Friday, March 24, 2017

នៅក្នុងការប្រណាំងប្រជែងផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អាស៊ី វៀតណាមកំពុងស្ថិតក្នុងចំណោមមេដឹកនាំ

ប្រទេសវៀតណាមអាចជាផ្នែកមួយនៃសេដ្ឋកិច្ចតូចជាងគេបំផុតនៅក្នុងតំបន់អាស៊ី ក៏ប៉ុន្តែ វៀតណាមកំពុងស្ថិតក្នុងចំណោមអ្នកដែលនាំមុខក្នុងការប្រណាំងប្រជែងផ្នែកហេដ្ឋារចនាសម្ព័ន្ធ។
យោងទៅតាមធនាគារអភិវឌ្ឍន៍អាស៊ីបានឱ្យដឹងថា ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធវិស័យឯកជន និងវិស័យសាធារណៈរបស់វៀតណាមមានអត្រាជាមធ្យម ៥,៧ ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបើ ធៀបជាមួយនឹង ៦,៨ ភាគរយនៅក្នុងប្រទេសចិន។ ប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីនបានចំណាយ តិចជាង ៣ ភាគរយ ខណៈដែលប្រទេសម៉ាឡេស៊ី និងថៃចំណាយតិចនៅក្រោម ២ ភាគរយ។
ធនាគារអភិវឌ្ឍន៍អាស៊ីបានប៉ាន់ប្រមាណថា ប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើននៅក្នុងតំបន់នេះ នឹងត្រូវការបណ្តាក់ទុនជិត ២៦ ទ្រីលានដុល្លារ រហូតដល់ឆ្នាំ២០៣០ ដើម្បីសាងសង់បណ្តាញដឹកជញ្ជូន បង្កើនការផ្គត់ផ្គង់ថាមពល និងធ្វើឱ្យប្រសើរឡើងគ្រឿងបរិក្ខារអនាម័យ និងទឹកស្អាត។ វៀតណាម ស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចយ៉ាងលឿនបំផុត នៅលើពិភពលោក ដែលកំពុងបង្កើនហេដ្ឋារចនាសម្ព័ន្ធដើម្បីទាក់ទាញវិនិយោគិនបរទេសថែមទៀត នៅពេលដែលវៀតណាមចាត់ទុកខ្លួនឯងថា ជាសេដ្ឋកិច្ចខ្លាថ្មី ( next Tiger Economy) របស់អាស៊ី។
លោក Eugenia Victorino សេដ្ឋវិទូម្នាក់នៅក្រុមធនាគារ ANZ នៅក្នុងប្រទេសសិង្ហបុរីបាននិយាយថា «រដ្ឋាភិបាលបានដឹងថា ប្រសិនបើពួកគេចង់ប្រកួតប្រជែងសម្រាប់ការវិនិយោគ ប្រាក់ឈ្នួលទាបគឺមិនគ្រប់គ្រាន់នោះទេ»។ «ពួកគេត្រូវការហេដ្ឋារចនាសម្ព័ន្ធល្អគ្រប់គ្រាន់ក្នុងការទាក់ទាញក្រុមហ៊ុនឱ្យដំឡើងរោងចក្រ។ ការអភិវឌ្ឍនេះត្រូវបានពង្រីកខ្លួនដោយស្មើភាព ដោយមានព្រលានយន្តហោះ និងផ្លូវត្រូវបានសាងសង់ឡើងនៅទូទាំងប្រទេស»។
កិច្ចខិតខំប្រឹងប្រែងទាំងនោះកំពុងទទួលបានលទ្ធផល។ ការវិនិយោគផ្ទាល់ពីបរទេសនេះបានកើនឡើងដល់កម្រិតខ្ពស់បំផុត ១៥,៨ ពាន់លានដុល្លារនៅឆ្នាំ២០១៦ និងសេដ្ឋកិច្ចត្រូវបានព្យាករដោយធនាគារពិភពលោកក្នុងការពង្រីកជាង ៦ ភាគរយរហូតដល់ឆ្នាំ២០១៩ ក្នុងចំណោមអ្នកប្រតិបត្តិកំពូលនៅទសវត្សរ៍នេះ។
បញ្ហាប្រឈមរបស់ខ្លួនគឺគួរឱ្យខ្លាច។ វៀតណាមត្រូវការប្រមាណ ៤៨០ ពាន់លានដុល្លារ រហូតដល់ឆ្នាំ២០២០ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងរោងចក្រថាមពលចំនួន ១១ កន្លែង ដោយ មានសមត្ថភាពសរុបចំនួន ១៣.២០០ មេហ្គាវ៉ាត់ និងផ្លូវហាយវ៉េ (highways) ប្រមាណ ១.៣៨០ គីឡូម៉ែត្រ នេះបើយោងតាមរដ្ឋាភិបាល។ កាលពីសប្តាហ៍មុន នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានបញ្ជាឱ្យក្រសួងដឹកជញ្ជូនពន្លឿនផែនការដើម្បីទាក់ទាញការវិនិយោគឯកជនបន្ថែមទៀតសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាគម្រោងថវិការបស់រដ្ឋត្រឹមតែអាចបំពេញបានតាមតម្រូវការផ្នែកហិរញ្ញវត្ថុមួយភាគបីប៉ុណ្ណោះ។
លោក Rana Hasan ប្រធានផ្នែកអភិវឌ្ឍសេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍអាស៊ីបាននិយាយថា ការចូលរួមក្នុងការវិនិយោគឯកជនក្នុងការចំណាយលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅវៀតណាម អាចនឹងតិចជាង ១០ ភាគរយ។ គាត់បាននិយាយថា នៅប្រទេសឥណ្ឌា វិស័យឯកជនដើរតួនាទីយ៉ាងធំ ដែលមានចំនួនជាង ៣០ ភាគរយនៃការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធសរុបនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានផ្តោតលើគោលដៅប្រកបដោយមហិច្ឆតានៃការចំណាយផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅត្រឹម ៧ ភាគរយនៃ GDP ដែលមានតម្លៃ ១៦០ ពាន់លានដុល្លារ រហូតដល់ឆ្នាំ២០២២៕
ប្រភព : Bloomberg

No comments:

Post a Comment