Friday, March 24, 2017

ការ​វាយ​តម្លៃ​សហគមន៍​សេដ្ឋកិច្ច​​អាស៊ាន​

អាស៊ីបូព៌ា​នៅតែ​បន្ត​​ធ្វើ​ឲ្យ​ចីរភាព​កម្រិត​ខ្ពស់​នៃ​កា​រធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច ប៉ុន្តែ​​​តួរលេខ​គួរ​ឲ្យ​កត់​សម្គាល់​​នៃ​ពាណិជ្ជកម្ម​ខាង​ក្រៅ​តំបន់​នៅតែ​បង្ហាញ​ឡើង​ដោយ​កិច្ច​ព្រមព្រៀង​នា​នា​ដើម្បី​ការ​ពារ​ទប់​ទល់​នឹង​ការ​គាំពារ​និយម​នៅពេល​បច្ចុប្បន្ន​និង​អាច​នៅ​អនាគត។ ​ បើ​គ្មាន​ចល​នា​ពហុភាគី​​ស្ថិត​ក្រោម​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​នោះទេ សមាហរណកម្ម​តំបន់​បន្ថែម​ទៀត​អាច​បន្ត​​ទៅ​មុខ​តែ​តាម​រយៈ​​កិច្ច​ព្រមព្រៀង​ដែល​កាត់​បន្ថយ​រនាំង​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់ប៉ុណ្ណោះ​។​
អាស៊ាន​ហាក់​បីដូចជា​កំពុងនាំ​មុខ​​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុងការ​បង្កើត​ FTA។ តំបន់​ពាណិជ្ជកម្ម​សេរីអាស៊ាន​ត្រូវ​បាន​អនុវត្ត​នៅ​ឆ្នាំ ១៩៩៣ ហើយ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ត្រូវ​បាន​ដំណើរការ​ជា​ផ្លូវ​ការ​នៅចុង​ឆ្នាំ ២០១៥។ សហគមន៍សេដ្ឋកិច្ច​អាស៊ាន​​បាន​ជំរុញ​ទឹក​ចិត្ត​ឲ្យ​ធ្វើ​ហួស​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​​ធម្មតា​ ដោយ​មាន​គោល​ដៅ​បង្កើត​​ទីផ្សារ​តែ​មួយ​និង​មូល​ដ្ឋាន​ផលិត​កម្ម​ជា​មួយ​នឹង​ការ​អភិវឌ្ឍន៍​ស្មើ​ភាព​ទៅ​ទូទាំង​ប្រទេស​សមាជិក​ទាំង​ ១០ របស់ខ្លួន។​
អាស៊ាន​នឹង​ប្រារព្វ​ខួបទី ៥០ របស់ខ្លួន​នៅ​ឆ្នាំ ២០១៧។ ក្នុង​ខណៈ​ដែល​អាស៊ាន​បាន​​សម្រេច​សមិទ្ធិផល​​នយោ​បាយ​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ចំនួន​ក្នុង​អំឡុង​ ៥ ទសវត្សរ៍​កន្លង​ទៅ​នេះ ផែនការ​សមាហរណកម្ម​សេដ្ឋកិច្ច​របស់ខ្លួន​នៅតែ​ជា​ការងារ​កំពុង​ដំណើរការ​នៅ​ឡើយ​ ហើយ​អាច​នៅតែ​ត្រូវ​ការ​ពេល​ជា​ច្រើន​ឆ្នាំ​ ឬ​រហូត​ដល់​រាប់​ទសវត្សរ៍​ទៅ​មុខ​ទៀត។​
