រូនិក(២៥​ភាគរយ) ម៉ាស៊ីន​(១៥ភាគរយ) សំលៀកបំពាក់(៨ភាករយ) និង​ស្បែកជើង​(៦ភាគរយ)។ កាលពីឆ្នាំ​២០១៥ ការនាំចេញ​របស់​អង់គ្លេស​ទៅកាន់​អាស៊ាន​មានចំនួន ១,៥​ភាគរយ​។
ចាប់ពីឆ្នាំ២០០៥ដល់២០១៥ដដែល​ សហភាពអឺរ៉ុប ​ដែលមាន​ ២៨ប្រទេសនេះ​មាន​ន័យថា​ជាប្រភពនៃការនាំចូលរបស់​អាស៊ាន​ដល់​ទៅ​ ១០ភាគរយ​។ ការនាំចូល​​សំខាន់រ​បស់​អាស៊ាន​ពីសហភាពអឺរ៉ុប​រួមមាន​ គ្រឿងម៉ាស៊ីន(២០ភាគរយ) គ្រឿង​អេឡិកត្រូនិក​(១៦ភាគរយ) យន្ត​ហោះ​(៥ភាគរយ) រថយន្ត(៥ភាគរយ) និង​ឱសថ​(៥ភាគរយ)​។ អង់គ្លេសគឺជាប្រភពនៃការនាំចូល​របស់​អាស៊ា​ន​ចំនួន ១,១​ភាគរយ។
សហភាពអឺរ៉ុប​ក៏មានន័យផងដែរថា ខ្លួន​មាន ១៩ភាគរយ​នៃ​ការវិនិយោគ​បរទេសផ្ទាល់​សរុប​នៅក្នុង​តំបន់អាស៊ាន​ពីឆ្នាំ​២០០៥ ដល់ ​២០១៥​ដែរ​។ អ្នកវិនិយោគច្រើន​ជាងគេ​របស់​អឺរ៉ុប​នៅក្នុង​តំបន់អាស៊ាន​មានដូចជា ប្រទេស Netherland (៦ភាគរយ)​ UK (៤ភាគរយ) Luxembourg (៣ភាគរយ) France (៣ភាគរយ) និង Denmark (១ភាគរយ)។
ភាគច្រើន​នៃការវិនិយោគរបស់​សហភាពអឺរ៉ុប​គឺ​ពាណិជ្ជកម្ម​លក់រាយនិង​ដុំ​ ហិរញ្ញវត្ថុនិង​ធានារ៉ាប់រង រ៉ែ និង​ធ្យូងថ្ម ហើយនិង​អចលនទ្រព្យ​ជាដើម​។
ឥឡូវនេះ តើ​អាស៊ាន​នឹង​ប៉ះពាល់ដល់​សហភាពអឺរ៉ុបឬទេ?​ ពីឆ្នាំ​២០០៥ដល់២០១៥​ អាស៊ាន​មានតែ ២ភាគរយប៉ុណ្ណោះ​នៃទីផ្សារ​នាំចេញរបស់សហភាពអឺរ៉ុប​ និង​មាន ៣ភាគរយនៃ​ការនាំចូល​របស់​សហភាពអឺរ៉ុប​។ ប៉ុន្តែយ៉ាងណាក៏ដោយ រឿងនេះនឹង​ផ្លាស់ប្តូរ​។ ប្រសិនបើ​យើង​ក្រឡេក​ទៅលើ​ទិន្នាការ​ពាណិជ្ជកម្ម​នៅក្នុងរយៈពេល​ ៣ទសវត្សរ៍ចុងក្រោយ​នេះ​ ប្រទេស ៥ ក្នុង​ចំណោម​ប្រទេស ៧ ដែលទទួលបាន​ផល​ចំណេញ​ពី​តម្លៃ​បន្ថែម​នៅក្នុង​វិស័យឧស្សាហកម្ម​គឺ​ជាប្រទេស​កំពុងអភិវឌ្ឍ​ ដូចជា ចិន កូរ៉េ ឥណ្ឌា ឥណ្ឌូនេស៊ី និង​ថៃ​។
ត្រឹម​ឆ្នាំ​២០៥០ ប្រទេស ៦ក្នុងចំណោម​ប្រទេសសេដ្ឋកិច្ច​ដ៏ធំបំផុត​ចំនួន ៧​នឹង​ក្លាយជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ទំនើប​។ ឥណ្ឌូនេស៊ីនឹងស្ថិតលំដាប់ទី​៤។ ហ្វីលីពីន វៀតណាម ថៃ និងម៉ាឡេស៊ី​ នឹង​ស្ថិតក្នុង​ចំណោម​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ក្នុងចំណោម​២៥​ ដោយ​រួម​ជាមួយនឹង​ប្រទេស​អាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង និង​អ៊ីតាលី​។ ដូច្នេះ នឹងមានការ​ផ្លាស់ប្តូរ​នៅក្នុង​កំណើន​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ​ជាក់ជាមិនខាន​។
