Friday, March 24, 2017

ឃាតករ ជួប សម្លាប់ ត្រូវបានតុលាការកាត់ទោសជាប់គុកមួយជីវិត និងបើកការស៊ើបអង្កេតដល់អ្នកផ្តល់អាវុធ

ឃាតករ ជួប​ សម្លាប់ ត្រូវបានតុលាការសម្រេចកាត់ទោសដាក់គុកមួយជីវិតពាក់ព័ន្ធករណីបាញ់សម្លាប់បណ្ឌិត កែម ឡី នេះបើយោងតាមមន្រ្តីសាលាដំបូងរាជធានីភ្នំពេញឱ្យដឹងនៅថ្ងៃ​ទី២៣ ខែមីនា ឆ្នាំ២០១៧។ ក្រៅពីតុលាការសម្រេចកាត់ទោសឃាតករ ជួប​ សម្លាប់ អស់មួយជីវិត តុលាការបានសម្រេចបំបែកសំណុំរឿងមួយទៀត ដោយប្រកាសបើកការស៊ើបអង្កេត​ទៅលើអ្នកផ្តល់អាវុធដើម្បីសម្លាប់លោក កែម ឡី និងអ្នកនាំឃាតករ ជួប សម្លាប់ មកស្គាល់លោក កែម ឡី នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ យុង​ ផានិត​ មេធាវី​ការពារ​ក្ដី​ ជួប​ សម្លាប់។
តាមមន្រ្តីតុលាការឱ្យដឹងថា ឃាតករ ជួប​ សម្លាប់ ត្រូវបានតុលាការសម្រេចកាត់ទោសដាក់គុកមួយជីវិតពាក់ព័ន្ធករណីបាញ់សម្លាប់ បណ្ឌិត កែម ឡី កាលពីថ្ងៃទី​១០ ខែ​កក្កដា​ ឆ្នាំ​២០១៦​ នៅចំណុច​ក្នុង​ទីតាំង​ស្តារម៉ាត​ នៃ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​បូកគោ​ ស្ថិត​នៅ​កាច់ជ្រុង​មហា​វិថី​ព្រះ​មុនីវង្ស​ និង​មហាវិថី​ម៉ៅសេទុង​ ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​។ ការប្រកាសសាលក្រមនេះ ធ្វើឡើងបន្ទាប់ពីតុលាការក្រុងភ្នំពេញ បានបើកសវនាការ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ ជាមួយនឹងការបង្ហាញវីដេអូមួយស្តីអំពីឃាតកម្មនេះ។ លោក ជួប សម្លាប់ ត្រូវបានមន្ត្រីពន្ធនាគារ នាំទៅដល់សាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង៨៖០០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ទី២៣​ ខែមីនា ឆ្នាំ២០១៧នេះ ដើម្បីស្តាប់សាលក្រម។ ចំណែកសន្តិសុខនៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានរឹតបន្តឹងខុសធម្មតា។ នៅក្នុងសវនាការជាបន្តបន្ទាប់កន្លងទៅនោះ លោក «ជួប​ សម្លាប់»​ បានសារភាពថា​ ខ្លួនជា​អ្នក​បាញ់​សម្លាប់​ លោក​បណ្ឌិត​ កែម​ ឡី​ ដោយសារ​ខឹង​លោក​ កែម​ ឡី​ ជំពាក់​ប្រាក់​មិន​សង​ ហើយ​​​អះអាងថា គ្មាន​អ្នក​នៅ​ពី​ក្រោយ​ខ្នងនៃឃាតកម្មនេះនោះ​ទេ​។
សូម​បញ្ជាក់​ថា​ បុរសម្នាក់ដែលមានរហ័សនាមថា «ជួប​ សម្លាប់»​ ​អាយុ៣៨ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ភ្លាមៗ​ ក្រោយ​ពី​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ កាលពី​វេលា​ម៉ោង​៨៖៥០នាទី​ ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា​ ឆ្នាំ​២០១៦​ នៅចំណុច​ក្នុង​ទីតាំង​ស្តារម៉ាត​ នៃ​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​កាល់តិច​បូកគោ​ ស្ថិត​នៅ​កាច់ជ្រុង​មហា​វិថី​ព្រះ​មុនីវង្ស​ និង​មហាវិថី​ម៉ៅសេទុង​ ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​។ ក្រោយការចាប់ខ្លួននេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ «ជួប សម្លាប់» ចំនួន២ករណី ក្នុងនោះរួមមានបទឃាតកម្មគិតទុកជាមុន និងបទកាន់កាប់អាវុធគ្មានការអនុញ្ញាត៕

No comments:

Post a Comment