Friday, March 24, 2017

លោក ហោ ណាំហុង ប្រធានគណៈកម្មាធិការសម្របសម្រួលខាងកម្ពុជាបានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងកម្ពុជាដើម្បីត្រៀមរៀបចំ កិច្ចប្រជុំលើកទី៤នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន

កាលពីថ្ងៃទី២២ ខែមីនា ឆ្នា២០១៧ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ប្រធានគណៈកម្មាធិការសម្របសម្រួលខាងកម្ពុជាបានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងកម្ពុជាដើម្បីត្រៀមរៀបចំ កិច្ចប្រជុំលើកទី៤នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន នាពេលខាងមុខ ដោយកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅវិមានសន្តិភាព ។
ក្នុងកិច្ចប្រជុំនេះលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកយកនូវបញ្ហាមួយចំនួន និងបានជំរុញឱ្យស្ថាប័នពាក់ព័ន្ធនានាយកចិត្តទុកដាក់ក្នុងនោះមាន៖
វិស័យ ហេដ្ឋារចនាសម្ព័ន្ធ ដោយពង្រឹងការតភ្ជាប់ហេដ្ឋារចាសម្ព័ន្ធដឹកជញ្ជូន ជាពិសេសផ្លូវល្បឿន លឿន ភ្នំពេញ-ព្រះសីហនុ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ធ្វើយ៉ាងណាឲ្យមានការហោះហើរ ត្រង់ពីចិនមកកម្ពុជា ដើម្បីឲ្យមានទេសចរចិនមកកាន់កម្ពុជាកាន់តែច្រើន។ រួមគ្នាជំរុញ “ផ្លូវ មួយ ខ្សែក្រវ៉ាត់មួយ” ដែលមានសារៈសំខាន់ជាគន្លឹះសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
វិស័យថាមពលៈ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុងស្នើចិនជួយដល់កម្ពុជារៀបចំផែនការថាមពលប្រើ ប្រាស់ពន្លឺថ្ងៃ ដែលមានតម្លៃថោក និងជាថាមពលស្អាត។ លើកទឹកចិត្តឲ្យសហគ្រាសចិនចូល រួមកសាង និងពង្រីកបណ្តាញអគ្គិសនីតាមជនបទ។
វិស័យកសិកម្មៈ ស្នើចិនជួយកម្ពុជា បង្កើតផែនការអភិវឌ្ឍកសិកម្មតាមបែបទំនើប បង្កើនកិច្ចសហប្រតិបត្តិការលើដំណាំកៅស៊ូ ធម្មជាតិ អង្ករ ដំឡូងមី បន្លែ ផ្លែឈើ ពោត។ល។ ជំរុញកិច្ចសហប្រតិបត្តិការលើការចិញ្ចឹម សត្វ និងនេសាទ ដើម្បីបង្កើនកម្រិតបច្ចេកវិទ្យាកសិ-ឧស្សាហកម្ម ដើម្បីនាំចេញទៅបរទេស។

ការសាងសង់កំពង់ផែសមុទ្រនៅខេត្តព្រះសីហនុ និងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស នៅខេត្តព្រះសីហនុ ក្នុងនោះរួមមានការពង្រីកការសាងសង់កំពង់ផែសមុទ្រ ជាពិសេសកំពង់ផែនៅខេត្តព្រះសីហនុ ដែលជាចម្រុះនៃការនាំចេញ-នាំចូលទំនិញ។ លើកទឹកចិត្តសហគ្រិន ចិន ដើម្បីជម្រុញតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ឱ្យក្លាយទៅជាទីតាំងសំខាន់សម្រាប់ សហគ្រាសចិនធ្វើការវិនិយោគនៅកម្ពុជា។ វិស័យវប្បធម៌ៈ លើកទឹកចិត្តក្នុងការធ្វើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការវប្បធម៌ ដើម្បីលើកកម្ពស់ការយល់ដឹង និងការទទួលស្គាល់ តម្លៃស្នូលនៃវប្បធម៌បុរាណ និងទំនើបរបស់ប្រទេសកម្ពុជា និងចិន ។

ជម្រុញកិច្ចសហប្រតិបត្តិការឲ្យបានគ្រប់ជ្រុងជ្រោយលើវិស័យទេសចរណ៍ ធ្វើយ៉ាងណាឱ្យមានទេសចរចិន ប្រមាណ២លាននាក់មកទស្សនាកម្ពុជាក្នុងឆ្នាំ២០២០។
គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលខាងកម្ពុជា បានចាត់ទុកកិច្ចសហប្រតិ បត្តិការកម្ពុជាចិន ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គឺមិនគ្រាន់តែដើម្បីបំរើផល ប្រយោជន៍ជាមូលដ្ឋានសម្រាប់ប្រជាជននៃប្រទេសទាំងពីរទេ តែវាជាការរួមចំណែកជាវិជ្ជមាន ដល់សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍សម្រាប់តំបន់ថែមទៀតផង។
សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិននឹងធ្វើឡើងនៅខេត្តសៀមរាប នាចុងខែមីនា ឆ្នាំ២០១៧នេះ៕
ប្រភពពី GN




No comments:

Post a Comment