Friday, March 24, 2017

ហ្វេសប៊ុកចៅចាក់ស្មុក៖ បក្សីត្រដាងស្លាប វេទិកាក្ងោកស្ពាន់ខុសក្បួន

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយបញ្ជាក់ជូន​សាធារណជននូវអត្ថបទមួយក្រោមចំណងជើងថា «បក្សីត្រដាងស្លាប វេទិកាក្ងោកស្ពាន់ខុសក្បួន»  ដែលមានខ្លឹមសារដូចខាងក្រោម៖
១-ក្រោយពីបក្សីចាំក្រុង សរសេរអត្ថបទក្រោមចំណងជើង «សមាជខុសច្បាប់ ប្រជាធិបតេយ្យក្លែងក្លាយ» ចេញផ្សាយនៅអង្គភាពសារព័ត៌មាន Fresh News ដ៏មានប្រជាប្រិយកាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ រួចមក ល្បង សូរ សមយុទ្ធ បានចេញអត្ថបទមួយដែរ នៅក្នុងថ្ងៃតែមួយដោយដាក់ចំណងជើងថា «មួយកំផ្លៀង» ដោយសារពេលនោះ មេទ័ពធំបក្សទេវតា បានធ្វើចតហ្មាយមួយភ្លាម អបអរសាទរលោក កឹម សុខា ដែលត្រូវបានជ្រើសតាំងជាមេទ័ពធំថ្មីនៃបក្សព្រះអាទិត្យ។
២-បក្សីចាំក្រុង បានសរសេរអត្ថបទមួយទៀត ដាក់ចំណងជើងថា «ប្រការ ៤៧ នៃលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិកំណត់ថា តើសមាជវិសាមញ្ញជ្រើសរើសប្រធាន និងអនុប្រធានថ្មីនៃគណបក្សសង្រ្គោះជាតិ ខុសច្បាប់ ឬត្រូវច្បាប់?» ចេញផ្សាយតាមអង្គភាពសារព័ត៌មាន Fresh news កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីមេសំណាក់រ៉ាប់រងលើបក្សនយោ​បាយនានាក្នុងនគរខ្មែរ បានប្រកាសជាសាធារណៈខ្សឹបប្រាប់មហាជនខ្មែរក្នុងឱកាសសម្ពោធបើកការដ្ឋានផ្លូវមួយខ្សែក្នុងខេត្តកំពង់ស្ពឺ ដោយបានដាក់ការសង្ស័យថា សមាជវិសាមញ្ញជ្រើសរើសប្រធានថ្មី និងអនុប្រធានថ្មីនៃបក្សព្រះអាទិត្យ អាចខុសលក្ខន្តិកៈរបស់បក្សព្រះអាទិត្យខ្លួនឯង។ ភ្លាមនោះ ល្បង សូរ សមយុទ្ធ ដែលល្បីល្បាញខាងវេហាសាស្រ្ត និងពូកែខាងយុទ្ធសាស្រ្តនោះ បានចេញអត្ថបទមួយវិញ ដោយដាក់ចំណងជើងថា «បក្សីបាក់ស្លាប» ដោយព្រមានប្រើកម្លាំងមហាជនទប់ទល់នឹងការអនុវត្តច្បាប់របស់នគរទៅវិញ។
