Thursday, December 19, 2019

ទស្សនៈមិត្តអ្នកអាន៖​ ខ្មោចងាប់ហើយ​គ្មាននរណា​ទៅ​​តាម​ទេ!

ពីអ្នកស្នេហាជាតិ​ក្លាយទៅជាពួកក្បត់ជាតិ ​ពួកលក់ខ្លួន​លក់ក្បាល​ ពួកអាយ៉ង​ ពួកសំរាម ។ល។​ គឺជាពាក្យពេញ​និយមបំផុតរបស់ក្រុមប្រឆាំង​ផ្កាប់​មុខ ​​ប្រើស​ម្រាប់​លាប​ពណ៌​ទៅ​លើ​មនុស្ស​ដែល​អស់​ជំនឿលើការដឹកនាំរបស់ខ្លួន ហើយ​នាំគ្នាចាកចេញពីខ្មោចបក្សប្រឆាំង ដែល​រលាយ​ក្លាយ​ជាខ្យល់​លែងមាន​រូបរាង​ហើយនោះ។
អតីតសកម្មជន ​និងមន្ត្រីជាន់ខ្ពស់ខ្មោចបក្សប្រឆាំងមួយ​ចំនួនធំ ដែលអស់ជំនឿ​បានដើរ​ចេញ​ពី​ខ្មោចបក្សនេះ ទៅបង្កើតបក្សថ្មី ​ឬក៏ចូលរួមក្នុងជីវភាពនយោបាយ​ជាមួយបក្ស​ផ្សេង​ពិតជា​បទ​ពិសោធន៍ឈឺចុក​ចាប់​ដោយសារតែការជេរតិះដៀល ​ពីសំណាក់​អតីតសហការីរបស់​ខ្លួន​ក្នុង​បក្សតែមួយ។
ជាក់ស្តែង ​លោក ​គង់​ គាំ​ មនុស្ស​ជំនិត​របស់ ​សម ​រង្ស៊ី​ និង​ជាអតីត​​ទីប្រឹក្សាជាន់ខ្ពស់​ខ្មោច​បក្ស​ប្រឆាំង​ បានដើរចេញពីបក្សប្រឆាំងទៅបង្កើតគណបក្សឆន្ទៈខ្មែរ ​លោក​ ​រៀល​ ខេមរិន្ទ្រ​ ទៅ​បង្កើត​គណបក្សខ្មែរអភិរក្សនិ​យម​ និងក្រុម​អតីតមន្ត្រីជាន់​ខ្ពស់មួយ​ចំនួន​ទៀត​របស់​ខ្មោច​បក្ស​ប្រឆាំង​ ដឹកនាំដោយលោក​ ជីវ​ កត្តា ​និង​លោក ​កង ​គឹមហាក់ ​បាននាំគ្នាចាកចេញ​ ហើយ​គ្រោង​នឹង​បង្កើតគណបក្ស​ថ្មីមួយ​ត្រូវ​បានក្រុម​ប្រឆាំង​ផ្កាប់​មុខលាបពណ៌ ​និង​​​ចោទ​​ថា​ ជាជន​ក្បត់ ​ឬ​ជា​​​ជន​​ឆ្លៀត​ឱកាស​ដើម្បី​ផល​​ប្រយោជន៍​​ផ្ទាល់​ខ្លួន​។​ ការលាបពណ៌​អ្នកឈប់ជឿ​ឧបាយ​កល​បោកប្រាស់របស់ពួកជ្រុលនិយម​ គឺជាការបំបិទសិទ្ធិសេរីភាពនៅក្នុងការធ្វើនយោបាយ​របស់​ពលរដ្ឋ​ទូទៅ ​ដែល​​មាន​សិទ្ធិ​គ្រប់​គ្រាន់​​ក្នុងការ​ធ្វើ​នយោ​បាយ។ ​ម្យ៉ាង​ទៀត ​ការ​បង្កើត​គណបក្ស​ថ្មី​​ក៏ដោយ​សារ​តែ​គេ​មានហេតុផល​ផ្សេងផ្ទុយ​ពីក្រុមជ្រុលនិយមនេះ​។
ករណីចុងក្រោយ​នេះ ​​ក្រុម​អតីត​តំណាងរាស្ត្រ​ និង​អតីត​មន្ត្រី​ជាន់ខ្ពស់​មួយចំនួន​នៃ​ខ្មោច​បក្ស​ប្រឆាំង​​រួម​មាន​​លោក​ កង​ គឹមហាក់ ​លោក ​ជីវ​ កត្តា ​​អតីត​តំណាងរាស្ត្រ​ និង​​លោក ​​ស៊ឹម​សុវណ្ណនី ​​អតីត​សមាជិក​គណៈកម្មាធិការ​​នាយក​​​​ បាន​ប្រកាស​ផ្តាច់​ខ្លួន​ចេញ​ពី​ក្រុមខ្មោច​បក្ស​ប្រឆាំ​ង ​និង​ត្រៀម​រៀប​ចំ​បង្កើត​បក្ស​ថ្មីមួយ​​​ដែលអាចជា​បក្ស​​បន្ត​វេន​​ពី​ខ្មោចបក្ស​ប្រឆាំង​មុនៗ។​ការ​គ្រោង​បង្កើត​បក្ស​ថ្មីនេះ​ដោយសារ​​​មើលឃើញ​ស្ថានភាព​ន​យោបាយ​​នាពេល​បច្ចុប្បន្ន ​មាន​ការ​ធ្លាក់ចុះ​​សំឡេង​ដែលមាន​និន្នាការ​ប្រឆាំ​ងនឹង​បក្ស​កាន់អំណាច ​និង​ការបែក​បាក់​យ៉ាងខ្លាំង​រវាង​ក្រុមដែលតាំងខ្លួនឯងថា ជា​អ្នក​ប្រកាន់​លទ្ធិប្រជាធិបតេ​យ្យនោះ។​
​​ជាមួយគ្នានេះ ​ក្រុម​អតីត​តំណាងរាស្ត្រខ្មោច​បក្ស​ប្រឆាំង ដឹកនាំ​ដោយ​លោក ​ជីវ ​កត្តា​ និង​លោក ​កង ​គឹមហាក់​​​ ក៏បាន​​អំពាវនាវ​ឱ្យ​អ្នកស្នេហាជាតិ​ទាំងអស់​ ចូលមក​រួបរួម​កម្លាំង​គ្នាក្នុង​បុព្វហេតុ​នៃ​ការបង្កើត​បក្ស​ថ្មី​នេះ​ ឲ្យ​ក្លាយ​ជា​បក្សប្រឆាំង​ដែល​រឹងមាំ​ដើម្បី​ការពារ​​ និង​បម្រើ​នូវ​ផល​ប្រយោជន៍​ជាតិ​​ និង​ផលប្រយោជន៍​ពិតប្រាកដ​​របស់​អ្នក​ដែល​គាំទ្រ​កន្លងមក​។ ​បក្ស​ប្រឆាំង​​ថ្មី​នេះ ​ជា​យន្តការ​ន​យោបាយ​មួយ​សម្រាប់​ចរចា​ជាមួយ​បក្សកាន់អំណាច ​ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​ឱ្យលោក ​កឹម​ សុខា​ ការពារ​ផលប្រយោជន៍រ​បស់បង​ប្អូន​កម្មករ​-​កម្មការិនី​​រាប់​លាន​​នាក់ ​និង​ដោះស្រាយ​បញ្ហា​ធំៗ​ពាក់ព័ន្ធ​នឹង​ប្រទេសជាតិ​ទាំង​មូល​។
​ហេតុអ្វីបានជាគេទៅបង្កើតបក្សថ្មី? ​ពីព្រោះតែពួក​គេឆ្អែត​ឆ្អន់​អស់​ជំនឿ​និង​យល់​ថា​ខ្មោច​បក្ស​ប្រឆាំង ​​គឺ​ជាអតីតបក្ស​ដែល​ពោរពេញ​ដោយ​ការភូតកុហក​ប្រជាភិថុតិ ​និង​ធ្វើ​នយោបាយ​បោក​ប្រាស់​រាស្ត្រ ដែលគេ​មិនអាច​បន្តរស់​នៅជាមួយបក្សដែលរលាយបាន​តទៅទៀត ​ទើបជ្រើស​រើសផ្លូវដើររៀងខ្លួន។​​
ពួកគេបញ្ជាក់​ថា​ អតីត​​បក្ស​សង្គ្រោះ​ជាតិ​​បានស្លាប់​​​ក្លាយ​ជាខ្មោចបាត់​ទៅ​ហើយ​​ មិន​អាច​រស់​ឡើងវិញបានឡើយ។ ខ្មោច​ងាប់​ហើយ​គ្មាន​​នរ​ណា​ទៅ​តាម​ទេ!​ ដូច្នេះ​ ជម្រើស​ដ៏ល្អក្នុង​ការធ្វើ​នយោ​បាយឡើងវិញបាន​ គឺមានតែបង្កើតបក្សថ្មី។ ​ហើយអ្នកដែល​ប្រឆាំង​នឹង​ការបង្កើតបក្សថ្មី​ បាន​បង្ហាញឲ្យឃើញពីភាពផ្តាច់​ការ​​ព្រោះឲ្យតែអ្នកណាមិនគាំទ្រខ្លួន​ ​ចោទ​គេក្បត់​លក់​ក្បាល​ជាដើម​។ ​តាមពិត ពួកអ្នក​ចោទគេហ្នឹង ​គឺជាអ្នកដែលងប់ងល់ ​ហើយ​លក់ក្បាលដាច់ថ្លៃ បម្រើ​ឲ្យមេឧទ្ទាម ​សម ​រង្ស៊ី ​ដែល​បាន​ក្លាយ​ជា​ជន​ចោល​ម្សៀត​​បាត់​ទៅហើយនោះ៕

ដោយ៖​ សុខ ​សុវណ្ណ



No comments:

Post a Comment