Friday, December 20, 2019

លោក ចាន់ ដារ៉ុង ៖ ជំរុញឱ្យថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធត្រូវពន្លឿនការដោះស្រាយបញ្ហាប្រឈមឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ

កំពង់ឆ្នាំង៖ លោក ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានជំរុញឱ្យថ្នាក់ដឹកនាំតាមមន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវដោះស្រាយបញ្ហាដែលនៅសេសសល់ ដែលទទួលបានពីប្រជាពលរដ្ឋ ក្នុងវេទិការសាធារណៈកន្លងមក ឱ្យបានឆាប់រហ័ស។
លោកបានជំរុញបែបនេះ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាស្រុក ក្នុងកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងពិភាក្សានូវសំណូមពរដែលបានលើកឡើងក្នុងវេទិការសាធារណៈកន្លងមក និងរៀបចំផែនការអនុវត្តបន្ត ឆ្នាំ២០២០ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមាន លោក លោកស្រី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ប្រធានមន្ទីរ អង្គភាព អភិបាល អភិបាលរងស្រុក សមាជិក សមាជិការបស់ក្រុមការងារ កងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធក្នុងស្រុក។
ជាលទ្ធផលក្នុងកិច្ចប្រជុំសម្រេចបាន៖
១. ពិនិត្យ និងដោះស្រាយបន្តលើបញ្ហាដែលនៅសេសសល់ ដែលទទួលបានពីប្រជាពលរដ្ឋ ក្នុងវេទិការសាធារណៈកន្លងមក ឱ្យបានឆាប់រហ័ស។
២. ត្រៀម ដើម្បីរៀបចំផែនការសម្រាប់អនុវត្តបន្ត សម្រាប់ ឆ្នាំ២០២០ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះដែរ លោកក៏បានផ្តាំផ្ញើដល់ លោក លោកស្រី ដែលជាសមាជិក សមាជិកា ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងអាជ្ញាធរស្រុក ភូមិ ឃុំ ត្រូវចូលរួមដោះស្រាយបញ្ហាដែលនៅសេសសល់ ឱ្យបានឆាប់រហ័ស ព្រមទាំងស្របតាមនីតិវិធីផងដែរ ៕


No comments:

Post a Comment