ជាងនេះទៅទៀតនោះ នៅពេលដែលមានទំនាក់ទំនង​ពាណិជ្ជកម្ម​ អាស៊ាន​នឹង​ក្លាយជា​តំបន់មួយដែល​អាច​ត្រៀម​លក្ខណៈ​ទុកជាមុនបាន​​។ អាស៊ាន​បានបង្កើត​តំបន់ពាណិជ្ជកម្ម​សេរី​​របស់ខ្លួន​​កាលពីឆ្នាំ​១៩៩២ មុនអង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ហើយបាន​បង្កើត​​ពាណិជ្ជកម្ម​អាស៊ាន​នៅក្នុង​កិច្ចព្រមព្រៀង​ទំនិញ​ឆ្នាំ​២០០៩​។ នៅក្នុងក្របខណ្ឌ​នៃ​ការ​ធ្វើ​សមាហរណកម្ម ការប្រឈមសំខាន់រ​បស់​អាស៊ាន​នៅពេល​នេះ​​គឺវិធាន​ការ​គ្មាន​ពន្ធគយ​(non-tariff measures – NTMs)។ ខណៈដែល​វិធានការ​គ្មាន​ពន្ធគយ​ជាច្រើន​មិនបាន​ឆ្លុះបញ្ចំាងនូវ​កម្រិត​គាំពានិយម​នោះ តម្លាភាព​នៃវិធានការ​នេះ​​ពិតជា​បង្ក​បញ្ហាដល់ពាណិជ្ជកម្ម​នៅក្នុងតំបន់​នេះ​។ គំនិត​នៃការ​ធ្វើឱ្យប្រសើ​រឡើងនៃ​​តម្លាភាព​នៅក្នុង​វិធានការ​គ្មានពន្ធគយ​នេះ​គឺ​មានភាពយឺតយ៉ាវ​ចាប់តាំងពីដំបូង​។​
យ៉ាងណាក៏ដោយ មាន​ ឬគ្មានការ​ចាកចេញរបស់​អង់គ្លេស​ សហភាពអឺរ៉ុប​នៅតែ​ទីផ្សារ​ដ៏សំខាន់​មួយរបស់​អាស៊ានដដែល​។ ប៉ុន្តែ​សហភាពអឺរ៉ុប​នឹងមិនអាចក្លា​យ​ជា​គំរូរបស់​អាស៊ាន​ទេ​។
ដោយ​រៀនតាម​គំរូកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មរ​របស់​សហភាពអឺរ៉ុប វាប្រហែល​ជា​បន្សល់​នូវ​ការ​ងារជាច្រើន​ដល់​បណ្តាប្រទេស​អាស៊ាន​ភាគច្រើន​ ប្រសិនបើ​អាស៊ាន​បន្ត​ចូល​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាស៊ាន-​អឺរ៉ុបនោះ​ ជាពិសេស​បញ្ហា​កម្មសិទ្ធ​បញ្ញា ការវិនិយោគ សហគ្រាស​របស់​រដ្ឋ​ គោលនយោបាយ​ប្រកួតប្រជែង ច្បាប់ការងារ និង​ច្បាប់​ដែលទាក់ទងនឹង​បរិស្ថាន​ពាណិជ្ជកម្ម​ជាដើម​។
ប៉ុន្តែ​សម្រាប់​រឿងមួយ​ ដែល​អាស៊ាន​ និង​អឺរ៉ុប​ត្រូវ​​ចាប់ផ្តើម​​ធ្វើការងារ​ជាមួយគ្នានោះ​ គឺ​វិធានការ​គ្មាន​ពន្ធគយ​។ ស្នងការពាណិជ្ជកម្ម​របស់​សហភាពអឺរ៉ុប​ លោកស្រី​ Cecilia Malstrom បានបង្ហាញនៅក្នុងកិច្ច​ប្រជុំកំពូល​ពាណិជ្ជកម្មសហភាពអឺរ៉ុប-អាស៊ានថា សហភាពអឺរ៉ុប​នៅតែបន្ត​ភ្ជាប់​​ពាណិជ្ជកម្ម​ជាមួយនឹង​ដៃគូរពាណិជ្ជកម្មដដែល​ ខណៈដែល​សហភាពអឺរ៉ុបនៅតែបន្ត​ជំរុញ​តម្លៃនៃការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​កំណើន​សេដ្ឋកិច្ច​ដាច់ខាតដដែល​។

នេះ​បានបង្កប់ន័យថា សហភាពអឺរ៉ុបនឹង​បន្ត​ភ្ជាប់​ពាណិជ្ជកម្មជាមួយនឹង​តំបន់​អាស៊ាន និង​ប្រទេស​ជាច្រើន​ផ្សេងទៀត ប្រសិនបើ​ប្រទេសទាំងអស់នោះអាច​ផ្តល់​នូវ​បទ​ដ្ឋាន​តាមសហភាពអឺរ៉ុប​បានផ្តល់ឱ្យ​ ដោយរាប់ទាំងសុវត្ថិភាព សុខភាព និង​បរិស្ថាន​ជាដើម​៕

ប្រភព : Jakarta Post ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧

No comments:

Post a Comment