Friday, March 24, 2017

ហ្វេសប៊ុកចៅចាក់ស្មុក៖ យំមិនចេញ!

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយបញ្ជាក់ជូន​សាធារណជនថា គណបក្សសង្រ្គោះជាតិ បានភ្លាត់ស្នៀតធ្វើខុសលក្ខន្តិកៈផ្ទៃក្នុងរបស់បក្ស ដែលមានខ្លឹមសារដូចខាងក្រោម៖
ចៅចាក់ស្មុកចេះតែអង្គុយឆ្ងល់ថា បន្ទាយព្រះអាទិត្យទាំងមូល ដែលធ្លាប់បានស្រែកអួតអាងពីធនធានមនុស្ស អ្នកយុទ្ធសាស្ត្រចាញ់មកអួតអាងពីរឿងនេះរឿងនោះ តែទីបំផុតខ្វិតនឹងតម្រិះខ្លួនឯង។ គិតទៅ ដំរីជើងបួនគង់តែមានភ្លាត់មែន!
ហេតុអ្វីបានជាវង្វេងវង្វាន់មើលមិនយល់ ដឹងមិនច្បាស់ពីលក្ខន្តិកៈដែលខ្លួនឯងសរសេរអ៊ីចឹង? ជាពិសេសប្រការ ៤៧ នៃលក្ខន្តិកៈបក្សទាំងថ្មីទាំងចាស់។ ទោះបីជាអនុវត្ត ខុសប្រាសចាកពីគម្ពីរធំរបស់ខ្លួនក៏ចេះតែនាំគ្នាទះដៃអបអរសាទរទៅរួច!
ហេតុអ្វីបានជាធនធានមនុស្ស បន្ទាយនេះអន់ដល់ធ្នាក់នេះ? ឬមួយមានអ្នកដឹងដែរ តែធ្វើជាមិនដឹងព្រោះ បើនិយាយប្រាប់នាំឱ្យកែស្ថានការណ៍បាន កឹម សុខា ដែលទទួលពរជ័យពីទេវតា លេបបក្សបានសម្រេច នឹងទទួលបានជោគជ័យ១០០%។ អ៊ីចឹងមានតែរុញទូកបណ្តោយទឹកមួយគ្រាសិនចុះព្រោះមិនអាចទប់ចរន្តកឹម សុខា បានឡើយ តែនៅពេលអស់មួយខ្យល់ នឹងអាចទាញមកវិញបាន ក៏នាំគ្នាទះដៃហៃអើៗ! ដំបូងសម រង្ស៊ី ធ្លាក់ទឹក ហើយឥឡូវនេះ ហៃអើៗ! កឹម សុខា ធ្លាក់ទឹក!
ចាំមើលៗ! តើរាជការក្រសួងមហាផ្ទៃបកស្រាយយ៉ាងម៉េចលើសមាជវិសាមញ្ញរបស់បន្ទាយព្រះអាទិត្យធ្វើឡើងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនោះ? ត្រឹមត្រូវតាមលក្ខន្តិកៈ ឬក៏ខុសលក្ខន្តិកៈ បក្សដែលជាច្បាប់កំពូលរបស់ខ្លួន។ បើរាជការបកស្រាយថាខុសលក្ខន្តិកៈមែន ពិតជាយំមិនចេញហើយ ហើយសម រង្ស៊ី ដែលកំពុងមានទោសជាប់ខ្លួន អួតក្តែងៗថាលាលែងពីប្រធានបក្សដើម្បីជួយសង្គ្រោះបក្ស កុំឱ្យរលាយនោះ ក្លាយទៅជាស្លឹកចេកគ្មានតម្លៃ គេបោះចោល ជាពលីកម្មដ៏គ្មានន័យ។
ពេលនេះបើទោះបីចង់យំស្រែក ក៏យំមិនចេញ មានតែយកដៃគក់ទ្រូង ណែនក្នុងឱរ៉ា! ចៅចាក់ស្មុក បានប្រាប់ជាមុនហើយថា វាខុសច្បាប់។ តែនៅតែចចេស! ចឹងស្តេចសង្គ្រាមមានតែត្រូវទ្រាំទទួលយកជើងសេះទេវតាធាក់បីបួនជើងផ្ទប់ជញ្ជាំងសិនទៅ! ហើយបក្សីត្រដាងស្លាបគៀសចូលរណ្តៅមរណៈតែម្តង!!!
ដោយ៖ចៅចាក់ស្មុក

No comments:

Post a Comment