មើលទៅម្យ៉ាងដែរ ព្រោះតែងនិពន្ធទាំងយប់ដោយល្បង សូរ សមយុទ្ធ ដែលមានរហស្សនាមបន្ថែមលើរហស្សនាមក្នុងគណនីហ្វេសប៊ុកថា ជា «ស្តេចចម្បាំង» ទៅហើយ!  ប៉ុន្តែ នៅពេលមើលអត្ថបទមួយត្រួសទៅ ចេះតែអស់សំណើច សើចតែឯងមិនកើត ក៏ដាច់ចិត្តសរសេរអត្ថបទតូចមួយដើម្បីជូនជាមតិដ៏ស្តួចស្តើងដល់ល្បង សូរ សមយុទ្ធ កុំឱ្យតប់ប្រមល់ស្អុះស្អាប់ គិតអ្វីមិនយល់ ដោយសារកំដៅនៃព្រះអាទិត្យនៅក្នុងបន្ទាយដ៏ច្របូកច្របល់ ក្រោយមេទ័ពធំថ្មីឡើងគ្រប់គ្រង!
បក្សីចាំក្រុង ចង់ជូនសារថា «អំនួតខុសក្បួន ជាការប្រមាថច្បាប់ នាំដល់សេចក្តីវិនាស!» មិនអស់ចិត្ត ល្បង សូរ សមយុទ្ធ ថែមមួយអត្ថបទទៀត ដាក់ចំណងជើងថា «វេទិកាក្ងោកស្ពាន់» កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ២០១៧។ អត្ថបទ ពិតជាមានន័យមែន តែខ្វះអត្ថរស ប៉ុន្តែ ទោះ​បីជាយ៉ាងណា អ្នកដែលបានដឹងឮ ពិតជាអរគុណមិនខាន ព្រោះរស់នៅក្នុងពិភពគុណដូចគ្នា ទោះយ៉ាងដូចម្តេច ក៏នៅតែអាចទុកគ្នារាប់អានទៅថ្ងៃក្រោយបានដែរ!
៣-ឥឡូវ ការពិតសម្តែងចេញមកហើយ! ការជ្រើសតាំងមេទ័ពធំថ្មី និងមេទ័ពធំរងទាំងបីនៃបក្សព្រះអាទិត្យតាមរយៈកិច្ចប្រជុំធំមិនធម្មតាកាលពីថ្ងៃទី០២ ខែមីនា គ្រឹស្តសករាជ២០១៧ កន្លងទៅ គឺខុសនឹងគម្ពីរព្រះត្រៃបិតករបស់បក្សព្រះអាទិត្យខ្លួនឯង។ វេទិកាក្ងោកស្ពាន់ ដែលសង់មិនត្រូវតាមក្បួនតម្រា និងមិនបានក្រុងពាលីឱ្យបានត្រឹមត្រូវ បានបាក់ជើងមួយចំហៀង ដោយមិនអាចដឹងថា វេទិកា អ្នកនៅលើវេទិកា និងអ្នកសាងសង់វេទិកា នឹងមានវាសនាដូចម្តេច? គួរឱ្យស្តាយ! គួរឱ្យស្តាយ! ចំពោះវេទិកាដែលបានចំណាយគ្រប់បែប គ្រប់កលល្បិចអស់យ៉ាងច្រើន ដើម្បីលេបយកបក្សព្រះអាទិត្យដោយស្របច្បាប់ តែបែរជាខុសច្បាប់ទៅវិញ។
ការជ្រើសតាំងមេទ័ពធំ និងមេទ័ពធំរងទាំងបី តាមក្បួនថ្មី មុនពេល ដែលក្បួននេះត្រូវបានយកទៅតម្កល់ឱ្យមានការទទួលស្គាល់ពីរាជការ គឺជារឿង «កូនកើតមុនឪ» និងបំពានអាជ្ញារបស់នគរយ៉ាងពិតប្រាកដ! ប៉ុន្តែ នេះ ក៏អាចចាត់ទុកជាវាសនាដែរ! បើរាសីមេទ័ពធំថ្មីចេញមកពីបក្សព្រះច័ន្ទមិនដល់ក៏អាចធ្លាក់មកវិញក៏ថាបាន ឬអាចទេវតាបើកចក្ខុឃើញពន្លឺភ្លើងទៀន ដែលរងភាពអយុត្តិធម៌ ត្រូវខ្យល់បក់ស្ទើរតែរលត់តាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ ហើយទេវតាចង់ផ្តល់ឱកាសតូចមួយតាមក្រឹត្យក្រមធម្មជាតិ គឺ «កង្កែបមិនអាច លេបពស់ ឬ៣ កៅអី មិនអាចលេបយក ៥៥ កៅអី បានឡើយ!»