លេខាធិការដ្ឋាន​អាស៊ាន​បាន​អះអាង​ថា ការអនុវត្ត​​​ផែនការ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ ២០១៥ (AEC Blueprint 2015) ​សម្រេច​បាន​យ៉ាង​ច្រើន​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​នេះ។ តាម​ជាក់​ស្តែង កម្រិត​នៃ​សមាហរណកម្ម​​នោះ​មាន​ការ​ប្រែប្រួល​យ៉ាង​ធំ​តាម​វិស័យ។ ​ជោគ​ជ័យ​ច្បាស់​ជាង​គេ​តែ​មួយ​ដែល​អាស៊ាន​អាច​មាន​នោះ​គឺ​ការ​កាត់​បន្ថយ​ពន្ធគយ​ក្នុង​ចំណោម​ប្រទេស​សមាជិក​។ ចាប់​តាំង​ពីរ​ការ​អនុវត្ត​​កិច្ច​ព្រមព្រៀង​​ការ​លើក​លែង​ពន្ធ​គយ​ (Common Effective Preferential Tariff) នៅ​ទសវត្សរ៍ទី ៩០ មក ​ចំនួន​ប្រហែល ៩៩ ភាគ​រយ​នៃ​បណ្តាញ​ពន្ធ​គយ​រវាង​ប្រទេស​សមាជិក​នោះ​​ត្រូវ​បាន​កាត់​បន្ថយ​ដល់​សូន្យ។
ជាង​នេះទៅទៀត លំហូរ​ទំនិញ​សេរី​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​​នោះនៅតែ​បន្ត​​រំាង​ស្ទះ​ដោយ​ការ​ប្រើ​ប្រាស់​វិធានការ​មិន​យក​ពន្ធ​គយ (Non-Tariff Measures – NTMs)។ ទាំង​នេះ​អាច​​ជា​​ផល​វិបាក​អវិជ្ជមាន​​លើ​ការ​សម្រេច​ចិត្ត​​របស់​បណ្តា​ក្រុម​ហ៊ុន​និង​រចនាសម្ព័ន្ធ​​របស់​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​ពាក់​ព័ន្ធ។​
បណ្តា​ប្រទេស​ដូចជា​ឥណ្ឌូនេស៊ី​ ឬ​ម៉ាឡេស៊ី​ដែល​​ប្រើ​ប្រាស់​គោល​នយោ​បាយ​ឧស្សាហកម្ម​ដ៏​សកម្ម​នោះ​បាន​អនុវត្ត​​ NTMs កាន់តែ​ច្រើន។ រោង​ចក្រ​តម្លើង​រថយន្ត​​នៅ​ថៃ ជា​ឧទាហរណ៍ បាន​ត្អូញ​ត្អែ​ជា​យូរ​មក​ហើយ​អំពី​ការ​រឹតត្បឹត​របស់​ម៉ាឡេស៊ី​លើ​ចំនួន​រថយន្ត​ជា​ច្រើន​ដែល​នាំ​ចូល​ទៅ​ម៉ាឡេស៊ី។​
ក្នុង​ខណៈ​ការ​កាត់​បន្ថយ​រនាំង​មិន​យក​ពន្ធ​គយ​គឺ​ជា​គោល​ដៅ​សកម្មភាព​នៅ​ក្នុង​ផែនការ​​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នោះ អាស៊ាន​បាន​ពឹង​ផ្អែក​លើ​វិធីស្ម័គ​ចិត្ត​​មួយ​ដើម្បី​កាត់​បន្ថយ​វា ដោយ​ទទួល​ជោគ​ជ័យ​យ៉ាង​មាន​កម្រិត​។ ស្ថិត​ក្រោម​វិធី​ស្ម័គ​ចិត្ត​នោះ ប្រទេស​សមាជិក​អាច​មាន​ចំណុច​មិន​ល្អ​​ដើម្បី​រាយការណ៍​បន្ទាប​​ចំពោះ​រនាំង​ដែល​គេ​កំពុង​ប្រើ​ប្រាស់​នោះ។ ជាង​នេះទៅ​ទៀត មិន​មាន​ប្រព័ន្ធ​ឃ្លាំមើល​ប្រសិទ្ធិភាព​​ក្នុងការ​តាម​ដាន​ការ​ផ្លាស់ប្តូ​របស់ NTMs ក្នុងចំណោម​ប្រទេស​សមាជិក​នោះទេ។
អាស៊ាន​បាន​និង​កំពុង​ចរចា​លើ​សេរីភាវូបនីយកម្ម​សេវាកម្ម​ចាប់​តាំង​ពី​ការ​បង្កើត​កិច្ច​ព្រម​ព្រៀង​ក្រប​ខ័ណ្ឌ​អាស៊ាន​ស្តី​ពីសេវាកម្ម​ក្នុង​ឆ្នាំ ១៩៩៦ មក។ ផែនការ​សហ​គមន៍​សេដ្ឋកិច្ច​អាស៊ាន​​បាន​បង្កើត​គោល​ដៅ​ច្បាស់​ដើម្បី​ដក​ចេញ​ការ​រឹតត្បឹត​ទាំង​អស់​លើ​ពាណិជ្ជកម្ម​ផ្នែក​សេវាកម្ម​នៅ​ត្រឹម​ឆ្នាំ ២០១៥។ ប៉ុន្តែ​បណ្តាប្រទេស​អាស៊ាន​ខ្លះ​ រួម​ទាំង​ថៃ ហ្វីលីពីន និង​ឥណ្ឌូនេស៊ី​ មិន​អាច​បំពេញ​តាម​គោល​ដៅ​របស់​គេ​នៅ​ត្រឹម​ថ្ងៃកំណត់​នោះទេ។
កាន់តែ​ធ្ងន់ សេរីភាវូបនីយកម្ម​សេវាកម្ម​ស្ថិត​ក្រោម​អាស៊ាន​មិន​មាន​ការ​ប្តេជ្ញា​ចិត្ត​​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ឆ្លង​​ដែន​នោះទេ ដូចជា​ការ​តភ្ជាប់​គ្នា​ទៅ​វិញទៅ​មក​សម្រាប់​សេវាកម្ម​ទូរគមនាគមន៍ ឬ​ការ​អាច​ប្រើ​ប្រាស់​ម៉ាស៊ីន​ដក​ប្រាក​ស្វ័យ​ប្រវត្ត​​សម្រាប់​ធនាគារ ដែល​សំខាន់​ចំពោះ​ការ​បង្កើត​​ទីផ្សារ​ប្រកួត​ប្រជែង​។ ភាព​ខុស​គ្នា​ផ្នែក​ច្បាប់​និង​បទប្បញ្ញត្តិ​ក្នុង​ចំណោម​ប្រទេស​សមាជិក​នោះ​ក៏​បណ្តាល​ឲ្យ​មាន​បញ្ហា​ផង​ដែរ។
សេរីភាវូបនីយកម្ម​សេវាកម្ម​ស្ថិត​ក្រោម​អាស៊ាន​នៅ​ក្នុង​ទម្រង់​បច្ចុប្បន្ន​របស់ខ្លួន​នឹង​បរាជ័យ​​ក្នុងការ​បង្កើត​ទីផ្សារ​សេវាកម្ម​តែ​មួយ។ ប្រទេ​សថៃ ហ្វីលីពីន និង​ឥណ្ឌូនេស៊ី​នៅតែ​មិន​អាច​បំពេញ​តាម​គោល​ដៅ​នោះ​នៅ​ត្រឹម​ពេល​កំណត់​ឆ្នាំ ២០១៥ ដដែល។ ការ​ប្តេជ្ញាចិត្ត​ច្បាស់លាស់​របស់​ឥណ្ឌូ​នេស៊ី​និង​ថៃ​ស្ថិត​ក្រោម​ការ​សន្យា​​ចុង​ក្រោយ​នោះ​មាន​​សេវាកម្ម​ជា​ច្រើន​ដែល​​មិន​សំខាន់ ឬ​ថែម​ទាំង​មិន​ផ្តល់​ប្រយោជន៍។​
