Friday, March 24, 2017

លោក សុខ ឥសាន ៖ គណបក្សចាញ់ឆ្នោតឆ្លៀតកេងចំណេញខាងនយោបាយ!

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន​កម្ពុជា បានបញ្ជាក់ ជូនសាធារណជនពីការពិតពាក់ព័ន្ធនឹងគណបក្សចាញ់ឆ្នោតដែល​តែង​តែកេងចំណេញខាងនយោបាយនាពេលកន្លងមក ដែលមានខ្លឹមសារដូចខាងក្រោម៖
លោក សុខ ឥសាន បានបញ្ជាក់ថា នៅក្នុងរបបប្រជាធិបតេយ្យសេរីពហុបក្ស និងការបោះឆ្នោតអនុវត្តតាមប្រព័ន្ធសមាមាត្រនៅពេលគណបក្សណាបានឈ្នះឆ្នោតគឺគណបក្សនោះយកកម្មវិធីនយោបាយរបស់ខ្លួនមកអនុវត្ត​និងប្រែក្លាយទៅជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលរបស់ខ្លួនដែលត្រូវបានប្រជាពល​រដ្ឋជាម្ចាស់ឆ្នោតគាំទ្រ។
លទ្ធផលនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល គឺជាស្នាដៃរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់គណបក្សឈ្នះឆ្នោតដែរ។ ប៉ុន្តែ  តាមការកត់សម្គាល់ នៅពេលគណបក្សឈ្នះឆ្នោត និងរាជរដ្ឋាភិបាលយកកម្មវិធីនយោបាយរបស់ខ្លួនទៅអនុវត្តបានចេញជាលទ្ធផល ឬជាជ័យជំនះ បែរជាគណបក្សចាញ់ឆ្នោតឆ្លៀតកេងយកចំណេញខាងនយោបាយ ដោយពោលពាក្យថា លទ្ធផល ឬជ័យជំនះទាំងនេះ  បានមកដោយសារខ្លួនតវ៉ាឬខិតខំទាមទារទៅវិញ។ ឧទា​​ហរណ៍​ដូចជា៖ – ការតម្លើងប្រាក់បៀរវត្សបុគ្គលិកមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ – ការ​ប្រគល់តូបក្នុងផ្សារជូនអាជីវករកាន់កាប់លក់ដូរតកូនតចៅ – ការបញ្ចុះអត្រាការប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមកនៅ១៨ភាគរយក្នុង១ឆ្នាំ – ការបង្កើតទីផ្សារការងារជូនយុវជនទាំងនៅក្នុងស្រុកនិងក្រៅស្រុក – ការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង – ការលុបចោលកិច្ចសន្យាវិនិយោគរបស់ក្រុមហ៊ុនមួយចំនួនដែលមិនគោរពកិច្ចសន្យា  – ការបញ្ចុះថ្លៃប្រើប្រាស់ឋាមពលអគ្គិសនី  – ការលុបចោលកិច្ចសន្យាវិនិយោគផ្លូវវេងស្រេងនិងផ្លូវជាតិលេខ៤ដោយទុកឱ្យប្រជាជនប្រើប្រាស់មិនបង់ថ្លៃ – ការលុបចោលគំរោងសាងសង់ទំនប់វារីអគ្គិសនី នៅតំបន់អារ៉ែង ។ល និងល។
សរុបមក ការខិតខំអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលតាមផែនការកំណត់ត្រូវបានបក្សប្រឆាំងឆ្លៀតឃោសនាបំភ័ន្តមតិប្រជាជនថាមកពីខ្លួនតវ៉ា ឬទាមទារ ទើបបានសម្រេចលទ្ធផលយ៉ាងដូច្នេះ  នេះហើយបានហៅថាជាការឆ្លៀត«កេងចំណេញខាងនយោបាយ»


No comments:

Post a Comment