៤-គិតឡើងវិញ ទើបនឹកឃើញ! មនុស្សគិត មិនដូចជាទេវតាគិត! មនុស្សធ្វើ មិនដូចទេវតាធ្វើ! មនុស្សនៅតែជាមនុស្ស ទេវតានៅតែជាទេវតា! ច្បាប់នៅតែជាច្បាប់ នយោបាយនៅតែជានយោបាយ! ជាទិដ្ឋភាពនយោបាយ មេទ័ពធំនៃបក្សទេវតាបានធ្វើកិច្ចការរបស់ខ្លួនរួចហើយ គឺបានចេញសារអបអរសាទរ ដល់មេទ័ពធំថ្មី នៃបក្សព្រះអាទិត្យភ្លាមបន្ទាប់ពីសមាជចប់។ សារលិខិតនេះ គឺគ្រាន់តែជា«គុណធម៌នយោបាយ និងជាការទូតនយោបាយសម្រាប់អ្នកនយោ​បាយ​ខ្មែរដូចគ្នាប៉ុណ្ណោះ»
ប៉ុន្តែ នៅពេលប្រើកែវភ្នែកនយោបាយ ទៅអានសារលិខិតរបស់មេទ័ពធំនៃបក្សទេវតាឡើងវិញ ដូចជាពុំឃើញត្រង់ណាថា ជាការអបអរសាទរឡើយ ព្រោះពុំមានឡើយនូវការជូនពរដែលជាមង្គលនយោបាយសម្រាប់ជីវិតនយោបាយរបស់មេទ័ពធំថ្មីនៃបក្សព្រះអាទិត្យ ប៉ុន្តែ អាចជាបណ្តាសាមួយដែលស្ថិតនៅក្នុងក្រឡាយុទ្ធសាស្រ្តនយោបាយរបស់បក្សទេវតាទៅវិញ។ សារអបអរសាទរនយោបាយ បែរជាជូនពរមេទ័ពថ្មី ឱ្យមានសុខភាពល្អ និងសុភមង្គលក្នុងគ្រួសារទៅវិញ!
ជាទិដ្ឋភាពច្បាប់ គឺដល់វេនមេសំណាក់ដែលមានភារៈរ៉ាប់រងបក្សនយោបាយនានានៅក្នុងនគរខ្មែរ ដើម្បីអនុវត្តតួនាទីរបស់ខ្លួនវិញម្តង នៅពេលបានទទួលដល់ដៃនូវឯកសាររបស់សមាជវិសាមញ្ញ ឬហៅថា «សមាជមិនធម្មតា» របស់បក្សព្រះអាទិត្យ។ នេះបានថា ចែកក្រឡាគ្នាលេង តាមក្បួនយុទ្ធសាស្រ្ត។ ផ្លូវនៅវែងឆ្ងាយ អុកមួយក្តារនេះ ប្រហែលមិនទាន់ចប់នោះទេ។
អត្ថបទមុនៗចាត់ទុកថាជាការដាស់តឿនមួយចុះ! សង្ឃឹមថា ក្រឡាអុកបន្ទាប់ ពិតជាល្អលេង និងល្អមើលជាក់ជាពុំខាន! ទោះបីក្រឡាអុកដូចម្តេចក៏ដោយ ប៉ុន្តែ បក្សី គឺជាព្រាបស ដែលត្រដាងស្លាប ដោយសង្ឃឹមជឿជាក់ថា «សន្តិភាពនឹងបន្តស្ថិតស្ថេរក្នុងនគរខ្មែរយូរអង្វែងត​ទៅ!»៕



រាជធានីភ្នំពេញ, ថ្ងៃទី ២៣ខែមីនា ឆ្នាំ២០១៧
ដោយ​៖ បក្សីចាំក្រុង

No comments:

Post a Comment