ក្នុង​ន័យ​នៃ​ការ​លើក​កម្ពស់​ការ​បំលាស់​ទីការ​ងារ​​ឆ្លងដែននោះ អាស៊ាន​ស្ទើ​តែ​មិន​បាន​សម្រេច​​បាន​ទាល់​តែ​សោះ។ ចេញពីទស្សនៈ​​អភិវឌ្ឍន៍​សេដ្ឋកិច្ច​​នោះ ការ​បើក​ច្រក​ទីផ្សារ​​ពល​ករ​គ្មាន​ជំនាញ​តាម​រយៈ​ FTA នោះ​​នឹង​ជា​ជម្រើស​គោល​នយោ​បាយ​ដ៏មាន​ប្រយោជន៍​ ដោយ​ហេតុ​​តែ​ភាព​សម្បូបែប​យ៉ាង​ច្រើន​​ដល់​ពលកម្ម​គ្មាន​ជំនាញ​នៅ​ក្នុង​ប្រទេស​អាស៊ាន​ជា​ច្រើន​ ប៉ុន្តែ​ផែនការ​​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​​នោះ​មាន​បំណង​សម្រួល​​តែ​ការ​បំលាស់​ទី​នៃ​អ្នក​មាន​អាជីព​ជំនាញ​ៗ​ ដែល​បច្ចុប្បន្ន​​រួម​មាន​​អាជីពការ​ងារ​ត្រឹម​តែ​ ៨ ប៉ុណ្ណោះ។ ការ​រៀប​ចំ​​ដើម្បី​សម្រួល​​ការ​បំលាស់​ទី​​​អ្នក​មាន​អាជីព​ទាំង​នេះ​ក៏​បណ្តាល​ឲ្យ​មាន​បញ្ហា​ដែរ។ ក្នុងករណី​ប្រទេស​ថៃ ជា​ឧទាហរណ៍​ លក្ខខណ្ឌ​​​​ដែល​ដាក់​លើ​អ្នក​មាន​អាជីព​​នៅ​អាស៊ាន​នោះ​គឺ​ដូច​គ្នា​ទៅ​នឹង​លក្ខខ​ណ្ឌ​របស់​បណ្តា​ប្រទេស​មិន​មែន​អាស៊ាន​ដែរ។
សម្រាប់​អ្នក​សង្កេតការណ៍​ សមាហរណកម្ម​អាស៊ាន​ កន្លងទៅ បាន​ផ្តល់​លទ្ធផល​ជាក់​ស្តែង​តិចតួចណាស់។ លោកស្រី​ Deborah Elms របស់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អាស៊ី​បាន​សន្និដ្ឋាន​ថា មន្ត្រី​អាស៊ាន​បាន​ប្តូរ​វោហារសាស្ត្រ​​​ នៅពេល​ថ្ងៃផុត​កំណត់​នោះ​ដោយ​លើក​ឡើង​ជា​ជំនួស​វិញថា សហគមន៍​សេដ្ឋ​កិច្ច​អាស៊ាន​គួរ​តែ​ត្រូវគេ​មើល​ឃើញ​ថា ជា​ដំណើរការ​ ​មិន​មែន​ជា​ទិសដៅ​នោះ​ទេ។
​ការ​ខ្វះ​ភាព​រីក​ច្រើន​ដើម្បី​ឲ្យ​ស៊ី​ជម្រៅ​ដល់​សមាហរណកម្ម​តំបន់​នៅ​អាស៊ាន​នោះ​គឺ​ភាគ​ច្រើន​ជា​ផល​វិបាក​នៃ​ជំហរ​គាំពារ​និយម​របស់​ប្រទេស​សមាជិក​ភាគ​ច្រើន​ ​លើក​លែង​ចេញ​តែ​សិង្ហបូរី​ប៉ុណ្ណោះ។ ប្រទេសអាស៊ាន​ជា​ច្រើន​បាន​មើល​ឃើញ​គ្នា​ទៅ​វិញទៅ​មក​ថា ជា​គូរ​ប្រជែង​នៅ​ក្នុងការ​​នាំ​ចេញ​ទំនិញ​ទៅ​កាន់ទី​ផ្សារ​ពិភព​លោក ឬ​ការ​ទាក់​ទាញ​វិនិយោគិន​ផ្ទាល់​បរទេស។
