Friday, March 24, 2017

ក្រសួងទេសចរណ៍ បានសហការជាមួយ​ក្រសួងបរិស្ថាន ​រៀបចំវេទិកាស្តីពី​ ទេសចរណ៍ធម្មជាតិ​ និងការអភិរក្សជីវៈ​ចម្រុះ​

កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧កន្លងទៅ  លោក ថោង ខុន បានថ្លែងថា ក្រសួងទេសចរណ៍បានសហការជាមួយក្រសួងបរិស្ថាន រៀបចំវេទិកាស្តីពី “ទេសចរណ៍ធម្មជាតិ និងការអភិរក្សជីវៈចម្រុះ” ក្នុងគោលបំណងធ្វើឱ្យអេកូទេសចរណ៍ក្លាយជាផលិតផលទេសចរណ៍មួយមានភាពទាក់ទាញ ច្នៃប្រឌិត និងប្រកបដោយនិវានុវត្តភាព (Creative & Innovative) ជាពិសេសជំរុញការអភិវឌ្ឍ ប្រកបដោយការប្រុងប្រយ័ត្ន និងទទួលខុសត្រូវសំដៅធានានូវតុល្យភាព និងនិរន្តរភាពនៃកិច្ចអភិរក្ស និងការពារធនធានធម្មជាតិ ជីវៈចម្រុះ និងបរិស្ថាន ការអភិវឌ្ឍសហគមន៍ទេសចរណ៍ សហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិ ក្លាយជាផលិតផលទេសចរណ៍ ចូលរួមដល់ការធ្វើឱ្យកម្ពុជាក្លាយជាតំបន់ដ៏ទាក់ទាញឈានមុខគេក្នុងការអភិវឌ្ឍវិស័យអេកូទេសចរណ៍ សហគមន៍អេកូទេសចរណ៍ ដើម្បីជាប្រយោជន៍សម្រាប់ការទ្រទ្រង់ដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន លើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន កិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងការគ្រប់គ្រង ការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។
យោងតាមការព្យាករណ៍របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) វិស័យអេកូទេសចរណ៍ មានការកើនឡើងជាលំដាប់ប្រមាណជា ២០% រៀងរាល់ឆ្នាំ ខណៈពេលដែលទេសចរណ៍វប្បធម៌ មានកំណើនតែ៦% ប៉ុណ្ណោះ។ ពិសេសជាងនេះទៅទៀត អង្គការទេសចរណ៍ពិភពលោកបានកំណត់យកឆ្នាំ២០១៧ ជាឆ្នាំអន្តរជាតិនៃទេសចរណ៍ប្រកបដោយនិរន្តរភាពសម្រាប់ការអភិវឌ្ឍ (International Year of Sustainable Tourism for Development)។
លោក ថោង ខុន បានមានប្រសាសន៍ថា ក្នុងនយោបាយអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព ក៏បានឆ្លុះបញ្ចាំងឱ្យឃើញថា ការអភិវឌ្ឍអេកូទេសចរណ៍ គឺជាយន្តការមួយដ៏សមស្របសម្រាប់ការអភិវឌ្ឍ និងអភិរក្សក្នុងតំបន់ការពារធម្មជាតិប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋមូលដ្ឋានអាចចូលរួមយ៉ាងសកម្មក្នុងការសម្រេចចិត្ត ឬអាចនិយាយបានថា ជាការផ្តល់នូវ សិទ្ធិអំណាចដល់ប្រជាពលរដ្ឋមូលដ្ឋាន (Local Empowerment) ដោយប្រជាពលរដ្ឋអាចទទួលផលប្រយោជន៍ដោយផ្ទាល់ពីវិស័យទេសចរណ៍ប្រកប ដោយសមធម៌ ចូលរួមក្នុងការសម្រេចចិត្តអភិវឌ្ឍមូលដ្ឋានខ្លួន បង្កើននូវកម្រិតជីវភាព និងចូលរួមដល់ការកាត់បន្ថយភាពក្រីក្ររបស់ពួកគាត់ និងចំណាកស្រុក ប្រកបដោយប្រសិទ្ធភាព។
ដូចនេះ ផលប្រយោជន៍ដែលបានមកពីធម្មជាតិតាមរយៈវិស័យទេសចរណ៍ នឹងលើកទឹកចិត្តដល់ប្រជាពលរដ្ឋមូលដ្ឋានឱ្យចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងបរិស្ថានជុំវិញខ្លួនថែមទៀត។
ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍអេកូទេសចរណ៍ និងការអភិរក្សជីវៈចម្រុះ និងបរិស្ថានឱ្យមាននិរន្តរភាព ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន ក្រសួង-ស្ថាប័នពាក់ព័ន្ធ សហគមន៍មូលដ្ឋាន និងដៃគូអភិវឌ្ឍ នឹងរៀបចំបង្កើតនូវគម្រូបង្កើត និងអនុវត្តអេកូទេសចរណ៍ និងសេវាកម្មទេសចរណ៍ថ្មីៗទៀត ដូចជាការបង្កើតមគ្គុទ្ទេសក៍សហគមន៍ ការបង្កើតផ្ទះស្នាក់នៅក្នុងសហគមន៍ និងកិច្ចសហការជាមួយវិស័យឯកជនក្នុងឧស្សាហកម្មទេសចរណ៍ ដោយគ្រោងរៀបចំឱ្យមានកញ្ចប់ទស្សនកិច្ច (Eco-tours) ជាប្រចាំរបស់ភ្ញៀវទេសចរទៅកាន់តំបន់អេកូទេសចរណ៍នានាក្នុងតំបន់ការពារធម្មជាតិ និងរៀបចំនូវកម្មវិធីដាំដើមឈើរបស់ភ្ញៀវទេសចរ ក្រោមពាក្យស្លោក “ទេសចរម្នាក់ ដើមឈើមួយដើម”។ល។ ស្របជាមួយនេះ ក្រសួងទេសចរណ៍ខិតខំជំរុញការអនុវត្តស្តង់ដា “ផ្ទះស្នាក់កម្ពុជា” ដើម្បីផ្តល់ឱកាសមុខរបរជូនប្រជាពលរដ្ឋមូលដ្ឋាន។
គួរបញ្ជាក់ផងដែរថា កន្លងមកកម្ពុជា ទទួលបានរង្វាន់ផ្ទះស្នាក់អាស៊ានជាលើកដំបូង នៅឆ្នាំ២០១៥ (ASEAN-Home Stay) ពីអាស៊ានចំនួន ៥ គឺ ២ នៅសហគមន៍ជីផាត, ២ នៅសហគមន៍ទេសចរណ៍ចំបក់, ១ នៅសហគមន៍កោះទ្រង់ និងចំនួន ០៥ ទៀតជាលើកទី២នៅឆ្នាំ២០១៧នេះ។ លើសពីនេះទៅទៀត នៅឆ្នាំ២០១៧ នេះ ដើម្បីពង្រឹងគុណភាពទេសចរណ៍ និងការស្វែងរកទីផ្សារសម្រាប់សហគមន៍ក៏មានការផ្តល់នូវរង្វាន់សហគមន៍ទេសចរណ៍អាស៊ាន (ASEAN Community Based Tourism) ចំនួន០៣ ដល់សហគមន៍ទេសចរណ៍កម្ពុជា (សហគមន៍កោះទ្រង់ សហគមន៍ជីផាត និងសហគមន៍ចំបក់)។

ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន និងដើម្បីចាប់យកកាលានុវត្តភាពពីសក្តានុពលនៃធនធានធម្មជាតិរបស់កម្ពុជា ក្រសួងទេសចរណ៍ សហការជាមួយក្រសួងបរិស្ថាន បានដាក់ចេញប្រកាសអន្តរក្រសួងដាក់ឱ្យអនុវត្ត “គោលការណ៍ណែនាំស្តីពីការអភិវឌ្ឍទេសចរណ៍ក្នុងតំបន់ការពារធម្មជាតិ” និងបានដាក់ចេញនូវវិធានការជាយុទ្ធសាស្ត្រគន្លឹះនានា ដើម្បីកែច្នៃតំបន់ការពារធម្មជាតិឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងបានជាប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្ឋាន ប្រកបដោយសមធម៌ និងដោះស្រាយនូវបញ្ហាគន្លឹះមួយចំនួន ដែលកើតមានរវាងផ្នែកសាធារណៈ ក្រុមហ៊ុនឯកជន និងប្រជាពលរដ្ឋមូលដ្ឋាន ពោលគឺដាក់ចេញនូវគំរូ (Model) សម្រាប់កិច្ចសហការ (4Ps : Public- Private- People- Partnership) ពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ៕


No comments:

Post a Comment