Friday, March 24, 2017

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានដឹកនាំគណៈប្រតិភូដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងហាណូយ

កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានដឹកនាំគណៈប្រតិភូដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងដំណើរទស្សកិច្ចនេះ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយលោក Dao Ngoc Dung រដ្ឋមន្រ្តីក្រសួងការងារ ជនពិការ និងសង្គមកិច្ចនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្ដែងនូវការកោតសរសើរពីគ្នាទៅវិញទៅមកលើ ការងារទាំងឡាយដែលភាគីទាំងពីរបានខិតខំសហប្រតិបត្តិការជាមួយគ្នាប្រកបដោយមិត្តភាព សាមគ្គីភាព ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងពីរស្របទៅ តាមការចង់បានរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលចង់ឱ្យសេដ្ឋកិច្ចរីកម្រើនជឿនលឿន តាមរយៈការពង្រឹង និងពង្រីកនូវវិស័យពាណិជ្ជកម្ម និងវិនិយោគលើគ្រប់វិស័យ។
ពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាវិស័យដ៏ចំបងមួយក្នុងការគាំទ្រទៅដល់វិស័យពាណិជ្ជកម្ម និងវិនិយោគផងដែរនោះ ភាគីទាំងពីរបានឯកភាពក្នុងការចុះអនុស្សរណយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដើម្បីរួមគ្នាឆ្ពោះទៅសម្រេចឱ្យបាននូវការលើកទឹកចិត្ត ដល់កិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងប្រទេសទាំងពីរនៅក្នុងវិស័យការងារ ដូចតទៅ៖
ការផ្លាស់ប្តូរប្រព័ន្ធកម្មវិធី ការសិក្សា ជំនាញឯកទេស ការស្រាវជ្រាវ ការសិក្សា និងព័ត៌មានពាក់ព័ន្ធវិស័យនានា រួមទាំង (តែមិនកំណត់ត្រឹម) ការសិក្សាប្រៀបធៀបលើវិស័យការងារ មុខរបរ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋបាលការងារ ដូចជា ការចរចាជាសមូហភាព ការដាក់ឱ្យអនុវត្ត និងការអនុវត្តច្បាប់ ការដោះស្រាយវិវាទការងារ សន្តិសុខសង្គម ការគាំពារពលកម្ម សេរីភាពខាងសមាគម សុខភាព និងសុវត្ថិភាពការងារ ការគ្រប់គ្រងហត្ថពលកម្មបរទេស និងការផ្លាស់ប្ដូរព័ត៌មានទៅលើការពង្រឹងផលិតភាពការងារ។

ការលើកទឹកចិត្តការផ្លាស់ប្តូរទស្សនកិច្ចរវាងមន្រ្តីទទួលបន្ទុក និងមន្រ្តីជំនាញ។
ការគ្រប់គ្រងទេសន្តរប្រវេសន៍ការងាររវាងប្រទេសទាំងពីរ។
ការផ្លាស់ប្ដូរព័ត៌មានដើម្បីទប់ស្កាត់ការជ្រើសរើស និងប្រើប្រាស់ពលករខុសច្បាប់ក៏ដូចជាការបង្ការ និងប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស។
ផ្នែកផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរ បានព្រមព្រៀងគ្នាលើវិស័យការងារ។
ទន្ទឹមនឹងនេះ ភាគីទាំងពីរនឹងសហការគ្នាក្នុងការអភិវឌ្ឍមុខជំនាញ ចំណេះដឹង និងការចែករំលែកបច្ចេកទេស ដើម្បីបង្កើនសមត្ថភាពជំនាញហត្ថពលកម្ម និងពង្រឹងផលិតភាពការងារ។ ភាគីទាំងពីរក៏បានឯកភាពគ្នាដើម្បីសហប្រតិបត្តិការលើការគ្រប់គ្រងពលករទេសន្តរប្រវេសន៍ ដែលបានធ្វើចំណាកស្រុកមកធ្វើការទៅវិញទៅមករវាងប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការនឹងអនុវត្តតាមរយៈការផ្លាស់ប្តូរព័ត៌មានជាប្រចាំ សី្តពីស្ថានភាពវិស័យការងារនៃប្រទេសទាំងពីរ ដែលកំពុងបម្រើការងារលើទឹកដីនៃប្រទេសមួយទៀត។ ភាគីទាំងពីរនឹងសម្រួលដល់ពលករតាមព្រំដែន ក្នុងការដាក់ពាក្យស្នើសុំឯកសារធ្វើការស្របច្បាប់ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនានា ព្រមទាំងបង្កនូវលក្ខខណ្ឌងាយស្រួលដល់ពលករ ដែលទទួលបានឯកសារធ្វើការស្របច្បាប់ ដើម្បីអាចបន្តការស្នាក់នៅ និងធ្វើការស្របច្បាប់៕


No comments:

Post a Comment