ជម្លោះ​នយោ​បាយ​ក្នុង​ស្រុក​ រួម​ជា​មួយ​នឹង​ការ​ខ្វះ​​រដ្ឋាភិបាល​ខ្លាំងនិង​ស្ថិរភាព​នោះ បាន​នាំ​ឲ្យ​មេដឹកនាំ​នយោ​បាយ​នៅ​ក្នុង​ប្រទេស​អាស៊ាន​ជា​ច្រើន​​សម្លឹង​តែ​លើ​ផល​ប្រយោជន៍​ខ្លួន​ឯង ហើយ​បាត់​បង់​ចំណាប់​អារម្មណ៍​របស់​គេ​ដល់​សមាហរណកម្ម​តំបន់។ បើ​មិន​ប្រឈម​មុខ​នឹង​បញ្ហា​សំខាន់​នៃ​ផែនការ​សមាហរណកម្ម​របស់ខ្លួន​នោះទេ អាស៊ាន​នឹង​មិន​សម្រេច​បាន​ទស្សនៈវិស័យ​​ទីផ្សារ​តែ​មួយ​និង​មូល​ដ្ឋាន​ផលិត​កម្ម​តែ​មួយ​នោះបាន​ទេ។​
អាស៊ាន​មាន​មោទនភាព​ខ្លួន​ឯង​ថា ជា​ទី​តាំង​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នៅ​អាស៊ាន​បូព៌ា។ គំនិត​នៃ​មជ្ឈភាព​អាស៊ាន​ដែល​ស្ថិត​នៅ​ក្នុង​ការ​ផ្តួច​ផ្តើម​គំនិត​របស់​អាស៊ាន​នោះ​បាន​ផ្តោត​លើ​តួនាទី​របស់ខ្លួន​ក្នុងការ​សម្រួល​ដល់​សមាហរណកម្ម​សេដ្ឋកិច្ច​នៅ​តំបន់។ ប៉ុន្តែ​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ កន្លងមក បាន​ផ្តោត​លើ​ការ​បង្កើត​កញ្ចប់កាន់​តែ​ទាក់​ទាញ​មួយ​សម្រាប់​ពហុជាតិ​សាសន៍​ដែល​សម្លឹង​មើល​ធ្វើ​ប្រតិបត្តិការនៅ​ក្នុង​តំបន់​ ជា​ជាង​​លើ​ការ​បង្កើត​ចំណង​កាន់តែរឹង​មាំ​រវាង​សេដ្ឋកិច្ច​របស់​សមាជិក​ទាំងនោះ។​
នៅពេល​វា​ដល់​រឿង​សមាហរណកម្ម​សេដ្ឋកិច្ច​ អាស៊ាន​ត្រូវតែ​មាន​គោល​ដៅ​សម្រេច​បាន​ដល់​ទិសដៅ​សំខាន់​ៗ​ក្នុង​ខណៈ​ទុក​ចោល​គោល​ដៅ​មិន​សូវ​សំខាន់។ និយាយ​បែប​ផ្សេង អាស៊ាន​ត្រូវ​តែ​ផ្តោត​​ខ្លាំង​ជាងអ្វីដែល​ខ្លួន​កំពុង​ធ្វើ​នាពេល​នេះ។ ផែនការ​នាពេល​បច្ចុប្បន្ន​របស់ខ្លួន​​មាន​មហិច្ឆិតា​ជ្រុល​ពេក​ក្នុងការ​ពិចារណា​លើ​ធនធាន​ដ៏មាន​កម្រិត​របស់ខ្លួន។ ផែនការ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នោះ​បាន​បង្កើត​​សមាសភាព​សំខាន់​ៗ​ចំនួន ១៧ និង​កំណត់​សកម្ម​ភាព​អាទិភាព​ចំនួន ១៧៦ ដោយ​គ្រប​ដណ្តប់​លើ​លំហូរ​ដោយ​សេរី​នូវ​ទំនិញនិង​ដើម​ទុន​​ ការ​បំលាស់​ទី​​ពល​កម្ម​ជំនាញ​ ការ​អភិវឌ្ឍន៍​​ដោយ​ស្មើ​ភាព​និង​ការ​ការ​ពារ​សិទ្ធិ​លើ​កម្ម​សិទ្ធិ​បញ្ញា។
ការ​ផ្តោ​ត​កាន់តែ​ខ្លាំង​នោះ​នឹង​ជួយ​អាស៊ាន​​ឲ្យ​​ផ្តល់​លទ្ធផល​ជាក់​ស្តែង​​និង​មាន​ន័យ​​ដោយ​មិន​​បំបាត់​​ប្រទេស​សមាជិក ជា​ពិសេស​ប្រទេស​អភិវឌ្ឍ​តិច​ជាង​គេ ចេញ​ពី​ធនធាន​ដ៏​មាន​កម្រិត​របស់គេ។ នេះ​តម្រូវ​ឲ្យ​អាស៊ាន​វិល​ទៅ​រក​បេសកម្ម​សំខាន់​របស់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ពោល​គឺ ការ​កាត់​បន្ថយ​រនាំង​​ពាណិជ្ជកម្ម​និង​ការ​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​កាត់​ព្រំដែន​​ផ្នែក​ទំនិញ សេវា​កម្ម និង​កា​របំលាស់​ទី​ពល​កម្ម​។
ប៉ុន្តែ​កត្តា​ប្រឈម​ពិតប្រាកដ​​សម្រាប់​អាស៊ាន​នោះ​គឺ​មិនមែន​​សេដ្ឋកិច្ច​នោះទេ ប៉ុន្តែ​គឺ​នយោ​បាយ។ អធិបតេយ្យ​ជាតិ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​ពេញ​លេញ​​មិន​ស៊ី​សង្វាក់​គ្នា​នោះទេ។ ជោគ​ជ័យ​នៃ​សហមាហរណកម្ម​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ ជាឧទាហរណ៍​ ផ្អែក​លើ​អធិបតេយ្យ​ជា​ក្រុម។ គំនិត​នៃ​អធិបតេយ្យ​ជា​ក្រុម​នោះ​មិន​​​មែនជា​ការ​ធ្វើ​អ្វីមួយ​​ឲ្យ​ចប់​តែ​ម្តង​នោះទេ។ នៅពេល​ចាប់​ផ្តើម សហភាព​អឺរ៉ុប​គឺមានផែនការ​ដ៏សាមញ្ញ​មួយ​ប៉ុណ្ណោះ។ ខ្លួន​មាន​សមាជិក​តិច​ ហើយ​វិស័យ​​លើ​គោល​នយោ​បាយ​តែ​មួយ​គត់​សម្រាប់​អធិបតេយ្យ​ជា​ក្រុម​នោះ​គឺ​ ទីផ្សាររួម​សម្រាប់​ធ្យូង​ថ្ម​និង​ដែក​ថែប។ ខ្លួន​បាន​ពង្រីក​សមាជិក​ភាព​និង​បេសកកម្ម​របស់ខ្លួន​ជា​សន្សឹម​ៗ​។

បើ​បណ្តា​ប្រទេស​អាស៊ាន​មិន​មាន​ឆន្ទៈ​​បង្កើត​អធិបតេយ្យ​របស់​គេ​ជា​ក្រុម​និង​ដោះ​ស្រាយ​កត្តា​ប្រឈម​នយោ​បាយ​នៅ​ចំពោះ​មុខ​នោះទេ ផែនការ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នឹង​មិន​មាន​ដំណើរ​ការ​នោះទេ ហើយ​អាស៊ាន​នឹង​មិន​គួរ​តែ​ជា​ទី​កន្លែង​​​និយាយ​ការ​ងារ​ចោល​នោះទេ៕


No comments:

Post a Comment